ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងព្រឹទ្ធសភាមិនទទួលញត្តិរបស់តំណាងជនជាតិដើមព្នងរឿងដីធ្លី
2024.07.18
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងស្ថាប័នព្រឹទ្ធសភា បានបដិសេធមិនទទួលយកញត្តិរបស់តំណាងសហគមន៍ជនជាតិជាតិដើមភាគតិចព្នងចំនួន ៣ភូមិ នៅខេត្តមណ្ឌលគិរី ដែលទាមទារដីស្រែចម្ការចិញ្ចឹមជីវិតរបស់ខ្លួន។
ការទាមទារនេះធ្វើឡើងក្រោយពីមន្ត្រីបរិស្ថានបានហាមឃាត់ និងរឹតត្បិតពួកគាត់ មិនឱ្យចូលទៅដាំដុះ ក្នុងដីសមូហភាពសហគមន៍តាមបែបប្រពៃណីជនជាតិដើមភាគតិចព្នង។
ជនជាតិដើមភាគតិចព្នង ៤នាក់ តំណាងឱ្យប្រជាសហគមន៍ជិត ៤រយគ្រួសារ (៣៧២ )រស់នៅក្នុងភូមិចំនួន ០៣ ក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី កំពុងអាក់អន់ស្រពន់ចិត្ត នឹងទង្វើរបស់មន្ត្រីប្រចាំការនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងស្ថាប័នព្រឹទ្ធសភា ថា បានគេចវេះ និងរុញដាក់គ្នាទៅវិញទៅមកជាច្រើនដង ដើម្បីឱ្យពួកគាត់ជួបការលំបាក ក្នុងការកែតម្រូវឯកសារញត្តិចុះឡើង បង្កភាពស្មុគស្មាញ នៅរយៈពេល ២ថ្ងៃកន្លងទៅនេះ។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងភូមិពូលុ លោក ក្លាន ថូល យល់ថា មន្ត្រីប្រចាំការខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងស្ថាប័នព្រឹទ្ធសភា គួរតែណែនាំពួកលោក ឱ្យកែតម្រូវឯកសារឱ្យបានត្រឹមត្រូវ តែផ្ទុយទៅវិញមន្ត្រីទាំងនោះ បានបដិសេធមិនទទួលយកញត្តិ និងគ្មានឆន្ទៈ បម្រើពលរដ្ឋនោះទេ។
លោកបន្ថែមថា មូលហេតុដែលពួកលោក ស្វែងរកកិច្ចអន្តរាគមន៍ទៅស្ថាប័នថ្នាក់ជាតិ ដោយសារមន្ត្រីបរិស្ថានបានហាមឃាត់ និងធ្វើទុក្ខបុកម្នេញជនជាតិដើមភាគតិចព្នងរាប់រយគ្រួសារ មិនឱ្យដាំដុះ លើដីសមូហភាពសហគមន៍ដែលស្នើសុំចុះបញ្ជី កាលពីពេលកន្លងទៅ ធ្វើឱ្យជួបការលំបាក គ្មានដីអាស្រ័យផលចិញ្ចឹមជីវិត៖
លោក ក្លាន ថូល៖ «ចូលនៅព្រឹទ្ធសភាលើកទី១ គាត់ឱ្យកែឃ្លាដែលគាត់ថាខុស អ៊ីចឹងចូលលើកទីពីរគាត់នៅតែថាខុសទៀតឱ្យកែទៀត ចូលលើកទីបីខុសទៀតគាត់ឱ្យកែកន្លែងផ្សេង តែគាត់បដិសេធដែលពលរដ្ឋយើងស្នើព្រោះគាត់អត់បានមានចិត្តបម្រើប្រជាពលរដ្ឋទេ»។
ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅនេះ គិតចាប់ពីថ្ងៃទី ១៦ និងថ្ងៃទី ១៧ កក្កដា តំណាងសហគមន៍ បានដាក់ញត្តិនៅតាមស្ថាប័នជាតិរួមមាន រដ្ឋសភាជាតិ ក្រសួងមហាផ្ទៃ ក្រសួងដែនដី និងក្រសួងបរិស្ថាន ហើយស្ថាប័នទាំងនេះបានទទួលយកញត្តិរបស់ពួកគាត់រួចហើយ ក៏ប៉ុន្តែមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ។
តំណាងសហគមន៍ម្នាក់ទៀត លោក ព្រុត ថា ប្រាប់វិទ្យុអាស៊ីសេរីថា ជនជាតិដើមភាគតិចព្នងជិត ៤ រយនាក់ (៣៧២) រស់នៅក្នុងភូមិចំនួន ៣ ក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី មានដីស្រែចម្ការចិញ្ចឹមជីវិតក្នុងមួយគ្រួសារចន្លោះ ពី១ ហិកតារ ដល់ ៥ ហិកតារ ដែលអាស្រ័យផលជាយូរយារមកហើយ តែត្រូវមន្ត្រីបរិស្ថានហាមឃាត់ និងរឹតត្បិតមិនឱ្យដាំដុះ នៅរយៈពេលជាង ៣ ខែកន្លងទៅនេះ។
លោកថា ពេលនេះអ្នកភូមិរស់នៅដោយភាពភ័យខ្លាច និងទាល់ច្រក ទើបសម្រេចចិត្តមកពឹងស្ថាប័នថ្នាក់ជាតិ ខណៈដែលអាជ្ញាធរខេត្តមណ្ឌលគិរី មិនអើពើដោះស្រាយករណីនេះ៖
លោក ព្រុត ថា៖ «ចម្ការចាស់គ្រាន់តែយើងដាំលួចលាក់ លួចលាក់ធ្វើមិនពេញថ្ងៃអីអ៊ីចឹងចេះតែភ័យចេះតែខ្លាចអ៊ីចឹង ជាម្ចាស់ស្រុកម្ចាស់ភូមិដូចជាលួចរបស់គេអ៊ីចឹង ខ្ញុំព្រួយបារម្ភកន្លែងហ្នឹងព្រោះវាគ្មានសិទ្ធិសេរីភាពទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាននៅឡើយទេ នៅថ្ងៃទី១៧ កក្កដា។ រីឯអ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ក៏មិនទាន់អាចទាក់ទងបានដែរ ដោយទូរស័ព្ទហៅចូលតែមានអ្នកចុចបិទ។
ខ្លឹមសារញត្តិរបស់សហគមន៍ស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងស្ថាប័នថ្នាក់ជាតិ ពន្លឿនចុះបញ្ជីដីសមូហភាពសហគមន៍ និងបញ្ឈប់អនុវត្តច្បាប់លើសមាជិកសហគមន៍ដែលមានដីស្រែចម្ការ ក្នុងផែនទីបឋមរបស់សហគមន៍។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី ស្នើឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយករណីនេះដោយគិតពីប្រយោជន៍ពលរដ្ឋជាធំ និងត្រូវចុះស៊ើបអង្កេតលើទីតាំងដីជាក់ស្តែង ដែលពលរដ្ឋកំពុងអាស្រ័យផល តាមទំនៀមទម្លាប់ប្រពៃណី។
លោក ប៊ី វ៉ាន់នី៖ «រដ្ឋាភិបាលក៏ដូចជារដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាពិនិត្យឡើងវិញចំពោះការអនុវត្តរបស់មន្ត្រីធ្វើទុក្ខបុកម្នេញនិងដកហូតដីសហគមន៍ជនជាតិដើមភាគតិច ធ្វើឱ្យពួកគាត់លំបាកក្នុងការរស់នៅ និងជំពាក់បំណុលធនាគារ»។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំទៅកាន់មន្ត្រីថ្នាក់ខេត្ត និងថ្នាក់ក្រោមរបស់លោកត្រូវខិតខំក្តាប់ស្ថានការណ៍លំបាករបស់ពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាពនៅតាមមូលដ្ឋានរបស់ខ្លួន ដោយលោកមិនចង់ឃើញរូបភាពមានពលរដ្ឋឡើងមកដាក់ញត្តិ ឬតវ៉ានៅមុខគេហដ្ឋានរបស់លោក ឬឪពុករបស់លោកគឺប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅនោះទេ។ តំណាងសហគមន៍លើកឡើងថា ពួកគាត់សោកស្តាយដែលអាជ្ញាធរខេត្តមណ្ឌលគិរីមិនព្រមដោះស្រាយបញ្ហារបស់ពលរដ្ឋ ហើយនៅពេលតំណាងពលរដ្ឋខំធ្វើដំណើរឆ្ងាយមកដាក់ញត្តិនៅរាជធានីភ្នំពេញដោយត្រូវចំណាយពេលវេលា និងធនធានថវិកាជាច្រើនផងនោះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបែរជាមិនព្រមទទួលយកញត្តិរបស់ពួកគាត់ដើម្បីយកទៅពិនិត្យនិងដោះស្រាយទៅវិញ។
តំណាងសហគមន៍បានវិលត្រឡប់ទៅខេត្តមណ្ឌលគិរីវិញហើយ នៅល្ងាចថ្ងៃទី១៧ កក្កដា និង ត្រៀមពិភាក្សាគ្នាបន្ថែមទៀត រកមធ្យោបាយទាមទារដំណោះស្រាយបញ្ហាដីធ្លី ដែលជាឆ្នាំងបាយរបស់សហគមន៍។
ពួកគាត់ព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយករណីនេះទេ ជនជាតិដើមភាគតិចព្នង នឹងលើកគ្នាតវ៉ាទ្រង់ទ្រាយធំ នៅសាលាខេត្តមណ្ឌលគិរីជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។