ប្រជាពលរដ្ឋឃុំកោះស្ដេច បានអះអាងថា នៅល្ងាចថ្ងៃពុធ ទី៧ ខែមករា កម្លាំងសន្តិសុខក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) បានប៉ុនប៉ងធ្វើសកម្មភាពដុតផ្ទះ និងរុះរើលំនៅឋានរបស់ប្រជាពលរដ្ឋនៅចំណុចពយជប៉ុន ជាទីដែលក្រុមហ៊ុននេះបានចាក់ដីបិទផ្លូវចូលភូមិអ្នកស្រុកជាងមួយសប្ដាហ៍មកហើយ។
មន្ត្រីសង្គមស៊ីវិលខេត្តកោះកុង ដែលចុះអង្កេតផ្ទាល់ដល់ទីកន្លែងប្រឈមមុខដាក់គ្នារវាងកងសន្តិសុខក្រុមហ៊ុន និងប្រជាពលរដ្ឋឃុំកោះស្ដេច មានប្រសាសន៍ថា ទង្វើរបស់ក្រុមហ៊ុនចិន យូញៀន មិនខុសគ្នាទៅនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្លាប់អនុវត្តពេលកាន់អំណាចនោះទេ។
តំណាងប្រជាពលរដ្ឋ ៣០គ្រួសារ លោក ប្រាក់ ថន មានលំនៅឋាននៅឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បន្តស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ ឲ្យជួយដោះស្រាយកង្វល់ដែលក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន ថាបានប្រើកងសន្តិសុខរាប់សិបនាក់ ប៉ុនប៉ងដុតផ្ទះពួកគាត់នៅល្ងាចថ្ងៃទី៧ ខែមករា។លោកបន្តថា កាលពីល្ងាចថ្ងៃពុធ ទី៧ ខែមករា មេការក្រុមហ៊ុនចិន យូញៀន បានដឹកនាំកម្លាំងប្រមាណជាង ៤០នាក់ ចុះមកមូលដ្ឋានឃុំកោះស្ដេច ក្នុងបំណងរុះរើ ដុតបំផ្លាញផ្ទះ និងប្លន់យកដីលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ។
លោក ប្រាក់ ថន ឲ្យដឹងថា ការប្រឈមមុខដាក់គ្នារវាងកងសន្តិសុខក្រុមហ៊ុនចិន យូញៀន ជាមួយពលរដ្ឋ មិនមានរបួសស្នាមធ្ងន់ធ្ងរទេ ដោយគ្រាន់តែចោលដុំថ្ម ឬគប់ដបសាំងដាក់គ្នាទៅវិញទៅមក។ តំណាងពលរដ្ឋរូបនេះ សំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកភ្នែកមើលពីកង្វល់កូនចៅនៅឃុំកោះស្ដេច ស្រុកគីរីសាគរ ដែលកំពុងរងការរំលោភបំពានដីលំនៅឋាន និងដីចម្ការ ពីសំណាក់ក្រុមហ៊ុនចិន យូញៀន៖ «ឥឡូវកងសន្តិសុខក្រុមហ៊ុនចិន ចំនួន ៤ឡាន មានគ្នាប្រមាណ ៤០នាក់ បានដកខ្លួនថយពីម្តុំពយជប៉ុន ក្បែរភូមិអ្នកស្រុកវិញហើយ បន្ទាប់ពីប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ា»។
តំណាងពលរដ្ឋ លោក ប្រាក់ ថន ឲ្យដឹងទៀតថា ក្រុមហ៊ុនចិន យូញៀន ចាប់តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ គឺបានប្រើរថយន្តដឹកដីចាក់បិទផ្លូវចេញចូលទៅភូមិអ្នកស្រុកនៅតំបន់ពយជប៉ុន ក្នុងបំណងបង្ខំបណ្ដេញពលរដ្ឋឲ្យរុះរើលំនៅឋានចេញពីទីតាំងចាស់ ទៅកាន់ទីតាំងថ្មីតាមមហិច្ឆតារបស់ក្រុមហ៊ុនចិន។
ទាក់ទិនបញ្ហានេះ លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកោះកុង បានពេបជ្រាយចំពោះភាពកម្សោយនៃការដោះស្រាយជម្លោះរបស់មន្ត្រីក្រសួងពាក់ព័ន្ធ ឬអាជ្ញាធរខេត្តកោះកុង ដែលមិនបានអនុវត្តទៅតាមសេចក្តីណែនាំរបស់មុខដឹកនាំរដ្ឋាភិបាល ដែលតម្រូវឲ្យអាជ្ញាធរពាក់ព័ន្ធ កាត់ឆ្វៀលដីកសិកម្ម ឬដីលំនៅឋានកោះស្ដេច ចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន តាមរូបមន្តស្បែកខ្លា៖ «មានការប៉ះទង្គិចគ្នាមួយប្រាវ ដែលយកដីចាក់បិទផ្លូវចូលភូមិពលរដ្ឋ រវាងកងសន្តិសុខក្រុមហ៊ុនចិន យូញៀន និងប្រជាពលរដ្ឋ ប៉ុន្តែមិនមានរងរបួសទាំងសងខាងទេ ហើយកងសន្តិសុខក៏បានវិលត្រឡប់ចេញពីលំនៅឋានពលរដ្ឋវិញ»។
បន្ថែមលើនេះ លោក អ៊ិន គង់ជិត សម្ដែងអារម្មណ៍ហួសចិត្ត កាលបើសង្គមកម្ពុជា បច្ចុប្បន្ន បង្កើតឲ្យមានកងកម្លាំងសន្តិសុខក្រុមហ៊ុនអាចធ្វើសកម្មភាពដូចក្រុមចោរប្លន់ ដើរគំរាមបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានជាដើម។
យ៉ាងណាក៏ដោយ លោក ប៊ុន លឺត អភិបាលខេត្តកោះកុង ថ្លែងថា មិនបានដឹងឮចំពោះករណីប្រឈមមុខដាក់គ្នារវាងកងកម្លាំងសន្តិសុខក្រុមហ៊ុនចិន យូញៀន និងប្រជាពលរដ្ឋនៅឃុំកោះស្ដេច នោះទេ។ លោកមិនធ្វើអត្ថាធិប្បាយច្រើនទេចំពោះសកម្មភាពរបស់ក្រុមហ៊ុនចុះគំរាមកំហែង និងប៉ុនប៉ងដុតផ្ទះពលរដ្ឋ នាមូលដ្ឋានឃុំកោះស្ដេច ពេលនេះ៖ «ខ្ញុំអត់បានដឹងព័ត៌មាននេះទេ»។
ទាក់ទិនបញ្ហានេះ លោក ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ ធ្លាប់បានឲ្យដឹងថា បញ្ហាទំនាស់ដីធ្លីដែលកើតមានរវាងក្រុមហ៊ុនចិន យូញៀន ជាមួយប្រជាពលរដ្ឋឃុំកោះស្ដេច ស្រុកគីរីសាគរ គឺមានជាប់ពាក់ព័ន្ធសំណូកលុយកាក់រាប់លានដុល្លារសហរដ្ឋអាមេរិក ជាមួយក្រសួងបរិស្ថាន។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការលីកាដូ បានឲ្យដឹងថា ប្រជាពលរដ្ឋ ៣០គ្រួសារ រស់នៅចំណុចពយជប៉ុន នាភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ដែលក្រាញននៀល និងបន្តប្រមូលផ្តុំគ្នាតវ៉ានឹងក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន ពេលនេះ គឺជាគ្រួសារនៅសេសសល់ចុងក្រោយ ដែលមិនព្រមចាកចេញពីភូមិកំណើតកេរដំណែលដូនតា ទៅតាមការគំរាមកំហែងរបស់ក្រុមហ៊ុនចិន ដែលទទួលបានសិទ្ធិវិនិយោគតំបន់នោះពីរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។