«ករណីឧកញ៉ា សៀង ចាន់ហេង ប្រគល់ដីឲ្យប្អូនស្រីនាយករដ្ឋមន្ត្រីបង្ហាញថា អ្នកធំតែងឈ្នះ»
2023.01.26

ករណីវិវាទដីធ្លីរវាងអ្នកមានលុយមានអំណាចដូចគ្នា គឺរវាងអគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង និងប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ប៊ុនធឿន បានដោះស្រាយបញ្ចប់ហើយ ក្រោយមានយកចិត្តទុកដាក់ និងការសម្របសម្រួលជាពិសេសពីលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា។
ដំណោះស្រាយវិវាទដីធ្លីនេះ គឺអ្នកស្រី សៀង ចាន់ហេង សម្រេចប្រគល់ដីទំហំជាង ៥០ហិកតារ ជូនអ្នកស្រី ហ៊ុន ប៊ុនធឿន និងជំទាវម្នាក់ទៀតឈ្មោះ ហៀវ លន់។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត លើកឡើងថា ការដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងអ្នកធំដូចគ្នានេះ បានលឿនដោយសារមានការអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល និងលោក ជា សុផារ៉ា ។ លោកថា ករណីនេះ ខុសពីករណីវិវាទដីធ្លីដែលពាក់ព័ន្ធនឹងក្រុមពលរដ្ឋក្រីក្រ ដែលតែងអូសបន្លាយពេលរាប់ឆ្នាំ បើទោះបីជាពួកគាត់ខំលើកគ្នាទៅដាក់ញត្តិសុំដំណោះស្រាយដល់មុខស្ថាប័នរដ្ឋពាក់ព័ន្ធ ឬដល់ភូមិគ្រឹះរបស់លោក ហ៊ុន សែន ក្តី។ លើសពីនេះ លោកមើលឃើញថា ករណីដែលអ្នកស្រី សៀង ចាន់ហេង សម្រេចប្រគល់ដីជូនប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះ បង្ហាញថា ភាគីណាដែលមានឥទ្ធិពលធំជាង តែងតែឈ្នះ ។
លោកកត់សម្គាល់ឃើញថា ក្នុងករណីជម្លោះដីធ្លីរវាងពលរដ្ឋក្រីក្រ និងក្រុមហ៊ុនរបស់អ្នកមានលុយមានអំណាចកន្លងមក គឺពលរដ្ឋ តែងតែចាញ់អស់ដី ឬថែមទាំងជាប់គុកទៀតផង ហើយករណីខ្លះ បើទោះជាបានដំណោះស្រាយ ក៏មិនពេញលេញឡើយ។ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ថា ការដោះស្រាយវិវាទដីធ្លីរបៀបនេះ បង្កើតឲ្យមានភាពអយុត្តិធម៌សង្គមធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានប្រញាប់ប្រញាល់ដោះស្រាយ វិវាទដីធ្លីដីធ្លីរវាងអ្នកស្រី សៀង ចាន់ហេង និងអ្នកស្រី ហ៊ុន ប៊ុនធឿន ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នាទីស្តីការក្រសួងយ៉ាងយកចិត្តទុកដាក់ ក្រោយមានបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន។
ក្រោយជួបដោះស្រាយទល់មុខគ្នា អ្នកស្រី សៀង ចាន់ហេង បានយល់ព្រមប្រគល់ដីវិវាទទំហំ ៥០ ហិកតារ និង ៨អា ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជូនប្អូនស្រីរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ប៊ុនធឿន ដែលមានតួនាទីជាទីប្រឹក្សាក្រសួងការបរទេស និងអ្នកស្រី ហៀវ លន់។ យោងតាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី២៣ ខែមករា ភាគីជម្លោះទាំងសងខាង ក៏បានយល់ព្រមដកពាក្យបណ្ដឹងដែលបានដាក់នៅគ្រប់ក្រសួងស្ថាប័ន និងស្ថាប័នតុលាការផងដែរ។
ករណីនេះ វិវាទដីធ្លីនេះ ប្រសិនបើអ្នកស្រី សៀង ចាន់ហេង មិនព្រមប្រគល់ដីឲ្យអ្នកស្រី ហ៊ុន ប៊ុនធឿន ទេ អ្នកស្រីទំនងជាមានវាសនាមិនខុសពីពលរដ្ឋទូទៅទេ គឺអាចអស់ទាំងដីនិងជាប់ពន្ធនាគារថែមទៀត ព្រោះលោក ហ៊ុន សែន បានប្រើប្រាស់ទីស្ដីការគណៈរដ្ឋមន្ត្រីឲ្យចេញលិខិតចាប់ខ្លួនឧកញ៉ារូបនេះរួចជាស្រេច កាលពីចុងខែធ្នូ ឆ្នាំ២០២២។
ទោះជាយ៉ាងណា ទាំងអ្នកស្រី សៀង ចាន់ហេង អ្នកស្រី ហ៊ុន ប៊ុនធឿន និងអ្នកស្រី ហៀវ លន់ សុទ្ធតែធ្លាប់មានរឿងអាស្រូវស្រដៀងគ្នាជាយូរមកហើយ រឿងប្រើឥទ្ធិពលច្បាមយកដីរបស់ពលរដ្ឋក្រីក្រជាច្រើនកន្លែងដោយជោគជ័យ។ ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា តុលាការក្រុងភ្នំពេញ បានសម្រេចផ្ដន្ទាទោសអ្នកស្រី សៀង ចាន់ហេង ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ពីបទក្លែងបន្លំឯកសារដីជិត ២០០ហិកតារនៅខេត្តកំពង់ឆ្នាំង ហើយប្រើប្រាស់ឯកសារដីក្លែងនោះលក់ដីទៅឲ្យអ្នកផ្សេងទៀត ។ ប៉ុន្តែអ្នកស្រី មិនដែលត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនឡើយ។ ចំណែកអ្នកស្រី ហៀវ លន់ វិញ ក៏ធ្លាប់រងការចោទប្រកាន់រឿងប្រើប្រាស់កម្លាំងសមត្ថកិច្ចទៅរឹបអូសដីធ្លីពីពលរដ្ឋនៅខេត្តកំពត និងខេត្តកណ្តាលដែរ។
រហូតមកទល់ពេលនេះ ករណីអ្នកមានអំណាច អ្នកមានទ្រព្យធន ដណ្តើមយកដីពលរដ្ឋ កំពុងធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនគ្រួសារ ត្រូវរងទឹកភ្នែកទឹកសំបោរដោយសារអស់ផ្ទះអស់ដី។ បន្ថែមពីនេះ ជាទូទៅការតវ៉ារបស់ពួកគាត់ពុំសូវត្រូវបានលោក ហ៊ុន សែន ឬរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា យកចិត្តទុកដាក់ស្វែងរកយុត្តិធម៌ឲ្យឡើយ និងថែមទាំងប្រើប្រាស់កម្លាំងអាជ្ញាធរ រារាំង និងបង្ក្រាបមិនឲ្យពលរដ្ឋរងគ្រោះជួបជុំគ្នាដាក់ញត្តិស្វែងរកំណោះស្រាយឡើយ ដោយតែងតែចោទផ្សារភ្ជាប់ករណីពួកគាត់ទៅជារឿងនយោបាយជាដើម។ អ្នកឃ្លាំមើលយល់ថា ករណីទាំងនេះ ជាផ្នែកមួយឆ្លុះបញ្ចាំងថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងធ្វើឲ្យស្ថាប័នរដ្ឋ បាត់បង់ភាពឯករាជ្យ ច្របូកច្របល់ និងធ្វើឲ្យខូចប្រព័ន្ធដឹកនាំរដ្ឋទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។