ប្រជាសហគមន៍មានជម្លោះដីធ្លីប្រមាណ៣០០នាក់ មកពី៧សហគមន៍នៅ ខេត្តកោះកុង ប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដើម្បីតវ៉ា ទាមទារអោយតុលាការទម្លាក់បទចោទលើតំណាងសហគមន៍១៩៧ អ្នកស្រី ដេត ហួរ ពាក់ព័ន្ធសំណុំរឿង បរិហារបង្កាច់កេរ្តិ៍។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរទប់ស្កាត់ អ្នកមានលុយ និងអំណាច ដែលតែងតែយកស្ថាប័នតុលាការ គំរាមកំហែងពលរដ្ឋ និងពន្លឿនការដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី។
ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តកោះកុងលើកឡើងថា តំណាងសហគមន៍១៩៧គ្រួសារ បានចូលបំភ្លឺតាមការកោះហៅរបស់អយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ពាក់ព័ន្ធសំណុំរឿងបរិហារបង្កាច់កេរ្តិ៍ ថ្ងៃទី០៣ កញ្ញា ឆ្នាំ២០២១ និងថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២១។ សាលាដំបូងខេត្តកោះកុងបានផ្ដន្ទាទោសតំណាងសហគមន៍អ្នកស្រី ដេត ហួរ ដាក់ពន្ធនាគារ១ឆ្នាំ និងបង់ប្រាក់២លានរៀល(២,០០០,០០០៛) ពីបទបរិហារកេរ្តិ៍ តាមបណ្ដឹងមេប៉ូលិសផ្កាយ២ លោក ហេង ហ៊ុយ ដែលមានដីរាប់ពាន់ហិកតារក្នុងខេត្តកោះកុង។
តំណាងអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុលោក ខៀវ ផល្លា កោះហៅ តំណាងពលរដ្ឋសហគមន៍ជម្លោះដីធ្លីអ្នកស្រី ដេត ហួរ រស់នៅសហគមន៍១៩៧ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ឱ្យចូលបំភ្លឺនៅថ្ងៃទី៤ ខែតុលា ជុំវិញសំណុំរឿងនេះ។
អ្នកស្រី ដេត ហ៊ួរ លើកឡើងថា ចូលបំភ្លឺតាមពាក្យបណ្ដឹងរបស់អ្នកស្រី ដែលបានប្ដឹងមិនសុខចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តកោះកុង។ អ្នកស្រីបន្តថា សម្រាប់ការសម្រេចរបស់សាលាឧទ្ធរណ៍មិនទាន់ដឹងយ៉ាងណានោះឡើយ ប៉ុន្តែអ្នកស្រីសង្កេតឃើញថាសាលាឧទ្ធរណ៍ព្រះសីហនុ ប្លែកពីសាលាដំបូងខេត្តកោះកុង ដោយមានការគោរព និងអោយតម្លៃដល់ពលរដ្ឋរងគ្រោះដីធ្លី។
អ្នកស្រីអះអាងថា លោក ហេង ហ៊ុយ ដាក់គ្រឿងចាក់ ឈូសឆាយដីធ្លីកំពុងអាស្រ័យផលរបស់អ្នកស្រី ដោយគ្មានការជូនដំណឹងពីអាជ្ញាធរភូមិឃុំឡើយ ហើយអ្នកស្រីក៏រិះគន់តាមបណ្ដាញសង្គមហ្វេសបុក មិនមែនជាការបរិហារបង្កាច់កេរ្តិ៍ដូចការចោទប្រកាន់របស់ភាគីជម្លោះនោះទេ៖ «ចំពោះខ្ញុំ គឺខ្ញុំមានបញ្ហាផ្លូវចិត្តខ្លាំងមែនទែន ព្រោះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋបានបាត់បង់ដីហើយ ត្រូវជាប់ប្រព័ន្ធតុលាការច្រើនលើកច្រើនសារ ។តុលាការកោះហៅគ្មានពេលវេលាសម្រាប់ខ្ញុំ គ្មានពេលវេលាសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ និងសម្រាប់សហគមន៍ទាំងមូលទេ។ សហគមន៍យើងទាំងមូលនឹងប្រជាពលរដ្ឋយើងទាំងអស់គ្នាមានការពិបាកមែនទែន។ គឺគាត់ធ្លាក់ខ្លួនក្រ គាត់ចំណាកស្រុក គាត់ជំពាក់បំណុលធនាគារ ព្រមទាំងរូបខ្ញុំមានផ្លូវចិត្ត ហើយនឹងក្រុមគ្រួសារខ្ញុំមានបញ្ហាឈឺខ្លាំងអ៊ីចឹងហាស។ អ៊ីចឹងទៅខ្ញុំគឺពិបាកខ្លាំងមែនទែន ចំពោះខ្ញុំ ខ្ញុំឃើញថា គឺគេបិទសិទ្ធិសេរីភាពខ្ញុំខ្លាំងមែនទែន»។
អ្នកស្រី ដេត ហ៊ួរ បន្ថែមថា អ្នកស្រីបានរងភាពអយុត្តិធម៌ និងមានការឈឺចាប់ជាខ្លាំង ដោយសារត្រូវក្រុមហ៊ុនរំលោភយកដីធ្លីអស់ ហើយនិងត្រូវអាជ្ញាធរប្ដឹងទៅតុលាការថែមទៀត ដោយសារតែការ តវ៉ាទាមទារដីធ្លីរបស់ខ្លួនឯង។
តំណាងសហគមន៍ដីធ្លីម្នាក់ទៀតក្រុម១៧៥គ្រួសារអ្នកស្រី ផាវ ញ៉ើង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃ៤ ខែតុលាថា អ្នកស្រីបានទៅចូលរួមឃ្លាំមើលការទៅតវ៉ានៅមុខសាលាឧទ្ធរណ៍ខេត្តព្រះសីហនុដែរ ប៉ុន្តែអ្នកស្រីយល់ថា សាលាឧទ្ធរណ៍មិនគួរព្រមានអ្នកស្រី ដេត ហួរ អោយមកបញ្ជាពលរដ្ឋចូលរួមឃ្លាំមើលឡើយ។ អ្នកស្រីបន្តថា អ្នកស្រី ដេត ហួរ បានអស់ជំនឿលើសាលាដំបូងខេត្តកោះកុងម្ដងរួច ហើយទើបបន្តក្តីមកសាលាឧទ្ធរណ៍ ដោយសង្ឃឹមថាទទួលបានយុត្តិធម៌ ហើយមន្ត្រីយុត្តិធម៌ត្រូវយកចិត្តទុកដាក់ដោះស្រាយប្រកបដោយឯករាជ្យ និងតម្លាភាព។
អ្នកស្រី ផាវ ញ៉ើង សង្ឃឹមថាមន្ត្រីយុត្តិធម៌ នៃសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ និងចុះស្រាវជ្រាវដល់ទីកន្លែងដីទំនាស់ និងស៊ើបអង្កេតមានសាវតារឿង ព្រោះមិនមែននៅសុខៗ អ្នកស្រី ដេត ហួរ ទៅបង្ហោះតាមបណ្ដាញសង្គមឡើយ៖ «បើសិនណាជាគាត់អត់បាត់បង់ដី ប្រហែលជាគាត់មិនទៅផុសហ្វេសបុកថាគេយកដីទេតាមមើល នេះជាការយល់ឃើញរបស់ខ្ញុំ។ អ៊ីចឹងស្នើសុំអោយស្ថាប័នតុលាការហ្នឹង មុននឹងប្រកាសសាលក្រមថាអ្នកណាចាញ់ អ្នកណាឈ្នះ ខ្ញុំគិតថាគួរតែចុះស្រាវជ្រាវ ឬក៏ចុះវាយតម្លៃ ចុះពិនិត្យមើលអោយដល់ទីតាំងដីដែលគាត់អះអាងថាបាត់ហ្នឹង។ វាបាត់មែនអត់ ឬមួយក៏គាត់ចេះតែចោទប្រកាន់គេ អាហ្នឹងបានយកទៅធ្វើការវិនិច្ឆ័យបញ្ហាហ្នឹងបញ្ចប់បានល្អត្រឹមត្រូវ។ តែបើអត់អ៊ីចឹងទេ ខ្ញុំគិតថាវាបាត់បង់ភាពអព្យាក្រិត្យ បាត់បង់ឯករាជ្យភាពរបស់តុលាការតែម្តង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ លោក យូ ទិត្យវឌ្ឍនៈ និងលោក ហេង ហ៊ុយ ដើម្បីសុំអត្ថាធិប្បាយ ជុំវិញរឿងនេះបានទេថ្ងៃទី៤ តុលា។ ប៉ុន្តែ លោក ហេង ហ៊ុយ ធ្លាប់ប្រាប់វិទ្យុ វីអូឌី(VOD) ថាក្រុមហ៊ុនរបស់លោកមិនបានរំលោភយកដីរបស់ពលរដ្ឋនោះទេ និងមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវតាមច្បាប់កាលពីអំឡុងឆ្នាំ២០២១។
ជុំវិញរឿងនេះ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ញិល សុភាព យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធគួរតែពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ប្រើសើជាងប្រើប្រាស់តុលាការ ដើម្បីគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពដោយរំលោភទៅលើសហគមន៍។ លោកបន្តថា សាលាឧទ្ធរណ៍ត្រូវទម្លាក់ចោលបទចោទ និងព្យាយាមដោះស្រាយដោយដីធ្លីតម្លាភាព និងសន្តិវិធី កុំអោយមានការរិះគន់ ហើយធ្វើអោយពលរដ្ឋបាត់បង់ជំនឿលើប្រព័ន្ធតុលាការ។
ជាមួយគ្នានេះ លោក ញិល សុភាព អះអាងថា ការដែលប្រជាពលរដ្ឋប្រមូលផ្តុំគ្នាមុខសាលាឧទ្ធរណ៍ព្រះសីហនុ ដើម្បីគាំទ្រលើកទឹកចិត្តអ្នកស្រី ដេត ហួរ ចូលសវនាការ និងជាការចូលរួមធ្វើយុទ្ធនាការតស៊ូមតិទាមទារទៅតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់និងកាត់ក្ដីដោយឈរលើគោលការណ៍យុត្តិធម៌៖ «ខ្ញុំគិតឃើញថាការប្រើប្រាស់ប្រព័ន្ធតុលាការ នៅក្នុងការចោទប្រកាន់ ក៏ដូចជាចាប់ខ្លួនធ្វើបាបទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋ ទៅលើពលរដ្ឋដែលរងគ្រោះជាមួយនឹងបញ្ហាដីធ្លី ជាមួយនឹងបញ្ហាការរំលោភជាមួយនឹងការការពារធនធានធម្មជាតិ វាជាសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយការធ្វើបែបនេះវាជាប្រការមួយដែលធ្វើអោយប្រជាធិបតេយ្យ ក៏ដូចជាសម្លេងរបស់ប្រជាពលរដ្ឋត្រូវបានធ្លាក់ចុះ»។
កាលពីឆ្នាំ២០១៩ ពលរដ្ឋចំនួន១៩៧គ្រួសារ មកពីឃុំជីខលើ និងជីខក្រោម បានតវ៉ានៅរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយដោះស្រាយវិវាទដីធ្លីពួកគាត់ ដោយចោទថា ក្រុមហ៊ុនហេងហ៊ុយ រំលោភយកតាំងពីឆ្នាំ២០០៧។ ប៉ុន្តែ ក្រសួងរៀបចំដែនដី មិនបានដោះស្រាយជូន ពលរដ្ឋទាំងនោះឡើយ ហើយបែរជាស្នើទៅអាជ្ញាធរពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ ចំពោះពលរដ្ឋដោយចោទពួកគាត់ថា ញុះញង់ឱ្យពលរដ្ឋ១៩៧គ្រួសារឡើងមកតវ៉ា។ តំណាងពលរដ្ឋ៩នាក់នៅសហគមន៍១៩៧ ផ្សេងទៀតកំពុងជាប់បណ្តឹងនៅតុលាការ ក្រោមបទចោទបរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបណ្ដឹងរបស់លោក ហេង ហ៊ុយ។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ សាលាដំបូងខេត្តកោះកុងបានកាត់ក្ដី ឱ្យអ្នកស្រី ដេត ហួរ តំណាងពលរដ្ឋសហគមន៍១៩៧ នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ចាញ់ក្តីលោកឧកញ៉ា ហេង ហ៊ុយ ដោយផ្ដន្ទាទោសអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ប៉ុន្តែពុំឃុំខ្លួននោះទ។
ប្រជាសហគមន៍ និងសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋដោយយុត្តិធម៌ និងទប់ស្កាត់ការប្រើប្រាស់ប្រព័ន្ធតុលាការពីភាគីមានលុយ និងមានអំណាចទៅលើពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។