តំណាងជនជាតិដើមភាគតិចព្នង ១០២គ្រួសារ ប្ដឹងមន្ត្រីយោធាផ្កាយពីរម្នាក់ ទៅតុលាការខេត្តមណ្ឌលគិរីពាក់ព័ន្ធនឹងការយកគ្រឿងចក្រឈូសឆាយដីស្រែចម្ការរបស់អ្នកភូមិ និងប្រើហិង្សាលើពលរដ្ឋម្នាក់។ អ្នកភូមិចោទថា មន្ត្រីយោធា ឈ្មោះ អ៊ុំ ណាគ្រី បានឃុបឃិតជាមួយ អភិបាលស្រុកអូររាំង លោក សៀក មុនី រំលោភយកដីសមូហភាពរបស់ពួកគាត់ជាង ១០០ហិកតារ។
ជនជាតិដើមភាគតិចព្នងម្នាក់តំណាងឱ្យពលរដ្ឋ ១០២គ្រួសារ រស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង អំពាវនាវឱ្យតំណាងអយ្យការខេត្តមណ្ឌលគិរី ស្រាយសំណុំរឿងព្រហ្មទណ្ឌរបស់ពួកគាត់ ដោយយុត្តិធម៌ ដើម្បីសង្គ្រោះព្រៃឈើធនធានធម្មជាតិ និងដីសមូហភាព។
តំណាងពលរដ្ឋលោកស្រី ផូន ស្រូន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ វិច្ឆិកាថា លោកស្រីបានដាក់ពាក្យបណ្ដឹងទៅស្ថាប័នអយ្យការរួចហើយ តែមន្ត្រីតុលាការនៅមិនទាន់កោះហៅលោក អ៊ុំ ណាគ្រី មកបំភ្លឺនៅឡើយទេ។ លោកស្រីថា អ្នកភូមិមានភស្តុតាងច្បាស់លាស់ ដែលបង្ហាញថា មន្ត្រីយោធាម្នាក់នេះ បានហ៊ុមព័ទ្ធរបង និងសង់ផ្ទះ ដើម្បីរំលោភយកដីសមូហភាព របស់អ្នកភូមិជាង ១០០ហិកតារជាបន្តបន្ទាប់នៅរយៈពេល ២ខែចុងក្រោយនេះ។ លោកស្រីបន្ថែមថា កន្លងទៅមន្ត្រីយោធារូបនេះ បានប្រើហិង្សាមកលើលោកស្រី ដើម្បីគំរាមមិនឱ្យថតរូប ពីសកម្មភាពបោះរបងរំលោភយកដីសមូហភាព៖ «ខាងគាត់ទាំងអស់ មន្ត្រីសុរិយោដី អាជ្ញាធរ មេឃុំ អត់ដោះស្រាយឱ្យពលរដ្ឋទេ។ តែពួកគាត់មក ដោះស្រាយឱ្យខាង អ៊ុំ ណាគ្រី គ្នាគាត់ទាំងអស់។ គាត់ ( អ៊ុំ ណាគ្រី ) មានទាំងប៉ូលិស មានតាំង ប៉េអិម ជួយការពារខាងហ្នឹងទាំងអស់។ តែខាងពលរដ្ឋគេអត់ស្ដាប់ផង»។
កាលពីសប្ដាហ៍មុនអ្នកភូមិជិត ១០០នាក់ បានលើកគ្នាតវ៉ាជាង ២០ថ្ងៃជាប់គ្នា ដើម្បីទាមទារដីសមូហភាពជាង ១០០ហិកតារ ដែលអ្នកមានអំណាចហ៊ុមព័ទ្ធរបងយកដី។ អ្នកភូមិចោទអភិបាលស្រុកអូររាំង លោក សៀក មុនី ថា បានឃុបឃិតជាមួយឈ្មួយ រំលោភយកដីសមូហភាពទាំងនោះ។ លើសពីនេះ លោក សៀក មុនី និងមន្ត្រីយោធា ផ្កាយពីរ លោក ណាគ្រី បានលបបោះបង្គោលរបងទាំងយប់ និងសង់រោងរំលោភយកដីសមូហភាពជាង ១០០ហិកតារ នៅចំណុចអូរទេ និងតំបន់ភ្នំរន្ទះ ដើម្បីធ្វើជាកម្មសិទ្ធិឯកជន។
រីឯជនជាតិដើមភាគតិចម្នាក់ទៀត លោក ភូ សិលា ឱ្យដឹងថា អ្នកភូមិជិត ១០០នាក់ នៅតែបន្តដាក់វេនគ្នាតវ៉ា និងដេកយាមដីជាង ៣០ថ្ងៃមកហើយ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយតែគ្មានបានផលនោះឡើយ។ លោកថា បច្ចុប្បន្នមន្ត្រីយោធារូបនេះ និង អភិបាលស្រុកអូររាំង នៅតែបន្តបោះបង្គោលរបងនៅលើដីមានជម្លោះនោះ បើទោះបីជាក្រុមពលរដ្ឋបានស្រែកតវ៉ាក្ដី។
លោកថា អាជ្ញាធរស្រុក និងខេត្តនេះមិនបានដោះស្រាយក្ដីកង្វល់របស់អ្នកភូមិនោះទេ ហើយពួកលោក នឹងដាក់ញត្តិទៅក្រសួងមហាផ្ទៃ នៅពេលឆាប់ៗ នេះ៖ «គាត់ប្រុងយកដីហ្នឹង គាត់រួមដៃគ្នាឈូសឆាយហើយ ឥលូវហ្នឹងគាត់ចាប់ផ្ដើមបោះបង្គោល ហើយគាត់ ( សៀក មុនី ) អត់ចេញមុខទេ ឱ្យតំណាងអ្នកបោះបង្គោលគឺបូរី។ ខ្ញុំយល់ឃើញថា ពិបាកដែរគេអត់ជួយដោះស្រាយឱ្យពួកខ្ញុំ មានអារម្មណ៍ថា សោកស្ដាយចំពោះអាជ្ញាធរ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ ពីអភិបាលស្រុកអូររាំង លោក សៀក មុនី បាននៅឡើយទេ តាំងពីថ្ងៃទី២២ ២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ ចំណែកលោក អ៊ុំ ណាគ្រី ដែលពលរដ្ឋចោទថា មកបោះបង្គោលរបងរំលោភយកដី សមូហភាពរបស់ពួកគាត់ ក៏មិនទាន់អាចទាក់បានដែរ។
រីឯអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក ស៊ន សារ៉ុម អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា និងអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ក៏មិនអាចទាក់ទងបានដែរ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកការរំលោភយកដីសមូហភាព ដែលជាទ្រព្យសាធារណៈរបស់រដ្ឋជាអំពើល្មើសច្បាប់ ដែលទាមទារឱ្យស្ថាប័នអយ្យការ និងអាជ្ញាធរដោះស្រាយជាបន្ទាន់។ លោកថា អាជ្ញាធរដែលឃុបឃិតជាមួយឈ្មួញរំលោភទ្រព្យសម្បត្តិរបស់រដ្ឋ ក៏ត្រូវមានទោសដែរ៖ «ដីសមូហភាពដែលសហគមន៍ជនជាតិដើមភាគតិច លោកប្រើប្រាស់មានសិទ្ធិត្រឹមតែអាស្រ័យផល មិនទាន់មានប័ណ្ណកម្មសិទ្ធិ មានភាពងាយស្រួលដល់អ្នកមានអំណាចរំលោភយក។ តំណាងអយ្យការត្រូវតែបញ្ជាឱ្យ មន្ត្រីនគរបាលយុត្តិធម៌ខាងធនធានធម្មជាតិ ព្រៃឈើត្រូវតែបង្ក្រាប ក៏សាងសំណុំរឿងមកតុលាការ ដើម្បីផ្ដន្ទាទោស»។
អ្នកភូមិឱ្យដឹងថា ដីសមូហភាពទំហំជាង ១០០ហិកតារ ដែលមន្ត្រីយោធាផ្កាយពីរ លោក ណាគ្រី និង អភិបាលស្រុកអូររាំងលោក សៀក មុនី ព័ទ្ធរបងរំលោភយក ដោយតំបន់ខ្លះមានព្រៃកប់សព ព្រៃអារក្ស កន្លែងឃ្វាលគោក្របី និងមានចម្ការរបស់អ្នកភូមិជាច្រើនគ្រួសារ។
ជនជាតិដើមព្នងចាត់ទុកដីនៅតំបន់នោះ ជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលពលរដ្ឋជាច្រើនគ្រួសារដាំដុះចិញ្ចឹមជីវិតជាង ៣០ឆ្នាំមកហើយ ប្រសិនបើបាត់បង់នឹងប៉ះពាល់ជីវភាពពួកគាត់ធ្ងន់ធ្ងរ។ តំណាងពលរដ្ឋ លោកស្រី ផូន ស្រូន បានបញ្ជាក់ក្នុងពាក្យបណ្ដឹងថា មន្ត្រីយោធាផ្កាយពីរ លោក ណាគ្រី តែងតែដើរធ្វើប្លង់រឹងពាសពេញព្រៃ ដើម្បីរំលោភយកដីធ្វើជាកម្មសិទ្ធិ ប៉ះពាល់ស្រែចម្ការបែបប្រពៃណីរបស់ជនជាតិដើមភាគតិចព្នងជាច្រើនគ្រួសារ៕