អាជ្ញាធររារាំងប្រជាពលរដ្ឋរស់នៅតាមផ្លូវរថភ្លើង មិនឲ្យដាក់បដាសំណូមពរអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បដារបស់ប្រជាពលរដ្ឋ គឺចង់អរគុណនាយករដ្ឋមន្ត្រីដែលបានសម្រេចលុបគម្រោងផ្លូវរថភ្លើងល្បឿនលឿន និងចង់អំពាវនាវឲ្យលោក ហ៊ុន សែន ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី។ ការរារាំងនេះគឺស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣០ ខែមេសា ធ្វើដំណើរទៅខេត្តព្រះសីហនុ តាមរថភ្លើងជាលើកដំបូង បន្ទាប់ប្រកាសសម្ពោធ។
ប្រជាពលរដ្ឋព្រួយបារម្ភថា រដ្ឋាភិបាលអាចអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើង ក្រោយការបោះឆ្នោត។
កម្លាំងសមត្ថកិច្ចអាជ្ញាធរ ប៉ូលិសសង្កាត់ ខណ្ឌ ដកហូតយកបដារបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមមធ្យោបាយផ្លូវដែក។ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវដែកទាំងនេះ អំពាវនាវលោកនាយករដ្ឋមន្ត្រី ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់។ ក្រៅពីនេះ ប្រជាពលរដ្ឋក៏ចង់បង្ហាញការថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលុបចោលគម្រោងផ្លូវរថភ្លើងល្បឿនលឿន។
ប្រជាពលរដ្ឋមួយរូបដែលត្រូវបានអាជ្ញាធរហាមឃាត់ លោកស្រី ទិត្យ ស៊ាប បានរៀបរាប់ពីសកម្មភាពរបស់អាជ្ញាធរពេលចុះមករឹបអូសបដា៖ « មានអាជ្ញាធរទៅរារាំងពួកខ្ញុំមិនឲ្យលើកបដាទេ ហើយចៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក គាត់ចូលទៅដកបដាខ្ញុំដល់ក្នុងផ្ទះ ហើយគាត់សួរខ្ញុំថា មានបដាអ្វីខ្លះ ? ខ្ញុំថាអត់មានអីទេ មានតែបដាថ្លែងអំណរគុណដល់សម្ដេច។ គាត់ថា មិនបាច់លើកទេ។ ខ្ញុំសុំប្លង់កម្មសិទ្ធិដីធ្លី ក្រែងលោសម្ដេចគាត់អត់ដឹង។ គាត់ថាមិនបាច់លើកទេ បើគេប្រុងដេញយើង គេដេញហើយ បើមិនចឹងទេ គេមិនបញ្ឈប់ផ្លូវរថភ្លើងល្បឿនលឿនហ្នឹងទេ »។
លោកស្រី អ៊ុក គន្ធី ដែលជាប្រជាពលរដ្ឋគ្រោងយកបដាដាក់បង្ហាញលោកនាយករដ្ឋមន្ត្រី បានហៅសកម្មភាពរបស់អាជ្ញាធរថា ជាការរឹតត្បិតសេរីភាពពលរដ្ឋ។ លោកស្រីបន្ថែមថា ក្រៅពីដកហូតបដារបស់ពលរដ្ឋ អាជ្ញាធរបានស្នើឲ្យពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ផ្អាកការលក់ដូរបណ្ដោះអាសន្ន ដើម្បីរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវរថភ្លើង មានរបៀបរៀបរយសម្រាប់បង្ហាញនាយករដ្ឋមន្ត្រី៖ « ខ្ញុំយល់ឃើញថា ដូចមិនល្អដែរ រាំងរាកន្លែងហ្នឹង។ ពួកខ្ញុំគ្រាន់តែលើក មិនទៅប្រឆាំងអី។ ពួកខ្ញុំអត់ប្រឆាំងទេ តែត្រង់ហ្នឹងម្ដេចពួកគាត់មិនបើកសិទ្ធិឲ្យពួកខ្ញុំទូលំទូលាយផង »។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យដឹងពីគម្រោងកាលពីខែមករា ហើយសម្រេចលុបចោលវិញ នៅដើមខែមេសា បន្ទាប់ពីពលរដ្ឋចេញតវ៉ានឹងគម្រោងជាច្រើនដង នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ពលរដ្ឋព្រួយបារម្ភថា គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីចំណតរថភ្លើងចាស់ (រ៉ារទេះភ្លើង) ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងធ្វើឲ្យធ្វើគាត់បាត់បង់លំនៅឋាន ដោយត្រូវបង្ខំចេញទៅរស់នៅតំបន់ឆ្ងាយ។ ការរស់នៅតំបន់ឆ្ងាយនេះ ពលរដ្ឋយល់ថា កូនចៅពួកគាត់នឹងបាត់បង់ឱកាសរៀនសូត្រ ខ្វះខាតសេវាសុខភាព និងពិបាកប្រកបរបរចិញ្ចឹមជីវិត។
ពលរដ្ឋម្នាក់ទៀត លោក នាង ផានិត ថ្លែងថា លោកនៅមិនទាន់ទុកចិត្តសម្ដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសលុបចោលគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន៖ « ពេលសម្ដេចសម្រេចលុបគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ពួកខ្ញុំសប្បាយចិត្តដែរ តែព្រួយបារម្ភខ្លាចបោះឆ្នោតហើយ ( មុនបោះឆ្នោតគាត់និយាយចឹង ) ដូចបឹងកក់។ ដូចម្តេច ? ដល់ពេលបោះឆ្នោតហើយ គាត់ធ្វើការរុះរើដេញប្រជាពលរដ្ឋពួកខ្ញុំ »។
ក្រោយពីការប្រកាសគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ប្រជាសហគមន៍រស់នៅតាមបណ្ដោយផ្លូវរថភ្លើង ចង់ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន បើកវេទិកាសាធារណៈ ដើម្បីផ្ដល់ឱកាសឲ្យពួកគេសួរដេញដោលឲ្យបានច្បាស់។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីដើមខែមេសា ថា មិនចាំបាច់ធ្វើវេទិកាសាធារណៈទេ ដោយសារគម្រោងនេះត្រូវលុបចោលហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។