ជនជាតិ​ដើម​ភាគតិច​កួយ​សុំ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច

0:00 / 0:00

ជាង​ពីរ​ឆ្នាំ​ហើយ​ដែល​ក្រុមហ៊ុន​ចិន ឡាន ហ្វេង និង រូយ ហ្វេង បាន​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេ ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ក្រោម​រូបភាព​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល។ ប្រជា​សហគមន៍​ត្អូញត្អែរ​ថា ការ​ផ្ដល់​ដី​សម្បទាន​នោះ ទាំង​ក្រុមហ៊ុន​និង​អាជ្ញាធរ​មិន​បាន​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ជា​មុន និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ វប្បធម៌​ប្រពៃណី អត្តសញ្ញាណ​ភាសា ដី​ចម្ការ​វិលជុំ ប្រពៃណី និង​ប្រាសាទ​បុរាណ​មួយ​ចំនួន​ទៀត។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ជិត ៤០០​គ្រួសារ (៣៦៧) មក​ពី​សហគមន៍ ចំនួន ៣ ក្នុង​ខេត្ត​ព្រះវិហារ ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​លុបចោល​កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ជាមួយ​ក្រុមហ៊ុន ឡាន ហ្វេង និង រូយ ហ្វេង និង​សុំ​ឲ្យ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគ​តិច​កួយ។

សមាជិក​សហគមន៍​ឃុំ​ប្រមេ លោកស្រី នួន ម៉ុន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា ក្រុមហ៊ុន ឡាន ហ្វេង និង​ក្រុមហ៊ុន រូយ ហ្វេង កំពុង​ឈូស​ឆាយ​ដីធ្លី​សហគមន៍ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ វប្បធម៌​ប្រពៃណី អត្តសញ្ញាណ ភាសា ដីចម្ការ​វិល​ជុំ ដី​បម្រុង​ទុក​ជនជាតិ​ភាគ​តិច វាល​កប់​សព ព្រៃ​ជំនឿ និង​ខឿន​ប្រាសាទ​បុរាណ​ជា​ច្រើន​ទៀត។

​អ្នក​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​លើក​ស្ទួយ​វប្បធម៌​កួយ លោកស្រី ទេព ទឹម គិត​ថា រដ្ឋាភិបាល​មិន​បាន​គិតគូរ​ជន​ជាតិ​ដើម​ភាគ​តិច។ លោកស្រី​បញ្ជាក់​ថា តាំងពី​ថ្ងៃ​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​សហគមន៍ កាល​ពី​ថ្ងៃ​ទី​៨ មេសា ឆ្នាំ​២០១២ ក្រុម​សហគមន៍​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ស្រុក អាជ្ញាធរ​ខេត្ត ដាក់​ទៅ​ស្ថាប័ន​ព្រឹទ្ធ​សភា រដ្ឋ​សភា សុំ​ឲ្យ​លុប​កិច្ចសន្យា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចិន ឡាន ហ្វេង និង​ក្រុមហ៊ុន រូយ ហ្វេង។ ​ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ទេ រហូត​ដល់​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ទាំង​២​នោះ ឈូស​ឆាយ​ដី​សហគមន៍​អស់​គ្មាន​សល់។

កាល​ពី​ចុង​ខែ​មករា ដើម​ឆ្នាំ​២០១៤ កន្លង​ទៅ ខាង​សហគមន៍​ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត ប៉ុន្តែ​ដំណោះស្រាយ​នៅ​តែ​គ្មាន​ដដែល៖ «អ្វីៗ​ដែល​យើង​ធ្វើ​នេះ​ហាក់​បី​ដូច​ជា​រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​នៃ​ទុក្ខ​កង្វល់​ជន​ជាតិ​ដើម ភាគតិច​មិន​ដោះស្រាយ​តម្រូវការ​ជនជាតិ​ភាគ​តិច មើល​ទៅ​គាត់​មើលស្រាល​ជនជាតិ​ដើម​ភាគតិច ថា​យើង​មិន​ត្រូវ​មាន​ដីធ្លី ត្រូវ​ទៅ​ស៊ី​ឈ្នួល​គេ ពិសេស​អាជ្ញាធរ​ឃុំ ខេត្ត​និយាយ​ថា យើង​ទុក​ដី​ធ្វើស្រែ​ជា​ការ​ផ្សង​ព្រេង​ណាស់ ទុក​ឲ្យ​គេ​វិនិយោគ​ទៅ ពូ​មីង​ស៊ីឈ្នួល​គេ​ដាំ​អំពៅ...។ ពួក​យើង​មិន​ត្រូវ​ការ​ស៊ី​ឈ្នួល​គេ​ទេ ត្រូវ​ការ​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់​នៅ»

​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចិន ចំនួន​ពីរ គឺ​ក្រុមហ៊ុន ឡាន ហ្វេង ចំនួន​ជាង ៩​ពាន់​ហិកតារ (៩.០១៥) និង​ក្រុមហ៊ុន រួយ ហ្វេង ជិត ៩​ពាន់​ហិកតារ (៨.៨៤១) កាល​ពី​ឆ្នាំ​២០១១ ឲ្យ​វិនិយោគ​នៅ​ឃុំ​ប្រមេ រយៈពេល ៩៩​ឆ្នាំ។

​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេ ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា លុប​ចោល​កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច ក្រុមហ៊ុន ឡាន ហ្វេង និង​ក្រុមហ៊ុន រូយ ហ្វេង និង​ចេញ​វិធានការ​ការពារ​បណ្ដោះអាសន្ន​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ព្រម​ទាំង​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សមូហភាព​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ។

​ជំទប់​ទី​២ ឃុំ​ប្រមេ លោក ធួន ញ៉ិប ធ្លាប់​ប្រាប់​ថា ជនជាតិ​ភាគ​តិច​កួយ ស្ទើរ​តែ ៨០% ក្នុង​ឃុំ​ប្រមេ បាន​ស្ម័គ្រ​ទទួលយក​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន។ ពួកគេ​ទាំង​នោះ​ស្ដាយ​នូវ​ប្រពៃណី វប្បធម៌​ជនជាតិ​ភាគតិច ប៉ុន្តែ​ចង់​អភិវឌ្ឍ​ខ្លួន​ឲ្យ​តាម​សម័យកាល។

អ្នក​សម្របសម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន ទាំង​នោះ បាន​គំរាមកំហែង សម្លុត​បំបាក់​ស្មារតី​ពលរដ្ឋ ដោយ​បាន​ប្ដឹង​តំណាង​ពួកគាត់​ទៅ​ស្ថាប័ន​តុលាការ ពិសេស​អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ទាំង​នោះ ចុះ​បញ្ជី​ដីធ្លី​ជា​នីតិបុគ្គល៖ «ប៉ុន្តែ​ពួក​គាត់​ដោយ​យល់​ឃើញ​ថា ដី​ធ្លាប់​បង្កបង្កើន​ផល​ធ្វើស្រែ​ចម្ការ​កន្លង​មក និង​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ​ នៅ​សហគមន៍​របស់​ពួកគាត់​ដែរ ដូច្នេះ​គាត់​ចង់​រក្សា​ដី​នោះ គឺ​គាត់​ចង់​ឲ្យ​មាន​ចុះបញ្ជី​សមូហភាព»

​តាម​ទិន្នន័យ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ និង​ទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​ដាណឺម៉ាក គិត​ត្រឹម​ឆ្នាំ​២០១២ មាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​សរុប ១០១​សហគមន៍ នៅ​ខេត្ត​ចំនួន ៦ បាន​កំណត់​ស្វ័យ​អត្តសញ្ញាណ និង​បាន​ស្នើសុំ​ការ​ទទួល​ស្គាល់​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្នុង​នោះ​មាន​សហគមន៍​ចំនួន ៦០ ត្រូវ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ចេញ​លិខិត​ទទួល​ស្គាល់​អត្តសញ្ញាណ ហើយ​ក្រសួង​មហាផ្ទៃ បាន​ចុះបញ្ជី​សហគមន៍​ចំនួន ៤០ ជា​នីតិបុគ្គល និង​សហគមន៍​ចំនួន ៣​ប៉ុណ្ណោះ ដែល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​សមូហភាព​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់។

ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេ កំពុង​ឆ្លង​កាត់​ដំណាក់កាល​ទី​១ និង​ជិត​បញ្ចប់​ដំណាក់កាល​ទី​២ នៃ​ការ​ចុះ​បញ្ជី​កម្មសិទ្ធិ​ដី​សមូហភាព ប៉ុន្តែ​ស្រាប់តែ​រាជរដ្ឋាភិបាល បាន​ផ្ដល់​ដី​ដែល​សហគមន៍​កាន់​កាប់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ។ ដី​សហគមន៍​នៅ​ឃុំ​ប្រមេ មួយ​ផ្នែក​ធំ ស្ថិត​ក្នុង​តំបន់​វិនិយោគ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។