ពលរដ្ឋ​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​​ឧកញ៉ា លី យ៉ុងផាត់ ចេញ​តវ៉ា​បិទ​ផ្លូវ​មុខ​ក្រុមហ៊ុន

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កោះកុង អេស.អ៊ី.ហ្សិត (Koh Kong SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ចេញ​តវ៉ា​បិទ​ផ្លូវ​នៅមុខ​ក្រុមហ៊ុន​ពីរ​ថ្ងៃ​ហើយ​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស យល់ថា ទំនាស់​ដីធ្លី​នេះ អាច​នឹង​ដោះស្រាយ​ចេញ​ភ្លាមៗ ប្រសិនបើ​ក្រុមហ៊ុន និង​អាជ្ញា​ធរមាន​ឆន្ទៈ ព្រោះ​កន្លងមក​ក្រុមហ៊ុន​បាន​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​អស់​មួយ​ចំនួន​ធំ​រួចហើយ។

ជម្លោះដីធ្លី​ដែល​នៅ​សេសសល់​រវាង​ពលរដ្ឋ​នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន SEZ Koh Kong ដែល​មាន​លោក លី យ៉ុងផាត់ ជា​ប្រធាន​នោះ បាន​អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី អះអាង​ថា ពុំ​ឃើញ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​របប​លោក ហ៊ុន សែន និង​ភាគី​ក្រុមហ៊ុន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ចប់​ជម្លោះ​នោះ​ទេ ពោល​គឺ​ក្រុមហ៊ុន មាន​តែ​ការ​គំរាមកំហែង ប្ដឹង​ពលរដ្ឋ​ចាប់​ដាក់គុក និង​បន្ត​ឈូស​ឆាយ​រំលោភ​យក​ដី​ពលរដ្ឋ​ទាំង​បំពាន។

តំណាង​ពលរដ្ឋ​លោក រួត សុផល រៀបរាប់​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០​នាក់ បាន​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​នៅមុខ​ក្រុមហ៊ុន​រយៈពេល​ពីរ​ថ្ងៃ តាំងពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ដោយ​ប្រឈម​ជាមួយ​ក្រុមហ៊ុន គំរាម​បើកឡាន​បុក និង​បើក​ត្រាក់ទ័រ ឈូស​កៀរ​គោយន្ត​របស់​ពលរដ្ឋ​ដែល​បិទ​ផ្លូវ​នៅមុខ​ក្រុមហ៊ុន។ ទោះ​យ៉ាង​ណា​ក្តី នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ បាន​ចុះ​មក​សម្របសម្រួល ជាមួយ​ពលរដ្ឋ ដោយ​ឲ្យ​ឈប់​តវ៉ា ហើយ​សន្យា​ថា នឹង​បញ្ជូន​សំណើ​ទាមទារ​របស់​ពលរដ្ឋ​ទៅ​លោក​ឧកញ៉ា លី យ៉ុងផាត់ ដើម្បី​ជួយ​ពិនិត្យ​ដោះស្រាយ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ទៀត។ «»

តំណាង​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​សរុប​ចំនួន​៣០​គ្រួសារ ក្នុង​នោះ​មាន​២២​គ្រួសារ​ទាមទារ​សំណង​ចំនួន​១០​ម៉ឺន​បាត ឬ​ស្មើនឹង​ជាង​៣​ពាន់​ដុល្លារ។ ចំណែក​៨​គ្រួសារ​ទៀត​ទាមទារ​លើស​ពី​នេះ ឬ​សុំ​ឲ្យ​ក្រុមហ៊ុន កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់ កាន់កាប់​អាស្រ័យ​ផល​វិញ។ ពលរដ្ឋ​ទាំងនោះ ក៏​ទាមទារ​ឲ្យ​ដោះលែង​តំណាង​ពលរដ្ឋ​ម្នាក់ ឈ្មោះ ហេង សុខ អាយុ ៤៨ឆ្នាំ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ប្ដឹង​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខណៈ​គាត់​កំពុង​បោះ​ព្រំ​ដី​ម្នាក់ឯង ដើម្បី​សម្គាល់​កុំ​ឲ្យ​ក្រុមហ៊ុន បំពាន​ដី​របស់​អ្នកភូមិ​តទៅទៀត។ «»

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​តំណាង​ក្រុមហ៊ុន SEZ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ លោក សិន សត្ថា នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា បាន​ទេ។ ចំណែក​អភិបាលរង​ខេត្ត​កោះកុង ទទួលបន្ទុក​ដោះស្រាយ​ដីធ្លី លោក អន ភារៈ ប្រាប់​ថា លោក​មិន​បាន​ដឹង​ករណី​នេះ​ទេ ព្រោះ​លោក មិន​បាន​ចុះទៅ​ដោះស្រាយ​ដោយ​ផ្ទាល់ ហើយ​លោក​បង្វែរ​ឲ្យ​ទៅ​សួរ​អភិបាលរង​ម្នាក់ទៀត​ឈ្មោះ សុខ សុទ្ធិ ប៉ុន្តែ​អាស៊ី មិន​ទាន់​អាច​ទាក់ទង​បាន​នៅឡើយ។

ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធិ​សភា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​បរិស្ថាន កាលពី​ខែ​ឧសភា ឆ្នាំ​២០១០ ទទួល​យក​ដី​ជួល​រយៈពេល ៩៩​ឆ្នាំ លើ​ទំហំ​ផ្ទៃដី ៩.៩៧៧ ហិកតារ ដើម្បី «​ដាំ​ដំណាំ​កសិ​-​ឧស្សាហកម្ម​» ដែល​ផ្នែក​ខ្លះ​បាន​ជាន់​លើ​ដី​របស់​អ្នកភូមិ។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហួរ អ៊ីន មាន​ប្រសាសន៍​ថា ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ​ជាង ១៣០​គ្រួសារ ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ឃុំ​ព្រែកខ្សាច់ ដែល​ធ្លាប់​ប្ដឹងផ្ដល់​គ្នា​ដល់​តុលាការ និង​ចាប់​តំណាង​ពលរដ្ឋ​ដាក់​ពន្ធនាគារ​នោះ ត្រូវ​បាន​ដោះស្រាយ​ជា​សំណង​ទឹកប្រាក់​ជិត​បញ្ចប់​ទាំងស្រុង​ហើយ នៅសល់​តិចតួច​គ្រួសារ​ទៀត​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​មិន​ព្រម​ដោះស្រាយ​បញ្ចប់។ លោក​យល់ថា ក្រុមហ៊ុន និង​អាជ្ញាធរ គួរតែ​ហៅ​ពលរដ្ឋ ដែល​នៅ​សេសសល់​ទាំងអស់ មក​សម្របសម្រួល​ដោះស្រាយ​បញ្ចប់ ហើយ​ប្រសិនបើ​ក្រុមហ៊ុន នៅតែ​ប្រើ​វិធីសាស្ត្រ​ដោះស្រាយ​ឲ្យ​តែ​តំណាង​ពលរដ្ឋ ឬ​ដោះស្រាយ​ចោះៗ គឺ​មិន​អាច​បញ្ចប់​ការ​តវ៉ា​បាន​ឡើយ ព្រោះ​អ្នក​តវ៉ា​ទាំងអស់​សុទ្ធតែ​ជា​អ្នក​បាត់បង់​ដីធ្លី​ដូចគ្នា ម្ល៉ោះ​ហើយ ទើប​ពួកគាត់​ខំ​តស៊ូ ដើរ​តវ៉ា​សុំ​ដំណោះស្រាយ​រហូត​មក។ «»

ប្រជាពលរដ្ឋ លើកឡើង​ថា ពួកគាត់​បាន​កាន់កាប់​ដី​នោះ តាំងពី​ឆ្នាំ​១៩៩០​ជាង​មក ដូច្នេះ​ក្រុមហ៊ុន ទើបតែ​ចូល​ទៅ​ក្រោយ​ពួកគាត់ ហើយ​រំលោភ​យក​ដីធ្លី​ពួកគាត់​ទាំង​បំពាន​ច្បាប់ ដោយ​គ្មាន​ការ​ដោះស្រាយ​សមរម្យ​ឡើយ។ ប្រជាពលរដ្ឋ អះអាង​ដែរ​ថា ប្រសិនបើ​ក្រុមហ៊ុន​មិន​បញ្ឈប់​សកម្មភាព ឈូស​ឆាយ និង​មិន​ព្រម​ដោះស្រាយ​ជាមួយ​ពួកគាត់​ទេ​នោះ ពួកគាត់​នឹង​ប្រមូលផ្ដុំ​គ្នា​តវ៉ា​បន្ត​ទៀត រហូត​ដល់​ទាល់តែ​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។