កសិករមួយចំនួន ធ្វើស្រែបណ្ដាក់ជី និងថ្នាំកសិកម្ម ធ្វើឱ្យការចំណាយថ្លៃដើមកាន់តែច្រើន
2024.09.12
ប្រជាកសិករនៅតាមបណ្ដាខេត្តមួយចំនួន ពេញនិយមធ្វើស្រែ ដោយបណ្ដាក់ជី និងថ្នាំពីឈ្មួញ ដែលធ្វើឱ្យការចំណាយលើការបង្កបង្កើនផល កាន់តែច្រើនជាងមុន។ ការធ្វើស្រែអត់មានដើមទុននេះ បានធ្វើឱ្យកសិករមួយចំនួន ធ្លាក់ខ្លួនជំពាក់បំណុល នៅពេលតម្លៃកសិផលចុះថោក ដែលបណ្ដាលឱ្យកសិករខ្លះ ត្រូវគេរឹបអូសយកស្រែ ខ្លះខ្ចីប្រាក់ពីធនាគារយកមកសងថ្លៃជី និងខ្លះទៀត ឆ្អែតចិត្តឈប់ធ្វើស្រែ ហើយធ្វើចំណាកស្រុក។
បន្ទាប់ពីផុតគ្រោះខ្វះទឹកធ្វើស្រែកាលពីខែស្រាពណ៍ ពេលនេះស្រូវស្រង៉ែរបស់កសិករនៅតាមបណ្ដាខេត្តមួយចំនួន បានប្រមូលផលហើយ។ ទោះបីជាម៉ាស៊ីនច្រូតបាន បង្ហូរស្រូវចូលការុងបានច្រើនគួរសមក្ដី ក៏ពួកគាត់នៅតែធ្វើមុខស្អុយ និងរអ៊ូរទាំថា ស្រងែខែប្រាំងឆ្នាំនេះ មិនគ្រប់ឡើងថ្លៃជីថ្លៃថ្នាំសងថៅកែឡើយ។
ការត្អូញត្អែររបស់កសិករទាំងនេះ គឺដោយសារពួកគាត់ បានទៅជឿ ឬប្រវាស់យកជី ថ្នាំកសិកម្ម និងប្រេងឥន្ធនៈពីថៅកែដេប៉ូ យកមកធ្វើស្រែ ហើយត្រូវសងទៅវិញ ទាំងដើមទាំងការប្រាក់ នៅពេលប្រមូលផលរួច ដែលបំណុលនេះ បានធ្វើឱ្យពួកគាត់ ត្រូវចំណាយលើសពីថ្លៃដើមនៃរបស់ទាំងនោះ។
កសិករនៅឃុំបឹងព្រីង ស្រុកថ្មគោល លោក ហ៊ុន មាស ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា លោកបានចាយដើមទុនច្រើនទៅលើប្រេងសាំងបូមទឹកដាក់ស្រែ ជី និងថ្នាំកសិកម្ម សម្រាប់ស្រូវប្រាំងឆ្នាំនេះ ដោយលោកត្រូវទៅជឿ ពីឈ្មួញ និងគិតការប្រាក់ ៥ភាគរយ។ លោកបន្តថា គ្មានកសិករណាចង់ធ្វើស្រែប្រវាស់ជីនោះទេ គឺមកពីពួកគាត់ធ្វើស្រែរាប់សិបឆ្នាំមកហើយ ប៉ុន្តែនៅតែគ្មានដើមទុនត្រៀមទុក ព្រោះការធ្វើស្រែនេះ ម្ដងចំណេញ ម្ដងខាត ដោយសារទីផ្សារគ្មានស្ថិរភាព។
លោក ហ៊ុន មាស៖ «អ្នកខ្លះធ្វើដែរ ប៉ុន្តែចាប់ផ្ដើមធ្វើហ្នឹង អត់មានលុយទេ ចេញតែថ្លៃត្រាក់ទ័រឱ្យគេហ្នឹង ក៏មិនមានផង។ និយាយឱ្យចំ គឺទំនិញផ្នែកកសិកម្មហ្នឹង ឡើងថ្លៃរាល់ឆ្នាំ។ ពេលខ្លះគេទុកចិត្ត ដូចយើងធ្វើការខាងក្រុមប្រឹក្សាឃុំអ៊ីចឹង គេចេះតែឱ្យយកហើយ។ ពេលខ្លះមិនមែនយើងយកគេតែមួយឆ្នាំឯណា យករហូតដល់បួនដប់ឆ្នាំ គឺដោះបំណុលគេអត់រួចទេ។ ដោះបំណុលមិនរួច ខាងអ្នកលក់ចេះតែបន្ត គេអាងយកបង្កាន់ដៃដីទៅដាក់ទៅ គេស្គាល់យើងហើយ»។
ជាទូទៅ កសិករត្រូវចំណាយថ្លៃជី ថ្នាំបាញ់ស្រូវ និងសម្ភារៈកសិកម្មផ្សេងទៀត អស់ប្រមាណជាង ៣លានរៀល ឬជាង ៧០០ដុល្លារក្នុងមួយហិកតារ ប៉ុន្តែ ប្រសិនបើជួបគ្រោះរាំងស្ងួត ឬសត្វល្អិតរាតត្បាត នោះការចំណាយអាចនឹងកើនដល់ ៤លានរៀល ឬ ១ពាន់ដុល្លារ ក្នុងមួយហិកតារ។
កសិករនៅស្រុកជីក្រែង ខេត្តសៀមរាប លោក ថាន់ ថា រៀបរាប់ថា លោកធ្វើស្រែចំនួន ៣ហិកតារ ដោយការបង្កបង្កើនផលឆ្នាំនេះ លោកបានបណ្ដាក់ថ្លៃប្រេងឥន្ធនៈ ជី និងថ្នាំកសិកម្ម ពីឈ្មួញអស់ប្រមាណ ៣លានរៀល ដោយគិតការប្រាក់ចំនួនជិត ១០ម៉ឺនរៀល ក្នុងមួយរដូវ។
លោក ថាន់ ថា៖ «កត្តាដែលធ្វើឱ្យប៉ះពាល់ផលលំបាកហ្នឹង គឺទីមួយប្រព័ន្ធធារាសាស្ត្រអត់គ្រប់។ ទីពីរ ប្រជាកសិករយើងខ្លះ គាត់អត់សូវយល់ពីការប្រើប្រាស់ជី និងថ្នាំឱ្យបានគ្រប់គ្រាន់។ ហើយទីបីគឺតម្លៃស្រូវអត់ស្ថិតស្ថេរ ហើយជីកសិកម្មឡើងថ្លៃ ហើយផលស្រូវស្ថិតនៅលើមាត់ឈ្មួញ»។
តម្លៃជីសរីរាង្គ ដែលមានគុណភាពបង្គួរ ក្នុងមួយការុងទម្ងន់ ៥០គីឡូក្រាម ជាមធ្យមមានតម្លៃ ១២ម៉ឺនរៀល ប៉ុន្តែ នៅពេលកសិករបណ្ដាក់យកមកប្រើ និងរង់ចាំសងនៅពេលប្រមូលផលរួច នោះតម្លៃនឹងកើនឡើង ១៤ម៉ឺនរៀល ខណៈនៅប្រទេសថៃ ជីសរីរាង្គ ជាមធ្យមមានតម្លៃ ៨០០បាត ឬប្រហែលជាង ៨ម៉ឺនរៀល ក្នុងមួយការុងទម្ងន់ ៥០គីឡូក្រាម។ ទោះជាយ៉ាងណា បើតាមការប្រៀបធៀបគុណភាព អ៊ិន.ប៉េ.កា (Nitrogen, Phosphorus, K=Potassium) ជីសរីរាង្គដែលកសិករថៃ ប្រើប្រាស់ មានប្រសិទ្ធភាពខ្ពស់ជាងជីសរីរាង្គ ដែលនាំចូលមកលក់នៅកម្ពុជា។
ស្រដៀងគ្នានេះ កសិករនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោក ភាន សារ៉ន ប្រាប់ថា កសិករនៅតំបន់របស់លោក និយមធ្វើស្រែប្រវាស់ជី និងថ្នាំ ដែលធ្វើឱ្យពួកគាត់ត្រូវចំណាយថ្លៃដើមកាន់តែច្រើន។លោកថ្លែងថា ជី និងថ្នាំទាំងនេះ ភាគច្រើននាំចូលពីក្រៅស្រុក មានតម្លៃថ្លៃ ខណៈឈ្មួញនាំចូល លក់យកចំណេញមួយភាគ និងបណ្ដាក់ឱ្យកសិករជឿ យកទៅប្រើ ដោយយកការប្រាក់មួយភាគទៀត ហើយទម្រាំតែរបស់ទាំងនោះ ធ្លាក់ដល់ដៃកសិករ គឺមានតម្លៃទ្វេដងទៅហើយ។
លោក ភាន សារ៉ន៖ «បើអត់ប្រើជី គឺវាអត់មានផល អត់ប្រើថ្នាំ ក៏សត្វវាធ្វើទុក្ខងាប់អស់ដែរ។ មួយរដូវៗ ឱ្យតែពេលចុះធ្វើគឺជំពាក់ហើយ។ ពេលប្រមូលផលរួច មានខ្លះក៏នៅជំពាក់ មានភាគច្រើនដែលគេសងដាច់ៗ។ គ្រោះថ្នាក់ច្រើនណាស់ កសិករ។ ខ្លះលក់ដីអស់ហើយ នៅតែសងគេមិនចេះរួចទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា និងលោក ឃឹម ហ្វីណង់ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១០ ខែកញ្ញា។
រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ធ្លាប់បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងគោលដៅរៀបចំអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលប្រកាសជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ យន្តការកែប្រែសហគមន៍កសិកម្មទំនើបនេះ ៣ចំណុចសំខាន់ គឺកាត់បន្ថយថ្លៃដើមផលិត បង្កើនស្តង់ដារគុណភាពដំណាំ និងធានាស្ថិរភាពទីផ្សារដល់ប្រជាកសិករ។
តែយ៉ាងណាមកទល់ពេលនេះ បញ្ហាកសិកម្មនៅតែបន្តញាំញីជីវភាពកសិករខ្មែរមួយចំនួន ពិសេសទៅលើដំណាំស្រូវ ដែលនៅតែមានវប្បធម៌ តម្លៃធ្លាក់ទៅតាមមាត់ឈ្មួញ។
ទាក់ទិនរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍគំនិត លោក សេក សុជាតិ មានប្រសាសន៍ថា រដ្ឋាភិបាលគួរមានយន្តការដោះស្រាយបញ្ហានេះ តាមរយៈការកំណត់តម្លៃស្រូវច្បាស់លាស់ និងបង្កើតធនាគារជួយដល់កសិករ។ ទន្ទឹមគ្នានេះ លោកបន្តថា កសិករខ្លួនឯង គួរសិក្សាស្វែងយល់ពីការបង្កើតជីសរីរាង្គ ដែលប្រើប្រាស់វត្ថុធាតុដើមដែលខ្លួនមាន ដើម្បីកាត់បន្ថយការចំណាយលើថ្លៃដើម។
លោក សេក សុជាតិ៖ «រដ្ឋាភិបាល គួរតែត្រិះរិះពិចារណា នៅក្នុងការទម្លាក់ទុន ផ្នែកកសិកម្មនេះ ឱ្យទៅដល់ប្រជាពលរដ្ឋ ជាជាងទម្លាក់ទុននៅត្រឹមឈ្មួញ ដែលទិញផលិតផល ដូចជា នៅតាមរោងម៉ាស៊ីនជាដើម។ ដូច្នេះ រាល់តម្លៃ ឬក៏ការផ្ដល់លទ្ធភាពទៅឱ្យកសិករ គួរតែផ្ដល់ឱ្យកសិករដោយត្រង់ មិនចាំបាច់ទម្លាក់នៅក្នុងតម្លៃរោងម៉ាស៊ីនទេ»។
តាមស្ថិតិពាណិជ្ជកម្មទំនិញនាំចូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា នៅក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបានចំណាយទឹកប្រាក់លើការនាំចូលជីកសិកម្ម ពីខាងក្រៅប្រទេសប្រមាណជាង ២៦លានដុល្លារអាម៉េរិក មានការកើនឡើងជិត ៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ពួកគាត់ស្នើឱ្យរដ្ឋាភិបាល និងក្រសួងកសិកម្មដែលជាអាណាព្យាបាលពួកគាត់ បង្កើតគោលនយោបាយជួយបញ្ចុះតម្លៃធាតុផ្សំកសិកម្ម ឱ្យដូចកសិកម្មនៅប្រទេសជិតខាង និងបង្កើតគណៈកម្មការគ្រប់គ្រងតម្លៃកសិផល ដើម្បីធ្វើយ៉ាងណា ឱ្យកសិករមានដង្ហើមដកឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។