ពលរដ្ឋជាង ២០០រយគ្រួសារខេត្តសៀមរាបខកចិត្តនឹងអាជ្ញាធរអប្សរា ដែលមិនដោះស្រាយវិវាទដីធ្លីនៅតំបន់រុនតាឯកជិត ២០ឆ្នាំមកហើយ
2022.11.11

ពលរដ្ឋជាង ២០០រយគ្រួសារ (២១០) រស់នៅខេត្តសៀមរាបខកចិត្តនឹងអាជ្ញាធរអប្សរា មិនអើពើដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃជូនពួកគាត់ជិត ២០ឆ្នាំមកហើយ ធ្វើឱ្យអ្នកភូមិលំបាកវេទនា ខ្វះខាតដីបង្កបង្កើនផលចិញ្ចឹមជីវិត។ អ្នកភូមិអះអាងថា ដីស្រែចម្ការកេរឪពុកម្តាយរបស់ពួកគាត់ ឋិតនៅតំបន់រុនតាឯក ត្រូវបានអាជ្ញាធរអប្សរាហ៊ុមព័ទ្ធហាមមិនឱ្យធ្វើស្រែ តាំងពីឆ្នាំ ២០០៥ ហើយមកទល់ពេលនេះ អាជ្ញាធរមិនផ្តល់សំណងអ្វីទាំងអស់។
អ្នកភូមិរស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង បង្ហាញពីភាពអយុត្តិធម៌ និងឈឺចាប់ក្នុងចិត្ត នៅគ្រាដែលអាជ្ញាធរអប្សរា ហាមពួកគាត់មិនឱ្យចូលទៅបង្កបង្កើនផលលើដី ស្រែកេរដូនតា ឋិតនៅតំបន់រុនតាឯក។
ពួកគាត់អះអាងថា មកទល់ពេលនេះ ជិត ២០ឆ្នាំមកហើយ ដែលអាជ្ញាធរអប្សរា បន្តពន្យារពេលមិនដោះស្រាយជម្លោះដីធ្លីនេះ ទាល់តែសោះ ធ្វើឱ្យពលរដ្ឋក្រីក្រលំបាកវេទនា គ្មានដីបង្កបង្កើនផលចិញ្ចឹមជីវិត។
តំណាងពលរដ្ឋ លោក សំ មុំ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ វិច្ឆិកា ថា នៅរយៈពេលជាង ២ ខែចុងក្រោយនេះ អ្នកភូមិជាង ១០០នាក់ បានដាក់ញត្តិ និងតវ៉ាជាច្រើនដង ស្នើឱ្យអាជ្ញាធរពន្លឿនផ្តល់ដំណោះស្រាយបញ្ហានេះ ប៉ុន្តែគ្មានបានផលឡើយ។
លោកថា គ្រួសារលោកមានដី ៣ ហិកតារដែលអាស្រ័យផល ៣ ជំនាន់មកហើយ មុនឆ្នាំ១៩៧៩ ត្រូវអាជ្ញាធរអប្សរាហ៊ុមព័ទ្ធហាមមិនឱ្យបង្កបង្កើនផល តាំងពីឆ្នាំ២០០៥ រហូតមក។ លោកបន្ថែមថា ជំហររបស់អ្នកភូមិចង់ឱ្យអាជ្ញាធរផ្តល់សំណងសមរម្យតាមតម្លៃទីផ្សារ ឬដោះដូរដីនៅទីតាំងផ្សេង ដើម្បីផ្តល់លទ្ធភាពឱ្យពួកលោក មានដីបង្កបង្កើនផលចិញ្ចឹមជីវិត។
លោក សំ មុំ៖ «ពលរដ្ឋចូលទៅដេញចាប់ ដើរមើលអាជ្ញាធរអប្សរាហ៊ុមព័ទ្ធការពារដីហ្នឹង។ ពលរដ្ឋគាត់ពិបាកធ្វើដែរ ពលរដ្ឋខ្លះគាត់លួចធ្វើនៅដីដែលគាត់លួចធ្វើ គេចាប់គោយន្តគាត់»។
ចាប់តាំងពីដើមខែតុលា មកទល់ពេលនេះ អ្នកភូមិជាង ១០០ នាក់ បានលើកគ្នាតវ៉ា និងដាក់ញត្តិជាច្រើនដង នៅសាលាឃុំបល្ល័ង្គ សាលាស្រុកប្រាសាទបាគង និងអាជ្ញាធរខេត្តសៀមរាប ដើម្បីទាមទារឱ្យអាជ្ញាធរអប្សរា ដោះស្រាយជម្លោះដីធ្លីទំហំ ១៦០ ហិកតារជូនពួកគាត់ នៅតំបន់រុនតាឯក។ អ្នកភូមិទាំងនោះបានលើកបដា សំណូមពរឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍រឿងនេះដោយយុត្តិធម៌។
តំណាងពលរដ្ឋ លោក សំ មុំ បន្ថែមថា កន្លងទៅអាជ្ញាធរអប្សរា បានឃាត់ចាប់គោយន្តពលរដ្ឋមួយគ្រឿង ដែលកំពុងព្យួរស្រែលើដីមានជម្លោះនោះ ដោយបញ្ជូនទៅរក្សាទុកនៅសាលាស្រុក ហើយអាជ្ញាធរតម្រូវឱ្យពលរដ្ឋ ត្រូវបង់លុយ ៥០០ដុល្លារ ជាថ្នូរលោះយកគោយន្តត្រឡប់មកវិញ។
លោកថា វាជារឿងអយុត្តិធម៌ ដែលអាជ្ញាធរអប្បរា រំលោភយកដីពួកគាត់ទាំងស្រុង ដើម្បីបែងចែកឱ្យពលរដ្ឋផ្សេង ដោយមិនផ្តល់សំណង។
លោក សំ មុំ៖ «ដីហ្នឹង បើគិតទៅ ដីហ្នឹងវាស្មើនឹង ៣ជំនាន់មកតាខ្ញុំចែកមក ពុកមួយជំនាន់។ វាជួបបញ្ហាលំបាក ដែលពលរដ្ឋជម្លៀសពីភូមិខ្លួនឯង»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល បកស្រាយថា ករណីពលរដ្ឋទាំងនេះ គឺជាថ្មីរឿងមួយដែលទើបតែបង្កើតឡើងប៉ុណ្ណោះ ដោយសារតែពេលនេះ តំបន់រុនតាឯក មានការរៀបចំអភិវឌ្ឍន៍ល្អប្រសើរ។ លោកបដិសេធឆ្លើយសំណួរផ្សេងទៀត ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរពុំមានដំណោះស្រាយករណីនេះជូនពលរដ្ឋឡើយ៖
«វាជារឿងមួយដែលទើបតែបង្កើតថ្មី វាកើតឡើងដោយមានការអភិវឌ្ឍទីកន្លែងហ្នឹង ពីមុនមកអត់មានរឿងហ្នឹងទេ យើងពុំមានដំណោះស្រាយជូនទេ»។
មន្ត្រីសង្គមស៊ីវិល ដែលចុះអង្កេតជម្លោះដីធ្លីនេះចាត់ទុក ការលើកឡើងរបស់អ្នកនាំពាក្យអាជ្ញាធរអប្សរារូបនេះ ជាលេសឆ្លើយដោះសាប៉ុណ្ណោះ។ បន្ថែមពីនេះ អ្នកភូមិទាំងនោះ មានដីកសិកម្មនៅតំបន់នោះជាយូរមកហើយ ដោយមានរោងចាំចម្ការ ប៉ុន្តែអាជ្ញាធរអប្សរា បានយកកម្លាំងយាមល្បាតមិនឱ្យអ្នកភូមិអាស្រ័យផល លើដីស្រែចម្ការរបស់ពួកគាត់តាំងពីឆ្នាំ២០០៥។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត យល់ថា ក្រសួងដែនដី អាជ្ញាធរអប្សរា និងអាជ្ញាធរពាក់ព័ន្ធគួរតែ ចុះដោះស្រាយករណីនេះ ជាមួយពលរដ្ឋដោយស្មោះត្រង់ និងសន្តិវិធី ចៀសវាងចោទអ្នកភូមិថា ទើបតែបង្កើតបញ្ហាថ្មី ដោយខ្វះភាពស្មោះត្រង់ និងថ្លៃថ្នូរ៖
លោក វណ្ណ សុផាត៖ «គួរតែមានដំណោះស្រាយអី ដែលគាត់ទទួលយកបាន គាត់ទទួលយកបានវាចប់ហើយរឿងហ្នឹង។ បើនៅតែរ៉ាំរៃហ្នឹង ហើយចេះតែចោទគាត់ផ្ដេសផ្ដាស វាអត់ថ្លៃថ្នូរធ្វើឱ្យការអភិវឌ្ឍផ្សេងទៀត ពាក់ព័ន្ធរំលោភសិទ្ធិពលរដ្ឋ អត់ធ្វើឱ្យកិត្តិនាមល្អទេ»។
អ្នកភូមិថា ក្រោយពីពួកគាត់ខកខានធ្វើស្រែចម្ការលើដីនៅតំបន់រុនតាឯក ជាង ១៧ឆ្នាំ កន្លងមក ដីស្រែនៅតំបន់នោះសរុប ១៦០ហិកតារ ដុះព្រៃរេចរឹល និងដើមឈើធំៗ ស្ទើរក្លាយជាព្រៃរបោះ ហើយមានផ្នែកខ្លះទៀតត្រូវអាជ្ញាធរយកគ្រឿងចក្រឈូសឆាយ។
រដ្ឋាភិបាលកំពុងឈូសឆាយ កសាងហេដ្ឋារចនាសម្ព័ន្ធ លើផ្ទៃដីជាង ១ ពាន់ ២រយហិកតារ (១.១១២) ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯក ជាដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនពលរដ្ឋដែលកំពុងរស់នៅមិនស្របច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យទៅនៅតំបន់នោះ។
គម្រោងអភិវឌ្ឍន៍នេះ មានពលរដ្ឋជាច្រើនគ្រួសាររងផលប៉ះពាល់កំពុងកើតទុក្ខមិនសុខចិត្តចំពោះយន្តការដោះស្រាយ ផលប៉ះពាល់ដីស្រែចម្ការ របស់អាជ្ញាធរអប្សរាថា អយុត្តិធម៌ និងខ្វះតម្លាភាព។ អ្នកភូមិខ្លះ បានបង្ខំចិត្តទទួលយកគោលនយោបាយសំណងដោះដូរដីដោយសារតែខ្លាចអាជ្ញាធរដកហូតដីពួកគាត់ទៅទទេៗ គ្មានសំណងអ្វីទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។