តំណាងពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកោះកុង ប្រាប់ថា មន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងខេត្ត និងមន្ត្រីនៃក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ កំពុងប្រជុំពិភាក្សាគ្នានៅឡើយ ដោយប្រាប់ឱ្យពលរដ្ឋរង់ចាំលទ្ធផលនៃកិច្ចប្រជុំនេះសិន មុនប្រាប់ពីដំណោះស្រាយថា គួរបញ្ចប់ដីធ្លីនោះដោយរបៀបណា។ អ្នកមានជម្លោះដីធ្លីទាំងនោះជឿថា មន្ត្រីពាក់ព័ន្ធ នឹងខិតខំរកដំណោះស្រាយឱ្យពួកគាត់ ដោយលែងភូតកុហកគាត់ទៀតហើយ។
ក្រុមពលរដ្ឋមានជម្លោះដីធ្លី នៅក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ នៃខេត្តកោះកុង ឱ្យដឹងថា ពេញមួយថ្ងៃចន្ទ ទី២១ ឧសភា មន្ត្រីនៃក្រសួងដែនដី ដែលបានចុះមកដល់ខេត្តកោះកុង បានប្រជុំគ្នារហូត ដើម្បីសិក្សាស្វែងរកដំណោះស្រាយឱ្យពលរដ្ឋរងគ្រោះដីធ្លីពិតប្រាកដ។
ឲតំណាងសហគមន៍ម្នាក់ គឺអ្នកស្រី ភាព សុគន្ធ ប្រាប់ថា មន្ត្រីក្រសួងដែនដីកំពុងប្រជុំ និងសិក្សាបញ្ជីឈ្មោះពលរដ្ឋរងគ្រោះដីធ្លី ហើយនៅពេលដែលសិក្សារួចរាល់ខាងមន្ត្រីប្រាប់ថា នឹងកោះហៅអ្នកភូមិទៅដោះស្រាយបញ្ចប់វិវាទដីធ្លី ជាមួយក្រុមហ៊ុនស្ករអំពៅ របស់ឧកញ៉ា លី យ៉ុងផាត់៖ «កំពុងទាមទារហ្នឹង មានក្រុម១៧០ ហើយនឹងក្រុមខ្ញុំ ៣០២គ្រួសារ បូកបញ្ចូល១៥គ្រួសារទៀត វាឡើង៣១៧គ្រួសារ»។
កាលពីថ្ងៃទី១៨ ឧសភា ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា ក្រសួងនឹងចាត់ក្រុមការងារចុះទៅសហការជាមួយអាជ្ញាធរខេត្តកោះកុង ដើម្បីពិនិត្យមើលអត្ដសញ្ញាណអ្នកកាន់កាប់ និងដីពាក់ព័ន្ធនឹងវិវាទរបស់ពលរដ្ឋ ២ក្រុម គឺក្រុមពលរដ្ឋ៣១៦គ្រួសារ នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ និងពលរដ្ឋក្រុម១៧០គ្រួសារនៅស្រុកស្រែអំបិល ដែលមានវិវាទជាមួយក្រុមហ៊ុន កោះកុង ស៊ូហ្គ៊រ ភ្លេនថេសិន (Koh Kong Sugar Plantation Co.ltd) និង ក្រុមហ៊ុន កោះកុង ស៊ូហ្គ័រ អ៊ីនដាស់ស្ទ្រៀរ ( Koh Kong Sugar Industry Co.ltd)។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនេះ ធ្វើឡើងក្រោយពេលពលរដ្ឋ នាំគ្នាទៅតវ៉ាជារឿយៗនៅរាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយដីធ្លី ដែលអូសបន្លាយរ៉ាំរ៉ៃរាប់ឆ្នាំមកនេះ។
កាលពីព្រឹកថ្ងៃទី១៨ ឧសភា ប្រជាពលរដ្ឋប្រមាណ១០០នាក់ តំណាងឱ្យពលរដ្ឋជាង ៣០០គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង ដែលបានស្នាក់នៅវត្តសាមគ្គីរង្សី ក្នុងខណ្ឌមានជ័យ បាននាំគ្នាចេញពីវត្តទៅដាក់ញត្តិជាថ្មីនៅក្រសួងដែនដី និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងការដើរដាក់ញត្តិនេះ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យរាប់សិបនាក់ បានស្រាក់ដៃគ្នារារាំងពលរដ្ឋ និងបានរុញច្រានគ្នារហូតប៉ះទង្គិចគ្នាមួយប្រ៉ាវ បណ្ដាលឱ្យទារកអាយុ ៣ ខែធ្លាក់ពីលើដៃម្ដាយសន្លប់ ចំណែកស្ត្រី ៣នាក់ និងបុរសម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍នោះ។
បន្ទាប់ពីការប៉ះទង្គិចគ្នានោះ អាជ្ញាធរបានយល់ព្រមបើកផ្លូវឱ្យប្រជាពលរដ្ឋដើរដង្ហែក្បួនទៅក្រសួង ដែនដី តែមិនអនុញ្ញាតឱ្យទៅខុទ្ទកាល័យលោក ហ៊ុន សែន នៅក្រោមដើមពោធិ៍ មុខវត្តបទុមវតីទេ។
ពលរដ្ឋអះអាងថា ដីដែលមានជម្លោះសព្វថ្ងៃ ជាកម្មសិទ្ធិរបស់ពលរដ្ឋ២ក្រុម គឺក្រុម ៣១៧ និងក្រុម១៧០ គ្រួសារ ស្ថិតនៅ៩ភូមិ ក្នុងឃុំ៤ គឺឃុំកណ្ដោល ឃុំជីខលើ ជីខក្រោម និងឃុំដងពែង នៃស្រុកស្រែអំបិល និងស្រុកគិរីសាគរ។
អាស៊ីសេរីមិនអាចរកប្រភពរបស់ក្រុមការងារនៃក្រសួងដែនដី ដែលចុះទៅសិក្សាដីជម្លោះនៅឡើយទេ ខណៈដែលអាជ្ញាធរនៅខេត្តកោះកុង តែងបដិសេធឆ្លើយសំណួររបស់អាស៊ីសេរី។ តែយ៉ាងណា តំណាងពលរដ្ឋ ប្រាប់ថា នៅថ្ងៃទី២២ ឧសភា មន្ត្រីនៃក្រសួងដែនដី ប្រាប់ឱ្យពលរដ្ឋទូរស័ព្ទ ទៅសួរនាំ លទ្ធផលនៃកិច្ចប្រជុំ នៅម៉ោង៩ព្រឹក។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តកោះកុង លោក ព្រហ្ម មុនី កោតសរសើររដ្ឋមន្ត្រីក្រសួងដែនដី ដែលបានបញ្ចូនក្រុមការងារចុះមកសិក្សា តែយ៉ាងណាសង្គមស៊ីវិលចង់ឃើញក្រុមការងារនេះ សិក្សាឱ្យបានឆាប់រហ័ស ហើយរកដំណោះស្រាយឱ្យបានលឿនបំផុត ជូនពលរដ្ឋ ព្រោះជម្លោះដីធ្លីនេះ អូសបន្លាយរាប់ឆ្នាំហើយ បានធ្វើឱ្យពលរដ្ឋរងគ្រោះច្រើនឆ្នាំមកហើយ៖ «ខ្ញុំសុំកោតសរសើរ ហើយយើងតាមដានតទៅទៀត ប៉ុន្តែសូមឱ្យដោះស្រាយឱ្យបានលឿន ហើយកុំសន្យាខ្យល់ កុំឱ្យគ្រាន់តែសន្យា»។
ពលរដ្ឋដែលមានជម្លោះ បង្ហាញការមានជំនឿថា ពួកគាត់នឹងទទួលបានដំណោះស្រាយដីធ្លីរបស់ពួកគាត់មកវិញ នៅមុនពេលបោះឆ្នោតអាណត្តិទី៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។