ពលរដ្ឋ​ឃុំ​អូរ​ខេត្ត​កំពង់ស្ពឺ​ចោទ​ក្រុមហ៊ុន​អ៊ុក​ឃុន​ថា​រំលោភ​យក​ដី​ពួក​គាត់

ដោយ ថា កិត្យា
2016.05.23
ផែនទី​ខេត្ត​កំពង់ស្ពឺ ៦២០ ផែនទី​ខេត្ត​កំពង់ស្ពឺ។
Photo: RFA

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ក្រុមហ៊ុន អ៊ុក ឃុន ដំណាំ​ឧស្សាហកម្ម ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦។ ប្រជាពលរដ្ឋ​អះអាង​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន អ៊ុក ឃុន បាន​រំលោភ​យក​ដី​ពួក​គាត់​ទាំង​បំពាន។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន ក៏​អះអាង​ថា ដី​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែរ។

ជម្លោះ​ដណ្ដើម​កាន់​កាប់​ដី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន អ៊ុក ឃុន ដំណាំ​ឧស្សាហកម្ម បាន​ពុះ​កញ្ជ្រោល​កាន់​តែ​ខ្លាំង និង​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រើ​ពាក្យ​សម្ដី​ខ្លាំងៗ​ទៅ​វិញ​ទៅ​មក ដោយ​ក្នុង​ដៃ​មាន​ដំបង កាំបិត ពូថៅ​ទាំង​សង​ខាង ប៉ុន្តែ​ពុំ​ឈាន​ដល់​ផ្ទុះ​អំពើ​ហិង្សា​នោះ​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២២ ខែ​ឧសភា។

លោក ញឹម រិទ្ធី ដែល​ជា​ម្ចាស់​ដី​នៅ​ភូមិ​កុមារពេទ្យ ឃុំ​អូរ ឲ្យ​ដឹង​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ ដោយសារ​ក្រុមហ៊ុន អ៊ុក ឃុន បាន​ដឹក​សម្ភារៈ​សាងសង់​ផ្ទះ​ឲ្យ​កម្មករ និង​ប្រើ​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ផល​ដំណាំ​លើ​ដី​របស់​គាត់​ជាង​មួយ​ហិកតារ។ លោក​អះអាង​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០​នាក់ បាន​ចូលរួម​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ដឹក​សម្ភារៈ និង​យក​គ្រឿងចក្រ​ចេញ​ទៅ​វិញ៖ «លើក​ឈើ​ដាក់​ឡាន​ដឹក​ទៅ​វិញ​ភ្លាម មិន​អាច​ទុក​នៅ​ទីនេះ​បាន​ទេ»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា កន្លង​មក ក្រុមហ៊ុន អ៊ុក ឃុន ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​លើ​ផ្ទៃ​ដី​ជាង ១​ម៉ឺន ២​ពាន់​ហិកតារ ដើម្បី​ដាំ​ស្វាយ​ចន្ទី ប៉ុន្តែ​ដី​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ដក​ហូត​យក​វិញ​នៅ​សល់​តែ ៥២​ហិកតារ​ប៉ុណ្ណោះ។ តែ​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​មួយ​នេះ​មិន​គោរព​តាម ស..ណ របស់​រដ្ឋាភិបាល​ឡើយ ពោល​គឺ​នៅ​តែ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ដែល​ឋិត​នៅ​ក្បែរ​នោះ ហើយ​ថែម​ទាំង​ប្ដឹង​ប្រជាពលរដ្ឋ​ទៅ​តុលាការ​ជាច្រើន​ដង​ទៀត​ផង។

មេ​ឃុំ​អូរ លោកស្រី តាំង គឹមចេង មាន​ប្រសាសន៍​ថា ទំនាស់​ដីធ្លី​នេះ​បាន​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​សម្រប​សម្រួល​ដោះស្រាយ​មិន​បាន​ផល។ លោកស្រី​អះអាង​ថា ដី​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​លោកស្រី​មិន​យល់​ឡើយ​ថា មូលហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន អ៊ុក ឃុន នៅ​តែ​ដណ្ដើម​ដី​នោះ​ទៀត៖ «កាន់​កាប់​ប្រាកដ​ពី​មុន​មក គឺ​ប្រជាពលរដ្ឋ ប៉ុន្តែ​យាយ ភាព (ប្រពន្ធ​របស់​លោក អ៊ុក ឃុន) គាត់​ចេះ​តែ​តវ៉ា​ថា​ដី​របស់​គាត់»

ប្រជាពលរដ្ឋ​អះអាង​ថា ដី​នោះ​ពួក​គាត់​បាន​កាន់​កាប់​តាំង​ពី​ដូនតា​មក​ម្ល៉េះ និង​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ខាង​ក្រុមហ៊ុន អ៊ុក ឃុន ដំណាំ​ឧស្សាហកម្ម​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា នេះ។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក រ័ត្ន ថាវី ដែល​ឃ្លាំ​មើល​ទំនាស់​ដីធ្លី​នេះ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​នោះ​បាន​សាមគ្គី​គ្នា​យ៉ាង​ខ្លាំង ដើម្បី​បណ្ដេញ​ក្រុមហ៊ុន អ៊ុក ឃុន ចេញ​ពី​ដី​ពួក​គាត់។ លោក​អះអាង​ថា បើ​ផ្អែក​តាម​ទំហំ​ដី​សម្បទាន​ដែល​រដ្ឋាភិបាល​ផ្តល់​ជូន​ក្រុមហ៊ុន​នោះ គឺ​មិន​ដល់​ដី​របស់​ពលរដ្ឋ​នោះ​ទេ៖ «វា​អត់​មាន​ពាក់ព័ន្ធ​មក​ដល់​កន្លែង​ហ្នឹង​ទេ ព្រោះ​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​នៅ​ខាង​លិច​ឆ្ងាយ។ តាម​ពិត​រឿង​នេះ ខេត្ត​ដោះស្រាយ​ត្រូវ​ជាង ព្រោះ​ជា​រឿង​ដី​សម្បទាន​សេដ្ឋកិច្ច តែ​ក្រុមហ៊ុន​គាត់​បែរ​ជា​ប្ដឹង​ទៅ​តុលាការ ហើយ​តុលាការ​ទុក​រឿង​នេះ​ចោល​អត់​ធ្វើ​អី​ទាំងអស់»

ប្រជាពលរដ្ឋ​អះអាង​ថា នេះ​គឺ​ជា​លើក​ទី​បី​ហើយ​ដែល​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន អ៊ុក ឃុន បាន​ប្រឈម​មុខ​ដាក់​គ្នា តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ពី​ខាង​អាជ្ញាធរ​នោះ​ឡើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា អាជ្ញាធរ​ខេត្ត​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ខាង​ក្រុមហ៊ុន។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់​វិធានការ​ដោះស្រាយ​ជា​បន្ទាន់ ព្រោះ​ក្រុមហ៊ុន អ៊ុក ឃុន មិន​បាន​គោរព ស..ណ របស់​លោក ហ៊ុន សែន ដែល​កាត់​ដី​ពី​ក្រុមហ៊ុន​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។