អាជ្ញាធរខេត្តព្រះវិហារបដិសេធថាស្ត្រី ហែម ឡី សម្លាប់ខ្លួនពុំពាក់ព័ន្ធនឹងករណីអនុវត្តវិធានការច្បាប់របស់កម្លាំងចម្រុះទេ

រដ្ឋបាល​ខេត្ត​ព្រះវិហារ​នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​មីនា ច្រានចោល​ព័ត៌មាន​ដែល​ថា​ស្ត្រី​នៅ​ខេត្ត​ព្រះវិហារ​ម្នាក់​សម្លាប់​ខ្លួន បន្ទាប់​ពី​អាជ្ញាធរ​ដុត​ផ្ទះ និង​យក​ដីធ្លី​។សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះវិហារ​បញ្ជាក់​ថា អាជ្ញាធរ​បាន​ចុះ​ដល់​លំនៅឋាន​សព នៅ​ក្នុង​ភូមិ​ក្ដាក់ ឃុំត្បែងពីរ ស្រុកគូលែន ដោយ​ជួប​ជាមួយ​គ្រួសារ​សព រួម​មាន​ប្ដី កូន​ប្រុស និង​កូន​ប្រសា​។

រដ្ឋបាល​ខេត្ត​ព្រះវិហារ​អះអាង​ទៀត​ថា ការ​ស្លាប់​របស់​ស្ត្រី ហែម ឡី ពុំ​ពាក់ព័ន្ធ​នឹង​ករណី​អនុវត្ត​វិធានការ​ច្បាប់​របស់​កម្លាំង​ចម្រុះ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មីនា​ទេ ពោល​គឺ​ស្ត្រី​រូប​នេះ បាន​ផឹក​ថ្នាំ​ស្មៅ​សម្លាប់​ខ្លួន​ដោយ​ផ្ដើម​ចេញ​ពី​វិបត្តិ​គ្រួសារ​មាន​ទំនាស់​ប្រវាយប្រតប់​គ្នា​។

ទោះជាយ៉ាងណាក៏ដោយ កូន​ប្រុស​របស់ លោកស្រី ហែម ឡី គឺ​លោក ហ៊ុក ហុន អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា គឺ​នៅ​មុន​ពេល​អាជ្ញាធរ​ចុះ​ទៅ​ដល់​ផ្ទះ​លោក​ថា ម្ដាយ​របស់​លោក​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ចំ​ថ្ងៃ​អាជ្ញាធរ​បាន​ចុះ​ដុត​ផ្ទះ ឈូស​ឆាយ​ដំណាំ​ដី​ចម្ការ​របស់​គាត់​ចំនួន ២ ហិកតារ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។