តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ ៤​នាក់ តែ​សហគមន៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី

ដោយ សុជីវី
2024.10.15
តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ ៤​នាក់ តែ​សហគមន៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី សហគមន៍ដីធ្លី ខេត្តត្បូងឃ្មុំ ៤នាក់ នៅថ្ងៃមកកាន់​តុលាការកំពូល កាល​ពីថ្ងៃទី៧ តុលា ២០២៤។
រូប៖ ប្រជាសហគមន៍ផ្តល់ឱ្យ

តុលាការ​កំពូល​នៅ​ថ្ងៃ​ទី១៤ តុលា បាន​សម្រេច​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ត្បូងឃ្មុំ ៤ រូប បន្ទាប់​ពី​សាលា​ដំបូង​ និង​សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ បាន​សម្រេច​ឱ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ ២​ឆ្នាំ តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ចិន។

បើ​ទោះ​បី​ជា​តុលាការ​កំពូល​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្តី តែ​ជម្លោះ​ដីធ្លី​ដែល​ក្រុមហ៊ុន​ចិន​ និង​អ្នក​មាន​អំណាច​រំលោភ​យក​ដី​ស្រែ​ចម្ការ របស់​សហគមន៍​ចំនួន ២​ភូមិ​ទាំង​មូល នៅតែ​ជាប់​គាំង​ គ្មាន​ដំណោះ​ស្រាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​យ៉ាង​ហោច​ណាស់ ២៥០គ្រួសារ រស់​នៅ​ក្នុង​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្សស្នោរ ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ចាត់​ទុក​ក្តី​សម្រេច​របស់​តុលាការ​កំពូល​ថា ផ្តល់​យុត្តិធម៌​មួយ​ផ្នែក​ជូន​ពលរដ្ឋ ​ក៏ប៉ុន្តែ​ពួកគាត់​ស្នើ​ឱ្យរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី​រ៉ាំរ៉ៃ ដែល​ក្រុមហ៊ុន​ចិន​និង​អ្នក​មាន​អំណាច​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ស្រែចម្ការ  ជា​ឆ្នាំង​បាយ​របស់​អ្នក​ភូមិ​ទាំងស្រុង ហើយ​ប្តឹង​ពួកគាត់​ទៅ​តុលាការ​ថែម​ទៀត។

តំណាង​សហគមន៍​ស្រែប្រាំង ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ ដោយសារ​តែ​តស៊ូ​មតិ​រឿង​ជម្លោះ​ដីធ្លី​នេះ គឺលោក សែម ចំណាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៤ តុលា ថា ក្តី​សម្រេច​របស់​តុលាការ​កំពូល​ ធ្វើ​ឱ្យ​ប្រជា​សហគមន៍​ធូរទ្រូង​បន្តិច ក៏​ប៉ុន្តែ​ពលរដ្ឋ ២​ភូមិ កំពុង​រស់​នៅ​លំបាក​វេទនា​គ្មាន​ដី​ដាំដុះ​ចិញ្ចឹម​ជីវិត ជះឥទ្ធិពលដល់កុមារ​បោះបង់​ការ​សិក្សា និង​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង។

លោក​ថា អាជ្ញាធរ​អូស​បន្លាយ​ពេល​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​ ១០​ឆ្នាំ​កន្លង​ទៅ​នេះ ​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន មាន​សម្ពាធ​ផ្លូវ​ចិត្ត

លោក សែម ចំណាន៖ «បញ្ហា​ដីធ្លី​អត់​មាន​ដំណោះ​ស្រាយ​ទេ មក​ទល់​សព្វ​ថ្ងៃ​ មាន​តែ​គម្រាម​កំហែង​ប្រជាពលរដ្ឋ​ថែម ហើយ​មក​ទល់​ពេល​នេះ​អត់​មាន​ដំណោះស្រាយ​អ្វី​ជូន​ដល់​ប្រជា​ពលរដ្ឋ​ទេ»

ការ​ប្តឹង​ផ្តល់​នេះ​កើត​មាន​ឡើង​ដោយសារ​ក្រុមហ៊ុន​​ចិន ហាម៉ីនីវីន អ៊ិនវេសមេន (Hamenivent Investment)  និង​ឧកញ៉ា ឈ្មោះ ម៉ែន ចាន់ធឿន បាន​ហ៊ុមព័ទ្ធ​យក​ដី​សហគមន៍​នៅ​ភូមិ​ស្រែប្រាំង ​និង​ភូមិ​បុស្សស្នោរ សរុប​ទំហំ ជាង ១ពាន់ ២រយ​ហិកតារ ជា​បន្តបន្ទាប់ កាល​ពី​ឆ្នាំ​២០២០ ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​មិន​អាច​ចូល​ទៅ​បង្ក​បង្កើន​ផល​លើ​ដី​របស់​ខ្លួន។

អ្នកភូមិ​ថា ដី​ក្នុង​តំបន់​នោះ  ជា​ដី​ព្រៃ​រនាម​លិច​ទឹក​មាន​ជីវជាតិ​អំណោយ​ផលគាប់​ប្រសើរ ឱ្យ​សហគមន៍​រស់​នៅ​យ៉ាង​សុខសាន្ត ដោយសារ​ការ​ប្រកប​របរ​នេសាទ​ត្រី ចិញ្ចឹម​សត្វ និង​ធ្វើ​កសិកម្ម ក៏ប៉ុន្តែ​ក្រោយ​ពី​មាន​វត្ត​មាន​ក្រុមហ៊ុន​ចិន​ចូល​ទៅ​តំបន់​នោះ ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទី​កន្លែង​បង្ក​បង្កើន​ផល​ផល​ទាំង​ស្រុង។

លោក សែម ចំណាន បន្ថែម​ថា អ្នកភូមិ​រាប់​រយ​គ្រួសារ តែង​តែ​វេច​បង្វេច ដើរ​ខ្ចី​បុល​គេ និង​លក់​មាន់​ទារ ធ្វើ​សោហ៊ុយ ទៅ​រាជធានី​នៅ​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​នៅ​ស្ថាប័ន​ថ្នាក់​ជាតិ ស្វែង​រក​ដំណោះស្រាយ ក៏ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ។

លោក​ថា បច្ចុប្បន្ន​ទីតាំង​ដី​មាន​ជម្លោះ​នោះ ត្រូវ​ក្រុមហ៊ុន​ចិន​កាយ​ប្រឡាយ ធ្វើ​ផ្លូវ​ខ្វាត់​ខ្វែង ​និង​ធ្វើ​សំណង់​រឹង ហាម​ឃាត់​មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​អាស្រ័យ​ផល​​ឡើយ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែប្រាំង លោក វឿន វឿ និយាយ​ថា គ្រួសារ​លោក​មាន​ដី ៣​ហិកតារ​កន្លះ ដែល​អាស្រ័យ​ផល​តាំង​ពី​ដូនតា​មក ក៏ប៉ុន្តែ​ក្រោយ​ពី​ក្រុមហ៊ុន​ចិន​រំលោភ​យក​ទាំង​មូល ធ្វើ​ឱ្យ​គ្រួសារ​លោក​ខ្វះខាត​ដី​ដាំដុះ ចិញ្ចឹម​ជីវិត។

លោក​ថា វិបត្តិ​ដីធ្លី​នេះ​ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក​ធ្លាក់​ខ្លួន​ទី​ទ័លក្រ ហើយ​កូន ២នាក់ បង្ខំ​ចិត្ត​ឈប់​រៀន​នៅ​ថ្នាក់​បឋម​សិក្សា៖ «សម្រាប់​ប្រជា​ពលរដ្ឋ​គឺ​គាត់​វេទនា​ខ្លាំង​ព្រោះ​អាជ្ញាធរ​ គេ​កៀរគរ​តែ​ពលរដ្ឋ​ពេល​មាន​ការ​ប៉ុណ្ណោះ​ តែ​ពេល​ពួកគាត់​ពិបាក​គ្រាន់​តែ​ដីធ្លី​រត់​ដាក់​ញត្តិ​ដល់​ក្រសួង​ដែនដី​តែ​ពួកគេ​គ្មាន​ដោះស្រាយ​ឱ្យ​ដែរ រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដាក់​ឡើង​ឆ្អែត​ហើយ»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប៉ែន កុសល្យ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ តុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

រីឯ​តំណាង​ក្រុមហ៊ុន​ចិន ហាម៉ីនី វីន អ៊ិនវេសមេន និង​ឧកញ៉ា ម៉ែន ចាន់ធឿន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក៏ប៉ុន្តែ​មេឃុំ​ត្រពាំងព្រីង ខេត្ត​ត្បូងឃ្មុំ លោក មុំ សាមុត មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ក្នុង​តំបន់​នោះ គឺ​ហួស​ពី​សមត្ថកិច្ច​របស់​អាជ្ញាធរ​ឃុំ​ហើយ។ លោក​បញ្ជាក់​ថា កន្លង​ទៅ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា បាន​ដោះស្រាយ​រឿង​នេះ​រួចរាល់​ហើយ រីឯ​ពលរដ្ឋ​ដែល​តវ៉ា​តាម​ក្រោយ​នេះ នឹង​គ្មាន​ប្រយោជន៍​ឡើយ។

លោក មុំ សាមុត«អូហ៍​ដោះ​រួច​ហើយ​ឯកឧត្តម​ជា​ សុផារ៉ា ផង​គាត់​ដោះ​រួច​អស់​ហើយ! ហើយ​ទើប​មក​សើរើ​ធ្វើ​អី​ទៀត នាំ​ឥត​ប្រយោជន៍»

កន្លងទៅ​ក្រសួង​ដែនដី ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​បកស្រាយ​ថា​ កាល​ពី​ឆ្នាំ ​២០១១ ​និង​ឆ្នាំ ​២០១២ ​ពលរដ្ឋ​រស់​នៅ​ភូមិ​បុស្សស្នោរ និង​ភូមិ​ស្រែប្រាំង​ជិត ៣០០​គ្រួសារ (២៩១) បាន​លក់​ដី​ឱ្យ​ក្រុមហ៊ុន​ចិន មិនីវេន អ៊ិនវេសមេន ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​មេភូមិ និង​មេឃុំ។

ក្រសួង​ចាត់​ទុក​ការ​តវ៉ា​របស់​ពលរដ្ឋ​ថា គ្មាន​មូលដ្ឋាន និង​​ញុះញង់​បំផុស​បំផុល​ ប៉ះពាល់​សន្តិសុខ​សង្គម។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ទិញ​លក់ ឬ​ផ្ទេរ​កម្មសិទ្ធិ​ដី​សាធារណៈ​របស់​រដ្ឋ ក្នុង​តំបន់​នោះ​ជា​ទង្វើ​ល្មើស​ច្បាប់។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ឡេង សេងហាន យល់​ថា រដ្ឋាភិបាល​គួរតែ​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ដីធ្លី​នេះ ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ពលរដ្ឋ

លោក ឡេង សេងហាន៖ «រដ្ឋធម្មនុញ្ញ​គេ​បាន​កំណត់​ច្បាស់​អំពី​ជម្លោះ​ពលរដ្ឋ​គាត់​មាន​សិទ្ធិ​ស្នើ​ទៅ​អាជ្ញាធរ​រដ្ឋ ឬ ក៏​អង្គការ នៅ​ពេល​ដែល​ពួកគាត់​មាន​ទុក្ខ​កង្វល់ ហើយ​អ្នក​ទាំង​អស់​នោះ​ ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ ព្រោះ​នេះ​ជា​កាតព្វកិច្ច​របស់​ពួកគាត់»

ព្រៃ​សហគមន៍​ភូមិ​ស្រែប្រាំង និង​សហគមន៍​ភូមិ​បុស្សស្នោរ មាន​ទំហំ​ជាង ១ ពាន់ ២រយ ហិកតារ (.២៣០)  នៅ​ជាប់​ព្រែក​ឆ្លូង ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។ ព្រៃ​សហគមន៍​នេះ មាន​ទឹកជន់​លិច​ជា​រៀងរាល់​ឆ្នាំ សម្បូរ​​ត្រី និង​សត្វស្លាប​រស់នៅ ហើយ​អ្នកភូមិ​រាប់​រយ​គ្រួសារ តែង​ប្រមូល​ផល​នេសាទ​នៅ​ខែវស្សា និង​ធ្វើ​កសិកម្ម នៅ​រដូវប្រាំង ចិញ្ចឹម​ជីវិត​ច្រើន​ជំនាន់​មក​ហើយ។

ក្រុម​ពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​មួយ​ចំនួន​បាន​ឃុបឃិត​គ្នា លួច​លក់​ដី​ព្រៃ​សហគមន៍​អស់​មួយ​ផ្នែក​ធំ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន និង​បាន​ឃុបឃិត​គ្នា ធ្វើ​ប្លង់​រឹងជា​ប្រព័ន្ធ ដែល​ជា​ដើម​ហេតុ​ធ្វើ​ឱ្យ​ជម្លោះ​ដីធ្លី​នេះ​កើត​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។