ពលរដ្ឋ​មួយ​ចំនួន​នៅ​កំពង់ធំ​បារម្ភ​ពី​ការ​រុះរើ​ផ្ទះ និង​ប៉ះពាល់​ដីស្រែ​ចំការ ដោយសារ​ទំនប់ទឹក​ចិន

0:00 / 0:00

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​ឱ្យ​ដឹង​ថា​ថ្មីៗ​នេះ គេ​ឃើញ​ក្រុមហ៊ុន​មួយ​ដែល​មាន​ស្លាក​យីហោ​ជា​អក្សរ​ចិន បាន​ដើរ​បាញ់ថ្នាំ​ក្រហម​ដើម្បី​កំណត់​ទីតាំង​ព្រំ​ដី​ដែល​គេ​ត្រូវ​ឈូស​ឆាយ​ធ្វើ​ជា​ទំនប់ទឹក​ដ៏​ធំ​មួយ ដែល​គេ​មិនទាន់​ដឹង​ពី​គោលបំណង​ច្បាស់​នៅឡើយ។

ការ​បាញ់​ថ្នាំ​ពណ៌​ក្រហម​ដើម្បី​កំណត់​ព្រំ​ដី​ឈូស​ឆាយ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ភូមិ​ស្រែខ្សាច់ និង​ព្រៃឈើ​ច្រើន​ហិកតារ​ផង​ដែរ។

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ភូមិ​ស្រែ​ខ្សាច់ និង​ភូមិ​ស្រែ​វាល ឃុំ​ដងកាំបិត ស្រុក សណ្ដាន់ ខេត្ត​កំពង់ធំ​កំពុង​ព្រួយបារម្ភ​ចំពោះ​ការ​រុះរើ​ផ្ទះសម្បែង​ទៅ​រក​កន្លែង​ថ្មី និង​ការ​ប៉ះពាល់​ដីស្រែ​ចំការ​ដោយសារតែ​ក្រុមហ៊ុន​មួយ​កំពុង​ចាប់ផ្ដើម​ទៅ​បោះ​ការដ្ឋាន​សាងសង់​ទំនប់ទឹក​នៅ​តំបន់​ដែល​ពួកគេ​កំពុង​រស់នៅ។អ្នកភូមិ​ស្រែ​ខ្សាច់​ម្នាក់​លោក សេង សឺន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​មួយ​កំពុងតែ​ដើរ​បាញ់ថ្នាំ​ក្រហម​ដើម្បី​កំណត់​ទីតាំង​ព្រំ​ដី​ទំនប់ទឹក​បាន​ធ្វើ​ឱ្យ​ប៉ះ​ផ្ទះ​អ្នក​ភូមិ​ជាច្រើន​គ្រួសារ។

បុរស​ដដែល​មានប្រសាសន៍​ទៀត​ថា រូប​គាត់​ក៏ដូចជា​អ្នកភូមិ​ខ្លះទៀត​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ះពាល់​ដីធ្លី និង​ផ្ទះសម្បែង​ដីស្រែ​ចំការ​ដោយសារតែ​គំរោង​សាងសង់​ទំនប់ទឹក​របស់​ក្រុមហ៊ុន​ចិន​នោះ។

លោក សេង សឺន៖ «ប៉ះពាល់​ផ្ទះ​នោះ​ឃើញ​គេ​សរសេរ​អក្សរ​ចិន​ទេ​ដឹង​?ខ្ញុំ​អត់​ស្គាល់​ដែរ។ អ្នកភូមិ​របស់ខ្ញុំ​នៅ​មួយ​ផ្នែក​ខាងជើង​ជាប់​ការដ្ឋាន​ចិន ប៉ះពាល់​ម្ខាង​ផ្លូវ​នោះ​ទាំងអស់។ អន្តរក្រសួង​គេ​មក​ប្រជុំ​ថា សំណង​ចាំ​ស្អី​ឯករាជ្យ​ឯណា​គេ​មក​សំរេច​ទៀត។ ពួក​អន្តរក្រសួង​នោះ​មក​គ្រាន់តែ​ដឹង​ដី​ប៉ះពាល់​របស់​អ្នកណា​ខ្លះ​?ចំនួន​ប៉ុន្មាន​គ្រួសារ​ប៉ុណ្ណោះ​។ គេ​ថា​សង​សំណង​ប៉ុន្តែ​អត់​ទាន់​បាន​អី​ទេ»។

អ្នកភូមិ​ស្រែ​វាល​ម្នាក់​ទៀត​លោក ខៀវ មន មាន​ប្រសាសន៍​ថា តាម​លោក​ឃើញ​ការ​ដើរ​បាញ់ថ្នាំ​ក្រហម​កំណត់​ព្រំ​ដី​ទំនប់ទឹក​នោះ បាន​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ប្រហែលជា ២០​គ្រួសារ ប៉ុន្តែ​លោក​យល់ថា នៅ​ពេល​ដែល​ធ្វើ​ទំនប់ទឹក​រួច​គឺ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ផ្ទះសម្បែង​ទេ វា​អាច​នឹង​ប៉ះពាល់​ដីស្រែ​ចំការ​ជាច្រើន​ហិកតារ​ដែល​នៅ​ជាប់​នោះ​ផង​ដែរ។

លោក ខៀវ មន៖ «ខ្ញុំ​ព្រួយបារម្ភ​ខ្លាច​គេ​បិទ​ទំនប់ទឹក​លិច​ដល់​ផ្ទះ​ខ្ញុំ​ដែរ ពីព្រោះ​ខ្ញុំ​នៅ​ខាងក្រោម​ពិបាក​រស់នៅ​។ ពី​ដើម​គេ​អត់​បិទ​ធ្វើ​ទំនប់​ស្រួល​រស់​នៅ ដល់​ពេល​គេ​បិទ​អីចឹង​ដូចជា​ពិបាក​ដែរ។ ខ្ញុំ​សួរ​ពួក​អ្នកភូមិ​គេ​ថា ឱ្យ​រើចេញ ប៉ុន្តែ​មិន​ដឹង​ថា គេ​សង​ប៉ុន្មាន​អី​ប៉ុន្មាន​ផង មានតែ​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​រើ​ផ្ទះ។ បើ​រើ​ផ្ទះ​ចេញ​ក៏​មិនដឹង​ទៅ​សង់​កន្លែង​ណា បើ​មាន​ដី​តែប៉ុណ្ណោះ​ហើយ»។

ទោះជា​យ៉ាងណា​អ្នកភូមិ​ស្រែ​វាល និង​ស្រែ​ខ្សាច់​នៅ​មិនទាន់​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​ចិន ដែល​បាន​ទៅ​បោះ​ការដ្ឋាន​សាងសង់​ទំនប់ទឹក​ទី​នោះ​ទេ ដោយសារតែ​ពួកគាត់​មិន​ចេះ​អាន​អក្សរ​ចិន។

បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព មាន​ប្រសាសន៍​ថា ក្រុមការងារ​ចិន​ដែល​បាន​ទៅ​ឈូស​ឆាយ​ដី​ធ្វើ​ទំនប់ទឹក​បាន​ដាក់​ប៉ាយ​យ៉ាង​ធំ​ជា​អក្សរ​ចិន ប៉ុន្តែ​មិន​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ឡើយ ហើយក៏​មិន​ប្រាប់​អ្នកភូមិ​ឱ្យ​ដឹង​ពី​គោលបំណង​នៃ​ការ​សាងសង់​ទំនប់ទឹក​ទីនោះ​សម្រាប់​ធ្វើ​អ្វី​ដែរ។

លោក ហឿន សុភាព មាន​ប្រសាសន៍​ទៀត​ថា រយៈពេល​ប្រមាណ​២-៣​ខែ​នេះ លោក​ឃើញ​ក្រុមហ៊ុន​ចិន​ចាប់ផ្ដើម​ឈូស​ឆាយ​ដី​បណ្ដាល​ឱ្យ​ប៉ះពាល់​ដីស្រែ​ចំការ និង​ដំណាំ​ហើយ​ថ្មីៗ​ក្រុមហ៊ុន​ក៏បាន​ដើរ​បាញ់ថ្នាំ​ក្រហម​ប៉ះពាល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ថែមទៀត។ លោក ហឿន សុភាព ក៏​ព្រួយបារម្ភ​ទៅ​ដល់​ការ​ប៉ះពាល់​ព្រៃឈើ​ជាច្រើន​ហិកតារ​នៅ​ជាប់​តំបន់​នោះ​ដែរ។

លោក ហឿន សុភាព៖ «ប្រជាជន​គាត់​និយាយប្រាប់​ខ្ញុំ​ថា ប៉ះ​ផ្ទះ​ប៉ះ​ដីស្រែ​ដីចំការ​សូម្បីតែ​ស្រូវ​ធ្វើ​ពី​វស្សា​មិញ​អត់​បាន​ច្រូត​ទេ មួយចំនួន​ដែល​ប៉ះចំ​គេ​មិន​ឱ្យ​ច្រូត​ទេ គេ​ឈូស​បំផ្លាញ​តែម្ដង​ហើយ​គេ​សង​ដែរ ប៉ុន្តែ​សង​តិចតួច​។ ប្រជាជន​កំពុង​ភ័យ​ព្រួយ​ចំពោះ​ការ​ចាក​ចេញ ខ្ញុំ​បាន​សួរ​ក្រុមការងារ​ដែរ​តែ​អាជ្ញាធរ​និង​តំណាង​ក្រុមហ៊ុន​នោះ​គេ​ថា សូម​ឱ្យ​រៀបចំ​រុះរើ​ផ្ទះ​ចេញ​ហើយ​គោលការណ៍​របស់​រដ្ឋាភិបាល​គឺ​គេ​នឹង​មាន​សំណង​សមរម្យ»។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​ពន្យល់​ពី​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​និង​លោក គឹម យឹម មេភូមិ​ស្រែ​ខ្សាច់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២៣ ខែ​ធ្នូ ដោយសារតែ​ទូរស័ព្ទ​លោក​ទាំងពីរ​មិន​អាច​ទាក់ទង​បាន។

ចំណែក​អភិបាលស្រុក​សណ្ដាន់​លោក អ៊ុក វណ្ណរ៉ា បាន​បដិសេធ​អធិប្បាយ​ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់​រវល់​ប្រជុំ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC)​លោក នី សុខា មាន​ប្រសាសន៍​ថា ជា​គោលការណ៍​កាលណា​ក្រុមហ៊ុន​មួយ​ទទួល​បាន​សម្បទាន​ពី​រដ្ឋាភិបាល​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​គឺ​ត្រូវ​សិក្សា​ឱ្យ​ច្បាស់លាស់​ជាមុន ទៅ​លើ​ការ​ប៉ះពាល់​ទាំង​សង្គម និង​បរិស្ថាន។ បើសិនជា​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ ឬក៏​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​គឺ​ត្រូវតែ​ដោះស្រាយ​សំណង​ឱ្យ​បាន​ត្រឹមត្រូវ​សមរម្យ និង​យុត្តិធម៌​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អស្សាមិករណ៍។

លោក នី សុខា៖ «ប្រសិនបើ​វា​មានការ​ប៉ះពាល់​អីចឹង​វា​ត្រូវការ​សិក្សា​ទំហំ​នៃ​ផល​ប៉ះពាល់​ជាមុន​បើកាលណា​យើង​ទៅ​ដាក់​គម្រោង​អភិវឌ្ឍន៍ ហើយ​ដំណើរការ​សកម្មភាព​ដំណើរការ​អភិវឌ្ឍន៍​ក្រុមហ៊ុន​ហើយ បាន​យើង​ទៅ​ដកចេញ​គឺ​វា​មិន​ងាយ​ទេពី​ព្រោះថា​វា​ប៉ះពាល់​ដល់​ការខូចខាត​របស់​ក្រុមហ៊ុន​ដែរ​។​ដូច្នេះហើយ​បានជា​គេ​តម្រូវ​ឱ្យ​ថា បើសិនជា​ធ្វើការ​អភិវឌ្ឍន៍​ត្រូវ​សិក្សា​ទំហំ​ប៉ះពាល់​ជាមុន​ថា តើ​ទំហំ​ប៉ះពាល់​គេ​អាច​ធ្វើ​ការអភិវឌ្ឍ​នៅ​តំបន់​ហ្នឹង​បាន​ដែរ​ឬទេ?»។

លោក នី សុខា មាន​ប្រសាសន៍​ទៀត​ថា បើសិនជា​ការ​អភិវឌ្ឍ​ណាមួយ​ដែល​មិន​បាន​ធ្វើការ​សិក្សា​ហើយ​ប៉ះពាល់​ប្រជាពលរដ្ឋ​ហើយ​ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​គឺ​វា​ជា​ការ​អភិវឌ្ឍ​មួយ​ដែល​បំពាន​ទៅ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។

បើ​ទោះ​បី​ជា​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ឬក៏​ស្ថាប័ន​របស់​រដ្ឋាភិបាល​ណាមួយ​ចេញមុខ​បង្ហាញ ពី​ការ​អភិវឌ្ឍ​ទំនប់ទឹក​របស់​ក្រុមហ៊ុន​ចិន នៅ​ភូមិ​ស្រែ​វាល ភូមិ​ស្រែខ្សាច់ នៃ​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នោះ​ថា វា​មាន​ផល​ប៉ះពាល់​ក្នុង​ទំហំ​ប៉ុណ្ណា​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។