ក្រុម​គ្រួសារ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ស្នើ​សុំ​តុលាការ​ដោះលែង​ប្ដី​ពួកគាត់​ឲ្យ​បាន​ជួប​ជុំ​គ្នា​វិញ

ដោយ សេក បណ្ឌិត
2021.07.07
ក្រុម​គ្រួសារ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ស្នើ​សុំ​តុលាការ​ដោះលែង​ប្ដី​ពួកគាត់​ឲ្យ​បាន​ជួប​ជុំ​គ្នា​វិញ តំណាងពលរដ្ឋ ៣នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ២០២១ ក្រោមបទចោទញុះញង់ ក្នុងជម្លោះដីធ្លីមួយ នៅស្រុកស្អាង ខេត្តកណ្តាល កាល​ពី​ចុង​ខែ​មិថុនា។
រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

ភរិយា​ពលរដ្ឋ​ក្រីក្រ​ ៣​គ្រួសារ ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​មាន​អំណាច នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ អំពាវនាវ​ឱ្យតុលាការ​និង​អាជ្ញាធរ​ ជួយ​ដោះលែង​ស្វាមី​របស់ពួកគាត់​ចេញ​ពី​ពន្ធនាគារ ​ឲ្យ​បាន​មក​ជួប​ក្រុម​គ្រួសារ​វិញ​ ព្រោះ​អ្នក​ទាំង​៣​នាក់ មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវ​ព្យាបាល​។ ក្រុម​គ្រួសារ​សន្យា​ថា នឹង​ឈប់​ចេញ​តវ៉ា​ទាមទារ​ដីធ្លី​ទាំង​នោះ​ទៀត​ហើយ ឲ្យ​តែ​ខាង​តុលាការ​ដោះលែង​អ្នក​ទាំង​បី ​មាន​សេរីភាព​វិញ ដើម្បី​ពួកគាត់​អាច​ស្វែង​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ដែល​កំពុង​ខ្វះខាត ​អំឡុង​ពេល​មាន​ជំងឺ​កូវីដ១៩។

ភរិយា​របស់​ពលរដ្ឋ ៣​នាក់​ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ រួច​ត្រូវ​តុលាការ​ចោទ​ថា​ជា​តំណាង​ពលរដ្ឋ​ ១៥៤​គ្រួសារ លើក​ឡើង​ថា ស្វាមី​របស់​ពួកគាត់ គឺ​ជា​អ្នក​ប្រកប​របរ​លក់​ដូរ និង​ធ្វើ​ស្រែ​ចម្ការ​​ ដូច​អ្នក​ភូមិ​ផ្សេង​ទៀត​ដែរ​ គឺ​គ្មាន​អ្នក​ណា​លើក​ពួក​គាត់​ធ្វើ​ជា​តំណាង​ទេ។

ភរិយា​លោក ផៃ ថី គឺ​លោកស្រី ហុក គន្ធា លោកស្រី រៀប​រាប់​ថា ស្វាមី​គាត់​ បាន​ត្រឹម​តែ​ធ្វើ​ការ​ស្រាល​ៗ​បន្តិច​បន្តិច​នៅ​ផ្ទះ​ ដូច​ជា​ចិញ្ចឹម​មាន់ មិន​អាច​ធ្វើការ​លី​សែង​ធ្ងន់​ៗ​បាន​ឡើយ ដោយសារ​គាត់​មាន​វ័យ​កាន់​តែ​ចាស់ ហើយ​មាន​ជំងឺ​រលាក​ថ្លើម​ ក្រពះ​ ថែម​ទៀត ដែល​ត្រូវ​ផឹក​ថ្នាំ​ព្យាបាល​ជា​ប្រចាំ។ លោកស្រី ថា ​ការ​ចោទ​ប្រកាន់​លោក​ ផៃ ថី ​ជា​តំណាង​ពលរដ្ឋ​ គឺ​ជា​រឿង​មិន​ពិត​ទេ ព្រោះ​គាត់​មិន​អាច​ចេះ​សរសេរ​លិខិត​ស្នាម​ ឬ​សរសេរ​អ្វី​បាន​ទេ៖ «អត់​មាន​តំណាង​អី​ទ។ ពួកគាត់​ទៅ​ស្រុក​ ខាង​ស្រុក​ហ្នឹង​គេ​ដាក់​ឲ្យ​ទេ។ គេ​ឲ្យ​រក​ម្ខាង​៣​នាក់ ហើយ​ដាក់​ទៅ​ ស្រណុក​គាត់​ដោះស្រាយ​ឲ្យ​រឿង​ដីធ្លី​ហ្នឹង ព្រោះ​សម័យ​កូវីដ​គេ​អត់​ឲ្យ​ដាក់​ឈ្មោះ​ច្រើន​ទេ តាលន់​៣​ ខ្ពប​៣​ អ៊ីចឹង​ទៅ។ ប្ដី​ធ្វើ​តំណាង​អី បើ​អក្សរ​ក​មួយ អត់​ចេះ​ផង​ហ្នឹង។ ទូរស័ព្ទ​អត់​ចេះ​ប្រើ​ផង​ហ្នឹង។ ដី​គាត់​មាន​ច្រើន​ជាង​គេ​បន្តិច​អ៊ីចឹង​ទៅ។ គាត់​ធ្លាប់​ទៅ​សុំ​ដី​នៅ​ឃុំ​ប្រសាទ គាត់​ចេះ​តែ​ទៅ​ៗ។ ធម្មតា​ លោក​ពូ​អើយ ប្រជាពលរដ្ឋ​អត់​ក្រីក្រ​ល្ហេមល្ហាម​ គ្មាន​បាយ​ស៊ី មក​មើល​ដល់​ផ្ទះ​ចុះ​ឃើញ​ហើយ។ បើ​និយាយ​អត់​ការ​ពិត​ សូម​មក​មើល​ដល់​ផ្ទះ​ចុះ»

លោកស្រីឲ្យ​ដឹង​ថា ជីវភាព​គ្រួសារ​គាត់​រស់​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ពឹង​អាស្រ័យ​លើ​កូន​ស្រី​តែ​ម្នាក់​គត់ ដែល​ដើរ​ស៊ីឈ្នួល​ដក​ស្មៅ ​និង​បេះ​បន្លែ​ឲ្យ​គេ បាន​ប្រាក់​ជាង ២ម៉ឺន​រៀល (២០.០០០) ក្នុង ១ថ្ងៃ គ្រាន់​យក​មក​ទិញ​អង្ករ​ហូប​។ ស្ត្រី​វ័យ ​៥៣​ឆ្នាំ រូប​នេះ ស្នើ​សុំ​អាជ្ញាធរ​និង​តុលាការ​ខេត្ត​កណ្ដាល​ដោះលែង​លោក​ ផៃ ថី និង​ប្អូន​ប្រុស​ជីដូន​មួយ​ម្នាក់​ទៀត គឺ​លោក ប៊ុន ចាន់សិដ្ឋ ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​បាន​មក​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ​ ព្រោះ​អ្នក​ទាំង​ពីរ​ គឺ​មាន​ជំងឺ​រ៉ាំរ៉ៃ​ដែល​ត្រូវ​ព្យាបាល​ជា​ចាំបាច់៖ «ពួក​ខ្ញុំ​ទាំង​បី​នាក់​ចេញ​មក អត់​មាន​បង្ក​ការ​តវ៉ា​អី​ទៅ​ទៀត​ទេ។ ពួកគាត់​ធ្វើ​អ៊ីចឹង​ចំពោះ​ប្ដី ខ្ញុំ​និង​បងប្អូន​ខ្ញុំ ព្រោះ​អី​ ពួក​ខ្ញុំ​លំបាក​វេទនា​ខ្លាំង​ណាស់ បើ​គាត់​ចាប់​ប្ដី​ខ្ញុំ​យក​ទៅ​អ៊ីចឹង។ ខ្ញុំ​អត់​មាន​តវ៉ា​អី​ទៀត​ទេ។ ខ្ញុំ​ឈប់​ហើយ ឲ្យ​តែ​ដោះលែង​ប្ដី​ខ្ញុំ​បាន​មក​វិញ​មក»

ស្រដៀង​គ្នា​នេះ ភរិយា​លោក គឹម​ បូរិន គឺ​លោកស្រី ទុំ ស្រីមុំ ក៏​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​ប្ដី​លោកស្រី​ ដើម្បី​បាន​មក​ជួប​គ្រួសារ​វិញ ដើម្បី​អាច​រក​ប្រាក់​ចិញ្ចឹម​កូន ៣នាក់ និង​ដោះ​បំណុល​ធនាគារ។ ចាប់​តាំង​ពី​ពេល​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ប្ដី​លោកស្រី ហើយ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​មក លោកស្រី​ធ្លាក់​ខ្លួន​ឈឺ​ មិន​អាច​ចេញ​រក​ប្រាក់​បាន​ដូច​ពេល​មុន​នោះ​ទេ ព្រោះ​កូន​នៅ​តូច​ៗ​គ្មាន​អ្នក​មើល​ថែ ។

លោកស្រី ទុំ ស្រីមុំ ឲ្យ​ដឹង​ថា មុន​ពេល​ចាប់​ខ្លួន លោក គឹម បូរិន ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ គឺ​ប្រកប​របរ​លក់​បុក​ល្ហុង​តាម​ម៉ូតូ​ អាច​រក​ចំណូល​បាន​ពី​ ១ម៉ឺន​ ៥ពាន់​រៀល​ ទៅ ២ម៉ឺន​រៀល (២០.០០០) ក្នុង ១ថ្ងៃ។ ចំណែក​លោកស្រី ចេញ​ទៅ​ស៊ី​ឈ្នួល​ដក​ស្មៅ បេះ​ម្ទេស​ឲ្យ​គេ បាន​ប្រាក់​២​ម៉ឺន​រៀល ក្នុង​ ១ថ្ងៃ នៅ​ពេល​ប្ដី​ខកខាន​មិន​បាន​ចេញ​ទៅ​លក់៖ «គ្រួសារ​ខ្ញុំ​ខ្វះខាត​ណាស់ ហើយ​កូន​ខ្ញុំ​ក៏​ឈឺ​ទៀត។ ហើយ​លុយ​ទឹក​ដោះ​គោ ក៏​អត់​ គ្នា​រក​អ្វី​អត់​បាន។ កូន​ខ្ញុំ​វា​តូចៗ ខ្ញុំ​ទៅ​ណា​ចោល​វា​មិន​រួច​ទេ ហើយ​ម៉ែ ក៏​ឈឺ។ ខ្ញុំ​មិន​ដឹង​រំពឹង​អ្វី​បាន​ជួយ​គាត់។ មិន​ដឹង​ថា​គេ​យក​ប្ដី​ខ្ញុំ​ទៅ​ដាក់​ត្រង់​ណា​ លែង​ថ្ងៃ​ណា​ដែរ។ ខ្ញុំ​មាន​លុយ​មាន​កាក់​ឯណា​ទៅ​រក​គេ​ជួយ​ប្ដី​ខ្ញុំ»

លោក​ស្រី​បារម្ភ​ពី​សុខភាព​លោក គឹម បូរិន នៅ​ក្នុង​ពន្ធនាគារ មិន​ដឹង​ថា​សុខ​ទុក្ខ​យ៉ាង​ណា​ទេ នៅ​ពេល​ទៅ​ពន្ធនាគារ​ស្នើ​សុំ​ចង់​ជួប​មុខ​ប្ដី​ ប៉ុន្តែ​ត្រូវ​បាន​គេ​មិន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ឡើយ ដោយ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ។ លោកស្រី បញ្ជាក់​ថា ប្ដី​លោក​មិន​មែន​ជា​តំណាង​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ស្ត្រី​វ័យ ៣១ឆ្នាំ​រូប​នេះ ស្នើ​ឲ្យ​តុលាការ​ដោះលែង​ប្ដី​លោកស្រី​មក​វិញ ដោយ​សន្យា​ថា​នឹង​ឈប់​ចេញ​តវ៉ា​រឿង​ដីធ្លី​នេះ​ទៀត​ហើយ៖ «ខ្ញុំ​សូម​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ហ្នឹង ហើយ​ដោះ​លែង​ប្ដី​ខ្ញុំ​មក​វិញ​មក។ រឿង​ដីធ្លី​អី គាត់​នឹង​បោះចោល​ ឈប់​តវ៉ា ឈប់​អី​ហើយ។ ស្អី​ក៏​ខ្ញុំ​អត់​ចង់​បាន​ដែរ ឲ្យ​តែ​ប្ដី​ខ្ញុំ​មក​ជួប​ជុំ​កូន​ខ្ញុំ​វិញ​មក។ សូម​សម្ដេច​ជួយ​ផង!»

កាល​ពី​ថ្ងៃ​ទី​៤ កក្កដា​ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក ជា​ សុខ​ហៀង សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ​ពលរដ្ឋ​ ៣​នាក់ គឺ​មាន​លោក ផៃ​ ថី វ័យ​ ៥៥ឆ្នាំ លោក គឹម បូរិន វ័យ​ ៣៤ឆ្នាំ និង​លោក ប៊ុន ចាន់​សិដ្ឋ វ័យ​ ៣៤​ឆ្នាំ ក្រោម​បទ​ចោទ​តាម​ក្រម​​ព្រហ្មទណ្ឌ​តែ​មួយ គឺ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​នៅ​ចំណុច​អូរ​សន្ធៃ ភូមិ​លេខ​៤ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្ដាល កាល​ពី​ដើម​ខែ​កក្កដា។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង ២ថ្ងៃ ក្រោយ​ពេល​សមត្ថ​កិច្ច​ខេត្ត​កណ្ដាល​ ចាប់​ខ្លួន​អ្នក​ទាំង​បី​ដែល​សង្ស័យ​ថា ជា​តំណាង​ពលរដ្ឋ​ជាង ១៥០គ្រួសារ​ ពាក់​ព័ន្ធ​នឹង​បញ្ហា​​ដី​ធ្លី​មួយ​កន្លែង​ជាមួយ​អ្នក​មាន​អំណាច នៅ​ស្រុក​ស្អាង បន្ទាប់​ពី​ពលរដ្ឋ​នាំគ្នា​ចេញ​ការ​ពារ​ដី​ស្រែ​សរុប​ជាង ១៧៥ហិកតារ ស្ថិត​នៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្ដាល កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​តុលាការ​ខេត្ត​កណ្ដាល លោក សូ សារិន បាន​ទេ នៅ​ថ្ងៃ​ទី​៧ កក្កដា​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​លោក​មិន​ទទួល។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដាក់​ពន្ធនាគារ ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​ជា​មុន គឺ​ជាការ​បង្កភាព​ ឈឺ​ចាប់​ដល់​ពលរដ្ឋ​ ដែល​ត្រូវ​បាត់​បង់​ដីធ្លី​ហើយ ត្រូវ​ជាប់​ឃុំ​ខ្លួន​ទៀត។ លោក​ យល់​ថា តុលាការ​គួរ​ទម្លាប់​ចោល​បទ​ចោទ​ប្រកាន់​នេះ ហើយ​ចុះ​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​ដឹង​ច្បាស់​​លាស់ និង​​ផ្ដល់​ដំណោះស្រាយ​សមរម្យ​ណាមួយ​ជូន​ពលរដ្ឋ​ ដោយ​សន្តិវិធី៖ «មិន​ទាន់​ដឹង​ថា​ដី​ហ្នឹង ជា​របស់​អ្នក​ពិត​ប្រាកដ​ផង ហើយ​យើង​ទៅ​ចាប់​ខ្លួន​ភាគី​មួយ​ទៅ​ដាក់​ពន្ធនាគារ​ ខ្ញុំ​គិត​ថា អា​ហ្នឹង វ​ជា​រឿង​មួយ​ដែល​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ហើយ ជា​រូបភាព​បង្ហាញ​អំពី​ការ​គំរាម​កំហែង​ដល់​ភាគី​ដែល​ទន់​ខ្សោយ។ នៅ​ក្នុង​គោលការណ៍​ច្បាប់​ ក៏​គេ​មិន​ឲ្យ​យើង​អនុវត្ត​ព្រហ្មទណ្ឌ​មុន​រឿង​ដោះស្រាយ​វិវាទ​រដ្ឋប្បវេណី​ដែរ។ ព្រោះ​យើង​មិន​ទាន់​ដឹង​ច្បាស់​ថា ដី​ហ្នឹង​ជា​ដី​របស់​ភាគី​ណាមួយ​ ហើយ​យើង​ទៅ​ចាប់​ខ្លួន​ភាគី​ម្ខាង។ នៅ​ក្នុង​គោលការណ៍​ព្រហ្មទណ្ឌ ក៏​មិន​អនុញ្ញាត​អ៊ីចឹង​ដែរ គឺ​ថា គេ​ត្រូវ​តែ​បង្អន់​រឿង​ព្រហ្មទណ្ឌ គេ​ត្រូវ​តែ​ដោះស្រាយ​រឿង​វិវាទ​រដ្ឋប្បវេណី​ហ្នឹង​សិន»

កាល​ពី​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០២០ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ នៅ​មុខ​អ្នក​សារព័ត៌មាន​រាប់​ពាន់​នាក់ ថា ​ប្រជាពលរដ្ឋ​មិន​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​តែ​បញ្ហា​ដីធ្លី​របស់​ពួកគេ​ទេ៖ «ខ្ញុំ​បាន​ជម្រាប​ហើយ​ថា រឿង​រ៉ាវ​ជម្លោះ​ដីធ្លី មិន​ត្រូវ​បាន​ទទួល​នូវ​ការ​ឃុំ​ខ្លួន​ទេ។ ពិត​មែន​ហើយ! ខ្ញុំ​និយាយ​ត្រឹម​តែ​ជម្លោះ​ដីធ្លី​ទេ តែ​មិន​មែន​និយាយ​អំពី​បញ្ហា​ព្រហ្មទណ្ឌ​ទេ។ អ្នក​ខ្លះ​បង្កើត​បញ្ហា​ព្រហ្មទណ្ឌ​ គឺ​ជា​រឿង​មួយ»

អ្នកស្រុក​ស្អាង ខេត្ត​កណ្ដាល ​អះអាង​​ថា ពួក​គាត់​​បាន​​ចូល​​ធ្វើ​​ស្រែ​​លើ​​ដី​នោះ​​តាំង​ពី​ឆ្នាំ១៩៨០ និង​​បន្ត​​រហូត​​ដល់​​កូន​​ចៅ ហើយ​ពួក​គាត់​ក៏​មាន​ឯក​សារ​ទទួល​ស្គាល់​ដោយ​មេឃុំ​ប្រាសាទ​ផង​ដែរ។ ប៉ុន្តែ​​ពេល​ថ្មីៗ​ នេះ​ អាជ្ញាធរ​ស្រុក​ស្អាង​បែរ​ជា​​អះ​អាង​ថា ដីស្រែ​ដែល​​​ពួក​គាត់​ធ្លាប់​​ធ្វើ​នោះ ត្រូវ​បាន​ពលរដ្ឋ​ផ្សេង​លក់​ទៅ​ឱ្យ​ឈ្មួញ​ហើយ ហើយ​សព្វ​ថ្ងៃ​កំពុង​កាន់​កាប់​ដោយ​​ឈ្មួញ ដែល​​មាន​​ប្លង់​រឹង។

ក្រុម​ពល​រដ្ឋ​ ១៥៤​គ្រួសារ​ ដែល​កំពុង​រស់​នៅ​អាស្រ័យ​ផល​លើ​ដី​នោះ ទាម​ទារ​ឱ្យ​អាជ្ញាធរ​ផ្តល់​យុត្តិ​ធម៌​ដោយ​បង្ហាញ​ឈ្មួញ​ទិញ​ដី ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​បដិសេធ​សំណើ​ពួក​គាត់ ហើយ​ថែម​ទាំង​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ និង​មាន​កម្លាំង​សមត្ថ​កិច្ច​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​ធ្វើ​​ស្រែ​លើ​​ដី​នោះ​ទៀត​ផង។

ចំណែក ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ៣​នាក់ ទទូច​ស្នើ​សុំ​តុលាការ​ខេត្ត​កណ្ដាល ​ដោះ​លែង​ស្វាមី​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ​ ដើម្បី​ជួប​ជុំ​គ្នា​វិញ ដោយ​មិន​ចេញ​ទាមទារ​ចង់​បាន​ដំណោះស្រាយ​អ្វី​ទៀត​ទេ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។