ព្រៃកប់សព និងព្រៃសក្ការៈរបស់ជនជាតិដើមភាគតិចព្នង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កំពុងរងការឈូសឆាយ ខណៈអ្នកភូមិពីរគ្រួសារបានលក់ដីព្រៃនោះជាកម្មសិទ្ធិសមូហភាពសហគមន៍។ តំណាងសហគមន៍ចោទប្រកាន់មន្ត្រីមូលដ្ឋានគឺជាអ្នកចុះហត្ថលេខាលើលិខិតទិញលក់ដីខុសច្បាប់នេះ។
ប្រជាពលរដ្ឋពីរភូមិនៅឃុំដាក់ដាំ ស្រុកអូររាំង មានគ្នាជាង ៣០នាក់ បានរារាំងគ្រឿងចក្រមិនឲ្យកាយរលំដើមឈើបន្តទៀត នៅព្រឹកថ្ងៃទី២០ ខែកក្កដា បន្ទាប់ពីអ្នកភូមិចុះពិនិត្យឃើញថា ព្រៃឈើតំបន់កប់សព និងព្រៃគោរពបូជាសហគមន៍ត្រូវបានគេលក់ដូរខុសច្បាប់។
តំណាងសហគមន៍ភូមិពូនរ៉ែង លោក ទឺយ ធិ បញ្ជាក់ថា ព្រៃកប់សព និងព្រៃសក្ការៈសហគមន៍ដែលបានកំណត់ក្នុងលក្ខន្តិកៈសហគមន៍ចំនួនពីរហិកតារនៅជើងភ្នំភ្លែនូ ត្រូវបានគ្រឿងចក្រកាយរំលំតាំងពីថ្ងៃទី១៨ ខែកក្កដា។ លោកបន្តថា សហគមន៍បានរកឃើញឯកសារទិញលក់ដីដែលសមាជិកសហគមន៍ភូមិពូលេះ ពីរគ្រួសារជាអ្នកផ្ដិតមេដៃលក់ដីនេះ។ ចំណែកប្រធានភូមិ និងជំទប់ទី១ ឃុំគឺជាអ្នកចុះហត្ថលេខា និងបោះត្រាឃុំបញ្ជាក់លើលិខិតទិញលក់ដីនោះ៖ «កាយដីព្រៃដីតំណមទៀត គេអត់ឲ្យទេ ព្រៃខ្មោចព្រៃតំណមកំណត់ក្នុងច្បាប់មួយៗ ៧ហិកតារមានបាន ៧ហិកតារឯណា ឥឡូវឈូសក្បែរជើងភ្នំហើយ»។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសហគមន៍បានឃាត់ខ្លួនអ្នកបើកគ្រឿងចក្រកាយព្រៃឈ្មោះ ភ័ក្រ ជាបណ្ដោះអាសន្ន និងធ្វើរបាយការណ៍សុំកិច្ចអន្តរាគមន៍ទាក់ទិនការកាប់រានព្រៃឈើសហគមន៍នេះ។
អ្នកបញ្ជាគ្រឿងចក្របញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ខ្លួនឈ្មោះ ភ័ក្រ មិនស្គាល់អត្តសញ្ញាណអ្នកទិញដីជាអ្នកណាទេ ក៏ប៉ុន្តែថៅកែគ្រឿងចក្រឈ្មោះ ឯម បានបញ្ជាឲ្យរូបគេមកកាយព្រៃ បន្ទាប់ពីម្ចាស់ដីបានជួលគ្រឿងចក្រមឈូសព្រៃនេះ៖ «អត់ដឹងដែរ គេជួលគ្រឿងចក្រខ្ញុំមកធ្វើ ទាល់តែសួរពូខ្ញុំ ម្ចាស់ដីគេឲ្យកាយ»។
មេឃុំដាក់ដាំ លោក កើញ រដ្ឋា មានប្រសាសន៍បញ្ជាក់ថា រឿងលក់ដីនោះគឺប្រជាពលរដ្ឋក្នុងភូមិជាអ្នកលក់ ក៏ប៉ុន្តែលោកមិនប្រាកដថា ការលក់ដីនោះមានជាប់ពាក់ព័ន្ធទៅនឹងព្រៃកប់សព និងព្រៃគោរពបូជា ឬយ៉ាងណា។ លោកថា ជំទប់ទីមួយគឺជាអ្នកចុះហត្ថលេខាលើឯកសារទិញលក់ដីនោះ៖ «ប្រាំ ប្រាំមួយហិកតារមិនដឹងខ្ញុំអត់ច្បាស់។ បងសួរទៅមេភូមិ និងជំទប់ទី១ អ្នកស៊ីញ៉េ»។
ផ្ទុយពីការលើកឡើងនេះ ជំទប់ទី១ លោក កាច ណា បដិសេធថា លោកមិនជាប់ពាក់ព័ន្ធរឿងនេះទេ។ លោកទម្លាក់ការទទួលខុសត្រូវទៅលើមេឃុំទាក់ទិនការចុះហត្ថលេខានេះ៖ «ខ្ញុំអត់ដឹងស្អីផង ដូចពីមុនគាត់ថា ខ្ញុំស៊ីញ៉េ ដល់គេតាមដាន គាត់អ្នកស៊ីញ៉េ»។
សេចក្ដីរាយការណ៍របស់សហគមន៍ភូមិពូលេះ ឲ្យដឹងថា អ្នកលក់ដីគឺឈ្មោះ លីវ ពាន និងឈ្មោះ ធាង ត្រិ។ ចំណែកប្រធានភូមិឈ្មោះ ប្លង់ សេង និងជំទប់ទី១ ឃុំដាក់ដាំ លោក កាច ណា ជាអ្នកចុះហត្ថលេខាលើឯកសារលក់ដីឲ្យទៅឈ្មោះ ដា ណេ ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលនៅខេត្តមណ្ឌលគិរី។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់ថា លោកបានអន្តរាគមន៍តាមរយៈទូរស័ព្ទទៅមន្ត្រីព្រៃឈើ បន្ទាប់ពីសហគមន៍ទប់ស្កាត់គ្រឿងចក្រកំពុងកាយរលំឈើក្នុងព្រៃការពារ។ លោកថា មន្ត្រីអាដហុក កំពុងប្រមូលឯកសារពាក់ព័ន្ធ និងវត្ថុតាងទាក់ទិនពាក្យប្តឹងរបស់សហគមន៍ដើម្បីសុំអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធទិញលក់ដីខុសច្បាប់នេះ៖ «ខ្ញុំនឹងអន្តរាគមន៍ពាក្យបណ្ដឹងរបស់សហគមន៍ទៅស្ថាប័នអយ្យការ។ របាយការណ៍របស់មន្ត្រីខ្ញុំមេព្រៃបានហៅអ្នកបើកគ្រឿងចក្រធ្វើកិច្ចសន្យា និងផ្តល់សក្ខីកម្មមួយចំនួន»។
ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់ថា លោកបានចាត់មន្ត្រីចុះទៅកាន់ទីកើតហេតុហើយ ក៏ប៉ុន្តែមិនទាន់ទទួលបានរបាយការណ៍យ៉ាងណានៅឡើយ។
ទោះជាយ៉ាងនេះក៏ដោយ តំណាងសហគមន៍លោក ទឺយ ធិ បញ្ជាក់ថា មន្ត្រីព្រៃឈើបានចុះទៅធ្វើកំណត់ហេតុពីករណីនេះហើយ និងតម្រូវឲ្យអ្នកបញ្ជាគ្រឿងចក្របញ្ឈប់ការឈូសឆាយដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។