រាជរដ្ឋាភិបាលទើបតែសម្រេចជាផ្លូវការកាលពីថ្ងៃទី២៦ ខែកញ្ញា ទទួលជនភៀសខ្លួនដែលអូស្ត្រាលី បោះបង់ឲ្យមកតាំងទីលំនៅនៅក្នុងប្រទេសកម្ពុជា។ តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ រាជរដ្ឋាភិបាលសន្យាថា នឹងធានាការរស់នៅសមរម្យដល់ជនភៀសខ្លួនទាំងនោះ រាប់ទាំងពីសេវាអប់រំ សុខាភិបាល និងការតាំងទីលំនៅជាដើម។
ងាកមកក្រឡេកមើលប្រជាពលរដ្ឋខ្មែររាប់សិបគ្រួសាររស់នៅខណ្ឌច្បារអំពៅ ឯណេះវិញ ពួកគាត់បានរស់នៅប្រជ្រៀតគ្នានៅលើទីកប់ខ្មោចអស់ជាច្រើនឆ្នាំមកហើយ។ តើស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរទាំងនោះ មានសភាពយ៉ាងដូចម្ដេច?
សហគមន៍ស្មសាន ឬសហគមន៍ផ្នូរខ្មោចនោះ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខាងត្បូងទីក្រុងកោះពេជ្រ។ ប៉ុន្តែអ្នកទៅលេងកោះពេជ្រ ឬរស់នៅកោះពេជ្រ ភាគច្រើនទំនងជាមិនស្គាល់សហគមន៍ស្មសានឡើយ។ បើកុំតែទន្លេបាសាក់ខណ្ឌចែកតំបន់ទាំងពីរឲ្យដាច់ពីគ្នានោះ ម្ល៉េះសមនរណាៗក៏បានស្គាល់សហគមន៍ស្មសានដែរ។
ទន្លេបាសាក់បានបែងចែកខ្សែជីវិតមនុស្សរស់នៅតំបន់ទាំងពីរឲ្យដាច់ស្រឡះពីគ្នាតែម្ដង។ អ្នកនៅកោះពេជ្រ មានជីវភាពថ្កុំថ្កើង រស់នៅក្នុងផ្ទះទំនើបៗតម្លៃរាប់សិបម៉ឺនដុល្លារ មានកន្លែងវាយកូនគោលយ៉ាងប្រណីត ក្លឹបហាត់ប្រាណ អាងហែលទឹក សាលសន្និសីទដាក់មនុស្សបានរាប់ពាន់នាក់។ មិនយូរប៉ុន្មានអគារលំនៅឋាន និងខនដូ (អគារស្នាក់នៅទំនើប) ជាច្រើនរយបន្ទប់នឹងត្រូវដាក់លក់បន្តទៀត។ មនុស្សរស់នៅកោះពេជ្រ សោយសុខក្នុងវិមានដូចស្ថានទេវតា ស្របពេលដែលមនុស្សនៅសហគមន៍ស្មសានសុំកន្លែងខ្មោចរស់នៅ។
ពលរដ្ឋទាំងនោះរស់នៅលើដីកប់ខ្មោចនេះអស់ជាច្រើនឆ្នាំមកហើយ។ ផ្ទះខ្លះសង់លើផ្នូរ១ ខ្លះសង់នៅលើផ្នូរពីរ រហូតដល់មានផ្នូរបី ឬបួននៅក្នុងផ្ទះផងក៏មាន។ ផ្ទះខ្លះយកផ្នូរខ្មោចកល់ធ្វើគ្រែដេក ធ្វើរានហាលសម្រាប់អង្គុយលេង អ្នកខ្លះយកធ្វើកន្លែងបោកខោអាវលាងចានដាំបាយជាដើម។ ផ្នូរខ្មោចចិន វៀតណាម ទាំងនេះ មិនស្រួលនៅជិតប៉ុន្មានទេ ព្រោះថា បើអ្នករស់នៅទីនោះធ្វើមិនស្រួលកូនចៅសពបណ្ដេញចេញពីដីជុំវិញផ្នូរ ហើយបើធ្វើខុសលើខ្មោចក៏ដេកមិនលក់ដែរ៖ «កាលហ្នឹងមកឮសំឡេងអីទេ។ ផ្ទះអ៊ំនោះមានផ្នូរបួននៅក្នុងផ្ទះ»។
តាមរបាយការណ៍សិក្សាស្រាវជ្រាវស្ដីពីសំណង់អនាធិបតេយ្យក្នុងទីក្រុងភ្នំពេញ តាំងពីឆ្នាំ១៩៩៤ បង្ហាញថា សំណង់អនាធិបតេយ្យនៅភូមិដើមស្លែង កើតឡើងបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនាំគ្នាទៅតាំងទីលំនៅ ដោយសារភ័យខ្លាចការបាក់ច្រាំងទន្លេ។
អ្នកភូមិប្រាប់ថា នៅពេលដែលឈ្មួញចាប់ផ្ដើមចាក់ដីបំពេញកោះពេជ្រ ម្ដងបន្តិចៗនោះ ដីច្រាំងទន្លេបាសាក់នៅខាងត្បូងកោះពេជ្រ ក៏បាក់បណ្ដើរៗដែរ។ ច្រាំងបាក់ទាំងនោះបាននាំយកទាំងទ្រព្យសម្បត្តិ និងគំរាមអាយុជីវិតមនុស្សថែមទៀត។ អ្នកខ្លះរត់គេចពីច្រាំងទន្លេ ហើយទៅសុំអាជ្ញាធរមូលដ្ឋានរស់នៅប្រជ្រៀតផ្នូរខ្មោចទាំងនេះ។ ពលរដ្ឋប្រាប់ថា សុំមេភូមិហើយមែន តែពួកគាត់ក៏ត្រូវជូនសគុណអាជ្ញាធរដែរ។
ក្នុងវ័យជាងហាសិបឆ្នាំប្លាយ និយាយបណ្ដើរចង្អុលផ្ទះខ្លួនបណ្ដើរ អ្នកស្រី ប្រាក់ វណ្ណា រំលឹកអនុស្សាវរីយ៍កាលពីជាង ១០ឆ្នាំមុន ពេលដែលគ្រួសារអ្នកស្រីទើបតែចូលរស់នៅលើផ្នូរខ្មោច៖ «យើងកំពុងដេកវាបាក់ទៅ យើងចេះតែរើៗទៅ ហើយបាក់បន្តទៀតក៏រើទៀត ដល់ហើយវាអស់កន្លែង។ យើងមកក្នុងវាដីគេ។ បាយអត់ដែលហូបទេ ទឹកក៏មិនដែលហូបទេ ព្រោះវាខ្ពើមតែម្ដង ធ្វើឲ្យយើងខ្ពើម»។
អ្នកស្រីបន្តថា មិនមែនមានតែអ្នកស្រីម្នាក់ទេដែលភ័យខ្លាច អ្នកភូមិខ្លះមកនៅលើវាលកប់ខ្មោចមិនបានប៉ុន្មានក៏ធ្លាក់ខ្លួនឈឺ ហើយចាកចេញពីផ្ទះសំបែងក៏មាន។ អ្នកខ្លះទៀតប្រាប់ថា ពួកគាត់យល់សប្ដិអាក្រក់ៗរាល់ថ្ងៃ។ អ្នកខ្លះយល់សប្ដិឃើញខ្មោចដេញចេញ អ្នកខ្លះទៀតយល់សប្ដិឃើញខ្មោចទាញទម្លាក់ពីលើគ្រែ។ ប៉ុន្តែខ្លាចខ្មោចមិនមានទៀតឡើយនៅពេលដែលមនុស្សកាន់តែច្រើនមករស់នៅទីនេះ។
ពលរដ្ឋសហគមន៍ស្មសាន សព្វថ្ងៃពិបាកខ្លាំងនៅខែវស្សា។ បើសិនជាទឹកទន្លេឡើងធំតែបន្តិច សហគមន៍នេះនឹងក្លាយជាតំបន់លិចទឹក ហើយបញ្ហាប្រឈមខ្លាំងគឺចំណីអាហារ និងជំងឺបៀតបៀនតែម្ដង។ អ្នកភូមិប្រុសៗភាគច្រើនធ្វើជាកម្មករសំណង់ ចំណែកស្ត្រីធ្វើជាអ្នកលក់ដូរកំប៉ិកកំប៉ុកជាដើម។
មេភូមិដើមស្លែង ឲ្យដឹងថា សព្វថ្ងៃអ្នកភូមិរស់នៅលើផ្នូរខ្មោចនោះមានប្រមាណជាង ៥០គ្រួសារ ហើយពលរដ្ឋសរុបមានចំនួនជិត ២០០នាក់។ មេភូមិដើមស្លែង លោក ខៀវ ជួង បន្តថា អាជ្ញាធរមូលដ្ឋានបានបញ្ឈប់លែងឲ្យមានមនុស្សមកចូលរស់នៅទីតាំងផ្នូរខ្មោចនេះ និងហាមឃាត់មិនឲ្យប្រជាពលរដ្ឋយកខ្មោចមកកប់នៅទីនេះទៀតទេ ព្រោះថា ទីកប់ខ្មោចមិនសក្ដិសមជាទីកន្លែងរស់នៅរបស់មនុស្សឡើយ។
លោកបញ្ជាក់ថា បើរដ្ឋាភិបាលមានគោលនយោបាយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋក្រីក្រវាពិតជាល្អបំផុតសម្រាប់អ្នកនៅទីនេះ៖ «អ្នករស់នៅទីផ្នូរខ្មោចនេះ គាត់ប្រឈមតែទីលំនៅរបស់គាត់ទេ វាមិនស្របច្បាប់ គ្មានទីលំនឹង។ ចង់បានបច្ចេកទេសសម្រាប់ចិញ្ចឹមជីវិត»។
លោកលើកឡើងទៀតថា រាជរដ្ឋាភិបាលមិនទាន់មានគម្រោងណាមួយជាក់លាក់ថានឹងអភិវឌ្ឍន៍នៅសហគមន៍នេះឡើយ តែអ្វីដែលពលរដ្ឋកំពុងបារម្ភ គឺបញ្ហាក្រពះតែម្ដង។ ខ្វះមុខរបរ ការងារ មិនងាយនឹងរកអង្ករច្រកឆ្នាំងបានទេ។
រាជរដ្ឋាភិបាលសរសេរក្នុងផែនការអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ រកឃើញថា អ្នករស់នៅក្រោមបន្ទាត់ក្រីក្រមានចំនួន ១៩%។ នៅរាជធានីភ្នំពេញ មានអ្នកក្រីក្រប្រមាណជាង ១៤% នៅឆ្នាំ២០១៤។ រដ្ឋាភិបាលបានចាប់ផ្ដើមអភិវឌ្ឍន៍សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ក្នុងអាណត្តិទី៤ ដោយប្រើមធ្យោបាយលក់ដីសហគមន៍ក្រីក្រឲ្យឈ្មួញឯកជន។ អ្នកក្រីក្រនៅតំបន់មួយចំនួនមិនបានទទួលសំណងសមរម្យឡើយ ពួកគេបណ្ដើរគ្នាធ្វើបាតុកម្មតាមដងផ្លូវជាហូរហែ។
នាយកប្រតិបត្តិអង្គការធាងត្នោត លោក អ៊ី សារ៉ុម មានប្រសាសន៍ថា រដ្ឋាភិបាលមិនទាន់បានបំពេញតួនាទីក្នុងការទទួលខុសត្រូវផ្នែកសង្គមកិច្ចចំពោះពលរដ្ឋរបស់ខ្លួនទេ។ លោកបន្តថា សហគមន៍ក្រីក្រច្រើនតែរងការរំលោភបំពាន ជាពិសេសការបណ្ដេញចេញពីលំនៅឋានដោយបង្ខំ៖ «ជាធម្មតា ជាគោលការណ៍ រដ្ឋាភិបាលត្រូវដោះស្រាយលំនៅឋានឲ្យពលរដ្ឋរស់នៅឲ្យបានសមរម្យ»។
ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលបានដាក់ចេញរួចហើយនូវគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ចជូនជនក្រីក្រ។ អនុក្រឹត្យស្ដីពីសម្បទានសង្គមកិច្ចចែងថា ដីសម្បទានសង្គមកិច្ចអាចត្រូវផ្ដល់ឲ្យសម្រាប់គោលដៅសង្គមកិច្ច ដូចជា៖ ផ្ដល់ដីដល់គ្រួសារក្រីក្រគ្មានទីលំនៅសម្រាប់សង់លំនៅឋាន ផ្ដល់ដីសម្រាប់គ្រួសាររាស្ត្រក្រីក្រសម្រាប់ធ្វើកសិកម្ម ផ្ដល់ដីសម្រាប់ដល់ពលរដ្ឋដែលផ្លាស់ប្តូរពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់តាំងទីលំនៅថ្មី ផ្ដល់ឲ្យគ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ ផ្ដល់ដីគ្រួសារមាតុភូមិនិវត្តន៍ ជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាដើម។
ទោះជាច្បាប់មានចែងហើយក៏ដោយ ដីសម្បទានសង្គមកិច្ចទាំងនេះកម្រនឹងទទួលបានណាស់។ អ្នកដែលធ្លាប់ទទួលបានដីសម្បទានភាគច្រើនជាយោធិនពិការ និងយោធិនកាត់រំសាយ។ឧទាហរណ៍៖ នៅខេត្តបន្ទាយមានជ័យ អតីតទាហានកាត់រំសាយនិងពិការជាង ៣០០គ្រួសារបានទទួលដីសម្បទានសង្គមកិច្ចតាំងពីឆ្នាំ១៩៩៦ ប៉ុន្តែមេទាហានសក្ដិធំ បានរួមដៃគ្នាជាមួយឈ្មួញទន្ទ្រានយកដីនេះមិនរអាឡើយ។ អតីតយោធិនទាំងនោះកំពុងស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ ដើម្បីតវ៉ាស្វែងរកកិច្ចអន្តរាគមន៍ចំពោះរឿងនេះ។
ចំណែកឯប្រជាពលរដ្ឋរស់នៅសហគមន៍ស្មសាន ឬទីកប់ខ្មោចនោះវិញ ពួកគាត់មិនទាន់ស្រមៃថា អាចសុំដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលបានទេ។ ពលរដ្ឋទាំងនោះ ត្រឹមតែចង់រស់នៅជិតផ្នូរខ្មោចចិន វៀតណាម នេះបន្តទៀត។ ពួកគាត់ក៏នឹងសប្បាយចិត្តក្នុងការចាកចេញពីទីនោះ បើសិនណាជាអាជ្ញាធរដោះស្រាយលំនៅឋានបានសមរម្យ។ ម្យ៉ាងទៀតអ្នកភូមិក្រីក្រទាំងនេះស្នើឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យពួកគាត់ចូលពេទ្យដោយមិនបង់ថ្លៃ និងផ្ដល់អាហារូបករណ៍ដល់កូនចៅគាត់ឲ្យរៀនសូត្រចេះដឹងនឹងគេ ក្រែងលោអនាគតអាចមានផ្ទះសំបែងរស់នៅសមរម្យបាន មិនវែកផ្នូរខ្មោចសង់ខ្ទមដូចម៉ែឪ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
