អ្នកភូមិ​ខេត្ត​មណ្ឌលគិរី​ថា​លោក​ ​ស​ ថេ​ត​ ​និង​លោក​ ​គឹម​ ​រស្មី​ ​ពាក់ព័ន្ធ​ទិញ​ដី​ភ្នំ​របស់​រដ្ឋ​ខុសច្បាប់​

ដោយ ហេង រស្មី
2021-03-19
Share
អ្នកភូមិ​ខេត្ត​មណ្ឌលគិរី​ថា​លោក​ ​ស​ ថេ​ត​ ​និង​លោក​ ​គឹម​ ​រស្មី​ ​ពាក់ព័ន្ធ​ទិញ​ដី​ភ្នំ​របស់​រដ្ឋ​ខុសច្បាប់​ (ឆ្វេង) អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី និង​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ​លោក​ ​ស​ ថេ​ត​។
រូប៖ ហ្វេសប៊ុក លោក ស ថេត ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

ជនជាតិ​ដើម​ភាគតិច​ព្នង​រាប់​រយ​គ្រួសារ​​នៅ​ខេត្ត​មណ្ឌលគិរី​ ​កំពុង​កើតទុក្ខ​មិន​ខុសចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​ ​ជុំវិញ​ការ​ចុះហត្ថលេខា​ទទួលស្គាល់​កម្មសិទ្ធិ​ដីធ្លី​ ​ឬ​ប្លង់​ទន់​ ឱ្យ​បុគ្គល​មានអំណាច​បំពាន​ដី​បម្រុង​ទុក​ ​និង​ដី​សមូហភាព​របស់​សហគមន៍​។​  ​អ្នកភូមិ​ចោទ​ថា​ ​ស្នងការ​រាជធានី​ភ្នំពេញ​លោក​ ​ស​ ថេ​ត​ ​និង​ ​អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី​លោក​ ​គឹម​ ​រស្មី​ ​មាន​ជាប់​ពាក់ព័ន្ធ​ការរំលោភ​ដី​សាធារណៈ​របស់​រដ្ឋ​ទាំងនេះ​ដោយ​ខុសច្បាប់​។​

ជនជាតិ​ដើម​ភាគតិច​ព្នង​ជិត​ ​២​រយ​គ្រួសារ​ (​១​៨​០​) ​រស់នៅ​ភូមិ​ពូ​លុង​ ​សង្កាត់​រម​នា​ ​ក្រុង​សែន​មនោ​រម្យ​ ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជាតិ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ ​នៃ​ការ​ទិញ​លក់​ដី​សាធារណៈ​របស់​រដ្ឋ​ ​ឬ​ដី​សមូហភាព​របស់​សហ​គម​ន៍ ​ដែល​ពួកគាត់​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ​លោក​ ​ស​ ថេ​ត​ ​និង​ ​អតីត​មេ​ប៉េអឹ​ម​ខេត្ត​រតនគិរី​លោក​ ​គឹម​ ​រស្មី​។​ ​អ្នកភូមិ​ថា​ ​ការ​បាត់បង់​ដីធ្លី​សមូហភាព​នេះ​ ​បាន​ធ្វើឲ្យ​ប៉ះពាល់​ប្រពៃណី​វប្បធម៌​ ​និង​ជីវភាពរស់នៅ​របស់​ជនជាតិ​ដើម​ទៀត​ផង​។​

តំណាង​ជនជាតិ​ដើម​ភាគតិច​លោក​ ​ចែ​ន​ ​វណ្ណា​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១​៨​  ​ខែមីនា​ថា​  ​មាន​ពលរដ្ឋ​ ​៣​នាក់​ ​បាន​ឃុបឃិត​គ្នា​លក់​ដី​សមូហភាព​របស់​អ្នកភូមិ​ជិត​ ​២​០​ហិកតារ​ (​១​៨​) ​ទៅ​ឱ្យ​លោក​ ​ស​ ថេ​ត​ ​និង​លោក​ ​គឹម​ ​រស្មី​។​ ​លោក​បញ្ជាក់​ថា​ ​អ្នកភូមិ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ក្រុង​ ​រហូតដល់​អាជ្ញាធរ​ខេត្ត​ ​តែ​មកទល់​ពេលនេះ​ ​គ្មាន​ដំណោះស្រាយ​ទេ​៖ ​«បើ​និយាយ​ពី​អាស្រ័យផល​ឃ្វាលគោ​ក្របី​ហ្នឹង​ ​និយាយរួម​មួយ​ភូមិ​ហ្មង​ដី​ហ្នឹង​ ​ពេល​ឥលូវ​ហ្នឹង​ពួក​ខ្ញុំ​ហ្នឹង​ ​ចង់​អាស្រ័យផល​ដដែល​។​ ​អាជ្ញាធរ​ខេត្ត​គេ​ថា​ ​នរណា​ចង​គឺ​អ្នក​ហ្នឹង​ស្រាយ​ទៅ​ ​ពួក​ខ្ញុំអត់​ដឹង​ទេ​ ​គេ​ឆ្លើយ​តែ​ប៉ុណ្ណឹង​ ​​»។

តំណាង​ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា​ ​ដី​មាន​ជម្លោះ​នោះ​ ​ឋិតនៅ​ចំណុច​ភ្នំ​ង្ងី​ង​  ​ក្នុង​ភូមិ​ពូ​លូ​ង​ ​សង្កាត់​រម​នា​  ​ក្រុង​សែន​មនោ​រម្យ​។​  ​លោក​បញ្ជាក់​ថា​ ​កាល​ចុង​ឆ្នាំ​ ​២​០​២​០​ ​អភិបាល​ក្រុង​សែន​មនោ​រម្យ​ ​និង​ចៅសង្កាត់​រម​នា​លោក​ ​ភី​ ងូ​ក​ ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ដី​នៅ​តំបន់​នោះ​ទំហំ​ជិត​ ​១​២​ហិកតារ​ (​១​១​.​៨​)  ​ជា​កម្មសិទ្ធិ​ឯកជន​របស់​លោក​ ​ស​ ថេ​ត​ ​និង​ទំហំ​ ​៦​ហិកតារ​ទៀត​ជា​កម្មសិទ្ធិ​របស់​លោក​ ​គឹម​ ​រស្មី​។​

អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី​លោក​ ​គឹម​ ​រស្មី​ ​និង​ស្នងការ​រាជធានី​ភ្នំពេញ​លោក​ ​ស​ ថេ​ត​ ​បាន​នៅឡើយ​ទេ​ ​នៅ​ថ្ងៃ​ទី​១​៨​ ខែ​មិនា​។​

ចំណែក​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ ​សាន​ ​សុខ​សីហា​ ​វិញ​ ​លោក​និយាយ​ថា​ ​លោក​មិន​ដឹងរឿង​រាវ​ទាំងនេះ​ទេ​។​

កាលពី​ចុង​ឆ្នាំ​​២​០​២​០​ ​ជនជាតិ​ដើម​ភាគតិច​ព្នង​ជិត​ ​៣​រយ​គ្រួសារ​ (​២​៧​០​) ​បាន​ផ្តិតមេដៃ​រួមគ្នា​ស្នើ​ឱ្យ​អភិបាល​ក្រុង​សែន​មនោ​រម្យ​ទប់​ស្កាត់​ការ​ទិញ​លក់​ដី​ភ្នំ​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ខុសច្បាប់​។​ ​សំណើ​នេះ​ធ្វើឡើង​ក្រោយ​ពី​ពួកគេ​រក​ឃើញ​ថា​ ​មាន​ភ្នំ​ចំនួន​ ​៣​ ​និង​អូរ​មួយ​ ​ឋិត​ក្នុង​ភូមិ​ពូ​លូ​ង​ ​ត្រូវ​បុគ្គល​មានអំណាច​រំលោភបំពាន​ទាំងស្រុង​។​

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ ​អភិបាល​ក្រុង​សែន​មនោ​រម្យ​លោក​ ​ហៀ​ក​ ​សុផា​ន​ ​តែ​អ្នកលើ​ក​ទូរសព្ទ​និយាយ​ថា​ ​ច្រឡំ​លេខ​។​

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អា​ដ​ហុ​ក​លោក​ ​ប៉ែន​ ប៊ុណ្ណារ៍ ​ពន្យល់​ថា​ ​ការ​ទិញ​លក់​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ ​ជា​ទង្វើ​ល្មើសច្បាប់​។​ ​លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ជាតិ​និង​អភិបាល​ខេត្ត​មណ្ឌលគិរី​ ​ត្រូវ​មោឃភាព​ឬ​ដកហូត​ដី​ទាំងនោះ​ជា​សម្បត្តិ​រដ្ឋ​វិញ​ ​ហើយ​អ្នក​ពាក់ព័ន្ធ​ដែល​ឃុបឃិត​គ្នា​ទិញ​លក់​ ​និង​ធ្វើ​ប្លង់​ផ្ទេរ​សិទ្ធិ​ ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៖​ ​«​​ម្ចាស់ដី​ហ្នឹង​នៅពេលដែល​ដឹងខ្លួន​ឯង​ហ្នឹង​ទិញ​ដី​ខុស​ហើយ​ ​ត្រូវ​រាយការណ៍​ប្រាប់​អាជ្ញាធរ​ថា​ ​ខ្លួនឯង​ហ្នឹង​បាន​ទិញ​ដី​ហ្នឹង​ខុស​ហើយ​ ​កុំ​ឱ្យ​អាជ្ញាធរ​ហ្នឹង​ចោទប្រកាន់​ ​រដ្ឋ​នឹង​យក​ដី​ហ្នឹង​មក​ដាក់ជា​សម្បត្តិ​របស់​រដ្ឋ​វិញ​ ​ក៏ប៉ុន្តែ​មិនមែន​មានន័យ​ថា​ ​ម្ចាស់ដី​ដែល​ទិញ​ខុស​ហ្នឹង​ត្រូវ​បាន​ដី​ហ្នឹង​មកវិញ​ទេ​។​ ​ច្បាប់​ចែង​អ៊ីចឹង​ហ្មង​ ​បើ​នៅ​រឹងទទឹង​ទៀត​ ​ត្រូវ​មានទោស​ជាប់ពន្ធនាគារ​ពី​ ​១​ឆ្នាំ​ ​ទៅ​ ​១​៥​ឆ្នាំ​ ​ពីព្រោះ​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​ភាគច្រើន​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ហ្នឹងហើយ​ ​ព្រោះ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ ​គាត់​រស់នៅ​ជា​ក្រុម​ ​និង​រស់នៅ​តាម​ព្រៃឈើ​អ៊ីចឹង​ ​»​។

ច្បាប់​ភូមិបាល​ចែង​ថា​ ​ជន​ណា​លួច​លក់​ដីធ្លី​ ​ដែល​ពុំមែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ពី​ ​៦​ខែ​ ​ដល់​ ​៣​ឆ្នាំ​។​ ​ជន​ណា​ធ្វើ​ឱ្យ​ប៉ះពាល់​កម្មសិទ្ធិ​ ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​ ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ​៥​លាន​រៀល​ ( ​៥​.​០​០​០​.​០​០​០​ ) ​រៀល​ ​ដល់​ ​៥​០​លាន​រៀល​ (​៥​០​.​០​០​០​.​០​០​០​) ​រៀល​  ​និង​ ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ពី​ ​១​ ឆ្នាំ​ ​ដល់​ ​៥​ឆ្នាំ​។​

កាលពី​ឆ្នាំ​២​០​២​០ ​កន្លងទៅ​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ​ស​ ​ខេង​ ​បាន​ត្អូញត្អែរ​ថា​  ​លោក​រងកម្ម​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​ក្នុង​ខេត្ត​មណ្ឌលគិរី​ ​ដោយសារតែ​មន្ត្រី​ធំ​ៗ​បាន​ប្រជែង​គ្នា​ទៅ​ចាប់ដី​នៅ​ទីនោះ​ ​និង​មាន​ជម្លោះ​ដីធ្លី​ជាច្រើន​ទៀត​ ​មិនទាន់​ដោះស្រាយ​រួច​។​ ​លោក​ថា​ ​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​ដោះស្រាយ​នោះ​គឺ​ដោយសារ​​តែ​មិន​មាន​ប្លង់​មេ​ ​ឬ​ប្លង់​គោល​ឲ្យបាន​ច្បាស់លាស់​ ​និង​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​មន្ត្រី​គ្រាក់ៗ​ ​របស់​រដ្ឋាភិបាល​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល