នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានជួលដីឲ្យក្រុមហ៊ុនបរទេសជាច្រើន ដើម្បីអភិវឌ្ឍដាំដើមកៅស៊ូ និងអភិវឌ្ឍធ្វើតំបន់ទេសចរណ៍ជាដើម ឬហៅថាដីសម្បទានសេដ្ឋកិច្ច។ ក៏ប៉ុន្តែ គោលនយោបាយផ្ដល់ដីសម្បទានរបស់រដ្ឋាភិបាលនេះ មិនមានផលជាវិជ្ជមានដល់ប្រជាពលរដ្ឋនោះឡើយ ប្រជាពលរដ្ឋជាច្រើនរងគ្រោះដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ។
ប្រជាពលរដ្ឋនៅខេត្តកោះកុង រាប់រយគ្រួសារ កំពុងរងគ្រោះដោយសារតែការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ទោះបីជាក្រុមហ៊ុនបានផ្ដល់សំណងដោះដូរដីជូនប្រជាពលរដ្ឋក្ដី។
ក្រុមមន្ត្រីអង្គការសិទ្ធិមនុស្ស បានចាត់ទុកសកម្មភាពរបស់ក្រុមហ៊ុន ញូញៀន ឌឹវើលុបមែន គ្រុប ថាកំពុងធ្វើសកម្មភាពរំលោភសិទ្ធិមនុស្ស និងមិនគោរពច្បាប់កម្ពុជា ក្នុងការអភិវឌ្ឍលើផ្ទៃដីសម្បទានរបស់រដ្ឋាភិបាល។
អ្នកច្បាប់លើកឡើងថា ក្រុមហ៊ុនចិន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ពីរដ្ឋាភិបាលនេះ មិនបានអនុវត្តទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលនោះឡើយ។ បញ្ហានេះ ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារ និងគ្មានសំណងសមរម្យពីក្រុមហ៊ុន។
ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហួន ជុនឌី មានប្រសាសន៍ថា ក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប មិនបានគោរពទៅតាមគោលការណ៍ច្បាប់ និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍនេះទេ ពីព្រោះថា ក្រុមហ៊ុននេះមិនបានធ្វើការអភិវឌ្ឍឆ្វៀលចេញពីតំបន់ភូមិចាស់របស់ប្រជាពលរដ្ឋ ទៅតាមបទបញ្ជារបស់រដ្ឋាភិបាលលេខ០១នោះ។
«សំឡេង»
រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ញូញៀន ឌឹវើលុបមែន គ្រុប កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ មានផ្ទៃដី ៣ម៉ឺន ៦ពាន់ហិកតារ នៅស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ដើម្បីធ្វើការអភិវឌ្ឍពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ស្របតាមស្តង់ដារអន្តរជាតិ ដែលមានរយៈពេល ៩៩ឆ្នាំ។ ហើយនៅពេលចប់កិច្ចសន្យានេះ រដ្ឋាភិបាលបន្តជួលឲ្យទៀត ដែលនឹងកំណត់រយៈពេលជាថ្មី។ ទីតាំងនៃដីសម្បទាននេះ ស្ថិតក្នុងតំបន់អភិរក្សឧទ្យានជាតិបុទុមសាគរ ឆ្នាំ១៩៩៣។
តំបន់អភិវឌ្ឍន៍នេះលាតសន្ធឹងតាមបណ្ដោយឆ្នេរសមុទ្រធម្មជាតិដ៏ស្រស់ឆើតឆាយ មានប្រវែងប្រមាណ ១០០ម៉ែត្រ។ គម្រោងអភិវឌ្ឍន៍នេះមានស្ថាបនាកំពង់ផែ ព្រលានយន្តហោះខ្នាតអន្តរជាតិ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្ឋាគារ ភូមិគ្រឹះ អគារស្នាក់នៅ គ្រឹះស្ថានជំនួញ សារមន្ទីរ និងកាស៊ីណូ ជាដើម។ តំបន់អភិវឌ្ឍន៍នេះគេដាក់ឈ្មោះថា "ទីក្រុងនាគក្បាលប្រាំពីរ"។
ម្យ៉ាងទៀត រដ្ឋាភិបាលបានផ្ដល់ដីបន្ថែមជាង ៩ពាន់ហិកតារទៀត នៅចុងឆ្នាំ២០១១ ដើម្បីស្ថាបនាទំនប់វារីអគ្គិសនីសម្រាប់ផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់អភិវឌ្ឍន៍នោះ។
ក្រោយពីរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនមួយចំនួនឃើញថា មានផលប៉ះពាល់ស្ទើរតែគ្រប់កន្លែង។ ដើម្បីដោះស្រាយនូវផលប៉ះពាល់នេះ រដ្ឋាភិបាលបានចេញសារាចរលេខ០១ ឆ្នាំ២០១២ សរសេរថា ក្រសួងស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គោលនយោបាយ និងរាល់លក្ខខណ្ឌទាំងឡាយនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្តល់សម្បទានដីសេដ្ឋកិច្ច ពិសេសការអនុវត្តគោលនយោបាយស្បែកខ្លា និងមិនធ្វើឲ្យប៉ះពាល់ដល់ដីសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ទោះបីជារដ្ឋាភិបាលបានចេញបទបញ្ជានេះក្ដី ក៏ប៉ុន្តែក្រុមហ៊ុនចិន នេះមិនបានអនុវត្តទៅតាមបទបញ្ជានេះទេ។ ក្រុមហ៊ុន ញូញៀន ឌឹវើលុបមែន គ្រុប ហាក់មានឥទ្ធិពលលើសលប់ទៅលើអាជ្ញាធរមូលដ្ឋាន ដោយមានទាហានការពាររហូតដល់ទៅដុតផ្ទះប្រជាពលរដ្ឋដែលមានមន្រ្តីបរិស្ថានចូលរួមផង។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត មានប្រសាសន៍ថា មន្ត្រីដែលពាក់ព័ន្ធមកពីខាងអន្តរក្រសួង មិនបានចុះទៅសិក្សាអំពីផលប៉ះពាល់ និងរៀបចំផ្ដល់សំណងឲ្យបានសមរម្យជូនប្រជាពលរដ្ឋនោះទេ ទោះបីជាគោលនយោបាយរបស់រដ្ឋាភិបាលល្អក្ដី ដូចជាគោលនយោបាយស្បែកខ្លា ជាដើម ប៉ុន្តែការអនុវត្តជាក់ស្ដែងមិនដូច្នោះនោះឡើយ។
«សំឡេង»
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារ៉េត បានឆ្លើយប្រាប់តំណាងអង្គការវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា នៅខណៈដែលតំណាងអង្គការនេះបានយករបាយការណ៍ស្ដីពីផលប៉ះពាល់ចំពោះគម្រោងអភិវឌ្ឍន៍នេះថា រដ្ឋាភិបាលចង់ឲ្យតំបន់ស្រុកគីរីសាគរ និងបុទុមសាគរ ក្លាយទៅជាទីក្រុងមួយ ដើម្បីងាយស្រួលប្រជាពលរដ្ឋរស់នៅតំបន់នោះ ពីព្រោះថា តំបន់នោះជាតំបន់ដាច់ស្រយាល។
«សំឡេង»
របាយការណ៍របស់អង្គការ៤ មានវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) សមាគមសិទ្ធិមនុស្សអាដហុក គណៈកម្មាធិការប្រព្រឹត្តិកម្មការពារសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានសរសេរថា ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចនេះមាន ១.១៤៣គ្រួសារ ក្នុងនោះចំនួន ៨០០គ្រួសារ បានទទួលយកសំណងពីក្រុមហ៊ុន តែជាង ៣០០គ្រួសារទៀត មិនព្រមទទួលយកសំណងនោះទេ។
ក្នុងចំណោមប្រជាពលរដ្ឋយល់ព្រមយកសំណងនោះ ឃើញថា មានតែប្រជាពលរដ្ឋ ១៥គ្រួសារប៉ុណ្ណោះក្នុង១ឃុំ ទទួលបានប្រាក់ ៨ពាន់ដុល្លារសហរដ្ឋអាមរិក។ ក្រៅពីនេះទៀត ទទួលបានប្រាក់សំណងពី ២០០ដុល្លារ ទៅ ៤ពាន់ដុល្លារ ដែលជាដំណាក់កាលចុងក្រោយ គឺក្រុមហ៊ុនបង្ខំឲ្យពួកគាត់រុះរើផ្ទះចេញទៅនៅទីតាំងថ្មី ដែលមានចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីទីតាំងចាស់។ ទីតាំងថ្មីនោះ គឺមានដីលំនៅឋាន ៥០ម៉ែត្រ និង ១០០ម៉ែត្រ ផ្ទះឈើ១ខ្នង និងដីកសិកម្ម ២ហិកតារ មិនទាន់ឈូសឆាយ។
ទីតាំងថ្មីដែលខាងអន្តរក្រសួងផ្ដល់ជូននេះ ភាគច្រើននៅជាប់ជំរេភ្នំ ភាគច្រើនជាដីថ្ម និងគ្មានទឹកប្រើប្រាស់ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងសាលារៀនជាដើម។ ប្រជាពលរដ្ឋភាគច្រើន បានត្អូញត្អែរអំពីទុក្ខលំបាកជីវភាព ក្រោយពេលមកនៅទីតាំងថ្មីដែលគ្មានមុខរបរធ្វើ និងគ្មានលទ្ធភាពកាប់ព្រៃភ្នំ ដែលជាដីកសិកម្មគេផ្ដល់ជូននោះ។
«សំឡេង»
ប្រជាពលរដ្ឋឈ្មោះ ស៊ុត អួយ នៅភូមិព្រែកស្មាច់ បានរៀបរាប់ទាំងទឹកមុខស្រពោន ហាក់បីដូចជាអស់សង្ឃឹម ក្រោយពេលមកនៅទីតាំងថ្មីថា សព្វថ្ងៃនេះរូបលោក និងអ្នកភូមិដទៃទៀតគ្មានមុខរបរអ្វីធ្វើទេ ដោយសារទីតាំងថ្មីជាតំបន់ព្រៃភ្នំ។ លោកបញ្ជាក់ថា ពួកគាត់ធ្លាប់រស់នៅភូមិជាប់សមុទ្រ ហើយប្រកបមុខរបរនេសាទ និងស្រែចម្ការ ជាមុខរបរបន្សល់ទុកតាំងពីជីដូនជីតាមក ហើយមិនដែលព្រួយពីការខ្វះស្បៀងដូចសព្វថ្ងៃនេះទេ។
«សំឡេង»
មេភូមិពាមកាយ ដែលជាភូមិថ្មី លោក ឃឹម រិទ្ធី បានលើកឡើងថា នៅតំបន់ថ្មីនេះក្រៅពីខ្វះមុខរបរ គឺទឹកប្រើប្រាស់ និងសាលារៀន។ ខាងរដ្ឋាភិបាលមិនទាន់រៀបចំឲ្យបានត្រឹមត្រូវនៅឡើយ។ លោកបញ្ជាក់ថា ការផ្លាស់ប្ដូរតំបន់រស់នៅមកនៅតំបន់ព្រៃភ្នំនេះ ជារបត់មួយថ្មីសម្រាប់អ្នកធ្លាប់រស់នៅជាប់មាត់សមុទ្រ ប្រកបមុខរបរនេសាទនោះ។
«សំឡេង»
អភិបាលស្រុកគីរីសាគរ លោក ឃឹម ច័ន្ទឌី មានប្រសាសន៍ថា នៅមានប្រជាពលរដ្ឋមួយចំនួនទៀតមិនបានទទួលសំណងពីក្រុមហ៊ុន ខាងស្រុកនឹងដាក់សំណើទៅថ្នាក់លើ ដើម្បីដោះស្រាយជូនពួកគាត់។ លោកអភិបាលស្រុកបានបន្ថែមថា លោកបានស្នើទៅក្រុមហ៊ុន និងខាងអន្តរក្រសួង ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងទឹកភ្លើងជូនប្រជាពលរដ្ឋរួចហើយ។
«សំឡេង»
ទោះបីជាយ៉ាងនេះក្ដី ប្រធានកម្មវិធីដីធ្លី និងជីវភាពនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ផាន់ ស៊ីថាន បានលើកឡើងថា រដ្ឋាភិបាលហាក់បីដូចជាមិនមានការប្ដេជ្ញាចិត្ត ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានសមរម្យនោះឡើយ។ លោកបញ្ជាក់ថា បញ្ហានេះរដ្ឋាភិបាលត្រូវតែដោះស្រាយឲ្យមានតម្លាភាព។
«សំឡេង»
ប្រជាពលរដ្ឋរស់នៅតំបន់ប៉ះពាល់ដោយការអភិវឌ្ឍនៅស្រុកគីរីសាគរ និងបុទុមសាគរ នេះ ពួកគាត់បានតាំងទីលំនៅមុនសម័យសង្គមរាស្ត្រនិយមក្នុងទសវត្សឆ្នាំ១៩៦០ និងក្រោយទសវត្សឆ្នាំ១៩៨០ ក្រោយពីរបបខ្មែរក្រហមដួលរលំ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានមិនខុសពីប្រជាពលរដ្ឋទូទៅរស់នៅកម្ពុជា ឡើយ។ ដោយឡែក ទីតាំងថ្មីដែលគេរៀបចំឲ្យប្រជាពលរដ្ឋរស់នៅនោះ មានផ្ទៃដីប្រមាណ ៤ពាន់ហិកតារ ស្ថិតនៅខាងក្រៅផ្ទៃដីគម្រោងវិនិយោគរបស់ក្រុមហ៊ុន គឺចូលយ៉ាងជ្រៅក្នុងផ្ទៃដីឧទ្យានជាតិបុទុមសាគរ និងស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
