ពលរដ្ឋ​១២៩​គ្រួសារ​ត្អូញត្អែរ​ពី​ការ​បាត់បង់​ដី​ស្រែ​នៅ​បាត់ដំបង

ការ​បញ្ជូន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល ចុះ​វាស់វែង​ដី​សម្បទាន​សង្គម​កិច្ច ដើម្បី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ចែក​ជូន​ប្រជាពលរដ្ឋ​នោះ ពុំ​មែន​សុទ្ធ​តែ​មាន​លទ្ធផល​ល្អ​នោះ​ទេ។ មាន​ពេល​ខ្លះ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី ក៏​ត្រូវ​ទទួល​រងគ្រោះ​បាត់បង់​ដី​ស្រែ​ចម្ការ ហើយ​បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​អាជ្ញាធរ​មូលដ្ឋាន។

0:00 / 0:00

ប្រជាពលរដ្ឋ ១២៩​គ្រួសារ ស្រុក​បវេល ខេត្ត​បាត់ដំបង កំពុង​ត្អូញត្អែរ​ពី​ការ​បាត់បង់​ដី​ស្រែ​ដែល​ធ្លាប់​បាន​កាន់​កាប់​បង្កបង្កើន​ផល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ ពួក​គាត់ អះអាង​ថា ដី​ស្រែ​របស់​ពួក​គាត់​ទាំង​នោះ ត្រូវ​ក្រុម​និស្សិត​ចុះ​ទៅ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​ឲ្យ​ឈ្មោះ​ប្រជាពលរដ្ឋ​ផ្សេង នៅ​ឃុំ​បឹងប្រាំ ទៅ​វិញ។

ជួន ផល្លី អាយុ ៥៧​ឆ្នាំ ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​បឹងសង្កែ ចំនួន ១២៩​គ្រួសារ។ លោកស្រី​ថ្លែង​នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា ថា ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​បឹងសង្កែ ខ្លះ​មាន​តូច​មាន​ធំ ដែល​ធ្លាប់​បាន​កាន់​កាប់​បង្កបង្កើន​ផល​នោះ ត្រូវ​បាន​គេ​កាត់​ចូល​ឃុំ​បឹងប្រាំ។ ហើយ​ក្រុម​និស្សិត និង​អាជ្ញាធរ បាន​ចុះ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទាំងអស់៖ «ខ្ញុំ​ពី​មុន​មក ខ្ញុំ​នៅ​ឃុំ​អំពិលប្រាំដើម តែ​បច្ចុប្បន្ន​ហ្នឹង គេ​កាត់​ខ្ញុំ​មក​ចូល​ឃុំ​បឹងប្រាំ។ គេ​ចុះ​មក​វាស់វែង​ដី​ហ្នឹង ប្រជាពលរដ្ឋ​ខ្ញុំ​អត់​បាន​ទទួល​ដី​ទេ ពេល​វាស់វែង​អត់​ចុះ​មក​វាស់វែង​ពួក​ខ្ញុំ​ផង។ ស្រាប់​ថ្ងៃ​បិទ​វគ្គ​ហ្នឹង ដី​ពួក​ខ្ញុំ​ហ្នឹង​បែរ​ជា​មាន​ឈ្មោះ​អ្នក​ដទៃ​ទាំងអស់ ចំណែក​ពួក​ខ្ញុំ ១២៩​គ្រួសារ អត់​មាន​ឈ្មោះ​ទៅ​វិញ។ ពួក​ខ្ញុំ ១០០​នាក់​ជាង​មក​ប្ដឹង​ជំទាស់​នៅ​ឃុំ​បឹងប្រាំ តែ​គេ​អត់​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ»

ទន្ទឹម​នឹង​ការ​បដិសេធ​មិន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ លោកស្រី​ថា​អាជ្ញាធរ​ឃុំ​បឹងប្រាំ បាន​ប្រាប់​ឲ្យ​អ្នក​ភូមិ​ទាំង​នោះ​ផ្ដិត​មេដៃ និង​យក​លិខិត​កាន់​កាប់​ដី​ទៅ​បញ្ជាក់​បង្ហាញ​ជា​ភស្តុតាង ថា​ប្រជាពលរដ្ឋ​ទាំង ១២៩​គ្រួសារ នោះ ធ្លាប់​បាន​កាន់​កាប់​ដី​នោះ​ពិត​ប្រាកដ​មែន៖ «ព្រោះ ១២៩​គ្រួសារ អ្នក​មាន ៥​ហិកតារ អ្នក​ខ្លះ​មាន ៣​ហិកតារ អ្នក​មាន​ពីរ​ហិកតារ អ្នក​ខ្លះ​មាន​រហូត​ដល់​ទៅ​បី​រ៉ៃ បួន​រ៉ៃ ក៏​មាន​ដែរ។ យើង​អត់​មាន​លើស​ពី ៥​ហិកតារ​ទេ តែ​ដី​ខ្ញុំ​ហ្នឹង មិន​មែន​ទើប​ធ្វើ​ឥឡូវ​ហ្នឹង​ទេ គឺ​ខ្ញុំ​ធ្វើ​តាំង​ពី ៩៨​ឆ្នាំ ៩៩​មក ស្រាប់​តែ​ថ្ងៃ​និស្សិត​ចុះ​វាស់វែង​ឃុំ​អំពិលប្រាំដើម គេ​កាត់​មក​ឲ្យ​បឹងប្រាំ ស្រាប់​តែ​ក្បាល​ដី​ពួក​ខ្ញុំ​វា​គ្មាន​ដី​ពួក​ខ្ញុំ​ទៅ​វិញ»

មេ​ឃុំ​បឹងប្រាំ លោក ឈា នី ថ្លែង​ថា ប្រជាពលរដ្ឋ ១២៩​គ្រួសារ​នោះ​ជា​ប្រជាពលរដ្ឋ​អនាធិបតេយ្យ អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បាន​ទេ។ ដូច្នេះ​ហើយ បាន​អាជ្ញាធរ​ឃុំ​បដិសេធ​ការ​ប្ដឹង​ជំទាស់​របស់​ពួក​គាត់​ដូច​គ្នា៖ «អត់​ទេ ខ្ញុំ​អត់​ទទួល​យក​ទេ ព្រោះ​គាត់​មក​ប្ដឹង​បិទ​ជំទាស់ គាត់​មិន​មែន​ប្ដឹង​មួយៗ​ទេ ខ្ញុំ​ប្រាប់​គាត់​ថា នីតិវិធី​ប្ដឹង​មួយៗ​ខ្ញុំ​ទទួល ព្រោះ​នីតិវិធី​គណៈកម្មការ...»

លោក ឈា នី បន្ត​ថា នៅ​ឃុំ​បឹងប្រាំ ទទួល​រង​អកុសល​ច្រើន​ណាស់​ក្នុង​ជម្លោះ​ដីធ្លី។ នៅ​ឃុំ​បឹងប្រាំ នោះ​ក៏​ពុំ​មែន​ប្រជាពលរដ្ឋ​ថ្មី​នោះ​ដែរ។ ដី​ព្រៃ​នោះ ត្រូវ​បាន​ក្រុម​ការងារ​អន្តរ​ក្រសួង និង​អាជ្ញាធរ បាន​ធ្វើ​កំណត់​អត្តសញ្ញាណកម្ម​ដី​តាំង​ពី​ឆ្នាំ​២០០៩ ដោយ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​រំលោភ​បំពាន​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ​ដែរ អភិបាល​ស្រុក​បវេល លោក ទឹម ដារ៉េត បញ្ជាក់​ថា ដី​ដែល​ប្រជាពលរដ្ឋ ១២៩​គ្រួសារ ប្ដឹង​ជំទាស់​នោះ ជា​ដី​ដែល​មាន​អនុក្រឹត្យ ហើយ​បាន​ធ្វើ​អនុប្រយោគ​ដើម្បី​រៀបចំ​ជា​ដី​សម្បទាន​សង្គម​កិច្ច។ ករណី​នេះ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ ១២៩​គ្រួសារ មាន​សិទ្ធិ​ប្ដឹង​តវ៉ា ប៉ុន្តែ​អ្វី​ដែល​អ្នក​ភូមិ​ប្ដឹង​កន្លង​មក​នេះ ពុំ​ត្រូវ​នឹង​នីតិវិធី​នោះ​ទេ ព្រោះ​ការ​ប្ដឹង​របស់​ប្រជាពលរដ្ឋ​រួម​គ្នា​ដូច្នេះ មាន​ន័យ​ប្ដឹង​ជំទាស់​ទៅ​នឹង​អនុក្រឹត្យ។ លោក​បញ្ជាក់​ថា តាម​នីតិវិធី ប្រជាពលរដ្ឋ​គួរ​នាំ​គ្នា​ប្ដឹង​ជំទាស់​ទៅ​តាម​ក្បាល​ដី​របស់​ខ្លួន​នីមួយៗ ដើម្បី​ឲ្យ​អនុ​គណៈកម្មការ​ធ្វើ​ការ​ដោះស្រាយ​ជូន​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។