ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានរកឃើញថា ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ នៅខេត្តចំនួន៣ នៃភាគឧត្តរ បានកើតមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយកងទាហាន និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចខ្លះជាច្រើនឆ្នាំ ហើយនៅតែបន្តរហូតមកដល់ពេលនេះ។
ទំនាស់ដីធ្លីដែលនៅតែអូសបន្លាយនេះ គឺអាជ្ញាធររដ្ឋាភិបាល ហាក់មិនមានឆន្ទៈដោះស្រាយឱ្យពិតប្រាកដ ក៏កំពុងបង្កើតឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋ ដូចជា គ្មានដីធ្វើកសិកម្ម គ្មានដីសង់លំនៅឋាន ព្រមទាំងប្រឈមមុខនឹងតុលាការ ជាដើម។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ឱ្យដឹងថា គេនឹងសើរើករណីជម្លោះដីធ្លីរ៉ាំរ៉ៃ ដែលមិនទាន់ដោះស្រាយទាំងឡាយរវាងប្រជាពលរដ្ឋជាមួយកងទាហាន និងជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនានាឡើងវិញបន្ថែមទៀត នៅខែមិថុនា ខាងមុខ។
ការសើរើ គឺក្នុងគោលបំណងជំរុញឱ្យរដ្ឋាភិបាល ត្រូវតែដោះស្រាយបញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃជាច្រើនករណីឱ្យចប់សព្វគ្រប់ ដើម្បីកាត់បន្ថយភាពក្រីក្រ ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលតែងអះអាងជាញឹកញាប់។
ក្រុមអង្គការសិទ្ធិមនុស្សមួយចំនួន ដូចជា អង្គការលីកាដូ (LICADHO) និងសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលប្រចាំនៅខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងព្រះវិហារ ឱ្យដឹងថា ពេលបច្ចុប្បន្ននៅក្នុងខេត្តទាំង៣នេះ មានប្រជាពលរដ្ឋ ចំនួនជាង ១.០០០គ្រួសារ នៅតែទទួលរងគ្រោះដោយសារតែទំនាស់ដីធ្លីជាមួយកងទាហាន និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចជាច្រើនកន្លែង។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ គឺលោក ស្រី ណារេន។ លោកមានប្រសាសន៍ថា កាលពីដើមសប្ដាហ៍នេះ ប្រជាពលរដ្ឋមួយចំនួននៅស្រុកបន្ទាយអំពិល បានលើកគ្នាទៅកាន់តុលាការ បន្ទាប់ពីមន្ត្រីយុត្តិធម៌ បានកោះហៅប្រជាពលរដ្ឋ ១គ្រួសារ ដែលមានទំនាស់ដីជាមួយទាហានទៅសាកសួរ។ លោក ស្រី ណារេន បញ្ជាក់ថា ចាប់តាំងពីអំឡុងឆ្នាំ២០០៨ រហូតមកដល់ពេលនេះ នៅខេត្តឧត្តរមានជ័យ គឺមានទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយទាហាន និងរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនជាច្រើនករណី ដែលអាជ្ញាធរមិនទាន់ដោះស្រាយ។
លោក ស្រី ណារេន៖ «នៅខាងឃុំគោកមន គាត់ដាក់ប្ដឹងមក ២.២០៥គ្រួសារ ហើយនៅខាងស្រុកត្រពាំងប្រាសាទ ត្រាំប៉ោង ជិត ១០០គ្រួសារដែរ ហើយនៅដីក្រហម ១១គ្រួសារ ដីសនោះ ៦គ្រួសារ អាហ្នឹង គឺជាមួយទាហានដែរ។ នៅភូមិស្រែក្រសាំង នោះ ឃើញដាក់ពាក្យបណ្ដឹងមក ៣២គ្រួសារ ជាមួយក្រុមហ៊ុននិកឆ័រ ហើយនៅកូនគ្រៀល ឈូកមាស នោះជិត ៧៥គ្រួសារ ពាក់ព័ន្ធជាមួយក្រុមហ៊ុនដែរ អាហ្នឹងក៏អត់ទាន់បានដោះស្រាយ»។
ចំណែកអ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា នៅខេត្តសៀមរាប បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយទាហាន និងរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន កំពុងកើតមានជាច្រើនករណី ក្នុងនោះករណីទំនាស់ខ្លះអូសបន្លាយរយៈពេល ១៧ឆ្នាំមកហើយក៏មាន៖ «នៅស្រុកស្វាយលើ ក្រុមខេន បានដោះស្រាយឱ្យប្រជាពលរដ្ឋ ប៉ុន្តែការដោះស្រាយវាគ្រាន់តែជាការបំភ័ន្ត ពីព្រោះប្រជាជនគាត់ចូលទៅបង្កបង្កើនផលមិនបានដដែល។ នៅភូមិអូរផ្អាវ ស្រុកវ៉ារិន ១០០ ជាមួយទាហានយោធភូមិភាគ៤។ នៅភូមិត្រពាំងក្រសាំង ចំនួន ៩៥គ្រួសារ គឺដោះស្រាយបានជិតគ្រប់ចំនួនហើយ ដោយសារតែមានអន្តរាគមន៍ពីអភិបាលខេត្ត និងអភិបាលខេត្តរង ប៊ុន ថាឬទ្ធិ។ ដោយឡែករឿងមួយទៀតជាមួយទាហានយោធភូមិភាគទី៤ដដែល ប្រជាពលរដ្ឋ ៨១គ្រួសារ នៅភ្នំក្រោម នៅមិនទាន់មានការដោះស្រាយសមស្របជាមួយពួកគាត់ទេ»។
កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅ ប្រជាពលរដ្ឋនៅភូមិភ្នំក្រោម ដែលរស់នៅជាប់បឹងទន្លេសាបជាង ៥០នាក់ បានលើកគ្នាទៅសាលាសង្កាត់សៀមរាប ដើម្បីឱ្យជួយដោះស្រាយរឿងទំនាស់ដីធ្លីជាមួយទាហាននៃយោធភូមិភាគទី៤ បន្ទាប់ពីអ្នកភូមិនៅតែព្យាយាមទាមទាររឿងដីធ្លី រយៈពេល ១៧ឆ្នាំមកហើយ។
ស្ត្រីចំណាស់ម្នាក់ក្នុងចំណោមអ្នកតវ៉ានៅតំបន់ភ្នំក្រោម អះអាងថា រូបគាត់ និងអ្នកភូមិ ៨១គ្រួសារ បានរស់នៅលើដីខាងត្បូងភ្នំតាំងតែពីឆ្នាំ១៩៧៩ មក ហើយនៅឆ្នាំ១៩៨៧ គឺអាជ្ញាធរភូមិឃុំបានសុំឱ្យចាកចេញជាបណ្ដោះអាសន្ន ដោយសារតែទាហានវៀតណាម មកធ្វើឃ្លាំងប្រេងសម្រាប់យោធា និងបាញ់បំបែកផ្ទាំងថ្មទីនោះ។ ក៏ប៉ុន្តែ ក្រោយពីទាហានវៀតណាម ដកចេញពីកម្ពុជា គឺអ្នកភូមិបាននាំគ្នាវិលត្រឡប់ទៅរស់នៅវិញ ក៏ប៉ុន្តែដីធ្លីទាំងអស់ត្រូវទាហានយោធភូមិភាគទី៤ កាន់កាប់ទៅហើយ៖ «សូមឱ្យ លោក ហ៊ុន សែន ជួយដោះស្រាយឱ្យខ្ញុំផង! វេទនាយូរឆ្នាំមកហើយតាំងពីសក់ក្បាលមិនទាន់ស្កូវ រហូតដល់សក់ក្បាលស្កូវទៅហើយ មិនចេះបានឱ្យកូនចៅខ្ញុំនៅបានសុខសប្បាយទេ។ ប្រជាជនមួយចំនួននេះ គឺច្បាប់ប្រឆាំងតែរហូត និយាយអត់ទៀងជាមួយប្រជាជនទេ ចាំស្រុកសន្តិភាព ដោះស្រាយ មិនដោះស្រាយឯណា ស្រាប់តែទាហានទៅក្ដាប់»។
នៅឯខេត្តព្រះវិហារ ឯណោះវិញ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយទាហាន និងរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច កំពុងកើតមានជាច្រើនស្រុក ដូចជា នៅស្រុករវៀង ស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកឆែប ជាដើម។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា នៅក្នុងស្រុកចំនួន៤ របស់ខេត្តព្រះវិហារ បើសរុបត្រួសៗ គឺមានជនជាតិដើមភាគតិចកួយ និងប្រជាពលរដ្ឋជាង ៨០០គ្រួសារ កំពុងទទួលរងការប៉ះពាល់ ដោយសារទំនាស់ដីធ្លី៖ «ករណីធំៗមានដូចជា នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ៣៦៧គ្រួសារ ជាមួយក្រុមហ៊ុន ឡាន ហ្វេង ក្រុមហ៊ុន រួយ ហ្វេង។ នៅភូមិសង្កែ២ ឃុំសង្កែ២ ឃុំម្លូព្រៃ ស្រុកឆែប ចំនួន ២៧៦គ្រួសារជាមួយក្រុមហ៊ុន រួយ ហ្វេង ហើយករណីនៅអូរពោធិ៍ ស្រុករវៀង សហគមន៍ទន្លេម្រេច ចំនួន ៣០០គ្រួសារជាងដែរ ទំនាស់ជាមួយក្រុមហ៊ុន ទ្រី ភាព។ ហើយនៅឃុំស្រយ៉ង់ ស្រុកគូលែន ជាមួយក្រុមហ៊ុនសិលាដាមិច ជាមួយក្រុមហ៊ុនបារាំង មួយទៀត គឺនៅតែដដែល»។
ក្រុមអង្គការសិទ្ធិមនុស្ស បានរកឃើញថា ទំនាស់ដីធ្លីទាំងនោះ គឺអាជ្ញាធរមិនមានឆន្ទៈដោះស្រាយឱ្យត្រឹមត្រូវទេ ទើបបណ្ដាលឱ្យអូសបន្លាយរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ។ អង្គការសិទ្ធិមនុស្សសម្ដែងការព្រួយបារម្ភជាខ្លាំង ដោយគេយល់ថា ទំនាស់ដីធ្លីជាច្រើនករណី មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ដីកសិកម្ម និងលំនៅឋានប៉ុណ្ណោះទេ គឺវាថែមទាំងធ្វើឱ្យអ្នកមានអំណាចជាច្រើន ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចោទប្រកាន់ប្រជាពលរដ្ឋឱ្យមានទោសទៀតផង។
អនុប្រធានផ្នែកស៊ើបអង្កេតដីធ្លីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានហៅទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយទាហាន និងក្រុមហ៊ុន ហើយមិនដោះស្រាយនោះថា គឺជាចេតនារបស់អាជ្ញាធរដែលមិនចង់ដោះស្រាយ។ លោក ចាន់ សុវ៉េត ចាត់ទុកថា ការព្រងើយកន្តើយមិនដោះស្រាយជម្លោះដីធ្លីឱ្យប្រជាពលរដ្ឋ គឺបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិរស់រានមានជីវិត និងសិទ្ធិស្ដីពីលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិទទួលបាននូវកម្មសិទ្ធិ។
កាលពីខែមីនា កន្លងទៅ សមាគមអាដហុក បានចាប់ផ្ដើមសើរើទំនាស់ដីធ្លីរ៉ាំរ៉ៃដែលមិនទាន់ដោះស្រាយមកពិនិត្យឡើងវិញម្ដងមកហើយ ដោយនៅទូទាំងប្រទេស អាដហុក រកឃើញចំនួន ១០៥ករណី។ បច្ចុប្បន្ន សមាគមការពារសិទ្ធិមនុស្សអាដហុក កំពុងសើរើករណីទាំងនោះ ដើម្បីជំរុញទៅរដ្ឋាភិបាលឱ្យដោះស្រាយឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។