តំណាងសហគមន៍ជម្លោះដីធ្លី ៥នាក់ទៀត ចូលបំភ្លឺនៅតុលាការខេត្តកោះកុងករណីវិវាទដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនឯកជន
2020.11.18
តំណាងសហគមន៍ជម្លោះដីធ្លី ចំនួន ៥នាក់ទៀត ចូលបំភ្លឺនៅសាលាដំបូងខេត្តកោះកុង ករណីវិវាទដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនឯកជន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group)។ អ្នកឃ្លាំមើលសិទ្ធិដីធ្លី ជំរុញឲ្យអាជ្ញាធរចុះទៅសិក្សា ពិនិត្យមើលដល់ទីតាំងដី មានជម្លោះជាក់ស្ដែង ជាជាងការប្រើប្រាស់ប្រព័ន្ធតុលាការ។
តំណាងសហគមន៍មានជម្លោះដីធ្លី នៃក្រុម ១៩៧គ្រួសារ ក្នុងឃុំជីខលើ ស្រុកស្រែអំបិល លោកស្រី ដេត ហួរ ឲ្យដឹងថា នៅល្ងាចថ្ងៃទី១៧ វិច្ឆិកា ចៅក្រមបញ្ចប់ការសាកសួរលើតំណាងសហគមន៍ទាំង៥នាក់ហើយ ដោយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែដាក់ពួកគេឱ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ។
លោកស្រី សំណូមពរឲ្យតុលាការកាត់ក្ដី ឈរលើគោលការណ៍យុត្តិធម៌ ដោយទម្លាក់ចោលបទចោទប្រកាន់របស់ម្ចាស់ក្រុមហ៊ុនប្រឆាំងអ្នកភូមិ ព្រោះអ្នកភូមិ មិនបានប្រព្រឹត្តិបទល្មើសបរិហារបង្កាច់កេរ្តិ៍ ឬញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ តាមរយៈការទាមទារដីធ្លីមានទំនាស់រ៉ាំរ៉ៃ ដូចការចោទប្រកាន់ឡើយ។ តំណាងសហគមន៍រូបនេះ ក៏ចង់ឲ្យមន្ត្រីអាជ្ញាធរ ចុះទៅសិក្សាដល់ទីតាំងដីមានជម្លោះ ដើម្បីដោះស្រាយបញ្ចប់ទំនាស់ផងដែរ៖ «សួរចម្លើយ ហើយនឹង (ចោទ) បង្កភាពវឹកវរដល់សង្គមទៀត។ អ៊ីចឹង ពួកយើងតំណាងទាំងអស់គ្នាអត់ទទួលយកបានទេ ហើយពួកខ្ញុំសង្ឃឹមថា តុលាការចុះទៅស្រាវជ្រាវ និងដោះស្រាយត្រឹមត្រូវ ដោយឯករាជ្យ ព្រោះក្នុងច្បាប់ប្រទេសកម្ពុជាយើង ចែងច្បាប់ថា តុលាការ គឺឯករាជ្យ។ អ៊ីចឹង ពួកខ្ញុំសង្ឃឹមថា តុលាការនឹងឯករាជ្យ»។
នៅក្នុងដំណើរការសាកសួរនេះ មានប្រជាពលរដ្ឋប្រហែល ២០០នាក់ បានប្រមូលផ្ដុំគ្នា នៅខាងមុខតុលាការខេត្តកោះកុង ដើម្បីគាំទ្រតំណាងរបស់ពួកគេ។ អ្នកភូមិចាត់ទុកចំណាត់ការរបស់តុលាការនេះថា គឺជារឿងអយុត្តិធម៌ និងជាការបំបាក់ស្មារតីរបស់អ្នកភូមិមិនឲ្យតវ៉ាទាមទាររឿងដីធ្លីបន្តទៀត។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង លោក ឡោ ក្រឹម បានចេញដីកា កាលពីចុងខែតុលាការកោះហៅតំណាងសហគមន៍មានជម្លោះដីធ្លី ១៩៧គ្រួសារ ចំនួន ១០នាក់ ឱ្យមកឆ្លើយបំភ្លឺ នៅថ្ងៃទី១២ វិច្ឆិកា ចំនួន ៥នាក់ និងថ្ងៃទី១៧ វិច្ឆិកា ចំនួន ៥នាក់ទៀត ពីបទបរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសអំពើបង្កឱ្យវឹកវរដល់សន្តិសុខសង្គម ផ្អែកតាមមាត្រា ៣១១ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ តាមបណ្ដឹងរបស់លោក ហេង ហ៊ុយ ម្ចាស់ក្រុមហ៊ុនឯកជន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group)។
ដើមហេតុនៃវិវាទនេះ បណ្ដាលមកពីរដ្ឋាភិបាល បានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ទៅឱ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង ៤.០០០ហិកតារ ដើម្បីវិនិយោគដំណាំអំពៅ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ ពលរដ្ឋចោទ ក្រុមហ៊ុន ហេង ហ៊ុយ ថា បានយកគ្រឿងចក្រទៅឈូសឆាយដីលំនៅឋានប្រជាពលរដ្ឋ និងគំរាមចាប់ខ្លួនប្រជាពលរដ្ឋណា ដែលហ៊ានតវ៉ា ចំពោះការឈូសឆាយវាទយកដីរបស់ក្រុមហ៊ុន។
ពលរដ្ឋក្នុងសហគមន៍អះអាងថា ពួកគេបានចូលកាន់កាប់ និងអាស្រ័យផល លើដីមានទំនាស់ ចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយមានប័ណ្ណកាន់កាប់ដីធ្លី ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ បន្ទាប់ពីការឈូសឆាយលើដីមានជម្លោះ និងរងការគំរាមកំហែងរួច ក្រុមពលរដ្ឋនាំគ្នាចេញតវ៉ា ជាបន្តបន្ទាប់បន្ទាប់ ចាប់ពីថ្នាក់ភូមិ ឃុំ រហូតដល់ការតវ៉ា នៅតាមស្ថាប័នថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។
ពលរដ្ឋអះអាងថា ជម្លោះដីធ្លីនេះ បានបណ្ដាលឱ្យពួកគេធ្លាក់ខ្លួនក្រីក្រតជំនាន់ បាត់បង់មុខរបរធ្វើស្រែចម្ការលើដីខ្លួន ជំពាក់បំណុលធនាគារ អ្នកខ្លះរត់ទៅធ្វើពលករនៅប្រទេសថៃ ហើយក្មេងៗ ក្នុងសហគមន៍ភាគច្រើនបោះបង់ការសិក្សា ហើយចេញតវ៉ាទាមទារដីជាមួយឪពុកម្ដាយ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីលោក ហេង ហ៊ុយ បានទេ នៅថ្ងៃទី១៧ វិច្ឆិកា។
អ្នកសម្របសម្រួលអង្គការលីកាដូ ខេត្តកោះកុង លោក ហ៊ួរ អ៊ីន ខកចិត្តចំពោះមន្ត្រីតុលាការខេត្តកោះកុង ដែលកោះហៅពលរដ្ឋមកចោទសួរពីបទចោទដ៏ធ្ងន់ធ្ងរ តាមបណ្ដឹងរបស់ភាគីក្រុមហ៊ុន។ អ្នកតាមដានជម្លោះដីធ្លីនេះ ជំរុញឲ្យដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ និងគួរតែតម្រូវឲ្យអាជ្ញាធរចុះទៅពិនិត្យ និងសិក្សាពីប្រវត្តិដី ដល់ទីតាំងមានទំនាស់ ទើបជាការប្រសើរ៖ «ក្រសួងដែនដី ក៏ដូចជា ខាងអាជ្ញាធរខេត្តហ្នឹង គួរតែមានការស៊ើបអង្កេតឲ្យច្បាស់ទៅ។ តើជម្លោះដីធ្លីហ្នឹង វាកើតឡើងដោយរបៀបណា? តើប្រជាពលរដ្ឋបាត់បង់ដីហ្នឹង មែនឬក៏អត់? ឬប្រជាពលរដ្ឋ ចេះតែតវ៉ាទេ? គួរតែធ្វើការឲ្យមានការស៊ើបអង្កេតច្បាស់លាស់ជាមុនសិន ហើយចំពោះការប្រើប្រព័ន្ធតុលាការទៅលើតំណាងប្រជាពលរដ្ឋ វាមិនមែនជាដំណោះស្រាយទេ។ វាកាន់តែធ្វើឲ្យប្រជាពលរដ្ឋមានការឈឺចាប់ ហើយនឹងធ្វើការតវ៉ាទៅមុខទៀត។ បើក្នុងលក្ខណៈធ្ងន់ធ្ងរ បើតំណាងរបស់គាត់ត្រូវបានឃុំខ្លួន ឬយ៉ាងណាហ្នឹង យើងឃើញថាស្ថានភាពហ្នឹង វាកាន់តែអាក្រក់ហើយ។ វាប៉ះពាល់ហើយដល់មុខមាត់អាជ្ញាធរដែនដី ដែលមិនអាចដោះស្រាយបាន ដែលធ្វើឲ្យប្រជាពលរដ្ឋជាប់គុក ដោយសារតែការតវ៉ារឿងជម្លោះដីធ្លី»។
ពលរដ្ឋមានទំនាស់ដីធ្លីក្នុងសហគមន៍ទទូចថា ដើម្បីដោះស្រាយវិវាទនេះ អាជ្ញាធរគួរកាត់ឆ្វៀលដី មានទំនាស់ ទំហំ ៤២១ហិកតារ ស្ថិតនៅក្នុងឃុំជីខលើស្រុកស្រែអំបិល ចេញពីគម្រោងអភិវឌ្ឍន៍របស់ ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាលឈ័រ (Heng Huy Agriculture Group)។
តែអាជ្ញាធរខេត្តកោះកុង បានចេញលិខិតបដិសេធ សំណើនេះ កាលពីថ្ងៃទី១ កក្កដា និងជំរុញឲ្យដោះស្រាយវិវាទតាមផ្លូវតុលាការ ព្រោះអាជ្ញាធរមិនមានសមត្ថកិច្ចលើករណីនេះទេ។ ពលរដ្ឋ ព្រមានថា ពួកគេមានគម្រោងទៅដេកតវ៉ា នៅមុខសាលាខេត្តទៀត ប្រសិនបើនៅតែគ្មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។