តំណាង​សហគមន៍​ឡពាង​នៅ​កំពង់ឆ្នាំង ៩​នាក់ ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ជា​លើក​ទី​២

0:00 / 0:00

ប្រជា​សហគមន៍​ឡពាង​ប្រមាណ ៤០​នាក់ ភាគច្រើន​ជា​ស្ត្រី​ឈរ​ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី១៨ កក្កដា ករណី​តំណាង​ពួកគាត់ ៩​នាក់ ត្រូវ​ចូល​ខ្លួន​បំភ្លឺ​ជា​លើក​ទី​២ ក្នុង​សំណុំរឿង​រដ្ឋប្បវេណី ប្ដឹង​សុំ​មោឃភាព​កិច្ចព្រមព្រៀង​ជាមួយ អ្នកស្រី ជា ខេង ប្រធាន​ក្រុមហ៊ុន ខេ.ឌីស៊ី (KDC) កាលពី​ឆ្នាំ​២០១៤​។ សង្គម​ស៊ីវិល សង្ឃឹមថា តុលាការ​នឹង​កាត់សេចក្ដី​ក្នុង​សំណុំរឿង​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ដោយ​ឈរ​លើ​គោលការណ៍ សច្ចធម៌ និង​យុត្តិធម៌។

ក្រោយពី​ចៅក្រម​បញ្ចប់​ការ​សាកសួរ តំណាង​ពលរដ្ឋ លោកស្រី អ៊ុំ សុភី ប្រាប់​អាស៊ីសេរី​ថា ពួកគាត់​ទាំងអស់​គ្នា ស្នើសុំ​តុលាការ​លុបចោល​កិច្ចព្រមព្រៀង​ដែល​ភាគី​ក្រុមហ៊ុន​បាន​ឱ្យ​ប្រជាពលរដ្ឋ​ផ្ដិត​ស្នាម​មេដៃ​កាលពី​ឆ្នាំ​២០១៤ ដោយសារ​កិច្ចព្រមព្រៀង​នោះ​មានការ​ក្លែងបន្លំ ហើយ​ថា​ពួកគាត់​មិនបាន​ទទួល​សំណង​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង ដែល​ពួកគាត់​ថា​ក្លែងបន្លំ​នោះ​ឡើយ​។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​ចៅក្រម​លោក សំ ប៊ុនពៅ បដិសេធ ក្រោម​ហេតុផល​ថា តុលាការ​នៅ​មិនទាន់​ទទួល​បាន​សំណុំ​ឯកសារ​នោះ​យក​មក​ពិនិត្យមើល​នៅឡើយ។ លោកស្រី អ៊ុំ សុភី បន្ត​ថា តុលាការ​នឹង​កោះហៅ​ពួកគាត់ មក​សាកសួរ​ម្ដងទៀត​នៅ​ពេល​ក្រោយ។

តំណាង​ពលរដ្ឋ​រូប​នេះ យល់ថា តុលាការ​គួរ​ប្រើ​អំណាច​របស់​ខ្លួន ដើម្បី​បង្គាប់​ឱ្យ​ភាគី​ក្រុមហ៊ុន បង្ហាញ​ឯកសារ​នៃ​កិច្ចព្រមព្រៀង​នោះ ពីព្រោះ​ខិតខំ​រក​អស់​ជាច្រើន​ខែ​មក ទាំង​នៅ​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​ខេត្ត នៅតែ​រក​មិនបាន៖ «សូម​ឱ្យ​តុលាការ​ខ្លួនឯង ស្រាវជ្រាវ​រក​កិច្ចព្រមព្រៀង​ហ្នឹង​ផង។ ព្រោះ​ពួក​ខ្ញុំ​គ្មាន​លទ្ធភាព​រក​ទៀត​ទេ ទៅ​រក​អស់ហើយ​។ ទៅ​រក​នៅ​ឃុំ​ក៏​អត់ នៅ​ស្រុក​ក៏​អត់ រហូត​ទៅដល់​ខេត្ត​ទៀត ក៏​គេ​អត់​ឆ្លើយតប​ដែរ​។ អ៊ីចឹង​ ! យើង​អត់​មាន​ទេ កិច្ចព្រមព្រៀង​នៅ​នឹង​ដៃ​យើង​។ ដោយសារតែ​យើង​គ្មាន​កិច្ចព្រមព្រៀង ហ្នឹងហើយ យើង​មិន​ដឹង​ថា កិច្ចព្រមព្រៀង​ហ្នឹង គេ​និយាយ​ពី​អ្វី​។ អ៊ីចឹង​ ! យើង​ត្រូវ​ប្ដឹង​បដិសេធ​លុបចោល ព្រោះ​មិន​ដឹង​ថា​ក្រុមហ៊ុន សរសេរ​យ៉ាង​មិច ចំពោះ​ពួក​យើង​ដែល​ទទួល​សំណង​គោលនយោបាយ​ហ្នឹង»។

លោកស្រី អ៊ុំ សុភី ឱ្យ​ដឹង​ដែរ​ថា មេធាវី​ការពារ​ឱ្យ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី លោក ផាត់ ពៅសៀង ថ្លែង​នៅ​មុខ​ចៅក្រម​ថា ប្រសិនបើ​តុលាការ​បង្គាប់​ឱ្យ​លោក​បង្ហាញ​កិច្ចព្រមព្រៀង​នោះ លោក​អាច​ផ្ដល់​ជូន​ឱ្យ​បាន។

កាលពី​ខែ​កុម្ភៈ​កន្លងមក សហគមន៍​ឡពាង បាន​ដាក់​ភស្តុតាង​ជូន​តុលាការ​ក្រុងភ្នំពេញ ដែល​ពួកគាត់​រក​បាន​ពី​កាសែត​កោះសន្តិភាព ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​។ ប៉ុន្តែ ក្រឡាបញ្ជី​នៃ​តុលាការ​ក្រុង​ភ្នំពេញ ប្រាប់​អ្នក​ឡពាង​ថា ឯកសារ​ដែល​ដាក់​ជូន​តុលាការ គឺ​ពុំ​ត្រឹមត្រូវ​តាម​ការ​ចង់​បាន​របស់​ចៅក្រម​ទេ​។ កិច្ចព្រមព្រៀង​ឬ​សំណង​គោលនយោបាយ ដែល​ចុះផ្សាយ​ក្នុង​កាសែត​នោះ សរសេរ​ថា ក្រុមហ៊ុន​ខេ.ឌី.ស៊ី បាន​ផ្ដល់​ថវិកា​ឱ្យ​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ រាជ សីម៉ា ៧​ពាន់​ដុល្លារ សម្រាប់​សំណង​ការ​ឈូស​ឆាយ​ផ្ទះសម្បែង និង​ផលដំណាំ ហើយ​ថវិកា​១​ម៉ឺន​ដុល្លារ​ផ្សេង​ទៀត ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​សកម្មភាព​ចេញ​ដើរ​តវ៉ា​រឿង​ដីធ្លី ប្រឆាំង​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ ស៊ែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។ ប៉ុន្តែ​ខាង​ប្រជាពលរដ្ឋ ថា​ពួកគាត់​មិន​ដែល​ទទួល​បាន​ទឹកប្រាក់​ដូច​ការ​ចុះផ្សាយ​នោះ​ម្ដងណា​ឡើយ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា ឯកសារ​ខ្លះ​មិន​សុទ្ធ​តែ​ជា​ឯកសារ​ស្របច្បាប់ ឬមួយ​ក៏​អាច​ទទួល​បាន​នោះ​ទេ ប្រសិនបើ​ឯកសារ​នោះ​ធ្វើ​ដោយ​ខុសច្បាប់ តុលាការ​អាច​បដិសេធ​ចោល​បាន។ ក្នុង​រឿងក្ដី​ក្ដាំ​មួយ​នេះ លោក អំ សំអាត សង្ឃឹម​ថា តុលាការ​នឹង​ឈរ​លើ​គោលការណ៍​សច្ចធម៌ ដើម្បី​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​សហគមន៍​ឡ​ពាង​៖ «ប្រជាពលរដ្ឋ​យើង​ដឹង​ស្រាប់​ហើយ ពួកគាត់​ជា​អ្នកស្រុក​ស្រែចម្ការ​។ គាត់​មិនសូវ​ចេះ​អក្សរ​ចេះ​អី​។ មិន​ដឹង​ថា​កិច្ចសន្យា​ហ្នឹង មានការ​ពន្យល់​ឱ្យ​គាត់​បាន​ច្បាស់លាស់ ឬក៏​អាន​ឱ្យ​ស្ដាប់ ឬ​អត់​។ អ៊ីចឹង​ ! ប្រជាពលរដ្ឋ​ខ្លះ គាត់​មិន​បាន​ទាំង​ដឹង​ផង គាត់​អាច​ផ្ដិត​មេដៃ​ដោយ​មិន​ដឹង​អ្វី​។ ហ្នឹង តុលាការ លោក​ពិនិត្យ​ទៅលើ​បញ្ហា​ទាំង អស់​ហ្នឹង​ទៅ មុននឹង​ធ្វើការ​សម្រេច​។ អ៊ីចឹង​ ! សង្ឃឹមថា ពេល​ក្រោយ តុលាការ​នឹង​ពិចារណា​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ពួកគាត់»។

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​១៣​ឆ្នាំ​មក​ហើយ​។ ភាគី​ក្រុមហ៊ុ​បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​ប្រើ​ទាំង​ទិដ្ឋភាព​ច្បាប់ ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពេលខ្លះ​មាន​ប្រើ​អំពើ​ហិង្សា​ផង​ក៏​មាន​។ កាលពី​ឆ្នាំ​២០១៣ របប​លោក ហ៊ុន សែន បាន​ផ្ដល់​ដី​សម្បទាន​នៅ​តំបន់​មាន​ជម្លោះ​នេះ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ថែមទៀត ខណៈ​ពលរដ្ឋ​នៃ​ឃុំ​តាជេស នៅ​មិនទាន់​ទទួល​បាន​ដោះស្រាយ​នៅឡើយ។

សហគមន៍​ឡ​ពាង​ដែល​មាន​៥២​គ្រួសារ ស្នើសុំ​តុលាការ​ជួយ​ពន្លឿន​នីតិវិធី​ដើម្បី​បើក​សវនាការ​ក្នុង​សំណុំរឿង​មួយ​ឱ្យ​បាន​ឆាប់​។ ក្រៅ​ពី​នេះ ពួកគាត់ ក៏​ស្នើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​ឱ្យ​ពួកគាត់ នូវ​សំណង​ដែល​អាច​ទទួល​យក​បាន គឺ​ទាមទារ​ឱ្យ​ភាគី​ក្រុមហ៊ុន​ទទួលស្គាល់​ដីធ្លី​របស់​គាត់​។ ប្រសិនបើ​ក្រុមហ៊ុន​ចង់​បាន​ដី​ពលរដ្ឋ​យក​ទៅ​អភិវឌ្ឍន៍ ត្រូវ​ទិញ​ពី​ពលរដ្ឋ​ទៅតាម​តម្លៃ​ទីផ្សារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។