ស្ថានភាព​​រស់​នៅ​របស់​ពលរដ្ឋ​​សហគមន៍​ផ្នូរ​ខ្មោច

0:00 / 0:00

រាជ​រដ្ឋាភិបាល​ទើប​តែ​សម្រេច​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ទទួល​ជនភៀសខ្លួន​ដែល​អូស្ត្រាលី បោះបង់​ឲ្យ​មក​តាំង​ទីលំនៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តាម​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ រាជរដ្ឋាភិបាល​សន្យា​ថា នឹង​ធានា​ការ​រស់​នៅ​សមរម្យ​ដល់​ជនភៀសខ្លួន​ទាំង​នោះ រាប់​ទាំង​ពី​សេវា​អប់រំ សុខាភិបាល និង​ការ​តាំង​ទីលំនៅ​ជាដើម។

ងាក​មក​ក្រឡេក​មើល​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សិប​គ្រួសារ​រស់​នៅ​ខណ្ឌ​ច្បារអំពៅ ឯ​ណេះ​វិញ ពួកគាត់​បាន​រស់​នៅ​ប្រជ្រៀត​គ្នា​នៅ​លើ​ទី​កប់​ខ្មោច​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។ តើ​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ មាន​សភាព​យ៉ាង​ដូច​ម្ដេច?

សហគមន៍​ស្មសាន ឬ​សហគមន៍​ផ្នូរ​ខ្មោច​នោះ ស្ថិត​នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ខាង​ត្បូង​ទីក្រុង​កោះ​ពេជ្រ។ ប៉ុន្តែ​អ្នក​ទៅ​លេង​កោះ​ពេជ្រ ឬ​រស់​នៅ​កោះ​ពេជ្រ ភាគ​ច្រើន​ទំនង​ជា​មិន​ស្គាល់​សហគមន៍​ស្មសាន​ឡើយ។ បើ​កុំ​តែ​ទន្លេ​បាសាក់​ខណ្ឌ​ចែក​តំបន់​ទាំង​ពីរ​ឲ្យ​ដាច់​ពី​គ្នា​នោះ ម្ល៉េះ​សម​នរណាៗ​ក៏​បាន​ស្គាល់​សហគមន៍​ស្មសាន​ដែរ។

ទន្លេ​បាសាក់​បាន​បែងចែក​ខ្សែ​ជីវិត​មនុស្ស​រស់​នៅ​តំបន់​ទាំង​ពីរ​ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា​តែម្ដង។ អ្នក​នៅ​កោះ​ពេជ្រ មាន​ជីវភាព​ថ្កុំថ្កើង រស់​នៅ​ក្នុង​ផ្ទះ​ទំនើបៗ​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ មាន​កន្លែង​វាយកូនគោល​យ៉ាង​ប្រណីត ក្លឹប​ហាត់ប្រាណ អាង​ហែល​ទឹក សាលសន្និសីទ​ដាក់​មនុស្ស​បាន​រាប់​ពាន់​នាក់។ មិន​យូរ​ប៉ុន្មាន​អគារ​លំនៅឋាន និង​ខនដូ (អគារ​ស្នាក់នៅ​ទំនើប) ជា​ច្រើន​រយ​បន្ទប់​នឹង​ត្រូវ​ដាក់​លក់​បន្ត​ទៀត។ មនុស្ស​រស់នៅ​កោះ​ពេជ្រ សោយសុខ​ក្នុង​វិមាន​ដូច​ស្ថាន​ទេវតា ស្រប​ពេល​ដែល​មនុស្ស​នៅ​សហគមន៍​ស្មសាន​សុំ​កន្លែង​ខ្មោច​រស់​នៅ។

ពលរដ្ឋ​ទាំង​នោះ​រស់​នៅ​លើ​ដី​កប់ខ្មោច​នេះ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។ ផ្ទះ​ខ្លះ​សង់​លើ​ផ្នូរ​១ ខ្លះ​សង់​នៅ​លើ​ផ្នូរ​ពីរ រហូត​ដល់​មាន​ផ្នូរ​បី ឬ​បួន​នៅ​ក្នុង​ផ្ទះ​ផង​ក៏​មាន។ ផ្ទះ​ខ្លះ​យក​ផ្នូរ​ខ្មោច​កល់​ធ្វើ​គ្រែ​ដេក ធ្វើ​រាន​ហាល​សម្រាប់​អង្គុយ​លេង អ្នក​ខ្លះ​យក​ធ្វើ​កន្លែង​បោក​ខោអាវ​លាងចាន​ដាំបាយ​ជាដើម។ ផ្នូរ​ខ្មោច​ចិន វៀតណាម ទាំង​នេះ មិន​ស្រួល​នៅ​ជិត​ប៉ុន្មាន​ទេ ព្រោះ​ថា បើ​អ្នក​រស់​នៅ​ទី​នោះ​ធ្វើ​មិន​ស្រួល​កូនចៅ​សព​បណ្ដេញ​ចេញ​ពី​ដី​ជុំវិញ​ផ្នូរ ហើយ​បើ​ធ្វើ​ខុស​លើ​ខ្មោច​ក៏​ដេក​មិន​លក់​ដែរ៖ «កាល​ហ្នឹង​មក​ឮ​សំឡេង​អី​ទេ។ ផ្ទះ​អ៊ំ​នោះ​មាន​ផ្នូរ​បួន​នៅ​ក្នុង​ផ្ទះ»

តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ស្ដីពី​សំណង់​អនាធិបតេយ្យ​ក្នុង​ទីក្រុង​ភ្នំពេញ តាំង​ពី​ឆ្នាំ​១៩៩៤ បង្ហាញ​ថា សំណង់​អនាធិបតេយ្យ​នៅ​ភូមិ​ដើមស្លែង កើត​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​នាំ​គ្នា​ទៅ​តាំង​ទីលំនៅ ដោយសារ​ភ័យ​ខ្លាច​ការ​បាក់​ច្រាំង​ទន្លេ។

អ្នក​ភូមិ​ប្រាប់​ថា នៅ​ពេល​ដែល​ឈ្មួញ​ចាប់​ផ្ដើម​ចាក់​ដី​បំពេញ​កោះ​ពេជ្រ ម្ដង​បន្តិចៗ​នោះ ដី​ច្រាំង​ទន្លេ​បាសាក់​នៅ​ខាងត្បូង​កោះ​ពេជ្រ ក៏​បាក់​បណ្ដើរៗ​ដែរ។ ច្រាំង​បាក់​ទាំង​នោះ​បាន​នាំ​យក​ទាំង​ទ្រព្យ​សម្បត្តិ និង​គំរាម​អាយុ​ជីវិត​មនុស្ស​ថែម​ទៀត។ អ្នក​ខ្លះ​រត់​គេច​ពី​ច្រាំង​ទន្លេ ហើយ​ទៅ​សុំ​អាជ្ញាធរ​មូលដ្ឋាន​រស់​នៅ​ប្រជ្រៀត​ផ្នូរ​ខ្មោច​ទាំង​នេះ។ ពលរដ្ឋ​ប្រាប់​ថា សុំ​មេភូមិ​ហើយ​មែន តែ​ពួកគាត់​ក៏​ត្រូវ​ជូន​សគុណ​អាជ្ញាធរ​ដែរ។

ក្នុង​វ័យ​ជាង​ហាសិប​ឆ្នាំ​ប្លាយ និយាយ​បណ្ដើរ​ចង្អុល​ផ្ទះ​ខ្លួន​បណ្ដើរ អ្នកស្រី ប្រាក់ វណ្ណា រំលឹក​អនុស្សាវរីយ៍​កាល​ពី​ជាង ១០​ឆ្នាំ​មុន ពេល​ដែល​គ្រួសារ​អ្នកស្រី​ទើបតែ​ចូល​រស់​នៅ​លើ​ផ្នូរ​ខ្មោច៖ «យើង​កំពុង​ដេក​វា​បាក់​ទៅ យើង​ចេះ​តែ​រើៗ​ទៅ ហើយ​បាក់​បន្ត​ទៀត​ក៏​រើ​ទៀត ដល់​ហើយ​វា​អស់​កន្លែង។ យើង​មក​ក្នុង​វា​ដី​គេ។ បាយ​អត់​ដែល​ហូប​ទេ ទឹក​ក៏​មិន​ដែល​ហូប​ទេ ព្រោះ​វា​ខ្ពើម​តែម្ដង ធ្វើ​ឲ្យ​យើង​ខ្ពើម»

អ្នកស្រី​បន្ត​ថា មិន​មែន​មាន​តែ​អ្នកស្រី​ម្នាក់​ទេ​ដែល​ភ័យ​ខ្លាច អ្នកភូមិ​ខ្លះ​មក​នៅ​លើ​វាល​កប់ខ្មោច​មិន​បាន​ប៉ុន្មាន​ក៏​ធ្លាក់​ខ្លួន​ឈឺ ហើយ​ចាក​ចេញពី​ផ្ទះសំបែង​ក៏​មាន។ អ្នក​ខ្លះ​ទៀត​ប្រាប់​ថា ពួកគាត់​យល់សប្ដិ​អាក្រក់ៗ​រាល់​ថ្ងៃ។ អ្នក​ខ្លះ​យល់សប្ដិ​ឃើញ​ខ្មោច​ដេញ​ចេញ អ្នក​ខ្លះ​ទៀត​យល់សប្ដិ​ឃើញ​ខ្មោច​ទាញ​ទម្លាក់​ពី​លើ​គ្រែ។ ប៉ុន្តែ​ខ្លាច​ខ្មោច​មិន​មាន​ទៀត​ឡើយ​នៅ​ពេល​ដែល​មនុស្ស​កាន់​តែ​ច្រើន​មក​រស់​នៅ​ទី​នេះ។

ពលរដ្ឋ​សហគមន៍​ស្មសាន សព្វថ្ងៃ​ពិបាក​ខ្លាំង​នៅ​ខែ​វស្សា។ បើសិនជា​ទឹក​ទន្លេ​ឡើង​ធំ​តែ​បន្តិច សហគមន៍​នេះ​នឹង​ក្លាយ​ជា​តំបន់​លិច​ទឹក ហើយ​បញ្ហា​ប្រឈម​ខ្លាំង​គឺ​ចំណី​អាហារ និង​ជំងឺ​បៀតបៀន​តែម្ដង។ អ្នក​ភូមិ​ប្រុសៗ​ភាគ​ច្រើន​ធ្វើ​ជា​កម្មករ​សំណង់ ចំណែក​ស្ត្រី​ធ្វើជា​អ្នក​លក់​ដូរ​កំប៉ិកកំប៉ុក​ជាដើម។

មេភូមិ​ដើមស្លែង ឲ្យ​ដឹង​ថា សព្វថ្ងៃ​អ្នក​ភូមិ​រស់​នៅ​លើ​ផ្នូរ​ខ្មោច​នោះ​មាន​ប្រមាណ​ជាង ៥០​គ្រួសារ ហើយ​ពលរដ្ឋ​សរុប​មាន​ចំនួន​ជិត ២០០​នាក់។ មេ​ភូមិ​ដើមស្លែង លោក ខៀវ ជួង បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ឈប់​លែង​ឲ្យ​មាន​មនុស្ស​មក​ចូល​រស់​នៅ​ទីតាំង​ផ្នូរ​ខ្មោច​នេះ និង​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​យក​ខ្មោច​មក​កប់​នៅ​ទី​នេះ​ទៀត​ទេ ព្រោះ​ថា ទី​កប់​ខ្មោច​មិន​សក្ដិសម​ជា​ទីកន្លែង​រស់នៅ​របស់​មនុស្ស​ឡើយ។

លោក​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​មាន​គោលនយោបាយ​សាងសង់​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​វា​ពិត​ជា​ល្អ​បំផុត​សម្រាប់​អ្នក​នៅ​ទី​នេះ៖ «អ្នក​រស់​នៅ​ទី​ផ្នូរ​ខ្មោច​នេះ គាត់​ប្រឈម​តែ​ទីលំនៅ​របស់​គាត់​ទេ វា​មិន​ស្រប​ច្បាប់ គ្មាន​ទី​លំនឹង។ ចង់​បាន​បច្ចេកទេស​សម្រាប់​ចិញ្ចឹម​ជីវិត»

លោក​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​មិន​ទាន់​មាន​គម្រោង​ណា​មួយ​ជាក់លាក់​ថា​នឹង​អភិវឌ្ឍន៍​នៅ​សហគមន៍​នេះ​ឡើយ តែ​អ្វី​ដែល​ពលរដ្ឋ​កំពុង​បារម្ភ គឺ​បញ្ហា​ក្រពះ​តែម្ដង។ ខ្វះ​មុខ​របរ ការងារ មិន​ងាយ​នឹង​រក​អង្ករ​ច្រក​ឆ្នាំង​បាន​ទេ។

រាជរដ្ឋាភិបាល​សរសេរ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ រក​ឃើញ​ថា អ្នក​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​មាន​ចំនួន ១៩%។ នៅ​រាជធានី​ភ្នំពេញ មាន​អ្នក​ក្រីក្រ​ប្រមាណ​ជាង ១៤% នៅ​ឆ្នាំ​២០១៤។ រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ ក្នុង​អាណត្តិ​ទី​៤ ដោយ​ប្រើ​មធ្យោបាយ​លក់​ដី​សហគមន៍​ក្រីក្រ​ឲ្យ​ឈ្មួញ​ឯកជន។ អ្នក​ក្រីក្រ​នៅ​តំបន់​មួយ​ចំនួន​មិន​បាន​ទទួល​សំណង​សមរម្យ​ឡើយ ពួកគេ​បណ្ដើរ​គ្នា​ធ្វើបាតុកម្ម​តាម​ដង​ផ្លូវ​ជា​ហូរហែ។

នាយក​ប្រតិបត្តិ​អង្គការ​ធាងត្នោត លោក អ៊ី សារ៉ុម មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ទាន់​បាន​បំពេញ​តួនាទី​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គមកិច្ច​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​ទេ។ លោក​បន្ត​ថា សហគមន៍​ក្រីក្រ​ច្រើនតែ​រង​ការ​រំលោភ​បំពាន ជាពិសេស​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ៖ «ជា​ធម្មតា ជា​គោលការណ៍ រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​លំនៅឋាន​ឲ្យ​ពលរដ្ឋ​រស់​នៅ​ឲ្យ​បាន​សមរម្យ»

ទោះ​ជា​យ៉ាង​ណា​ក្តី រដ្ឋាភិបាល​បាន​ដាក់​ចេញ​រួច​ហើយ​នូវ​គោលនយោបាយ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ជន​ក្រីក្រ។ អនុក្រឹត្យ​ស្ដីពី​សម្បទាន​សង្គម​កិច្ច​ចែង​ថា ដី​សម្បទាន​សង្គមកិច្ច​អាច​ត្រូវ​ផ្ដល់​ឲ្យ​សម្រាប់​គោលដៅ​សង្គម​កិច្ច ដូចជា៖ ផ្ដល់​ដី​ដល់​គ្រួសារ​ក្រីក្រ​គ្មាន​ទីលំនៅ​សម្រាប់​សង់​លំនៅឋាន ផ្ដល់​ដី​សម្រាប់​គ្រួសារ​រាស្ត្រ​ក្រីក្រ​សម្រាប់​ធ្វើ​កសិកម្ម ផ្ដល់​ដី​សម្រាប់​ដល់​ពលរដ្ឋ​ដែល​ផ្លាស់ប្តូរ​ពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​សម្រាប់​តាំងទី​លំនៅ​ថ្មី ផ្ដល់​ឲ្យ​គ្រួសារ​ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ ផ្ដល់​ដី​គ្រួសារ​មាតុភូមិនិវត្តន៍ ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាដើម។

ទោះ​ជា​ច្បាប់​មាន​ចែង​ហើយ​ក៏ដោយ ដី​សម្បទាន​សង្គមកិច្ច​ទាំង​នេះ​កម្រ​នឹង​ទទួល​បាន​ណាស់។ អ្នក​ដែល​ធ្លាប់​ទទួល​បាន​ដី​សម្បទាន​ភាគ​ច្រើន​ជា​យោធិន​ពិការ និង​យោធិន​កាត់​រំសាយ។ឧទាហរណ៍៖ នៅ​ខេត្ត​បន្ទាយមានជ័យ អតីត​ទាហាន​កាត់​រំសាយ​និង​ពិការ​ជាង ៣០០​គ្រួសារ​បាន​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​តាំង​ពី​ឆ្នាំ​១៩៩៦ ប៉ុន្តែ​មេទាហាន​សក្ដិ​ធំ បាន​រួម​ដៃ​គ្នា​ជាមួយ​ឈ្មួញ​ទន្ទ្រាន​យក​ដី​នេះ​មិន​រអា​ឡើយ។ អតីត​យោធិន​ទាំង​នោះ​កំពុង​ស្នាក់នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ ដើម្បី​តវ៉ា​ស្វែង​​រក​កិច្ច​អន្តរាគមន៍​ចំពោះ​រឿង​នេះ។

ចំណែក​ឯ​ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​ស្មសាន ឬ​ទី​កប់​ខ្មោច​នោះ​វិញ ពួកគាត់​មិន​ទាន់​ស្រមៃ​ថា អាច​សុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល​បាន​ទេ។ ពលរដ្ឋ​ទាំង​នោះ ត្រឹមតែ​ចង់​រស់នៅ​ជិត​ផ្នូរ​ខ្មោច​ចិន វៀតណាម នេះ​បន្ត​ទៀត។ ពួកគាត់​ក៏​នឹង​សប្បាយ​ចិត្ត​ក្នុង​ការ​ចាក​ចេញពី​ទី​នោះ បើ​សិន​ណា​ជា​អាជ្ញាធរ​ដោះស្រាយ​លំនៅឋាន​បាន​សមរម្យ។ ម្យ៉ាង​ទៀត​អ្នក​ភូមិ​ក្រីក្រ​ទាំង​នេះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ពេទ្យ​ដោយ​មិន​បង់ថ្លៃ និង​ផ្ដល់​អាហារូបករណ៍​ដល់​កូនចៅ​គាត់​ឲ្យ​រៀន​សូត្រ​ចេះដឹង​នឹង​គេ ក្រែងលោ​អនាគត​អាច​មាន​ផ្ទះសំបែង​រស់​នៅ​សមរម្យ​បាន មិន​វែក​ផ្នូរ​ខ្មោច​សង់​ខ្ទម​ដូច​ម៉ែ​ឪ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។