ប្រជាពលរដ្ឋរស់នៅក្បែរបឹងតាមោកស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អស់សង្ឃឹមនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនខ្វាយខ្វល់ក្នុងការចុះបញ្ជីផ្តល់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង២រយ (២៥០) គ្រួសារ ក្រោយពីពួកគាត់បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ជាច្រើនលើកច្រើនសារកន្លងមកនេះ។ ប្រជាពលរដ្ឋថា ការបន្តអូសបន្លាយក្នុងដោះស្រាយវិវាទដីធ្លីនេះ អាជ្ញាធរថ្នាក់ក្រោមជាតិប្រដាប់ដោយអាវុធនឹងអាចបន្តគំរាមបណ្តេញពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំតទៅទៀត។ មន្រ្តីសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាលឱ្យពន្លឿនដោះស្រាយវិវាទដីធ្លីនេះប្រកបដោយសន្តិវិធី។
ប្រជាពលរដ្ឋជាង ២រយ (២៥០) គ្រួសារ និងមានផ្ទះ ១០៨ ខ្នង រស់នៅក្បែរបឹងតាមោកស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ លើកឡើងជាថ្មីទៀតថា ពួកគាត់ស៊ូស្លាប់នៅលើដីលំនៅឋានរបស់ពួកគាត់ដែលរស់នៅតាំងពីឆ្នាំ១៩៩០ ប្រសិនបើកងកម្លាំងប្រដាប់ដោយអាវុធនៅតែបន្តបណ្តេញពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំ។
តំណាងប្រជាសហគមន៍ភូមិសំរោងត្បូងលោកស្រី ប្រាក់ សុភា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ ខែកក្កដា ថាលោកស្រី ខកចិត្តយ៉ាងខ្លាំងចំពោះលោក ហ៊ុន សែន ដែលនៅតែមិនអើពើក្នុងការពន្លឿនផ្តល់ប្លង់កម្មសិទ្ធដីធ្លីស្របច្បាប់ជូនពលរដ្ឋ ដែលធ្វើឱ្យអ្នកភូមិរស់នៅទាំងរងសម្ពាធទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោកស្រីលើកឡើងថា បើលោក ហ៊ុន សែន គ្មានឆន្ទៈកាត់ឆ្វៀលដីចំនួន៥ហិកតា សម្រាប់ផ្តល់ឱ្យពលរដ្ឋជាង២រយគ្រួសារដើម្បីអាចមានដីធ្លីរស់នៅបានសមរម្យទេនោះ វាជារឿងអយុត្តិធម៌ ខណៈនាពេលកន្លងមករដ្ឋាភិបាលបានកាត់ឆ្វៀលដីរាប់រយហិកតាផ្តល់ឱ្យក្រុមអ្នកមានលុយមានអំណាច និងក្រុមហ៊ុនឧញ៉ា សម្រាប់ធ្វើអាជីវកម្ម៖ « ឧញ៉ាមួយចំនួនម៉េចក៏ទទួលបាន ១០ - ២០ ហិកតាបាន ? ហេតុអីពលរដ្ឋ១០៨ខ្នងផ្ទះ មិនអាចទទួលប្លង់កម្មសិទ្ធិពីនាយករដ្ឋមន្រ្តី ? ព្រោះប្រជាពលរដ្ឋ ក៏ជាកូនចៅនាយករដ្ឋមន្រ្តីដែរ តាស៎។ មិនមែន មានតែឧញ៉ា ដែលជាខ្សែនាយករដ្ឋមន្ត្រីឯណា ហើយពលរដ្ឋតវ៉ាអត់មានសុំកណ្ដាលបឹង សុំ២០ - ៣០ហិកតាទេ។ ពលរដ្ឋសុំតែ ជម្រកផ្ទះពលរដ្ឋតែប៉ុណ្ណឹងទេ។ ពលរដ្ឋអត់មានលោភលន់ទេ សុំឱ្យអាជ្ញាធរដែនដីទាំងអស់ សូមមេត្តាពិចារណាសុំឱ្យអស់លោកទាំងអស់ សូមមេត្តា កុំលោភលន់ពេក។ ទោះបីពួកខ្ញុំក្រីក្រក៏ស្លាប់ មន្រ្តីរាជការ ឧញ៉ា ក៏ស្លាប់ ដែរ។ ហេតុអីលោភលន់យកទៅណា ? អត់ខ្លាចមេឃដីផ្តន្ទាទោសទេអី ដែលចង់បានញើសឈាមពីប្រជាពលរដ្ឋហ្នឹង ? មាត់ប្រជាពលរដ្ឋប្រៃណាស់ណា ! ប្រយ័ត្នត្រូវបណ្ដាសា ព្រោះទឹកភ្នែកគេហូរណាស់ ទម្រាំធ្វើបានផ្ទះមួយៗ បង់ធនាគារឡើងចង់បែកផ្សែងហើយ »។
កាលពីថ្ងៃទី២៩ ខែមិថុនា ពលរដ្ឋជាង១រយនាក់ (១០០) ដែលតំណាងឱ្យពលរដ្ឋជាង ២រយគ្រួសារ (២៥០) រស់នៅក្បែរបឹងតាមោក បាននាំគ្នាតវ៉ា និងដាក់ញត្តិទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើឱ្យជួយអន្តរាគមន៍រឿងជម្លោះដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពួកគាត់។ ក៏ប៉ុន្តែមកដល់ពេលនេះ ពលរដ្ឋថា មិនទាន់មានអាជ្ញាធរណាចុះដោះស្រាយជូនពួកគាត់នៅឡើយ។
លោកស្រី ប្រាក់ សុភា ឱ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដាខាងមុខ ពលរដ្ឋគ្រោងជួបជុំប្រមូលផ្តុំគ្នាតវ៉ាសារជាថ្មីនៅខុទ្ទកាល័យលោក ហ៊ុន សែន ដើម្បីតាមដានញត្តិរបស់ពួកគាត់ និងស្នើឱ្យប្រមុខរដ្ឋាភិបាលពន្លឿនក្នុងការផ្តល់ដំណោះស្រាយជូនពលរដ្ឋឱ្យបានឆាប់។ ក្រៅពីនេះ លោកស្រី ប្រាក់ សុភា បញ្ជាក់ថា ក្រោយពីពលរដ្ឋបានដាក់ញត្តិទៅកាន់ខុទ្ទកាល័យលោក ហ៊ុន សែន ព្រមទាំងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋសភា និងទីស្ដីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១ ខែកក្កដា អភិបាលខណ្ឌព្រែកព្នៅគឺ លោក សុខ សម្បត្តិ បាននិយាយគំរាមទៅកាន់ពលរដ្ឋថា ស្នើទៅតុលាការចេញដីការ ដើម្បីរុះរើផ្ទះប្រជាពលរដ្ឋក្នុងពេលឆាប់នេះ។
ជាងនេះទៅទៀតលោកស្រី ប្រាក់ សុភា ប្រាប់ថា លោក សុខ សម្បត្តិ នឹងប្រើប្រាស់គ្រប់វិធានការ រួមទាំងកងកម្លាំងប្រដាប់អាវុធ និងចាប់ខ្លួនសកម្មជនដីធ្លីណាដែលហ៊ានងើបតវ៉ា៖ « គាត់អាងឡើង អាមេកាំភ្លើងអញ្ចឹង ហើយចុះអាហ្នឹងគាត់គ្រាន់តែអាមេ ចុះបើគាត់ [ អាជ្ញាធរ ] បាញ់ចំពលរដ្ឋស្លាប់ហ្នឹង។ យ៉ាងច្រើនទទួលបានសំណង២លាន ហើយចុះ កូនប្រពន្ធ ចុះប្តី អ្នកណាទទួលខុសត្រូវ ? អញ្ចឹងបានថា ប្រជាពលរដ្ឋ មានតែសម្រែកនៃការឈឺចាប់។ ខ្ញុំភ័យខ្ញុំព្រួយបារម្ភ ប៉ុន្តែខ្ញុំគិតថា អត់ខ្លាចគុក អត់ខ្លាចច្រវ៉ាក់ទេ។ ការលះបង់របស់ខ្ញុំមួយ ប្រជាពលរដ្ឋខ្ញុំ បានប្លង់កម្មសិទ្ធិ ខ្ញុំអត់ស្ដាយទេ សូម្បីតែជីវិត ហើយពលរដ្ឋគាត់តែងនិយាយថា បើសិនជាមានការចាប់ខ្លួន [ សកម្មជនដីធ្លី ] ពលរដ្ឋឃើញក៏អត់ឱ្យចាប់បានដែរ បើចាប់ពលរដ្ឋរត់ឡើងឡានទាំងអស់គ្នា »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងអភិបាលខណ្ឌព្រែកព្នៅ គឺលោក សុខ សម្បត្តិ ដើម្បីសុំអត្ថាធិប្បាយបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី៣ ខែកក្កដានេះ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា ករណីកម្លាំងប្រដាប់ ឬអាជ្ញាធរប្រើអាវុធ ដើម្បីគំរាមកំហែងប្រជាពលរដ្ឋ គឺជាអំពើខុសច្បាប់ និងជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកលើកឡើងបន្តថា អាជ្ញាធរ និងរដ្ឋាភិបាលគួរពិនិត្យសំណើពលរដ្ឋ និងធ្វើការដោះស្រាយវិវាទដីធ្លីនេះប្រកបដោយយុត្តិធម៌ និងសន្តិវិធី ជៀសវាងដាក់កម្លាំងអាជ្ញាធរ បណ្ដេញពលរដ្ឋឱ្យចាកចេញទាំងបង្ខំពីកន្លែងដែលពួកគាត់ធ្លាប់អាស្រ័យផលកន្លងមកនេះ៖ « ពីព្រោះការបណ្តេញចេញទាំងបង្ខំ ធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរណាស់។ នេះជាបទពិសោធន៍កន្លងមក។ អញ្ចឹង បានជាយើងអង្គការសង្គមស៊ីវិល យើងទទូចសុំឱ្យមានការពិនិត្យ ឱ្យអស់ពីលទ្ធភាពក្នុងការស្វែងរកដំណោះស្រាយ។ ការអភិវឌ្ឍ ទាំងអង្គការសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាល គ្មានអ្នកណាជំទាស់ទេ។ ប្រទេសនីមួយៗ ត្រូវមានការអភិវឌ្ឍ។ ប៉ុន្តែការអភិវឌ្ឍត្រូវប្រកបដោយតម្លាភាព និងយុត្តិធម៌។ ប្រជាពលរដ្ឋ នៅនឹងកន្លែងហ្នឹង ត្រូវទទួលបានផលប្រយោជន៍មុនគេ »។
ផ្ទៃបឹងតាមោក មានទំហំជាង ៣ពាន់ហិកតា (៣.២៣៩) តាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។ ប៉ុន្តែបឹងនេះបានរួមតូចបន្តិចម្ដងៗ បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន សម្រេចកាត់ផ្ទៃបឹង និងអនុញ្ញាតឱ្យចាក់ដីលុបអស់រាប់រយហិកតា ក្រោមហេតុផលអភិវឌ្ឍន៍។
គិតត្រឹមឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ទំហំដីបឹងតាមោកមានចំនួនជាងពីរពាន់ (២.០០០) ហិកតា ដែលរដ្ឋាភិបាលបានកាត់ និងដោះដូរ ទៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងមនុស្សមួយក្រុម ដែលពលរដ្ឋដឹងថា ជាអ្នកមានលុយមានអំណាច ដើម្បីឱ្យពួកគេកសាងអគារ បុរី វីឡា ខុនដូ និងធ្វើជាកម្មសិទ្ធឯកជនជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។