អ្នក​រង​ផល​ប៉ះពាល់​ពី​ការ​ជីក​ប្រឡាយ​ជាង​២០០​គ្រួសារ​នៅ​ស្វាយរៀង​មិន​ទទួល​បាន​សំណង

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ជាង ២០០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ជីក​ប្រឡាយ នៅ​មិន​ទទួល​​បាន​សំណង​ពី​រាជរដ្ឋាភិបាល​នៅ​ឡើយ​ទេ។ ប្រការ​ដែល​មិន​​ទទួល​បាន​សំណង​នេះ ពួកគាត់​រង​ការ​លំបាក​ធ្ងន់ធ្ងរ​ក្នុង​ជីវភាព​រស់​នៅ រួម​មាន​ផ្ទះសម្បែង ដី​កសិកម្ម ដី​កប់​សព អណ្ដូង​ទឹក និង​ដើម​ឈើ​ហូប​ផ្លែ​ជាដើម។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា រដ្ឋាភិបាល​​​អនុវត្ត​គម្រោង​ជីក​ប្រឡាយ​ទឹក​នេះ លើស​ពី​ផែនការ​ដែល​បាន​គ្រោងទុក។

ពលរដ្ឋ​រស់នៅ​ភូមិ​ចំនួន​៨ ក្នុង​ឃុំ​ចំនួន ២ គឺ​ឃុំ​ម៉ឺនជ័យ និង​ឃុំ​ធ្មា ស្រុក​រំដួល រង​ផល​ប៉ះពាល់​​ដី​ភូមិ​និង​ដី​ចម្ការ​របស់​ពួក​គាត់ ដោយសារ​ការ​ជីក​ប្រឡាយ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កាល​ពី​ដើម​ឆ្នាំ​២០១៤។

តំណាង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៅ​ឃុំ​ធ្មា លោក ព្រំ យ៉ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​អើពើ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ទេ បើ​ទោះ​បី​ដឹង​ថា ការ​ជីក​ប្រឡាយ ទាំង​ប្រឡាយ​ធំ និង​កូន​ប្រឡាយ​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ តម្រូវ​ឲ្យ​អ្នក​ភូមិ​រុះរើ​ផ្ទះ និង​ផល​ដំណាំ​កសិកម្ម​ផ្សេងៗ​ក្ដី។ លោក​បន្ត​ថា ការ​ជីក​ប្រឡាយ​នេះ ប៉ះពាល់​ដីស្រែ​របស់​គាត់​ចំនួន ៨០០​ម៉ែត្រការ៉េ និង​ដើម​ឈើ​ហូប​ផ្លែ​ចំនួន ៣៥១​ដើម ព្រម​ទាំង​ដី​សង់​លំនៅឋាន​ចំនួន ២.២៥០​ម៉ែត្រការ៉េ។

លោក​ថា មាន​ពលរដ្ឋ​ជិត ២០០​គ្រួសារ​ផ្សេង​ទៀត ដែល​ប៉ះពាល់​ផ្សេង​គ្នា ក្នុង​នោះ​មាន​ប៉ះ​ចំ​ផ្ទះ​ពលរដ្ឋ​ចំនួន ៣២​ខ្នង។ លោក​បន្ថែម​ថា ពលរដ្ឋ​ស្ទើរ​ទាំង​អស់​កំពុង​ជំពាក់​បំណុល​ធនាគារ​ព្រោះ​តែ​យក​ប្រាក់​ធ្វើ​លំនៅឋាន និង​ធ្វើ​កសិកម្ម​ជាដើម៖ «មាន​ការ​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ច្រើន ប៉ុន្តែ​ការ​ប៉ះពាល់​មិន​ដូច​គ្នា​ទេ ខ្លះ​គ្រាន់តែ​ប៉ះ​ដី​ស្រែ ខ្លះ​គ្រាន់តែ​ប៉ះ​ភូមិ ប៉ុន្តែ​ខ្លះ​ទៀត​ដី​ស្រែ​ក៏​ប៉ះ ភូមិ​ក៏​ប៉ះ ហើយ​ផ្ទះ​ដែល​ធ្លាប់​រស់​នៅ​ក៏​ត្រូវ​រើ​ចេញ​ទៅ​នៅ​ដី​ស្រែ»

​ចំណែក​មេ​ឃុំ​ធ្មា លោក ម៉ៅ សាមឿន ទទួល​ស្គាល់​ថា ក្នុង​ឃុំ​លោក​មាន​ផ្ទះ​ពលរដ្ឋ​ប៉ះពាល់​ចំនួន ២៦​ខ្នង តែ​ផ្ទះ​ទាំង​នោះ​បាន​សាងសង់​នៅ​តាម​មាត់​ប្រឡាយ​ទឹក​ជា​ចំណី​ផ្លូវ​របស់​រដ្ឋ។ លោក​អះអាង​ថា រដ្ឋាភិបាល​មិន​បាន​ផ្ដល់​សំណង់​ជូន​ពលរដ្ឋ​ឡើយ ព្រោះ​ការ​កសាង​ប្រឡាយ​ទឹក​នោះ គ្រាន់តែ​ជា​ការ​ស្តារ​ឡើង​វិញ​ប៉ុណ្ណោះ៖ «រស់​នៅ​លើ​ភ្លឺ​ប្រឡាយ​កាល​មិន​ទាន់​ស្តារ​ហ្នឹង ធ្វើ​ផ្ទះ​នៅ​លើ​ភ្លឺ​ប្រឡាយ ដល់​ពេល​គេ​ស្តារ គេ​ឲ្យ​គាត់​រុះរើ​ចេញ​វា​ប៉ះពាល់​អា​ហ្នឹង»

​នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលា​ខេត្ត​ស្វាយរៀង គឺ​លោក អ៊ឹង បូរ៉ា។ លោក​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ធ្លាប់​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​នៅ​ស្រុក​រំដួល ហើយ​អាជ្ញាធរ​ខេត្ត​បាន​លើក​សំណើ​របស់​ពលរដ្ឋ​ដាក់​ជូន​ក្រសួង​ធនធាន​ទឹក ប៉ុន្តែ​ក្រសួង​បដិសេធ​ចំពោះ​ការ​ផ្តល់​ជា​សំណង​ជូន​ពលរដ្ឋ​ដោយ​លើក​ហេតុផល​ថា ការ​កសាង​ប្រឡាយ​ឈ្មោះ​មេកីចក​នេះ គឺ​ជា​ការ​ស្តារ​ប្រឡាយ​ចាស់​ឡើង​វិញ៖ «គម្រោង​គេ​អភិវឌ្ឍន៍​ទៅ​លើ​ប្រឡាយ​ចាស់ បើ​សិន​ការ​ដោះស្រាយ​ទល់​តែ​គម្រោង​ណា​ដែល​អភិវឌ្ឍន៍​កន្លែង​ថ្មី ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​មេកីចក ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៤ ផ្ញើ​ជូន​អភិបាល​ខេត្ត​ស្វាយរៀង គឺ​ជួសជុល​ស្តារ​ឡើង​វិញ​នូវ​ប្រឡាយ​មេកីចក ជំហាន​ទី​៤ ដែល​ឆ្លង​កាត់​ស្រុក​ចំនួន ៥​ស្រុក គឺ​ស្រុក​រំដួល ស្រុក​រមាសហែក ស្រុក​ស្វាយទាប ស្រុក​កំពង់រោទិ៍ និង​ស្រុក​ចន្ទ្រា តែ​គម្រោង​នេះ​សាងសង់​មិន​ទាន់​រួចរាល់​នៅ​ឡើយ។ បច្ចុប្បន្ន​គម្រោង​នេះ ទើប​តែ​ជីក​ប្រឡាយ​ឆ្លង​កាត់​តែ​ពីរ​ស្រុក​ទេ គឺ​ស្រុក​រមាសហែក ឆ្ពោះ​ទៅ​ដល់​ពាក់​កណ្ដាល​ស្រុក​រំដួល។

​ទាក់ទង​នឹង​ករណី​នេះ មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ ខេត្ត​ស្វាយរៀង លោក ម៉ុម លីដា រក​ឃើញ​ថា ក្រសួង​ធនធាន​ទឹក មិន​បាន​ស្តារ​ឡើង​វិញ​នូវ​ប្រឡាយ​ទឹក​តាម​គម្រោង​ដែល​បាន​កំណត់​នោះ​ទេ។ តួយ៉ាង​ក្នុង​ផែនការ​កំណត់ ការ​ជីក​ប្រឡាយ​ទទឹង ៣០​ម៉ែត្រ ប៉ុន្តែ​ការ​អនុវត្ត​ផ្ទាល់​គឺ ៧០​ម៉ែត្រ ទៅ ១០០​ម៉ែត្រ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្ទះ​សម្បែង ទ្រព្យ​សម្បត្តិ និង​មុខ​របរ​ពលរដ្ឋ​ជាដើម។

លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់ និង​ផ្តល់​ជា​សំណង​ទូទាត់​ជូន​ពលរដ្ឋ​តាម​ទំហំ​ប៉ះពាល់។ លោក​ថា នៅ​មាន​ពលរដ្ឋ​​ប៉ះពាល់​បន្ថែម​ទៀត​នៅ​ពេល​មាន​ការ​ជីក​ប្រឡាយ​បន្ត​ទៀត បើសិនជា​រដ្ឋាភិបាល​មិន​ដោះស្រាយ​ទេ​នោះ ហើយ​ប្រជាពលរដ្ឋ​នឹង​តវ៉ា​កាន់​តែ​ច្រើន​ថែម​ទៀត៖ «ចុះ​ទៅ​អនុវត្ត​ហ្នឹង​គឺ​ជីក​លើ​ពី​សាប​សិប ស្រូវ​របស់​ប្រជាពលរដ្ឋ​ត្រូវ​ខូចខាត​ទាំង​អស់ ផ្ទះ​ដែល​បាន​ធ្វើ​រួច​ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​រុះរើ​ដោយ​គ្មាន​សំណង»

ពលរដ្ឋ​អះអាង​ថា គម្រោង​កសាង​ស្តារ​ឡើង​វិញ​ប្រឡាយ​មេកីចក បច្ចុប្បន្ន​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ប្រហែល​បី​ខែ​មក​ហើយ តែ​សព្វថ្ងៃ​គេ​កំពុង​កសាង​ស្ពាន និង​ធ្វើ​ប្រព័ន្ធ​លូ​ទឹក។

អ្នក​ភូមិ​ស្រុក​រំដួល ចំនួន ១៦៤​គ្រួសារ​ធ្លាប់​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ខែត្រ និង​ដាក់​ញត្តិ​ជូន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា កាលពី​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ តែ​រហូត​មក​ដល់​បច្ចុប្បន្ន​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។