ព្រះសង្ឃគង់នៅវត្តអូរដំរី ខេត្តព្រះសីហនុ ភ័យព្រួយពីសុវត្ថិភាព បន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណ គំរាមអាយុជីវិត បំណងបណ្ដេញព្រះអង្គចេញពីវត្តដើម្បីយកដីវត្តលក់។ ចំណែកពុទ្ធបរិស័ទ ១៤៩គ្រួសារ ដែលក្រាញននៀលការពារដីវត្តសង្ស័យថា បុគ្គលដែលគំរាមអាយុជីវិតព្រះសង្ឃ គឺជាក្រុមបក្សពួកលោកស្រី ហ៊ឹម សុវណ្ណរី ដែលប៉ុនប៉ងរំលោភយកដីវត្តលក់។
ពលរដ្ឋ ១៤៩គ្រួសារ រស់នៅភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ប្ដេជ្ញាថា នឹងបន្តទាមទារដីវត្តរក្សាទុកជាសម្បត្តិសាធារណៈ បើទោះបីទទួលរងការបំពារបំពានពីជនមានអំណាចក្ដី។ លើសពីនេះ ពួកគេបានប្ដឹងលោកស្រី ហ៊ឹម សុវណ្ណរី ទៅតុលាការខេត្តព្រះសីហនុរួចហើយដែរ ពីបទបំផ្លិចបំផ្លាញ រំលោភកាន់កាប់អចលវត្ថុ និងញុះញង់បរិហារកេរ្តិ៍។
ចៅអធិការវត្តអូរដំរី ព្រះតេជព្រះគុណ ម៉ាន់ ភក្តី មានថេរដីកានៅថ្ងៃទី១៩ មិថុនាថា អ្នកមានអំណាចបានប្រើឧបាយកលគ្រប់រូបភាព និងធ្វើទុក្ខបុកម្នេញព្រះអង្គ បំណងពុះច្រៀកដីវត្តទាំងមូលលក់ យ៉ាងអយុត្តិធម៌។ លើសពីនេះ ក៏មានជនអនាមិក ប្រមាថអាយុជីវិតព្រះអង្គទៀតផង កាលពីពេលថ្មីៗ នេះ។ រីឯអាជ្ញាធរមូលដ្ឋានបានហាម ព្រះអង្គមិនឱ្យកសាងសំណង់អ្វីទាំងអស់ សូម្បីតែជួសដំបូលកុដិ ក៏អាជ្ញាធរហាមដែរ៖ «ការដែលគេជេរក្នុងវត្តដល់ទីតាំង ហើយសំណង់ក្នុងវត្តគេឈប់ឱ្យអាត្មាកសាងអ្វីទាំងអស់ ទាំងចាស់ទាំងថ្មី សូម្បីតែកុដិវាលិចចាស់ៗ អស់ហើយធ្វើពីឈើ ស័ង្កសី ឥឡូវកំពុងលិចពិបាកមែនទែន»។
ព្រះតេជព្រះគុណ ម៉ាន់ ភក្តី មានថេរដីកា បន្ថែមថា មកទល់ពេលនេះ មានតែព្រះអង្គទេ ដែលជាព្រះសង្ឃក្រាញននៀលគង់នៅវត្តអូរដំរីតែអង្គឯង ជាមួយពុទ្ធបរិស័ទ ម្នាក់ដែលកំពុងស្នាក់នៅវត្តរីឯពុទ្ធបរិស័ទរស់នៅក្បែរវត្តមួយចំនួនទៀត បានដាក់វេនគ្នាដេកយាមក្នុងវត្ត ដើម្បីការពារសុវត្ថិភាពព្រះអង្គផង។ ព្រះតេជព្រះគុណ ម៉ាន់ ភក្តី បានគង់ចាំព្រះវស្សានៅវត្តអូរដំរី ជាង ១០វស្សាមកហើយ។
តំណាងពលរដ្ឋ លោក ម៉ន ស៊ីណា អះអាងថា ក្រុមបក្សពួកលោកស្រី ហ៊ឹម សុវណ្ណរី រស់នៅរាជធានីភ្នំពេញ បានធ្វើទុក្ខបុកម្នេញព្រះសង្ឃ ជេរប្រមាថ និងកាប់ដើមឈើធំៗ ក្នុងបរិវេណវត្តអស់ នាំឱ្យអ្នកភូមិខឹងសម្បារ ប្ដឹងលោកស្រី ហ៊ឹម សុវណ្ណរី ទៅតុលាការ។ រីឯក្រុមពលរដ្ឋបានដាក់ញត្តិទៅគ្រប់ស្ថាប័នតាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ដើម្បីរក្សាដីនេះទុកជាសម្បត្តិសាធារណៈ៖ «មេកាងដីហ្នឹង ឈ្មោះ ហ៊ឹម សុវណ្ណរី ហ្នឹង គេញុះញង់ក្រុមអនាធិបតេយ្យថា ព្រះសង្ឃហ្នឹងជក់ម៉ា ថាព្រះសង្ឃហ្នឹងអត់គ្រប់លក្ខណៈ អត់ត្រឹមត្រូវអីចឹង តុលាការគេកំពុងតែបន្តនីតិវិធី។ កន្លងមកគេបំផ្លាញផលដំណាំ ស្វាយ ចេក ខ្នុរ និងបំពេញរាជ្យ គាត់បំផ្លាញច្រើនណាស់»។
អាស៊ីសេរីបានទាក់ទង លោកស្រី ហ៊ឹម សុវណ្ណរី ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ តែទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១៩ មិថុនា។
ចំណែអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា ជម្លោះដីធ្លីនៅវត្តអូរដំរី ភាគីជម្លោះសុទ្ធតែអះអាងថា ខ្លួនជាម្ចាស់ដី ថែមទាំងមានប័ណ្ណកម្មសិទ្ធិដីធ្លីទៀតផង។ លោកថា រដ្ឋបាលខេត្ត បានចាត់ឱ្យអភិបាលរងខេត្តម្នាក់ សិក្សា និងរកឯកសារផ្សេងៗ ដើម្បីធ្វើការដោះស្រាយ។ លោកបញ្ជាក់ថា បច្ចុប្បន្នសំណុំរឿងនេះ កំពុងឋិតក្នុងកណ្ដាប់ដៃរបស់តុលាការ ព្រោះភាគីម្ខាងៗ សុទ្ធតែមានប្លង់កម្មសិទ្ធិ ឬប្លង់រឹង៖ «ពាក់ព័ន្ធព្រះសង្ឃ និងពលរដ្ឋមួយចំនួនទៀតដែរករណីដីវត្តហ្នឹង រដ្ឋបាលខេត្តយើងបានចាត់អភិបាលរងខេត្តមួយរូប ដើម្បីធ្វើការសិក្សាករណីហ្នឹងហើយ លោកកំពុងធ្វើការសិក្សាហើយ ធ្វើការឯកសារពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយ»។
អ្នកនាំពាក្យសាលាដំបូង ខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង បដិសេធមិនបំភ្លឺករណីនេះទេ ដោយលោកទាមទារឱ្យមានព័ត៌មានជាក់លាក់ និងប្រភពដើមបណ្ដឹងឱ្យច្បាស់លាស់សិន៖ «អត់ជាក់លាក់ទេ ខ្ញុំពិបាកបំភ្លឺជូនហើយឥឡូវខ្ញុំកំពុងនៅសិក្ខាសាលានៅភ្នំពេញ»។
វត្តអូរដំរី ឋិតនៅក្រុម ៥ ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ពលរដ្ឋថា មុនឆ្នាំ២០០០ មានពុទ្ធបរិស័ទ ១៤៩គ្រួសារ បានមូលមតិគ្នា ប្រគល់ដី ៥ហិកតារ ជាសម្បត្តិរួម ដើម្បីកសាងវត្តអារាម ហើយកាលពី ឆ្នាំ២០០៩ អ្នកភូមិបានដាក់ពាក្យស្នើសុំឱ្យព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តនេះ។ មកទល់ពេលនេះ ដីវត្តអូរដំរី ដែលនៅសល់តែជាង ១ហិកតារប៉ុណ្ណោះ កំពុងទទួលរងការប៉ុនប៉ងរំលោភយកទាំងមូល ពីសំណាក់បុគ្គលមានអំណាច ដោយសារតែទីផ្សារដីឡើងថ្លៃខ្ពស់។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី មានប្រសាសន៍ថា ជម្លោះដីធ្លីនេះមានភាពស្មុគស្មាញច្រើន ដោយសារមានបុគ្គលមានអំណាចយ៉ាងហោចណាស់ ៣នាក់ សុទ្ធតែអះអាងថា ដីវត្តអូរដំរី ជាដីកម្មសិទ្ធិរបស់ខ្លួន ថែមទាំងមានប្លង់កម្មសិទ្ធិទៀតផង។ អ្នកស្រីចាត់ទុក ការចេញប័ណ្ណកម្មសិទ្ធិ ត្រួតស៊ីគ្នាលើដីវត្តអូរដំរីនេះអាចមានភាពមិនប្រក្រតីច្រើន ដែលទាមទារឱ្យស៊ើបអង្កេតឱ្យស៊ីជម្រៅដោយយុត្តិធម៌៖ «មានភាពមិនប្រក្រតីហ្នឹងហើយ បានដោះស្រាយអត់ចេញ ម្នាក់ៗ សុទ្ធតែមានអ្នកធំនៅពីក្រោយ។ នៅពេលដែលមានទំនាស់ភាគីអ្នកចង់ឈ្នះ ពឹងអ្នកធំពីមួយទៅមួយ។ អ្នកនេះអ្នកនោះ ចេញមុខអន្តរាគមន៍ មានតែពលរដ្ឋទេ ដែលអត់មានអ្នកធំណាជួយគាត់តស៊ូមតិតែគ្នាគាត់»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្ថែមថា អាជ្ញាធរមូលដ្ឋានខ្លះអះអាងថា វត្តអូរដំរី ឋិតក្នុងរដ្ឋបាលសង្កាត់១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ហើយខ្លួនបានចេញប័ណ្ណកម្មសិទ្ធិឱ្យដីវត្តនេះ ឋិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែធាតុពិតវត្តអូរដំរី ឋិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលជាហេតុធ្វើឱ្យកើតមានជម្លោះ រហូតបណ្ដេញលោកចេញពីវត្ត។ លោកស្រីថា អ្នកដែលអាចស្រាយចម្ងល់នេះបាន មានតែមន្ត្រីសុរិយោដី ដែលចេញប័ណ្ណកម្មសិទ្ធិឱ្យបុគ្គលមួយចំនួន ប៉ះចំវត្តអូរដំរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។