អាជ្ញាធរ​​ខេត្ត​ពោធិ៍សាត់​​កាត់​​ឆ្វៀល​​ដី​​មាន​​ជម្លោះ​​​ខ្លះ​​ឲ្យ​​អ្នក​​ខេត្ត​កំពង់ឆ្នាំង​តែ​​ពលរដ្ឋ​ទាមទារ​​ដំណោះស្រាយ​​ដី​​​គ្រប់​​ចំនួន​

ដោយ សន ចាន់រដ្ឋា
2021-05-12
Share
អាជ្ញាធរ​​ខេត្ត​ពោធិ៍សាត់​​កាត់​​ឆ្វៀល​​ដី​​មាន​​ជម្លោះ​​​ខ្លះ​​ឲ្យ​​អ្នក​​ខេត្ត​កំពង់ឆ្នាំង​តែ​​ពលរដ្ឋ​ទាមទារ​​ដំណោះស្រាយ​​ដី​​​គ្រប់​​ចំនួន​ អ្នក​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង បាន​នាំ​គ្នា​តវ៉ាបិទ​ផ្លូវ​ជាតិ​លេខ ៥ ចំណុច​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០២១។
រូប៖ គេ​ផ្ដល់​ឱ្យ

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ​ណាត់​ជួប​ពលរដ្ឋ​​រស់​នៅខេត្ត​កំពង់​ឆ្នាំង​ ដែល​មាន​​ជម្លោះ​ដីធ្លី​​ចំនួន​ ២០ ​គ្រួសារ​សិន​ នៅ​​ថ្ងៃ​ទី​១៣ ខែឧសភា ដើម្បី​វាស់វែង​ដី​​ ធ្លាប់​អាស្រ័យ​ផល​ឱ្យពួកគេ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់ រស់​នៅ​ស្រុក​បរិបូរណ៍ ​ខេត្ត​កំពង់​ឆ្នាំង​លោក ចាន់​ និត ​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ថាអាជ្ញាធរ​ស្រុក​បរិបូរណ៍​ បាន​ហៅ​តំណាង​ពលរដ្ឋទៅ​ជួប​នៅ​វត្ត​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ដើម្បី​​ឲ្យ​ទៅ​ជួប​ជាមួយ​អាជ្ញាធរ​ដែនដី​ខេត្ត​ពោធិ៍សាត់ នៅ​លើ​ដី​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល។

លោក​ថា តាម​ដំណឹង​ គឺ​អាជ្ញាធរនឹង​វាស់​ដី​​នោះ ជា​ឡូត៍ ឱ្យ​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារកន្លះ​ហិកតារ។ លោក ចាន់​ និត​ ថា ពលរដ្ឋ​មិន​ពេញ​ចិត្ត​ទេ ហើយ​លោក​ផ្ទាល់ ក៏​​មិន​ព្រម​ទទួល​ដំណោះស្រាយ​នេះ​ទេ ព្រោះ​ គ្រួសារ​លោកធ្លាប់​អាស្រ័យ​ផលលើ​ដីទំហំ ​៤ ​ហិកតារ៖ «ខ្ញុំ​អត់​ព្រម​ទេ​បង ដឹង​យក​មក​ធ្វើ​ម៉េច​កើត​ ខ្ញុំ​អត់​ព្រម។ ខ្ញុំ​ថា​ ខ្ញុំ​សូម​ឆ្វៀល​ សូម​តែ​តំបន់​របស់​ខ្ញុំ​ធ្លាប់​ធ្វើ​ប៉ុនណា​ សុំ​តែ​ប៉ុណ្ណឹង​។ ខ្ញុំ​ប្រជុំ​ជាមួយ​អ្នកភូមិ​ពេល​ព្រឹក​ មុន​ចៅហ្វាយ​ស្រុក​គាត់​មក​ ប្រជាជន​សូម​សំណូមពរ​ប៉ុណ្ណឹង »។

ដំណោះស្រាយ​កាត់​ឆ្វៀល​ដី មាន​ជម្លោះ ទំហំ​ជាង​មួយ​ពាន់​ហិកតារ (១.០០០)​ ស្ថិត​នៅ​ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ឱ្យ​ទៅ​អ្នក​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់ឆ្នាំងវិញ​​ ធ្វើ​ឡើង​ក្រោយ​ពេល​ពលរដ្ឋ​ជា​ច្រើនបាន​តវ៉ា​ បិទ​ផ្លូវ​ជាតិ​លេខ​៥ កាល​ពី​ថ្ងៃ​ទី​១១ ខែឧសភា ទាមទារ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ដើម្បី​ពួកគាត់ បាន​​ចូល​ទៅ​ធ្វើ​ស្រែ ក្នុង​រដូវ​វស្សា​នេះ​វិញ។

អភិបាល​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់ឆ្នាំងលោក យឹម សារិន ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១២ ខែឧសភា​ថា អាជ្ញាធរ​ស្រុក​ជាប់​គ្នា​​ទាំង​ពីរបាន​យល់​ព្រម​គ្នាថា នឹង​​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋជា​បន្ត​បន្ទាប់​។ លោកមិន​ដឹង​ថា អាជ្ញាធរ​ខាង​ខេត្ត​ពោធិ៍សាត់ នឹង​វាស់វែង​ដី​ទំហំ​ប៉ុន្មាន​ ឱ្យ​ពលរដ្ឋ​ទេ តែ​លោកបញ្ជាក់​ថា ពលរដ្ឋ​​មាន​វិវាទ​ដី​នេះ មាន​ ៥ ​ឃុំ សរុប​ជាង​ប្រាំពីរ​រយ​គ្រួសារ (៧០០)៖ «ខ្ញុំ​បាន​ជួប​ក្រុមការងារ​របស់​ពោធិ៍សាត់​ ហើយ​ស្អែក​ហ្នឹង គេ​ឲ្យ​គ្រួសារ​ហ្នឹង​ទៅ​មុន​ គេ​ដោះ​ឲ្យ​។ គេ​ដោះ​ម្ដង​ ២០ ​គ្រួសារ គេ​វាស់​ជា​ឡូត៍​ៗ​អ៊ីចឹង។ អត់​ទាន់​ថា​ម៉េច​ទេ ចាំ​មើល​ស្អែក​ហ្នឹង​ តែ​គេ​ទៅ ​២០ ​គ្រួសារ​សិន »។

ចំណែកអាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​វិញ អះអាង​ថា ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ពិតប្រាកដ ​មាន​តែ​ជាង​មួយ​រយ​នាក់ (១០០)​ ទេ។ អភិបាល​រង ​ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ មាន​ប្រសាសន៍​ថា អាជ្ញាធរ នឹង​វាស់វែង​តាម​ចំនួន​ជាក់​ស្ដែង ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ឱ្យ។ លោកបន្ត​ថា អាជ្ញាធរ បាន​ហៅ​ពលរដ្ឋមក​វាស់វែង​តាម​ការ​ជាក់ស្ដែង​យូរ​ណាស់​ហើយ តែ​ពួកគេ​មិន​ព្រម​មក​ទទួល​។

លោកអះអាង​ថា អ្នក​​ទាមទារ​​ខ្លះ​ទៀត មិន​ធ្លាប់​អាស្រ័យ​ផល​ ពីមុន​ជាក់​ស្ដែង​ទេ តែ​ជា​អ្នក​កាប់​រាន​ដី​ព្រៃ​ថ្មីថ្មោង ដូចនេះ​អាជ្ញាធរ នឹង​មិន​វាស់វែង​ឱ្យ​ទេ៖ «តាម​ពិត​ដំណោះស្រាយ​គេ​មាន​យូរ​ហើយ​ តែ​គាត់​មិន​យល់។ ​ដំណោះស្រាយ​ គេ​ធ្វើ​តាំង​ពី​យូរ​ហើយ​តើ។ តែ​គាត់​នាំ​គ្នា​ធ្វើ​អ៊ីចឹង​ទៅ គេ​ចែក​ឲ្យ​គ្នា​រក្សា​ទុក​អ្នក​ណា​ពិតប្រាកដ​រស់​នៅ​ អាស្រ័យផល​លើ​ដី​ពិតប្រាកដ យល់​ទេ!»។

ទោះបីជាយ៉ាងណា តំណាង​ពលរដ្ឋ​​នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ជម្លោះ​ដីធ្លី នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់លោក​ យាន ជីវន្ត សំណូមពរ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ជួយ​ដោះស្រាយ​ជូន​ពលរដ្ឋ ឱ្យ​បាន​ឆាប់​ ព្រោះ ​ពួកគាត់ ដល់​រដូវ​ត្រូវ​ធ្វើ​ស្រែ​ហើយ​។ លោក​គាំទ្រ​ ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ព្រម​វាស់វែង​ទំហំ​ដី ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល ឱ្យ​ពិត​មែន៖ «មិន​ជា​ល្អ​ទេ​សម្រាប់​ពលរដ្ឋ​ដែល​មាន​ដី​អាស្រ័យ​ផល​នៅ​ម្ដុំ​​ហ្នឹង អត់​មាន​ពី​ណា​ក្រៅពី​ម្ដុំ​ហ្នឹង​ទេ។ ដូច​ខ្ញុំ​ជា​ដើម តែ​គេ​យក​អស់​ហើយ គឺ​ចប់​ហើយ។ អត់​មាន​ដី​ធ្វើ​ស្រែ អត់​ដី​អី​អាស្រ័យ​ផល ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត​ជា​រៀងរាល់​ឆ្នាំ ដូច​សព្វ​ថ្ងៃ​ទេ តែ​អស់​ដី​ហ្នឹង​ អស់​ហើយ​ខ្ញុំ​នោះ »។

ដី​​នេះ មាន​ជម្លោះ​យូរ​ឆ្នាំ​មក​ហើយ ​ដោយ​សារ​​​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ដី​ស្រែ​របស់​ពួក​គេឲ្យ​ទៅ​ក្រុមហ៊ុន​ចិន ​(មិន​ស្គាល់​ឈ្មោះ) ​​អភិវឌ្ឍន៍។ ក្រោយ​ពី​ពលរដ្ឋ​ចេញ​តវ៉ា និង​ដាក់​​​ញត្តិ​អស់​ច្រើន​ឆ្នាំ ទើប​ខាង​ក្រុមហ៊ុន​ចិន​បាន​ដក​ចេញ​ទៅ​វិញ តែ​ក្រោយ​មក​ទៀត ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​កាត់​ដី​នោះ ​ឲ្យ​ទៅ​ពលរដ្ឋ​​រស់​នៅ​​ស្រុក​ក្រគរ ជា​អ្នក​អាស្រ័យ​ផល​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល