មេធាវីការពារក្ដីឱ្យពលរដ្ឋប្រាំនាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនុ កំពុងប្រមូលឯកសារ និងភស្តុតាងដើម្បីដាក់ស្នើទៅតុលាការឱ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំបណ្ដោះអាសន្ន។
មន្ត្រីសង្គមស៊ីវិលយល់ថា តុលាការគួរអនុញ្ញាតឱ្យពលរដ្ឋទាំងនោះបាននៅក្រៅឃុំ និងលើកលែងការចោទប្រកាន់លើពួកគេ ព្រោះពលរដ្ឋទាំងប្រាំរូបមិនបានប្រព្រឹត្តកំហុសដូចការចោទនោះទេ។មេធាវីការពារក្ដីឱ្យពលរដ្ឋទាំងប្រាំរូប លោក ស៊ិន វន្នី ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៨ ខែកក្កដាថា ពេលនេះលោកកំពុងប្រមូលភស្តុតាងបញ្ជាក់ថា កូនក្តីរបស់លោកបានតវ៉ាការពារដីធ្លីពួកគេដោយសន្តិវិធី និងឯកសារបញ្ជាក់ថា ពួកគេមានលំនៅពិតប្រាកដនៅទីនោះ ដើម្បីដាក់បញ្ចូលក្នុងសំណុំរឿងឱ្យតុលាការពិនិត្យ។ លោកឱ្យដឹងទៀតថា កូនក្តីរបស់លោកអះអាងថា ពួកគេមិនបានបង្កហិង្សាដូចការចោទប្រកាន់របស់កងរាជអាវុធហត្ថ និងព្រះរាជអាជ្ញានោះទេ៖ «ប្រមូលភស្តុតាងហ្នឹងដើម្បីសុំបញ្ចូលក្នុងសំណុំរឿងហ្នឹង ហើយយើងបញ្ចូលហើយគឺយើងធ្វើនីតិវិធីមួយទៀត សុំឱ្យកូនក្តីនៅក្រៅឃុំ ព្រោះអីគាត់មានទីតាំងមានផ្ទះគាត់អត់រត់ទៅណាទេ ពេលតុលាការកោះហៅពួកគាត់មកជួបតុលាការ» ។
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនពលរដ្ឋ ៥នាក់ ក្នុងនោះស្ត្រីមានបួននាក់ និងអ្នកកាសែត២ នាក់ទៀត កាលពីថ្ងៃទី១៩ ខែកក្កដា ក្នុងជម្លោះដីធ្លីរវាងពលរដ្ឋ និងឈ្មួញដីធ្លីជាឧកញ៉ាឈ្មោះ ខូវ សម្បត្តិ អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅក្នុងសង្កាត់លេខ៣ ខេត្តព្រះសីហនុ ។
មកទល់ពេលនេះ អ្នកកាសែតទាំងពីររូបដែលត្រូវបានចាប់ខ្លួននោះ តុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយ នៅតែពលរដ្ឋទេដែលបន្តជាប់ឃុំ។ តុលាការបានចោទពលរដ្ឋទាំងប្រាំនាក់ពីបទ “ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។
អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែលតាមដានដំណើររឿងឱ្យដឹងថា ជម្លោះដីធ្លីនេះកើតឡើងតាំងពីជាងម្ភៃឆ្នាំមកហើយ ហើយក៏ កំពុងស្ថិតក្នុងដៃតុលាការខេត្តព្រះសីហនុដែរ។ ទាក់ទងការតវ៉ារបស់ពលរដ្ឋ មន្ត្រីសង្គមស៊ីវិលរូបនេះឱ្យដឹងថា ក្រុមពលរដ្ឋមិនបានប្រព្រឹត្តិអំពើហិង្សាដូចការ ចោទប្រកាន់នោះទេ ដូច្នេះ អ្នកស្រីយល់ថា តុលាការគួរអនុញ្ញាតឱ្យពលរដ្ឋអាចនៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះពួកគេមានមុខរបរ និងទីលំនៅពិតប្រាកដ៖ «ចង់ឱ្យមានការជជែកគ្នានៅក្រៅឃុំរវាងពលរដ្ឋ នឹងម្ចាស់ដីអត់ចង់ឱ្យមានការឃុំខ្លួនព្រោះរឿងទំនាស់ដីធ្លីទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងទៀតថា សព្វថ្ងៃនេះជម្លោះដីធ្លីរវាងពលរដ្ឋនិងឈ្មួញមានអំណាច តុលាការតែងចោទប្រកាន់ពលរដ្ឋពីបទល្មើសព្រហ្មទណ្ឌ។ អ្នកស្រីយល់ថា ការចោទប្រកាន់ហាក់បីដូចជាផ្ដល់ឱកាសដល់ភាគីជម្លោះម្ខាងទៀតជាឈ្មួញ អាចធ្វើសកម្មភាពលើដីមានទំនាស់នោះបានដោយស្រួល គ្មានអ្នករំខាន ក្នុងពេលគេមិនទាន់ដឹងថា អ្នកណាជាម្ចាស់ពិតប្រាកដលើដីមានជម្លោះនោះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។