ពលរដ្ឋ​បង្ខំចិត្ត​ចាក​ចេញ​ពី​តំបន់​អង្គរ ប្រឈម​នឹង​ជីវភាព​ខ្វះខាត និង​បាត់បង់​មុខរបរ

ដោយ យ៉ង ចាន់តារា
2023.06.03
ពលរដ្ឋ​បង្ខំចិត្ត​ចាក​ចេញ​ពី​តំបន់​អង្គរ ប្រឈម​នឹង​ជីវភាព​ខ្វះខាត និង​បាត់បង់​មុខរបរ អ្នកភូមិ​​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប តវ៉ា​ការ​ឈូស​ឆាយ​ដី ដែល​ពួកគាត់អះអាង​ថា ជា​ដី​របស់​ពួក​គាត់។
Photo Provided

ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ​ដោយ​បង្ខំ ក្រោម​រូបភាព​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល​បាន​ក្លាយ​ជា​ប្រធាន​បទ​រសើប​មួយ ឆ្លុះបញ្ចាំង​ពី​ភាព​កម្សោយ របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប​ដែល​មិន​បាន​យកចិត្តទុកដាក់ អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​តាំង​ពី​ដំបូង​ឡើយ។ ពលរដ្ឋ​មួយ​ចំនួន ដែល​ទើបតែ​រុះរើ​លំនៅឋាន​ពី​តំបន់​អង្គរ​ទៅ​តាំងទី​លំនៅ​ថ្មី ក្នុង​តំបន់​រុនតាឯក កំពុង​ប្រឈម​ជីវភាព​ខ្វះខាត និង​បាត់បង់​មុខរបរ​រក​ប្រាក់​ចំណូល​ប្រចាំថ្ងៃ។

ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​រស់នៅ​តំបន់​អប្សរា ក្នុង​ក្រុង​សៀមរាប ស្រុក​អង្គរធំ ស្រុក​បន្ទាយស្រី និង​ពលរដ្ឋ​មួយ​ចំនួន រស់នៅ​ស្រុក​ប្រាសាទបាគង​បាន​បង្ខំចិត្ត​រុះរើ​ផ្ទះសម្បែង​ចេញ​ពី​តំបន់​ឧទ្យាន​អង្គរ​ជា​បន្ត​បន្ទាប់​ហើយ ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០២២ រហូត​មក។ ការ​ផ្លាស់ប្ដូរ​ទីលំនៅ​នេះ ដោយសារ​ពួកគាត់​គ្មាន​ជម្រើស​និង​ភ័យខ្លាច​រដ្ឋាភិបាល​បណ្តេញ​ចេញ​ដោយ​បង្ខំ ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់។

រីឯ​ពលរដ្ឋ​ជិត ១០០​គ្រួសារ​ទៀត ដែល​អាជ្ញាធរ​ជាតិ​អប្សរា រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពួកគាត់ ដើម្បី​ចែក​ជូន ពលរដ្ឋ​នៅ​តំបន់​អង្គរ ក៏​កំពុង​រង់ចាំ​ដំណោះស្រាយ ពី​អាជ្ញាធរ​ខេត្ត​សៀមរាប​ជិត ២០ ឆ្នាំ​មក​ហើយ​ដែរ។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្នាសង្គ្រាម ឃុំ​បល្ល័ង្គ ស្រុក​ប្រាសាទបាគង លោកស្រី លួន វ៉ាន់ វ័យ ៦០​ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ្រួសារ​លោកស្រី មាន​ដី ៤​ហិកតារ​កន្លះ​ជា​ដី​កេរ​ឪពុកម្ដាយ កាន់កាប់​ច្រើន​ជំនាន់​មក​ហើយ មុន​ឆ្នាំ​១៩៧៩ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​អប្សរា​ហាមឃាត់​មិន​ឱ្យ​ដាំ​ដុះ​បង្ក​បង្កើន​ផល​តាំងពី​ឆ្នាំ​២០០៥។

លោកស្រី​ថា ពេល​នេះ​ជិត ២០​ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ​ពន្យារ​ពេល​មិន​ដោះស្រាយ​បញ្ហា​នេះ ជូន​គ្រួសារ​លោកស្រី ធ្វើ​ឱ្យ​លោកស្រី​លំបាក​វេទនា ខ្វះខាត​ដី​ធ្វើ​កសិកម្ម កូនៗ​បោះបង់​ការ​សិក្សា និង ចំណាកស្រុក​។ លោកស្រី​បន្ថែម​ថា ពេល​នេះ​អាជ្ញាធរ​បាន​យក​ដីស្រែ​ចម្ការ កេរ​ដូនតា របស់​លោក​ស្រី ពុះ​ជា​ដី​ឡូត៍ ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ចែក​ជូន​ពលរដ្ឋ​នៅ​តំបន់​អង្គរ​ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់។

លោកស្រី លួន វ៉ាន់៖ «ខ្ញុំ​ដើរ​តវ៉ា​រាល់ថ្ងៃ​ហ្នឹង​ឱ្យ​គេ​មាន​ដំណោះស្រាយ បាន​ដីធ្លី ហូប​ចុក​គ្រប់គ្រាន់​វិញ។ ខ្ញុំ​ពិបាក​វេទនា ណាមួយ​អត់​លុយ គេ​មិន​មាន​ដី​ឱ្យ​ពលរដ្ឋ​ទេ បើ​ដី​គេ​ហ៊ុមព័ទ្ធ​អស់ហើយ»

ពលរដ្ឋ​មួយ​រូប​ទៀត​រស់នៅ​ភូមិ​ទក្សិណត្បូង សង្កាត់​គោកចក លោក វេត សាវុត ឱ្យ​ដឹង​ថា គ្រួសារ​លោក​បាន​រុះរើ​ផ្ទះសម្បែង នៅ​តំបន់​អង្គរ​អស់ហើយ​និង​ត្រៀម​សង់ផ្ទះ​នៅ​ទីតាំង​ដី​ឡូត៍ ដែល​អាជ្ញាធរ​គ្រោង​ផ្តល់​ឱ្យ​ទំហំ​ក្បាល ២០​ម៉ែត្រ បណ្តោយ ៣០​ម៉ែត្រ។ លោក​ថា ពេល​នេះ​ពួក​លោក​មិនទាន់​មាន​លទ្ធភាព​សង់​ផ្ទះ​នៅ​តំបន់​រុនតាឯក​ឡើយ ព្រោះ​ជីវភាព​ខ្វះខាត និង​បាត់បង់​មុខរបរ រក​ប្រាក់​ចំណូល​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ។

លោក វេត សាវុត បញ្ជាក់​ថា កាល​ពី​មិន​ទាន់​រុះរើ​ផ្ទះ​នៅ​តំបន់​អង្គរ គ្រួសារ​លោក​លក់​ដូរ​ម្ហូប​អាហារ ជូន​ភ្ញៀវ​ទេសចរ​អាច​រក​ប្រាក់​ចំណូល​សមរម្យ។

លោក វេត សាវុត៖ «ខ្ញុំ​បាន​រុះរើ​មុន​តាម​បងប្អូន ខាង​សុរិយោ​​ដី គេ​ប្រាប់​ថា មិន​អី​ទេ យើង​បាន​ប័ណ្ណ​ហើយ រុះរើ​មុន​ចុះ»

ពលរដ្ឋ​ម្នាក់​ទៀត ដែល​រុះរើ​ផ្ទះ​ពី​តំបន់​អង្គរ នៅ​តាំង​ទីលំនៅ​ថ្មី ក្នុង​តំបន់​រុនតាឯក គឺ​លោកស្រី ហួន ចិន្ថា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ្រួសារ​លោកស្រី​បាន​សង់​ផ្ទះថ្ម នៅ​តំបន់​រុន​តាឯក​រួច​ហើយ​។ លោកស្រី​ថា ជីវភាព​រស់នៅ​តំបន់​នេះ ស្ងប់ស្ងាត់ ងាយស្រួល​រស់នៅ ទេសភាព​ស្អាត​មាន​ប្រព័ន្ធ​ទឹក​ភ្លើង​ត្រឹមត្រូវ និង​សាលារៀន ក៏ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ គឺ​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​បន្តិច។ លោកស្រី​បញ្ជាក់​ថា ពេល​នេះ​មាន​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​អង្គរ​បាន​មក​តាំងទី​លំនៅ​តំបន់​រុនតាឯក រាប់ពាន់​គ្រួសារ​ហើយ។

លោកស្រី ហួន ចិន្ថា៖ «ងាយស្រួល​សាងសង់​ដែរ សាងសង់​នៅ​នេះ ត​យ៉ាក​វា​លំបាក ពេល​រស់​នៅ​នេះ សាងសង់​អ្វី​ក៏​បាន​ដែរ។ សាងសង់​នៅ​តំបន់​អង្គរ​លំបាក តែ​គ្រាន់​ឆ្ងាយ​ពី​ខេត្ត ភូមិ​/​ឃុំ​សុវត្ថិភាព​ល្អ​មាន​សន្តិសុខ​ត្រឹមត្រូវ»

សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​លេខ​៧០ ស្ដីពី​ការ​កំណត់​បទដ្ឋាន​ការ​ប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​សៀមរាប​-​អង្គរ ប្រការ​២ ចែងថា ពលរដ្ឋ​ដែល​មាន​លំនៅឋាន​រស់នៅ​យូរលង់​មក​ហើយ ឬ​មុន​ឆ្នាំ​១៩៩៣ មុន​ប្រាសាទ​អង្គរ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក អាច​បន្ត​រស់នៅ​តទៅ​ទៀត​បាន ដោយ​មិន​មាន​ការ​ដេញ​ឱ្យ​ចាក​ចេញពី​លំនៅឋាន​ឡើយ។

ក៏ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​តំបន់​អង្គរ យូរយារ​មក​ហើយ មុន​ឆ្នាំ ១៩៩៣ ឬ​មុន​ប្រាសាទ​អង្គរ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក បាន​ត្អូញត្អែរ​ថា អាជ្ញាធរ​អប្សរា​តែងតែ​ចុះ​មក​ដល់​ផ្ទះ​របស់​ពួកគាត់​ជា​ញឹកញាប់ ហើយ​ប្រាប់​ថា តើ​ព្រម​រុះរើ​ចេញ ឬ​មិន​ព្រម?

ពលរដ្ឋ​រស់នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក លោក សំ សាយ ថ្លែង​ថា អាជ្ញាធរ​បាន​និយាយ​លួងលោម​ពលរដ្ឋ ដោយ​សន្យា​ផ្តល់​ដី​ក្បាល ២០​ម៉ែត្រ បណ្តោយ ៣០ ម៉ែត្រ និង​ថវិកា​ជាង ១​លាន ៤​សែន​រៀល រួម​ទាំង​ប័ណ្ណ​ក្រីក្រ។

លោក​ឆ្ងល់​ថា ពលរដ្ឋ​រស់នៅ​មុន​ឆ្នាំ ១៩៩៣ អាជ្ញាធរ​អប្សរា​អនុញ្ញាត​ឱ្យ​រស់នៅ ក៏ប៉ុន្តែ​ហេតុអ្វី​បែរជា មក​ដាក់​សម្ពាធ​ឱ្យ​ពួក​លោក​ឯកភាព​ជម្លៀស​ចេញ​ពី​តំបន់​នោះ ខណៈ​ដែល​គ្រួសារ​របស់​លោក​បាន​មក​តាំង​ទី​លំនៅ ក្នុង​តំបន់​អង្គរ តាំងពី​ដូនតា​ជាច្រើន​ជំនាន់​មក​ហើយ។

លោក សំ សាយ៖ «ខ្ញុំ​ពី​ដូនតា គឺថា រស់នៅ​នេះ​សឹងតែ​សម័យ​អង្គរ​ហើយ​ដូនតា។ គេ​ឱ្យ​ចុះបញ្ជី គេ​ឱ្យ​ផ្តិត​មេដៃ​ឱ្យ​គេ​បង្ខំ​ចិត្ត​ទទួល​យក​ទេ ខ្ញុំ​នេះ»

កាលពី​ចុងខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ អង្គការ​លើកលែងទោស​អន្តរជាតិ​(Amnesty International ) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហាញ​ថា មនុស្ស​ជាច្រើន​ដែល​រស់នៅ​ជុំវិញ​តំបន់​អង្គរ​ត្រូវ​បាន​បង្ខិតបង្ខំ​ឱ្យ​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​តំបន់​រុនតាឯក ដែល​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ទឹក​ស្អាត។

ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​ថា គ្រួសារ​ដែល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​មិន​ត្រូវ​បាន​ផ្តល់​ការ​ពិគ្រោះ​យោបល់​ពិតប្រាកដ​ឡើយ ជាពិសេស ការ​ទទួល​បាន​ការ​ការពារ​ផ្លូវច្បាប់។ អង្គការ​អន្តរជាតិ​មួយ​នេះ​ចាត់ទុក​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។

នាយករង​នៃ​យុទ្ធនាការ​ប្រចាំ​តំបន់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ លោក មីង យូហា (Ming Yu Hah) បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ទង្វើ​ទាំងនេះ​គឺជា​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ទ្រង់ទ្រាយ​ធំ​ដោយ​បន្លំ​ជាជាង​ការ​ស្ម័គ្រចិត្ត​។ លោក​ថា មនុស្ស​ជាច្រើន​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាកចេញ​ដោយ​ការ​ស្ម័គ្រចិត្ត ដែល​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​របស់​ពួកគាត់​ភ័យខ្លាច ប្រសិនបើ​ពួកគេ​ជំទាស់​មិន​ព្រម​ចាកចេញ។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មានប្រសាសន៍​ថា អាជ្ញាធរ​កំពុង​ធ្វើ​កិច្ច​ការងារ​នេះ​ច្បាស់លាស់​ដោយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​រុនតាឯក កសាង​ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និង​មន្ទីរពេទ្យ​ជាដើម​ដើម្បី​ឱ្យ​ពលរដ្ឋ​រស់នៅ​មាន​ភាព​ងាយស្រួល ហើយ​ពលរដ្ឋ​ក៏​អាច​មាន​សិទ្ធិ​សាងសង់​លំនៅឋាន​ដោយ​សេរី។

លោក ឡុង កុសល៖ «បងប្អូន​យើង​បណ្តើរៗ ស្ម័គ្រចិត្ត​ចាកចេញ គាត់​រុះរើ​អនុញ្ញាត​ឱ្យ​ក្រុម​ការងារ​រុះរើ ជា​ប្រចាំ​ថ្ងៃ នៅតែ​បន្ត​ជា​ហូរហែ។ បងប្អូន​ពលរដ្ឋ​អញ្ជើញ​ស្ម័គ្រចិត្ត របស់​ពួកគាត់ ហើយ​យើង​ក៏​ត្រូវ​ធ្វើការ ដោយ​គោរព​តាម​សេចក្តី​សម្រេច​ចិត្ត របស់​ពួកគាត់​ដែរ។

កន្លង​ទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​ថា ប្រសិន​បើ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​ដី​ឡូត៍​នៅ​តំបន់​រុនតាឯក អាជ្ញាធរ​នឹង​បណ្ដេញ​ពួកគាត់​ចេញ​ដោយ​មិន​ផ្តល់​សំណង​អ្វី​ទាំងអស់។

លោក ហ៊ុន សែន៖ «ប៉ុន្តែ​​ដល់ពេល​វេលា​មួយ​មក​ហើយ មិនមែន​សុខចិត្ត​ឱ្យ​ប្រាសាទអង្គរវត្ត​ត្រូវ​គេ​ដកចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ ច្បាស់​ជា​អាច​ដក​គ្រួសារ​ហ្នឹង​ចេញ​ហើយ។ កុំ​ឃើញ​នាយករដ្ឋមន្ត្រី​និយាយ​ហើយ​គិត​ថា ថ្ងៃ​ក្រោយ​នឹង​អាច​តថ្លៃ​អាច​បាន​ច្រើន​ជាង​ហ្នឹង ដី​ធំ​ជាង​ហ្នឹង ដី​អ្នក​ទាំងអស់គ្នា​អត់​មាន​កម្មសិទ្ធិ»

ដោយសារ​ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ពលរដ្ឋ​ខ្លះ​បាន​ផ្តិត​មេដៃ ឯកភាព​ទទួល​គោល​នយោបាយ​របស់​អាជ្ញាធរ​អប្សរា ដោយ​បង្ខំចិត្ត​និង​ខ្លះទៀត​នៅ​ស្ទាក់ស្ទើរ ដោយសារ​ពួកគាត់​បាន​ខ្ចី​បុល​ធនាគារ​ជាច្រើន​ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ផ្ទះ ហើយ​ប្រសិនបើ​ពួកគាត់​រុះរើ​លំនៅឋាន ពួកគាត់​នឹង​ខាតបង់​ថវិកា​ជាច្រើន។

ចំណែក អាជ្ញាធរ​ជាតិ​អប្សរា ពលរដ្ឋ​រិះគន់​ថា តែងតែ​ទទួលផល​ប្រយោជន៍​ពី​អ្នកមាន​លុយ​មាន​អំណាច សង់​អគារ ក្នុង​បរិវេណ​អង្គរ ជា​បន្តបន្ទាប់​។ អ្នកភូមិ​ខ្លះ​ត្រូវ​បង់លុយ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ទើប​ពួកគាត់​អាច​សង់ផ្ទះ​នៅ​តំបន់​អង្គរ​បាន។

រដ្ឋាភិបាល​បាន​ឈូស​ឆាយ កសាង​ហេដ្ឋារចនាសម្ព័ន្ធ លើ​ផ្ទៃដី​ជាង ១​ពាន់ ២​រយ​ហិកតារ (.១១២) ដើម្បី​អភិវឌ្ឍន៍​តំបន់​រុន​តា​ឯក ជា​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យទៅ​នៅ​តំបន់​នោះ។

ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ ពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​ស្រុក​ប្រាសាទ​បាគង និង​ស្រុក​បន្ទាយស្រី ដែល​រង​ផល​ប៉ះពាល់ បាន​កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ពួកគាត់​ថា អយុត្តិធម៌ និង​ខ្វះ​តម្លាភាព។

កន្លងទៅ ពលរដ្ឋ​ជិត​១០០​នាក់ រស់នៅ​ភូមិ​ស្នា​សង្គ្រាម ឃុំ​បល្ល័ង្គ ស្រុក​ប្រាសាទ​បាគង បន្ត​លើក​គ្នា​តវ៉ា​ជាច្រើន​ដង ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់ ដែល​អូស​បន្លាយ​ពេល​ជិត ២០​ឆ្នាំ​មក​ហើយ។

ក្នុងចំណោម​ពលរដ្ឋ ២១០​គ្រួសារ មាន​ពលរដ្ឋ ៧៣​គ្រួសារ​បន្ត​តស៊ូ​ក្រាញ​ននៀល ទាមទារ​ដំណោះស្រាយ ដោយសារ​ពួកគាត់​មិនទាន់​ទទួល​បាន​សំណង​អ្វី​ទាំងអស់​។ ពលរដ្ឋ​ទាំងនោះ បាត់បង់​ដីស្រែ​កេរ​ដូនតា ចន្លោះ ១​ហិកតារ ដល់ ជាង ១០​ហិកតារ ដែល​អាជ្ញាធរ​បាន​យក​ដី​ពួកគាត់​នៅ​តំបន់​រុនតាឯក ដើម្បី​ពុះ​ឡូត៍ ធ្វើជា​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ពលរដ្ឋ ដែក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំបន់​អង្គរ។

រីឯ​ពលរដ្ឋ​ខ្លះទៀត ពួកគាត់​បាន​ឯកភាព​ទទួលយក​ដំណោះស្រាយ​ពី​អាជ្ញាធរ​អប្សរា​ទាំង​បង្ខំចិត្ត ព្រោះតែ​គ្មាន​ជម្រើស និង​ធុញទ្រាន់ ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជិត ២០​ឆ្នាំ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។