សហគមន៍​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​ករណី​ពុករលួយ​រឿង​ដី​នៅ​មណ្ឌលគិរី

ដោយ រដ្ឋា វិសាល
2014.07.24
Share on WhatsApp
Share on WhatsApp
ជម្លោះ​ដី មណ្ឌលគិរី ៦១០ ដី​ចម្ការ​វិល​ជុំ​និង​ដី​ព្រៃ​ត្រៀម​បម្រុង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ស្រែអំពិល ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដែល​ក្រុមហ៊ុន សុវណ្ណ រាជសី បាញ់​ថ្នាំ​ឈូស​ឆាយ​យក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៤។
Adhoc Photo

សហគមន៍​ជនជាតិ​ដើម​ព្នង​និង​ស្ទៀង ភូមិ​ស្រែអំពិល ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អំពាវនាវ​ជា​ថ្មី​ទៀត​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ស្ថាប័ន​តុលាការ ស៊ើប​អង្កេត​ករណី​ពុករលួយ​កាត់​​ដី​ត្រៀម​បម្រុង​សហគមន៍ ២៥០​ហិកតារ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន សុវណ្ណរាជសី ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ប្រជា​សហគមន៍។

គ្រឿងចក្រ​ក្រុមហ៊ុន​សម្បទាន សុវណ្ណរាជសី នៅ​តែ​បន្ត​ឈូស​ឆាយ​ទៅ​លើ​ដី​ត្រៀម​បម្រុង​សហគមន៍​នៅ​ក្នុង​សប្ដាហ៍​នេះ បើ​ទោះ​បី​ប្រជាពលរដ្ឋ​ភូមិ​ស្រែអំពិល ប្រមាណ ២០​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​នោះ​មក​សហគមន៍​វិញ​ក៏ដោយ។

សហគមន៍​ភូមិ​ស្រែអំពិល កាល​ពី​ខែ​ឧសភា បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​​ទាក់​ទិន​ដី​សហគមន៍​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រេច​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​បំពាន​ច្បាប់ និង​ដាក់​ពាក្យ​ប្ដឹង​ប្រធាន​ភូមិ និង​តំណាង​សហគមន៍ ថា​បាន​ទ​ទទួល​ប្រាក់ ២​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន ហើយ​ចលនា​ឲ្យ​អ្នក​ភូមិ​ផ្ដិត​មេដៃ​គាំទ្រ​ប្រគល់​ដី​នោះ​ឲ្យ​ក្រុមហ៊ុន។

អ្នក​ដឹកនាំ​ការ​តវ៉ា​អនុប្រធាន​សហគមន៍​លោក ក្រើត អ៊ាន រៀប​រាប់​ថា អ្នកភូមិ​បាន​ធ្វើ​ដំណើរ​ទៅ​ស្ថាប័ន​តុលាការ​ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ស្ថាប័ន​នេះ​ចាត់​វិធានការ​ពាក្យ​បណ្ដឹង​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ក៏ប៉ុន្តែ​ជិត​ពីរ​ខែ​កន្លង​ទៅ​នេះ​មិន​ឃើញ​មាន​ចំណាត់ការ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​គ្រឿងចក្រ​ក្រុមហ៊ុន​បាន​សម្រុក​ឈូស​ឆាយ​ដី​សហគមន៍​កាន់​តែ​ច្រើន។

លោក​ចាត់​ទុក​ការ​សម្រេច​ប្រគល់​ដី​សហគមន៍​ទៅ​ឲ្យ​​ក្រុមហ៊ុន គឺ​ជា​ការ​លក់​ដូរ​ដី​រដ្ឋ​បំពាន​ច្បាប់៖ «ខ្ញុំ​ទាមទារ​ឲ្យ​រក​ដំណោះស្រាយ​រក​យុត្តិធម៌​សម្រាប់​សហគមន៍​យើង​ខ្ញុំ ព្រោះ​អ្វី​អ្នក​យក​ដី​រដ្ឋ​លក់​ឲ្យ​​ក្រុមហ៊ុន​ស្រប​ច្បាប់​ឬ​អត់។ ពួក​ខ្ញុំ​មិន​មាន​សិទ្ធិ​យក​ដី​រដ្ឋ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ណា ឈ្មួញ​ណា​ទេ អ៊ីចឹង​យើង​មាន​សិទ្ធិ​ការពារ​សិទ្ធិ​ផ្ដល់​ផល​ពី​ព្រៃឈើ​សម្រាប់​ចិញ្ចឹម​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​លើ​​ដី​ហ្នឹង»

ភូមិ​ស្រែ​អំពិល មាន​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ព្នង និង​ស្ទៀង ៦០​គ្រួសារ ក្នុង​នោះ​រួម​មាន​ប្រជាពលរដ្ឋ​ ចំណាក​ស្រុក​ចូល​មក​រស់​នៅ​ជាង ២០​គ្រួសារ​បន្ថែម​ទៀត។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​​ប្រមាណ ២០​គ្រួសារ​បដិសេធ​មិន​ចុះហត្ថលេខា​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ជា​ថ្នូរ​ទទួល​ប្រាក់​មួយ​​គ្រួសារ ១​លាន​រៀល​នោះ​ឡើយ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្រែខ្ទុំ លោក អឿន នា មក​ពី​គណបក្ស សម រង្ស៊ី ទទួល​ស្គាល់​ថា សហគមន៍​មួយ​ចំនួន រួម​ទាំង​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ពិត​ជា​បាន​ផ្ដិត​មេដៃ​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន ដោយសារ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រធាន​សហគមន៍​ចលនា​ឲ្យ​អ្នក​ភូមិ​ប្រគល់​ដី​ក្រោម​ហេតុផល​ថា ដី​នោះ​រដ្ឋ​បាន​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន។ ចំណែក​ក្រុមហ៊ុន​បាន​ផ្ដល់​ប្រាក់​គោលនយោបាយ​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ។

លោក​អះអាង​ថា បាន​ប្រជុំ​តវ៉ា​ពី​ការ​ផ្ដល់​ដី​ខុស​ច្បាប់​​នោះ​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដទៃ​មក​ពី​គណបក្ស​កាន់​អំណាច ប៉ុន្តែ​យោបល់​លោក​ជា​​សំឡេង​ភាគ​តិច​សមាជិក​ក្រុមប្រឹក្សា​ផ្សេង​ទៀត​នៅ​តែ​ជំរុញ​ឲ្យ​អ្នក​ភូមិ​ផ្ដិត​មេដៃ​ប្រគល់​ដី៖ «ខ្ញុំ​ដឹង​ថា កំណត់ហេតុ​ទី​១ អ្នក​ភូមិ​ស្រែអំពិល​ហ្នឹង គេ​បដិសេធ​ទាំង​ស្រុង គេ​ថា ២​ម៉ឺន​ដុល្លារ តាម​រយៈ​មេខ្យល់​ហ្នឹង ដល់​អ៊ីចឹង​គេ​ប្រើ​តាម​រយៈ​មេ​ឃុំ។ ដល់​អ៊ីចឹង​បាន​បងប្អូន​ផ្ដិត​មេដៃ បើ​សិន​ផ្ដិត​មេដៃ​បាន​លុយ ១​លាន​គេ​ថា​អ៊ីចឹង»

ប្រធាន​ភូមិ​ស្រែព្រះ លោក ដួង តាឡុត និង​ប្រធាន​សហគមន៍ លោក ក្លាន សី ត្រូវ​បាន​តំណាង​សហគមន៍ ២០​គ្រួសារ ប្ដឹង​ទៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​ពី​បទ​លក់​ដី​សហគមន៍​អភិរក្ស​ជា​ដី​សាធារណៈ​របស់​រដ្ឋ។ ក៏ប៉ុន្តែ​មេឃុំ​ស្រែ​ខ្ទុំ បដិសេធ​ថា មិន​មាន​ការ​លក់​ដូរ​ដី​ដូច​ការ​ចោទ​នោះ​ទេ គឺ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ផ្ដិត​មេដៃ​ទទួល​ប្រាក់​ដោះស្រាយ​ផល​ប៉ះពាល់​និង​ការ​សែន​ព្រេន​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច។

មន្ត្រី​ស្ថាប័ន​អយ្យកា​ព្រះរាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត​មណ្ឌលគិរី លោក សូ សុវិជ្ជា ទទួល​ស្គាល់​​ថា លោក​បាន​ទទួល​ចាត់ការ​ពាក្យ​ប្ដឹង​របស់​សហគមន៍​រួច​ហើយ ក៏ប៉ុន្តែ​ការ​យឺតយ៉ាវ​ដោយសារ​ដីកា​កោះ​ពិបាក​បញ្ជូន​ទៅ​ដល់​ជន​ពាក់ព័ន្ធ​ត្រូវ​កោះហៅ​មក​សាកសួរ។

លោក​ថា នៅ​រដូវ​ភ្លៀង​​ធ្លាក់​ជោកជាំ​ផ្លូវ​ទៅ​កាន់​តំបន់​នោះ​ពិបាក​ធ្វើ​ដំណើរ៖ «ចេញ​ដីកា​កោះ​ហើយ ប៉ុន្តែ​មិន​ឃើញ​បង្វិល​ដីកា​មក​វិញ​ទេ។ ពីរ​ទៀត​ដោយសារ​ខ្ញុំ​ប្រើ​រយៈពេល​​ប្រហែល​ជា​មួយ​ខែ ដោយសារ​ផ្លូវ​ពិបាក ដល់​អ៊ីចឹង​ទៅ​ពាក់ព័ន្ធ​ខាង​អ្នក​យក​ដីកា​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​យឺតយ៉ាវ​ដោយសារ​ហេតុផល​អ៊ីចឹង»

ក្រុមហ៊ុន សុវណ្ណ រាជសី ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ៦.៥០០​ហិកតារ​នៅ​ស្រុក​​ស្នួល ខេត្ត​ក្រចេះ និង​ស្រុក​កែវសីមា ខេត្ត​ខេត្ត​មណ្ឌលគិរី តាំង​ពី​ឆ្នាំ​២០១១ ប៉ុន្តែ​កន្លង​ទៅ​នេះ ​ប្រជាពលរដ្ឋ​ភូមិ​ស្រែព្រះ បាន​តវ៉ា​ជា​ច្រើន​ករណី​ទៅ​នឹង​ការ​ឈូស​ឆាយ​បង្ក​បង្កើន​ផល​ប៉ះពាល់​ដីធ្លី តំបន់​ព្រៃឈើ​សហគមន៍​ជន​ជាតិ​ដើម​នៅ​តំបន់​នោះ។

អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុធ ធ្លាប់​បាន​បញ្ជាក់​ថា ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ គឺ​ជា​ដី​សម្បទាន​របស់​រដ្ឋ​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន ក៏ប៉ុន្តែ​ដោយសារ​មាន​ផល​ប៉ះពាល់​ជាមួយ​​ប្រជាពលរដ្ឋ​ទើប​ក្រុមហ៊ុន​បាន​សម្របសម្រួល​ជាមួយ​សហគមន៍​ផ្ដល់​ជា​គោលនយោបាយ​សំណង​ផល​ប៉ះពាល់។ លោក​ទទួល​ស្គាល់​ថា មាន​ប្រជាពលរដ្ឋ​តិចតួច​ជា​អ្នក​អ្នក​ជំទាស់​បញ្ហា​នេះ ប៉ុន្តែ​អ្នក​ភូមិ​ភាគ​ច្រើន​បាន​យល់ព្រម​សម្របសម្រួល​យក​ប្រាក់​ពី​ក្រុមហ៊ុន។

លោក ស៊ិន វណ្ណវុធ៖ «ក្រុមហ៊ុន​គាត់​មាន ស.ជ.ណ របស់​រាជរដ្ឋាភិបាល មាន​ទំនាស់​តិចតួច​ជាមួយ​ប្រជាពលរដ្ឋ អ៊ីចឹង​ទេ យើង​ឲ្យ​មាន​ការ​សម្របសម្រួល​គ្នា បែង​ចែក​អ្វី​ដែល​មាន​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​​ក្រុមហ៊ុន​ចៀសវាង ហើយ​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​វិញ»

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា អះអាង​ថា ការ​សម្របសម្រួល​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន​ដោយ​មិន​មាន​ការ​ឯកភាព​ពី​សមាជិក​សហគមន៍ ហើយ​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន គឺ​ជា​ការ​រំលោភ​សិទ្ធិ​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។ លោក​កត់​សម្គាល់​ថា អ្នក​ភូមិ​កំពុង​អស់សង្ឃឹម​និង​អស់​ជំនឿ​ទៅ​លើ​ក្រុម​សមត្ថកិច្ច ហេតុ​នេះ​សមាគម​នឹង​ធ្វើ​លិខិត​ថ្លែង​សាទុក្ខ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​ស្វែង​រក​កិច្ច​គាំពារ​បញ្ហា​ជូន​ប្រជាពលរដ្ឋ និង​ជាពិសេស​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ម្ចាស់​ជំនួយ​ទាក់ទិន​អភិវឌ្ឍន៍​សហគមន៍​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ប្រជាពលរដ្ឋ។

លោក សុក រដ្ឋា៖ «គឺ​យើង​បាន​បញ្ជូន​រឿង​ហ្នឹង​ទៅ​ឲ្យ​សហភាព​អឺរ៉ុប ត្រួត​ពិនិត្យ​និង​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​យន្តការ​គណៈកម្មការ​សុរិយោដី ពីព្រោះ​អ៊ីយូ គេ​ជា​ម្ចាស់​លុយ​ដ៏​ធំ​មួយ​សម្រាប់​ផ្ដល់​លុយ​តាម​រយៈ​រដ្ឋាភិបាល​​ឲ្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ»

សហគមន៍​ជនជាតិ​ព្នង ភូមិ​ស្រែអំពិល មាន​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ និង​ចុះ​បញ្ជី​បង្កើត​សហគមន៍​ផ្លូវ​ការ​តាំង​ពី​ឆ្នាំ​២០១២ ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ ហេតុ​នេះ​អ្នក​ភូមិ​អភិរក្ស​ដី​ត្រៀម​បម្រុង​សម្រាប់​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។

ទោះ​ជា​យ៉ាង​នេះ​ក្តី តំណាង​សហគមន៍ ២០​គ្រួសារ ព្រមាន​ថា ពួកគេ​នឹង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ ប្រសិន​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​តុលាការ​អូស​បន្លាយ​ពេល​វេលា​មិន​ចាត់ការ​រឿង​ក្តី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។