សហគមន៍ដីធ្លីបោះតង់ទាមទារឱ្យតុលាការខេត្តកោះកុងដោះលែងតំណាងសហគមន៍ទាំង៩នាក់
2023.08.17
ក្រុមសហគមន៍មានទំនាស់ដីធ្លី បោះតង់នៅខាងមុខសាលាដំបូងខេត្តកោះកុងដើម្បីទាមទារឱ្យតុលាការ ទម្លាក់បទចោទប្រកាន់លើតំណាងសហគមន៍ទាំង៩នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តនោះ។ មន្ត្រីអង្គការសង្គមស៊ីវិលថា បើតុលាការ មិនព្រមស្វែងរកដំណោះស្រាយនោះទេ បញ្ហាដីធ្លីរ៉ាំរ៉ៃនេះ នឹងកាន់តែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេដ្ឋកិច្ចរបស់ពលរដ្ឋ។
ក្រុមប្រជាសហគមន៍ប្រមាណ ១០០ នាក់ កាលពីយប់ថ្ងៃទី១៥ សីហា មិនត្រឡប់ទៅផ្ទះវិញ និងបានបោះតង់ដេកនៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់លើតំណាងពួកគាត់១០នាក់ ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ នៅថ្ងៃទី១៥ សីហា និងទាមទារឱ្យទម្លាក់បទចោទ និងដោះលែងតំណាងចំនួន៩ នាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកោះកុង។
ពលរដ្ឋទាំងនោះរៃអង្គាសលុយគ្នាទិញតង់កៅស៊ូចងដេកតវ៉ា និងចំអិនម្ហូបអាហារបរិភោគជុំគ្នា នៅខាងមុខតុលាការខេត្ត។
លោកស្រី ប៉ាង នីន កូនស្រីរបស់លោកស្រី ដេត ហួ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ សីហា ថា លោកស្រីមិនអាចទទួលយកបទចោទប្រកាន់នេះបានទេ ព្រោះម្ដាយលោកស្រី និងតំណាងសហគមន៍ដទៃទៀតសុទ្ធតែជាជនរងគ្រោះពីការរំលោភបំពានដីធ្លី។ លោកស្រី ប៉ាង នីន បន្តថា ក្រោយពីអាជ្ញាធរចាប់ឃុំខ្លួនម្តាយ ដែលជាបង្គោលគ្រួសារមក គ្រួសារលោកស្រីកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច ព្រោះឪពុកលោកស្រីមានជំងឺប្រចាំកាយ មិនអាចធ្វើការធ្ងន់រកចំណូលបានទេ។
លោក ប៉ាង នីន៖ «ខ្ញុំសូមសំណូមពរដល់ តុលាការខេត្តកោះកុង ព្រមទាំងជំទាវអភិបាលខេត្តកោះកុង មិថុនា ភូថង មេត្តាជួយអន្តរាគមន៍ និងដោះលែងពួកគាត់ទាំង៩រូបឲ្យមានសិទ្ធិសេរីភាពជួបជុំក្រុមគ្រួសារវិញ»។
ស្រដៀងគ្នានេះ តំណាងសហគមន៍ដីធ្លី១៩៧ លោកស្រី កើត នៅ ប្រាប់អាស៊ីសេរីថា ការចោទប្រកាន់តំណាងសហគមន៍រងគ្រោះបាត់បង់ដីធ្លីទាំង៩នាក់ ពីបទបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបរិហារបង្កាច់កេរ្តិ៍នេះ ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។
លោកស្រីស្នើដល់តុលាការខេត្តកោះកុង ដោះលែងតំណាងពលរដ្ឋទាំង៩នាក់នោះ និងស្នើដល់រដ្ឋាភិបាលដោះស្រាយវិវាទដីធ្លីពលរដ្ឋ ១៩៧គ្រួសារ។
លោកស្រី កើត នៅ៖ «ពួកខ្ញុំ និងតំណាងទាំង៩រូបហើយក៏ជាជនរងគ្រោះដីធ្លីពិតប្រាកដ ពួកខ្ញុំអត់អាចទទួលយកបានទេ ព្រោះអីតុលាការគាត់ចោទប្រកាន់នេះរឿងអត់ពិត ចង់និយាយថា រឿងអត់ពិត ព្រោះពួកខ្ញុំបាត់បង់ដីពិតប្រាកដ ម៉េចបានគាត់ត្រូវចោទប្រកាន់ពួកខ្ញុំ។ អ៊ីចឹងខ្ញុំអត់អាចទទួលយកបានទេ ព្រោះយើងបាត់បង់ដីពិតប្រាកដយើងឈឺចាប់ណាស់ ដោយសារតែយើងមិនមានកំហុសអី គ្រាន់តែយើងទាមទារដីធ្លីយើងដើម្បីយកមក អាស្រ័យផល ហើយនិងចិញ្ចឹមកូន ចិញ្ចឹមចៅ អីចឹងអយុត្តិធម៌ចំពោះពួកយើងជាជនរងគ្រោះដីធ្លី ហើយយើងជាអ្នកបាត់បង់ដីធ្លីត្រូវបានតុលាការចោទប្រកាន់អ៊ីចឹងហា»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក ស៊ូ សុវណ្ណារ៉ា និងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ដើម្បីឆ្លើយតបចំពោះការស្នើសុំនេះបានទេនៅថ្ងៃទី១៦ សីហា។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត មានប្រសាសន៍ថា តាមការសង្កេតរបស់លោកនៅរយៈពេលចុងក្រោយនេះ ប្រព័ន្ធតុលាការហាក់បីដូចជា យន្តការដ៏មានប្រសិទ្ធភាពមួយ ដែលត្រូវបានគេប្រើប្រាស់ សម្រាប់បំបាក់ស្មារតីពលរដ្ឋ ឬសកម្មជន ដែលហ៊ានតវ៉ាទាមទារឲ្យមានដំណោះស្រាយបញ្ហាដូចជា ដីធ្លី និងបរិស្ថានជាដើម ។ លោកបារម្ភថា បញ្ហានេះ នឹងកាន់តែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេដ្ឋកិច្ច ជាពិសេសវិនាសកម្មធនធានធម្មជាតិ និងបញ្ហាដីធ្លីពលរដ្ឋ។
លោក វណ្ណ សុផាត៖ «ទាំងប្រជាពលរដ្ឋសហគមន៍ ដែលខ្ញុំទើបតែបានជួបគាត់កាលពីពេលថ្មីៗនេះ ហើយជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិច ក៏ដូចជាអង្គការសង្គមស៊ីវិលដែរ យើងមានអនុសាសន៍ជាហូរហែមកហើយ ទាំងរាជរដ្ឋាភិបាលចាស់ និងរាជរដ្ឋាភិបាលថ្មីក៏ប៉ុន្តែយើងមានក្ដីសង្ឃឹមថា ចំពោះអ្នកគ្រប់គ្រងរដ្ឋបន្តវេននេះ ដែលសុទ្ធតែមានចំណេះដឹងជាថ្នាក់បណ្ឌិតណា ថ្នាក់បណ្ឌិតមកពីប្រទេសមានលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនឹងយកចំណេះដឹងហ្នឹង ដើម្បីធ្វើការកំណែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋហ្នឹង គឺថាឲ្យមានភាពឯករាជ្យ ឲ្យដាច់ពីគ្នារវាងនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការ ហើយសូមឲ្យជាពិសេសគឺកំណែទម្រង់ប្រព័ន្ធតុលាការហ្នឹង សុំឲ្យពិនិត្យមើលទៅលើភាពស្របច្បាប់របស់ប្រជាពលរដ្ឋ និងស្វែងរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋ អាហ្នឹងឃើញថា វានឹងអាចមានភាពល្អប្រសើរឡើង»។
កាលពីថ្ងៃទី១៥ ខែសីហា សាលាដំបូងខេត្តកោះកុង ប្រកាសសាលក្រមលើសំណុំរឿងរបស់តំណាងសហគមន៍ដីធ្លី១៩៧ ដោយសម្រេចឱ្យតំណាងសហគមន៍ចំនួន ១០នាក់ ជាប់ពន្ធនាគារ ១ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហារបង្កាច់កេរ្តិ៍ និងសម្រេចឱ្យតំណាងពលរដ្ឋសងសំណង៤០លានរៀល ឬស្មើប្រមាណ១ម៉ឺន (១០.០០០) ដុល្លារអាមេរិក ទៅកាន់មន្ត្រីនគរបាលផ្កាយ២នៅខេត្តកោះកុង លោក ហេង ហ៊ុយ ដែលពលរដ្ឋ អះអាងថា ជាអ្នកយកដីពួកគាត់។
ការចោទប្រកាន់នេះ ត្រូវបានពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកថាជាការធ្វើទុក្ខបុកម្នេញដល់សហគមន៍រងគ្រោះដោយសារការរំលោភបំពានដីធ្លី និងទាមទារឲ្យតុលាការខេត្តកោះកុង ទម្លាក់បទចោទ និងដោះលែងអ្នកទាំង ៩រូបឲ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។