ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បឹង​តាមោក​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បណ្ដឹង​របស់​អាជ្ញាធរ​ដែល​ប្ដឹង​ពួកគាត់

ដោយ ហ៊ុំ ចំរើន
2024.08.03
ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បឹង​តាមោក​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បណ្ដឹង​របស់​អាជ្ញាធរ​ដែល​ប្ដឹង​ពួកគាត់ ពលរដ្ឋរងគ្រោះដីធ្លី​នៅ​តំបន់​បឹងតាមោក ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយ​ចូលបំភ្លឺ​នៅសាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី២ សីហា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បឹង​តា​មោក ទាមទារ​ឲ្យ​តុលាការ ទម្លាក់​បទ​ចោទប្រកាន់ ដែល​អាជ្ញាធរ​បាន​ប្ដឹង ពួកគាត់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​។ ពលរដ្ឋ​លើកឡើង​ថា ការ​ប្ដឹង​នេះ ជា​រឿង​អយុត្តិធម៌​បំផុត ខណៈ​ដែល​ដីធ្លី​ត្រូវ​បាន​រដ្ឋាភិបាល​ច្បាម​យក​ឱ្យ​ក្រុម​អ្នកមាន​លុយ​មានអំណាច ចំណែក ពួកគាត់ បែរ​រង​ពាក្យបណ្ដឹង​នៅ​តុលាការ​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​ការ​ធ្វើទុក្ខបុកម្នេញ មក​លើ​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នេះ​ថា ជា​អំពើ​អមនុស្សធម៌។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹង​តាមោក​ម្នាក់ទៀត គឺ លោក ស៊ា សំបាត់ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​អាជ្ញាធរ ដែល​ប្ដឹង​រូបលោក និង​ពលរដ្ឋ​នៅ​បឹង​តា​មោក​៩​នាក់ ផ្សេងទៀត​ពី​បទ​«​ប្រើ​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នករាជការ​សាធារណៈ»

លោក ស៊ា សំបាត់ បាន​ប្រាប់​ថា តុលាការ​បាន​សាកសួរ​សំណួរ​ជាច្រើន​ពាក់ព័ន្ធ ជុំវិញ ការ​ចោទប្រកាន់​របស់​អាជ្ញាធរ ដែល​ថា​បាន ប្រើ​អំពើ​ហិង្សា និង​រារាំង​អ្នករាជការ​សាធារណៈ​។ ទោះជា​យ៉ាងណា លោក​ឆ្លើយ​ថា ពុំបាន​ធ្វើ ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ លោក​សូម​ឱ្យ​តុលាការ ទម្លាប់​ពាក្យបណ្ដឹង​ចោល មក​លើ​រូបលោក រួម​នឹង​ពលរដ្ឋ​ផ្សេងទៀត ។

លោក ស៊ា សំបាត់៖ «ខ្ញុំ​គិតថា​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ណាស់​។ ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ខុស​ហើយ មាន​ដីកា​មក ប្ដឹង​ខ្ញុំ​ពី​បទ​ព្រហ្មទណ្ឌ​។ ខ្ញុំ​សូម​ឱ្យ​លោក តុលាការ​ទម្លាក់​បទ​ចោទ»

រីឯ ប្រពន្ធ​លោក លោក ស៊ា សំបាត់ គឺ លោកស្រី ទឹម អ៊ុក ដែល​បាន​មក​ឃ្លាំមើល​ប្ដី ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែរ​នោះ បាន​លើកឡើង​ថា លោកស្រី និង​ពលរដ្ឋ មាន​ជម្លោះ​ដីធ្លី នៅ​បឹងតាមោក គឺ​តែងតែ រង​អំពើ​ហិង្សា​ជា​ញឹកញាប់​។ លោកស្រី​ថា កន្លងទៅ​ពលរដ្ឋ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ូលិស និង​តុលាការ ជាច្រើន​ដង តែ​បែរ តុលាការ ពុំ​មាន​ចំណាត់ការ​នោះ​ទេ​។ លោកស្រី ថា​នេះ រឿង​អយុត្តិធម៌ ព្រោះថា អ្នក​ដែល​ប្រើ​អំពើ​ហិង្សា​ពិតប្រាកដ គឺជា​អាជ្ញាធរ ដែល​បាន​ធ្វើ​មក​លើ​ស្ត្រី និង​កុមារ កាលពី​កន្លង​ទៅ។

លោកស្រី ទឹម អ៊ុក៖ «ពេល​ពួក​ខ្ញុំ​រងគ្រោះ​ពួកគាត់​មើល​មិនឃើញ​។ ខ្ញុំ​ឆ្ងល់ ប៉ូលិស និង​កម្លាំង​អាជ្ញាធរ​កម្លាំង​តែមួយ​មែន ខ្ញុំ​ឆ្ងល់​ថា​ពួកគាត់​កម្លាំង​តែមួយ​មែន​បាន​អ៊ីចឹង​។ គាត់​មិនបាន​ការពារ​ប្រជាជន​ដែល​រងគ្រោះ​ដូច​ពួក​ខ្ញុំ​ទេ»

នៅ​ក្រៅ​របង​សាលាដំបូង​រាជធានី​ភ្នំពេញ មាន ពលរដ្ឋ ៤​នាក់ ដែល​ជា​សាច់ញាតិ​របស់ លោក ស៊ា សំបាត់ មក​ឃ្លាំមើល និង​ចាំ​លើកទឹកចិត្ត លោក​អំឡុង ចូល​បំភ្លឺ​នៅ​តុលាការ​។ មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ ប្រមាណ​៦​នាក់​ហើយ បាន​ចូល​បំភ្លឺ​នៅ​តុលាការ ក្នុងចំណោម​ពលរដ្ឋ​ប្រមាណ​១០​នាក់ ដែល​រង​ពាក្យបណ្ដឹង​«​ប្រើ​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នករាជការ​សាធារណៈ»

ទាក់ទិន​រឿង នេះ​ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បឹង​តា​មោក​នេះ គឺជា​រឿង​ដែល​ស្មុគស្មាញ ហើយ ការដែល​អាជ្ញាធរ ធ្វើទុក្ខបុកម្នេញ មក​លើ​ពួកគាត់ តាមរយៈ​ប្រព័ន្ធ​តុលាការ និង​ការប្រើ​អំពើ ហិង្សា​មួយចំនួន​កន្លងទៅ គឺជា អំពើ​អមនុស្សធម៌ គួរ​ឱ្យ​ព្រួយបារម្ភ។ លោក​ថា តុលាការ​គួរតែ​លើកលែង​ការ​ចោទ និង​ស្វែងរក​ដំណោះស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធី។

លោក រស់ សុដ្ឋា៖ «ខ្ញុំ​ក៏​យល់​ឃើញ​ថា តុលាការ​លោក​គួរតែ​សេចក្ដី​មេត្តា​ទម្លាក់​ចោល​នូវ​ការចោទប្រកាន់​ហ្នឹង​ទៅ ហើយ​យើង​ទាំងអស់គ្នា ជា​ភាគី​ទាំងសងខាង​គួរតែ​សម្រុះសម្រួល​គ្នា​ទៅតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​បាន​យុត្តិធម៌​ពិតប្រាកដ មានតែ​យើង​ជជែក​គ្នា ចរចា​គ្នា មើល​សុខទុក្ខ​គ្នា ជួយ​ដោះស្រាយ​បញ្ហា​គ្នា​ទៅវិញទៅមក​ទេ»

៤​ឆ្នាំ​ចុង​ក្រោយនេះ ពលរដ្ឋ​ប្រមាណ​ជាង​៣០​គ្រួសារ រស់នៅ​តំបន់​បឹង​តា​មោក ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ពួកគាត់ ប្រឹង​ក្រាញននៀល រស់នៅ​ទីនោះ ដោយ​លំបាក រួម​នឹង​ការ ភ័យខ្លាច​គ្រប់​វិនាទី ពី​ការ​បណ្ដេញ​ពី​សំណាក់​អាជ្ញាធរ​។ ការ​ព្រួយបារម្ភ​នេះ ក្រោយពី​ពលរដ្ឋ មិន​ព្រម​ទទួលយក​សំណង​តិចតួច ពី​រដ្ឋាភិបាល ដើម្បី​ជា​ការ​ដោះដូរ ទៅ​នៅ​កន្លែង​ថ្មី។

ចាប់​តាំងពី​ពលរដ្ឋ មិន​ព្រម​ទទួលយក​សំណង អាជ្ញាធរ​បាន​ដាក់​គ្រឿងចក្រ​កាយ​បឹង និង​រុះរើ ផ្ទះសម្បែង ពលរដ្ឋ​ជា​បន្តបន្ទាប់ ហើយ​អាជ្ញាធរ ថែមទាំង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី និង កុមារ បណ្ដាល​ឲ្យ​មាន​ស្ត្រី​ខ្លះ​ដួលសន្លប់ នៅពេល​គាត់​ព្យាយាម​រារាំង​សកម្មភាព​របស់​អាជ្ញាធរ។ ប៉ុន្តែ​ក្រោយមក អាជ្ញាធរ​បែរជា​តាំងខ្លួន​ជា​ជនរងគ្រោះ ហើយ​ប្ដឹង​ពលរដ្ឋ​ទៅវិញ​។​បើ​ទោះ​បែបនេះ​ក្ដី ពលរដ្ឋ​អះអាង​ថា នៅតែ​តស៊ូ​ទាមទារ​សិទ្ធិ​រស់នៅ​លើ​ដី​ធ្លី របស់​ពួកគាត់​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។