អាជ្ញាធរយកគ្រឿងចក្រឈូសឆាយដីប្រជាពលរដ្ឋខេត្តព្រះសីហនុ
2020.11.13
អាជ្ញាធរ និងរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ប្រមាណជាង ៦០នាក់ យកគ្រឿងចក្របម្រុងឈូសផ្ទះប្រជាពលរដ្ឋ នៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែត្រូវប្រជាពលរដ្ឋរារាំង កាលពីថ្ងៃទី១១ វិច្ឆិកា។ មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា នៅពេលដែលមិនទាន់មានដំណោះស្រាយពិតប្រាកដមួយលើដីមានទំនាស់ អាជ្ញាធរ និងភាគីដែលអះអាងថា ជាម្ចាស់ដីធ្លីគួរផ្អាកសកម្មភាពឈូសឆាយនេះសិន ដើម្បីរកដំណោះស្រាយជាមុនសិន។
ពលរដ្ឋមានទំនាស់ដីធ្លីរាំរ៉ៃច្រើនឆ្នាំនៅភូមិអូរត្រជាក់ចិត្ត លោក អ៊ុន ធីម ឲ្យអាស៊ីសេរីដឹងថា អាជ្ញាធរ និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ឆ្លៀតឱកាសចុះមកឈូសឆាយផ្ទះប្រជាពលរដ្ឋនៅពេលដែលពលរដ្ឋក្នុងសហគមន៍នេះ ពុំសូវនៅផ្ទះ ដោយរវល់ទៅរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ លោកបន្តថា ប្រជាពលរដ្ឋមានគ្នាប្រមាណជាង ៣០នាក់ប៉ុណ្ណោះ ដែលចេញមករារាំង គ្រឿងចក្រដែលបំរុងយកទៅឈូសឆាយផ្ទះប្រជាពលរដ្ឋពីសំណាកមន្ត្រីដែលប្រើអំណាចគាបសង្កត់ប្រជាពលរដ្ឋ។ លោកត្អូញត្អែរថា លោកបានរស់នៅ និងបានធ្វើស្រែចំការលើដីគម្របព្រៃឈើនេះ តាំងពីឆ្នាំ ១៩៩៣មកម្ល៉េះ ប្រសិនបើអាជ្ញាធរ និងរដ្ឋបាលព្រៃឈើឈូសឆាយ លោកពុំមានជំរកសម្រាប់រស់នៅទៀតនោះទេ។ លោកស្នើសុំឲ្យមន្ត្រីថ្នាក់ជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ និងចាត់វិធានការលើមន្ត្រីថ្នាក់ក្រោមជាតិដែលមិនអនុវត្តតាមអនុសាសន៍របស់លោករឿងការកាត់ឈ្វៀលដីគម្របព្រៃជូនប្រជាពលរដ្ឋវិញ៖ «ឥឡូវហ្នឹង ខ្ញុំរស់នៅទឹកដីនេះ ខ្ញុំពិបាកមាំណាស់ តស៊ូគ្មានដីកន្លែងណានៅទេ។ ឥឡូវហ្នឹង ខ្ញុំមានតែប៉ុណ្ណឹង បងប្អូនសមត្ថកិច្ចកងកម្លាំង គាត់ចង់មកឈូសឆាយរបស់ខ្ញុំ ហើយកូនចៅខ្ញុំគ្មានស្គាល់សាលារៀនទេ។ អត់មានបានទៅរៀនទេ ឆ្ងាយពីសាលារៀន អញ្ចឹងគ្នាខ្វះខាត អាខ្លះមានអង្ករហូប អាខ្លះក៏អត់អញ្ចឹងទៅ ខ្ចី ជួយគ្នាម្នាក់បន្តិចៗ បបរហូបក៏មានដែរ វេទនាមាំណាស់។ វេទនាយកមែនទែនហ្មង មិនដឹងធ្វើម៉េច ហើយដីរបស់ប្រជាពលរដ្ឋតែជាង៣០០ហិកតារហ្នឹង ហើយមកធ្វើបាបគ្នាទៀត»។
តំណាងសហគមន៍មានទំនាស់ដីធ្លីភូមិអូរត្រជាក់ចិត្ត លោក សំ សុផាត រៀបរាប់ថា លោកខកចិត្តដែលអាជ្ញាធរ និងមន្ត្រីរដ្ឋបាលព្រៃឈើ មកឈូសឆាយផ្ទះរបស់ពួកគេបែបនេះ។ ពលរដ្ឋសហគមន៍របស់លោកចំនួន ៦៨គ្រួសារ បានស្នើសុំសិទ្ធកាន់កាប់ដីធ្លីតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ និងសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវឲ្យកាត់ឈ្វៀលដីលើគម្របព្រៃឈើជូនឲ្យប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំ និងមានឯកសារទទួលស្គាល់ពីភូមិឃុំរួចរាល់ហើយ ប៉ុន្តែរដ្ឋបាលព្រៃឈើមិនអនុវត្តតាមនោះទេ។ លោកលើកឡើងថា សហគមន៍របស់លោក បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ជាច្រើនស្ថាប័នមកហើយ ប៉ុន្តែពុំទាន់មានដំណោះស្រាយ ឬមានមន្ត្រីសូរិយោដីណាម្នាក់មកចុះវាស់វែង ឬកាត់ប្លង់ជូនប្រជាពលរដ្ឋនៅឡើយ៖ «ខ្ញុំសំណូមពរជាលើកចុងក្រោយ សូមឲ្យសម្តេចមេត្តាប្រាប់ក្រុមការងារដែលពាក់ព័ន្ធ ដែលគាត់ចេញអនុសាសន៍ឲ្យធ្វើហើយដែលមិនទាន់បានធ្វើហ្នឹង ដាស់តឿនពួកគាត់ឲ្យបានលឿនបន្តិច ព្រោះអីខាងថ្នាក់ក្រោមនេះ ដូចជាគាត់អត់ស្តាប់ទេ គាត់អត់ស្តាប់ថ្នាក់លើទេ គាត់ដឹងតែមកកម្ទេច ដឹងអីទេ សួរ ខ្ញុំសួរទៅគាត់ គាត់ថាមេគាត់ឲ្យមក ខ្ញុំសួរថា មេណាឲ្យចេញមក ខ្ញុំចង់ដឹងថា មេហ្នឹងខ្ញុំដាក់ឯកសារឲ្យគាត់មើលតិចមើល គាត់មើលទេឬក៏គាត់មកធ្វើហ្នឹងដោយយ៉ាងម៉េច? មកធ្វើអត់មើលអត់ដឹងអីចឹង អត់ស្តាប់អី ហ្នឹងវាចឹង ហើយខ្ញុំនឹងបន្តទៅមុខ ដំណើរហ្នឹង ខ្ញុំអត់ឈប់ទេ បន្តនៅលើដីនេះទាល់តែបាន»។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ រួមមាន រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវកាត់តំបន់មានប្រជាពលរដ្ឋរស់នៅចេញឱ្យផុតពីផែនទីគម្របព្រៃឈើ និងអះអាងថា ការកាត់ឱ្យប្រជាពលរដ្ឋរស់នៅជារឿងមួយត្រឹមត្រូវ លើកលែងតែកាត់ដីទៅលក់ឱ្យឯកជនប៉ុណ្ណោះ។
ក្រោយបញ្ជារបស់លោក ហ៊ុន សែន មក រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមកទទួលពាក្យស្នើសុំកាន់កាប់ និងអាស្រ័យផលលើដីនោះឡើងវិញកាលពីថ្ងៃទី១០ ខែកញ្ញា។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត នៅថ្ងៃទី១២ វិច្ឆិកា ដើម្បីសួរនាំបន្ថែមអំពីរឿងនេះ ប៉ុន្តែលោកបញ្ជាក់ថា កំពុងរវល់ប្រជុំ។ ចំណែក អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ គឺលោក ឃាង ភារម្យ ដោយទូរស័ព្ទខលចូល ប៉ុន្តែពុំមានអ្នកទទួលនោះទេ។
មេឃុំសំរុង លោក ហ៊ី អាន មានប្រសាសន៍ថា លោកពុំបានដឹងពីករណីដែលអាជ្ញាធរ និងមន្ត្រីរដ្ឋបាលព្រៃឈើបានយកគ្រឿងចក្រចុះទៅឈូសឆាយផ្ទះប្រជាពលរដ្ឋនោះទេ ដោយអះអាងថា ពួកគេមិនបានជូនដំណឹងទៅលោកនោះទេ។ លោកបន្តថា ដីជាង៣០០ហិកតារ ដែលប្រជាពលរដ្ឋក្នុងសហគមន៍នោះរស់នៅ និងអាស្រ័យផលលើនោះ ខាងមន្ត្រីភូមិឃុំបានធ្វើលិខិតស្នើសុំកាន់កាប់រួចរាល់អស់ហើយ ប៉ុន្តែនៅបន្តនីតិវិធីទៅខាងថ្នាក់ជាតិ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការកាត់ឈ្វៀលដីនោះ៖ «ច្បាប់នេះមិនទាន់មានការកាត់ឲ្យគាត់ថា ឈ្មោះក ឈ្មោះខនៅឡើយទេ កាត់ក្នុងនាមដែលស្នើសុំទេ គឺបានស្នើសុំហើយៗ។ ប៉ុន្តែដោយឡែក ករណីដែលប៉ះពាល់ ក្នុងការឈូសឆាយ គឺអាស្រ័យទៅលើថ្នាក់ដឹកនាំមុនឃុំគេមុន ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំអត់ដឹងថា រឿងនេះម៉េច ខ្ញុំអត់ទាន់ដឹងស៊ីជំរៅ»។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា អភិបាលខេត្តព្រះសីហនុ គួរតែពិនិត្យមើលឯកសាររបស់ប្រជាពលរដ្ឋដែលបានដាក់ស្នើសុំសិទ្ធិកាន់កាប់ដីទាំងនោះថា មានប៉ុន្មានម្ចាស់? ហើយត្រូវបញ្ជូនឯកសារទាំងនោះទៅឲ្យក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យមើលករណីនេះ។ អ្នកស្រីបន្តថា នៅពេលដែលមិនទាន់មានដំណោះស្រាយណាមួយពីថ្នាក់ជាតិ ឬក្រសួងពាក់ព័ន្ធណាមួយ លើដីមានទំនាស់នេះទេ ខាងភាគីពាក់ព័ន្ធគួរផ្អាកសកម្មភាពរបស់ខ្លួន ដោយរកវិធីដោះស្រាយដោយសន្តិវិធីជាមុនសិន ក្នុងអំឡុងពេលជំងឺកូវីដ កំពុងមានហានិភ័យខ្ពស់នេះ ដើម្បីទុកលទ្ធភាពឲ្យប្រជាពលរដ្ឋដែលកំពុងរងគ្រោះផ្ទួនៗ ពីគ្រោះទឹកជំនន់ និងជំងឺកូវីដ ដែលធ្វើឲ្យជីវភាពពួកគេកំពុងជួបការលំបាក និងរងចាំស្ថាប័នពាក់ និងសមត្ថកិច្ចចូលរួមដោះស្រាយរឿងនេះ។ លោកស្រីស្នើឲ្យក្រសួងពាក់ព័ន្ធទាំងនោះ ពន្លឿនការដោះស្រាយជូនពួកគេផងដែរ៖ «អារឿងទាំងអស់ហ្នឹង ថ្នាក់ជាតិក៏ដឹងដែរ ហើយធ្លាប់ទទួលបណ្តឹងពីពួកគាត់ហ្នឹងវាច្រើនដង ប៉ុន្តែយើងអត់ទាន់ឃើញថា តើថ្នាក់ជាតិក្រោយពីបានចុះមកពិនិត្យផ្ទាល់ ហើយក្រោយពីខាងរដ្ឋបាលព្រៃឈើបានវាស់វែងដឹងថា ដីហ្នឹងស្ថិតនៅក្នុងការវាស់វែងពីគម្របព្រៃហើយ គួរតែយកបញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹងការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានទំនាស់គ្នាជាធំជាមួយនឹងក្រុមហ៊ុន ឬក៏ជាមួយនឹងឯកឧត្តម អស់លោកណាដែលគាត់បានមានឯកសារកាន់កាប់ដីហ្នឹងគួរតែជជែកគ្នា ហើយដោះស្រាយទៅ។ ខ្ញុំធ្លាប់ស្នើសុំដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ស្តាប់ទៅគឺមិនទាន់មានដំណោះស្រាយទេ ហើយវាមានតែភាគីម្ខាងទៀតបានដាក់កម្លាំងយាមល្បាតមិនឲ្យប្រជាពលរដ្ឋចូលបានទេ»។
ពលរដ្ឋក្នុងសហគមន៍នេះ គ្រោងជួបអាជ្ញាធរឃុំនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីសួរនាំអំពីដំណើរការនៃការស្នើសុំកាត់ឆ្វៀលដីនោះម្ដងទៀត និងគ្រោងឡើងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរាជធានីភ្នំពេញ អំពីដំណើរការនៃការស្នើសុំសិទ្ធកាន់កាប់ដីគម្របព្រៃឈើ បន្ទាប់ពីធូរស្បើយការរីករាលដាលនៃជំងឺកូវីដ១៩បន្តិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។