ជនជាតិ​ដើម​ភាគតិច​នៅ​មណ្ឌលគិរី​គ្រោង​ដាក់​ញត្តិ​ទាមទារ​ដី​ពី​ក្រុមហ៊ុន​មេហ្គាហ្វើស ៣​ពាន់​ហិកតារ


2019.12.19
បញ្ហាដីធ្លី​ជាមួយ​​ក្រុមហ៊ុន មេហ្គា ហ្វើស (Mega First Corporation Berhad) ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី លើក​គ្នា​មក​តវ៉ា​ទាមទារ​ដី នៅ​ទីតាំង​​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន មេហ្គា ហ្វើស (Mega First Corporation Berhad) កាល​ពី​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ២០១៩។
រូប៖ សហគមន៍

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង ១១​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៥០០​គ្រួសារ​រស់នៅ​ឃុំ​ប៊ូស្រា និង​ឃុំ​ដាក់ ខេត្ត​មណ្ឌលគិរី ប្រកាស​ជំហរ​ថា នឹង​ផ្តិត​មេដៃ​ជាថ្មី​ទៀត ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ដកហូត​ដី​ទំហំ ៣​ពាន់​ហិកតារ ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេហ្គាហ្វើស (Mega First Corporation Berhad)។ អ្នកភូមិ​ថា អាជ្ញាធរ​ខេត្ត មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ​ក្ដី​កង្វល់​រួម របស់​ពលរដ្ឋ​នោះ​ទេ។

តំណាង​ជនជាតិដើម​ភាគតិច​ព្នង (​ពូនង​) មកពី​ឃុំ​ចំនួន ២ ក្នុងស្រុក​ពេជ្រាដា និង​ស្រុក​អូររាំង​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត នៅ​គ្រា​ដែល​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មិន​អើពើ​ដោះស្រាយ​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​របស់​ពួកគេ ផ្ទុយទៅវិញ​បែរជា​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​មេហ្គាហ្វើស​បន្ត​ឈូស​ឆាយ​តំបន់​ដី​កំពុង​មាន​ជម្លោះ​មិន​ទាន់​ដោះស្រាយ​រួចរាល់។

កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុម​ជនជាតិ​ដើម​ភាគតិច ៥០​នាក់ តំណាង​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ជាង ៥០០​គ្រួសារ បាន​ផ្តិត​មេដៃ សុំ​កិច្ច​អន្តរាគមន៍ ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​ទាមទារ​ដី​ទំហំ ៣​ពាន់​ហិកតារ ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេហ្គាហ្វើស។ ខ្លឹមសារ​ពាក្យ​បណ្ដឹង​នោះ បាន​ចោទ​ក្រុមហ៊ុន​នេះ​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ព្រៃ​ជំនឿ ផ្នូរ​កប់​សព តំបន់​ភូមិ​ចាស់ ប្រភព​ទឹកអូរ​ធម្មជាតិ បាត់បង់​ព្រៃស្រោង​ជាទី​ជម្រក​សត្វព្រៃ និង​អនុផល​ព្រៃឈើ​ជាដើម។

តំណាង​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ លោក ទឺយ ច្រែន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី១៩ ធ្នូ ថា អាជ្ញាធរ​ខត្ត​នេះ មិន​យកចិត្តទុកដាក់ ដោះស្រាយ​ញត្តិ​របស់​អ្នកភូមិ​នោះ​ទេ ហើយ​ក្រុមហ៊ុន​នៅតែ​បន្ត​ឈូស​ឆាយ​បំពាន​ព្រៃ​កប់​សព ព្រៃ​តំណម និង​ព្រៃ​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច​អស់​ជា​បន្តបន្ទាប់។ លោក​ប្រកាស​ជំហរ​ថា អ្នកភូមិ​នឹង​មូលមតិ​គ្នា ប្តឹង​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ ដើម្បី​ស្វែងរក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​៖ «ដី​ដែល​សហគមន៍​ត្រូវការ អាស្រ័យ​ផល​ហ្នឹង ហើយ​និង​ដីចម្ការ​វិល​ជុំ​ដី កប់​សព​ដូច​តា អ៊ីចឹង​ភូមិ​ចាស់​ទាំងអស់ ៣​ពាន់​ហិកតារ​។ អ៊ីចឹង​ខាង​ក្រុមហ៊ុន​អត់​ទាន់​ឆ្លើយតប របស់​សហគមន៍​។ សហគមន៍​គ្រោង​តវ៉ា​ដល់​ថ្នាក់​ជាតិ​ដែរ»

សេចក្ដីរាយការណ៍​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បង្ហើប​ថា អ្នកភូមិ​រាប់​រយ​គ្រួសារ បាន​ផ្ដើម​តវ៉ា​តាំង​ពី​ឆ្នាំ​២០១៥ ក្រោយពី​ក្រុមហ៊ុន​អនុវត្ត​ខុស​ពី​គោលការណ៍​វិនិយោគ ដោយ​ឈូស​ឆាយ​បំពាន​តំបន់​ព្រៃ​សក្ការ ដី​ព្រៃ​ជម្រក​សត្វ​កម្រ​រស់នៅ ប៉ះពាល់​ទឹកអូរ​ផ្លាយ និង​អូរពុល ដែល​ជា​ប្រភព​ទឹក​យ៉ាង​សំខាន់​ដែល​អ្នកភូមិ​រស់នៅ​ចំនួន ៣​ស្រុក អភិរក្ស និង​អាស្រ័យ​ផល​។ ទន្ទឹម​នឹង​នេះ សហគមន៍​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ពិគ្រោះ​យោបល់​ស្ដីពី​ផល​ប៉ះពាល់​ជាមួយ​ក្រុម​ជនជាតិ​ដើម​ភាគតិច និង​មិនបាន​ផ្សព្វផ្សាយ​ពី​គម្រោង​វិនិយោគ​ឱ្យ​ទូលំទូលាយ​នោះ​ទេ។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន​មេហ្គាហ្វើស ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី១៩ ខែ​ធ្នូ។

ចំណែក​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា និង​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ក៏​មិន​លើក​ទូរ​សព្ទ​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេហ្គា ហ្វើស (Mega First Corporation Berhad) របស់​ប្រទេស​ម៉ាឡេស៊ី ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ជាង ៩​ពាន់​ហិកតារ នៅ​ស្រុក​អូររាំង តាំងពី​ឆ្នាំ​២០១២។ តំណាង​ក្រុមហ៊ុន​ធ្លាប់​អះអាង​ថា ខ្លួន​បាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ទំហំ ៣​ពាន់​ហិកតារ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នៅ​សល់​តែ​ដី​ទំហំ​ជាង ៦​ពាន់​ហិកតារ​ប៉ុណ្ណោះ​។ ក្រុម​ជនជាតិ​ដើម​ភាគតិច​អះអាង​ថា ក្រោយពី​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ព្រៃ​មាន​សក្កានុពល​បង្កើត​សហគមន៍​ទេសចរណ៍ និង​ព្រៃ​ដែល​មាន​រុក្ខជាតិ​កម្រ មាន​តម្លៃ​លើ​ទីផ្សារ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​សហគមន៍។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា អះអាង​ថា អាជ្ញាធរ​ខេត្ត​គ្មាន​សុឆន្ទៈ​ដោះស្រាយ​ជម្លោះដីធ្លី​នេះ ត្រឹមត្រូវ​តាមច្បាប់​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នៅតែ​មាន​ឱកាស​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​ធ្វើ​កសិកម្ម​។ លោក​ថា ក្រុមហ៊ុន​បាន​ប្រព្រឹត្ត​កំហុស​ជាច្រើន​រួមមាន បំពាន​គោលការណ៍​វិនិយោគ មិន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ស្របតាម​បទបញ្ជា​របស់​រដ្ឋាភិបាល ជាពិសេស​ឈូស​ឆាយ​ព្រៃ​កប់​សព ព្រៃ​តំណម និង​ព្រៃ​សក្ការ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​៖ «ប្រហែល​ដើម​ឆ្នាំ ២០២០ យើង​និង​គ្រោង​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ជូន​សម្ដេច (​ហ៊ុន សែន​) តាមរយៈ ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់​យោបល់ យើង​បាន​គ្រោងទុក​រួចហើយ​។ យើង​នឹង​ដាក់​បន្ទុក​ទៅ​លើ អាជ្ញាធរ​ខេត្ត​ដោយសារ​គាត់​មិន​អើពើ ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​។ មិន​ត្រឹម​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ទេ មិន​ដោះស្រាយ​តែម្ដង​និយាយ​ឱ្យ​ត្រង់​គាត់​មិន​ឈឺក្បាល​។ ពី​ណា​ដកៗ​ទៅ ពី​ណា​នៅៗ​ទៅ គាត់​ប្រើ​ពាក់​ហ្នឹង​មួយ​ម៉ាត់ តាម​ខ្ញុំ​យល់​គឺ​អ៊ីចឹង បានជា​គ្មាន​ដំណោះស្រាយ»

លោក គ្រើង តុលា បន្ថែម​ថា ក្រុមហ៊ុន​នេះ​បាន​រំលោភបំពាន​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ធ្ងន់ធ្ងរ និង​បាន​បំផ្លាញ​ទីកន្លែង​អាស្រ័យ​ផល​របស់​ជនជាតិ​ដើម​ភាគតិច​រាប់ពាន់​គ្រួសារ។ លោក​ថា ចាប់​តាំង​ពី​មាន​វត្តមាន​ក្រុមហ៊ុន​នេះ ជនជាតិ​ដើម​ភាគតិច​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​កាន់តែ​ក្រីក្រ បាត់បង់​ធនធាន​ធម្មជាតិ និង​បាត់បង់​ប្រភព​ទឹកអូរ​ធម្មជាតិ​រក​ត្រី​សាច់​ជាដើម៖ «រំលោភ​ព្រៃ​កប់សព​ហ្នឹង ទី​២ ព្រៃ​តំណម​របស់​គាត់​ហ្នឹង​។ ពាក់ព័ន្ធ​រុក្ខជាតិ​កម្រ​ដែល​មិន​មាន​លើ​លោក​ហ្នឹង​គឺ គេ​ហៅថា ស្លឹក ហ្វែប ហ្នឹង​គឺ​មាន​តែ​តំបន់​មេហ្គា ហ្វើស ហ្នឹង តែមួយ​ទេ​។ ក្រៅពី​តំបន់​ហ្នឹង គឺ​អត់​មាន​ទេ បើ​បាត់​រុក្ខជាតិ​ប្រភេទ​ហ្នឹង​ខ្ញុំ​គិត​ថា វា​ផុត​ពូជ​បាត់​ហើយ លែង​មាន​ហើយ អា​រុក្ខជាតិ​ហ្នឹង​។ ខ្ញុំ​ចង់​ឱ្យ ឯកឧត្ដម សាយ សំអាល់ ចុះទៅ​មើល​អា​រុក្ខជាតិ​ហ្នឹង វា​ប្រភេទ​របៀប​ម៉េច បាន​គាត់​ទាមទារ​ខ្លាំង​ម្ល៉េះ​។ ចង់ឱ្យ​គាត់​ទៅជា​មួយ​ខ្ញុំ​ហ្មង»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ដែល​ចុះ​អង្កេត​ករណី​នេះ អះអាង​ថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ហាក់​គ្មាន​ជំហរ​ច្បាស់លាស់ ដោះស្រាយ​ជម្លោះដីធ្លី​នេះ ជូន​ជនជាតិ​ដើម​ភាគតិច​ឱ្យ​ដាច់​ស្រឡះ​នៅឡើយ​ទេ ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ជួប​ការ​លំបាក​ផ្នែក​ជីវភាព និង​បាត់បង់​ទីកន្លែង​អាស្រ័យ​ផល​បែប​ប្រពៃណី​។ លោក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ត្រូវ​កែ​លម្អ​ឡើងវិញ ពី​សមត្ថភាព​ដោះស្រាយ​បញ្ហា​ប្រឈម​នានា របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ស្រប​ពេល​ដែល​ក្រុម​ជនជាតិ​ដើម​ភាគតិច​តែងតែ​រអ៊ូរទាំ​ថា អាជ្ញាធរ​មូលដ្ឋាន​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​ពាក្យបណ្ដឹង​ប្រជាពលរដ្ឋ​នោះ​ទេ​៖ «មិន​ដោះស្រាយ​ជូន​នេះ​ហៅថា បណ្ដែតបណ្ដោយ​ឱ្យ​ពលរដ្ឋ​អស់​ជំនឿ និង​ទំនុក​ចិត្ត​លើ​អាជ្ញាធរ។ អ៊ីចឹង​មាន​ន័យថា ថ្នាក់​ជាតិ​ត្រូវតែ​ពិនិត្យមើល ការងារ​ថ្នាក់ក្រោម​ជាតិ​ឡើងវិញ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត និង​ជំនឿ​ជឿជាក់​ទៅលើ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ថា គាត់​បាន​បំពេញ​កាតព្វកិច្ច​ជូន​ពលរដ្ឋ​ដែល​គាត់​រងគ្រោះ ឬ​ស្នើ​សុំ​អ្វីមួយ ដើម្បី​ឱ្យ​មាន​តម្លាភាព​ជូន​ពលរដ្ឋ»

ទោះជា​យ៉ាងណា តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច លោក គ្រើង តុលា អំពាវនាវ​ជា​ថ្មី​ទៀត ស្នើ​ឱ្យ​អាជ្ញាធរ​ជាតិ កាត់​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន មេហ្គា ហ្វើស ៣​ពាន់​ហិកតារ ដើម្បី​សង្គ្រោះ​ទឹកអូរ​ធម្មជាតិ និង​ស្ដារ​ព្រៃឈើ​ឡើងវិញ​។ ពួកគេ​សង្កេត​ឃើញ​ថា តំបន់​ដែល​អាជ្ញាធរ អនុញ្ញាត​ផ្ដល់​ដី​សម្បទាន គឺជា​ព្រៃស្រោង លាត​សន្ធឹង​ជាប់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀរ រហូត​ដល់​ប្រទេស​វៀតណាម ពុំគួរ​ជា​កម្មវត្ថុ​សម្រាប់​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។