ក្រុមហ៊ុនវៀតណាមឈូសឆាយដីភ្នំអារក្ស និងលុបទឹកអូរបំពានសេចក្ដីសម្រេចរបស់អាជ្ញាធរខេត្តរតនគិរី
2020.12.29
អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ជនជាតិ ដើមភាគតិចចារ៉ាយចំនួន ១២ភូមិ រស់នៅជាប់ព្រំប្រទល់ប្រទេសវៀតណាមក្នុងខេត្តរតនគិរី ចោទក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL)ថា ឈូសឆាយបំផ្លាញដីនៅតំបន់ដែលអាជ្ញាធរកាត់ឆ្វៀលប្រគល់ជូនសហគមន៍។ ប្រជាសហគមន៍ថាក្រុមហ៊ុនយក្សមួយនេះថា មិនស្មោះត្រង់ និងរំលោភសេចក្តីសម្រេចរបស់អាជ្ញាធរខេត្ត។
អង្គការសមធម៌កម្ពុជា និងជនជាតិដើមភាគតិចរស់នៅស្រុកអណ្តូងមាស និងស្រុកអូរជុំ ខេត្តរតនគិរី ឱ្យដឹងនៅថ្ងៃទី២៨ ធ្នូ ថា ក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ បានឈូសឆាយភ្នំអារក្សជាថ្មីទៀត ដើម្បីយកដីលុបទឹកអូរ បណ្តាលឱ្យរាំងខ្ទប់ទឹក ប៉ះពាល់ត្រី ជីវចម្រុះ និងលិចដីស្រែចម្ការរបស់អ្នកស្រុកជាច្រើនគ្រួសារ។ លើសពីនេះ ក្រុមហ៊ុនបានធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីសហគមន៍ភូមិអ៊ីន អស់ជាច្រើនហិកតារទៀត។
ប្រធានសហគមន៍ភូមិម៉ុយ លោក ទឹម យឺន ប្រាប់អាស៊ីសេរីថា ថ្មីៗនេះ ក្រុមហ៊ុនបានយកគ្រឿងចក្រ ចាក់ដីលុបអូរអន្សាង និងអូររ៉ក បណ្តាលឱ្យរាំងខ្ទប់ប្រព័ន្ធទឹក មិនអាចហូរចុះក្រោម ប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋ។ លោកបន្ថែមថា ទឹកអូរធម្មជាតិ ២កន្លែងដែលក្រុមហ៊ុនចាក់ដីលុប គឺជាដង្ហើមសេដ្ឋកិច្ចរបស់ពលរដ្ឋរាប់ពាន់គ្រួសារ ដែលអាស្រ័យផលតាំងពីដើមមក៖ «បារម្ភទីភ្នំអត់មានសុវត្ថិភាព ទី២ ត្រីអត់មានចលនា អត់មានត្រីឡើង អត់មានត្រីស៊ី។ ខាងលើធ្វើចម្ការអត់កើតទេ ៦គ្រួសារ ទឹកច្រាលទៅមានធ្វើអីចេញ ចម្ការគេលិចអស់»។
អង្គការសមធម៌កម្ពុជា (Equitable Cambodia) បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី ២៣ ខែធ្នូថា ក្រុមហ៊ុនវៀតណាមនេះ បានឈូសឆាយដីភ្នំអារក្ស ដើម្បីយកដីលុបទឹកអូរធម្មជាតិចំនួន២ទៀត គឺអូរ អន្សាង និងអូររ៉កដែលផ្ដល់សារៈសំខាន់យ៉ាងច្រើនដល់សហគមន៍។ លើសពីនេះក្រុមហ៊ុនបានឈូសឆាយដីនៅតំបន់ផ្សេងទៀត ដែលក្រុមហ៊ុនបានឯកភាពកាត់ឆ្វៀល ប្រគល់ជូនសហគមន៍។ អង្គការមួយនេះ ចាត់ទុកទង្វើរបស់ក្រុមហ៊ុនថា រំលោភសេចក្តីសម្រេចរបស់អាជ្ញាធរខេត្ត និងបំពានវប្បធម៌ជនជាតិដើមភាគតិចចារ៉ាយ។
ប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយថា កាលពីឆ្នាំ ២០១៨ រដ្ឋបាលខេត្តរតនគិរីបានស្នើទៅក្រសួងកសិកម្ម កាត់ឆ្វៀលតំបន់មានជម្លោះជាង ៦០កន្លែង (៦៤) មានទំហំជាង ៧រយហិកតារ ( ៧៤២.៤) ប្រគល់ជូនប្រជាសហគមន៍វិញ។ តំបន់នោះរួមមាន ភ្នំអារក្ស ២០កន្លែង តំបន់កប់សព២កន្លែង ដីចម្ការវិលជុំ ព្រៃអារក្ស កន្លែងឃ្វាលគោក្របី និង តំបន់ប្រភពទឹកអូរធម្មជាតិដែលជាទីកន្លែងសហគមន៍អាស្រ័យផលដូចជា នេសាទត្រី និងស្រោចស្រពដំណាំកសិកម្មជាដើម។
តំណាងសហគមន៍រស់ភូមិកាក់ ឃុំតាឡាវ លោក សេវ ស៊ើន ថ្លែងថា មកទល់ពេលនេះ សហគមន៍ជនជាតិដើមភាគតិចនៅមិនទាន់ទទួលបានដីជាក់ស្ដែង ពីក្រុមហ៊ុន និងអាជ្ញាធរដែលប្រកាសកាត់ឆ្វៀលប្រគល់ឱ្យពួកលោកវិញនៅឡើយទេ។ លោកចាត់ទុកភាពយឺតយ៉ាវនេះ នឹងផ្ដល់ឱកាសឱ្យក្រុមហ៊ុនវៀតណាមមួយនេះ បន្តរំលោភម្ដងហើយម្ដងទៀត លើតំបន់ភ្នំអារក្ស ដីព្រៃច្រប់ ព្រៃកប់សព និងទឹកអូរធម្មជាតិ៖ «ដីហ្នឹងឋិតនៅដីសហគមន៍ ប៉ុន្តែក្រុមហ៊ុនព័ទ្ធរបងជុំវិញ សហគមន៍ចង់ភ័យដោយសារ ក្រុមហ៊ុនវាប្ដូររហូតមេការ ដូចថា វាឈូសឆាយថ្មី ដូចលុបអូរ សហគមន៍ទៅសួរថា វាខ្ញុំអត់ដឹងទេ ដោយសារមេការថ្មី។ សូមរដ្ឋាភិបាលជួយផង ជួយសហគមន៍ផង ដោយសារក្រុមហ៊ុនប្ដូរមេការ វាពិបាកមែនទែន»។
រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី២៤ ធ្នូ បានឆ្លើយតបអង្គការសមធម៌កម្ពុជាថា អាជ្ញាធរខេត្តបានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះសិក្សាករណីនេះ ដើម្បីដោះស្រាយ។ អាជ្ញាធរថា ថ្មីៗនេះ រដ្ឋបាលខេត្តបានទទួលសំណើ ពីសហគមន៍ចំនួន ២ភូមិ ក្នុងស្រុកអណ្តូងមាស ដែលស្នើឱ្យរដ្ឋបាលខេត្តអន្តរាគមន៍លើក្រុមហ៊ុនដែលឈូសឆាយ តំបន់អារក្ស និងលប់អូរធម្មជាតិ។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី២៨ ធ្នូ។ ចំណែកអភិបាលខេត្តរតនគិរី លោក ថង សាវុន និងតំណាងក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ទោះយ៉ាងណា ប្រជាសហគមន៍ថា អភិបាលរងខេត្តរតនគិរី លោក យឹម ជែន និងមន្ត្រីជំនាញ កាលពីថ្ងៃទី២៧ ធ្នូ បានចុះអន្តរាគមន៍បញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនវៀតណាម ដែលឈូសឆាយ កាយភ្នំ និងលុបទឹកអូរ។ លើសពីនេះ អាជ្ញាធរបានបញ្ជាឱ្យក្រុមហ៊ុនកាយដីចេញពីអូរឱ្យអស់ ដើម្បីសង្គ្រោះបរិស្ថាន ហើយត្រូវរង់ចាំសេចក្ដីសម្រេចរបស់អាជ្ញាធរថ្នាក់ជាតិជាមុនសិន។
នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ប្រាប់អាស៊ីសេរីនៅថ្ងៃទី ២៨ ធ្នូថា ក្រុមហ៊ុនបានឈូសឆាយដីចំនួន ២លើក ក្នុងតំបន់ដែលឯកភាពកាត់ឆ្វៀលប្រគល់ជូនសហគមន៍។ រីឯសកម្មភាពជីកកាយភ្នំអារក្ស ដើម្បីយកដីលុបទឹកអូរ បង្កគ្រោះថ្នាក់ខ្លាំងដល់បរិស្ថាន ជីវភាពពលរដ្ឋ និងបំផ្លាញតំបន់សក្ការៈបូជារបស់ជនជាតិដើមភាគតិច។ លោកបញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុនបានបញ្ឈប់សកម្មភាពលុបទឹកអូរ និងកាយភ្នំហើយ ដោយសារតែមានកិច្ចអន្តរាគមន៍ ពីរដ្ឋបាលខេត្ត៖ «បញ្ហាដែលយើងបានឯកភាពគ្នាហើយ ហើយយើងអត់គោរព យើងបង្កើតបញ្ហាថ្មីទៀត អ៊ីចឹងរឿងហ្នឹងមិនអាចចប់ទេ។ ដូចពលរដ្ឋលើកឡើងថា សូមឈប់បន្តការពង្រីកផ្ទៃដី ឬក៏ឈូសឆាយបន្ថែមទៀត ហើយរង់ចាំការសម្រេចពីរដ្ឋាភិបាល ទាក់ទងហ្នឹងការសំណើដាក់ជូនទៅហ្នឹង។ ស្នើសុំឱ្យថ្នាក់ខេត្ត និងថ្នាក់ជាតិពន្លឿន ដំណោះស្រាយជូនពួកគាត់ ដើម្បីយើងអាចឈានទៅបញ្ចប់នូវបញ្ហាទាំងអស់ហ្នឹង»។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរបស់វៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL) ទទួលសិទ្ធិវិនិយោគដំណាំកៅស៊ូលើផ្ទៃដីទំហំ ៥ ម៉ឺនហិកតារ ពីក្រសួងកសិកម្ម កាលពីឆ្នាំ២០១០ រយៈពេល ៥០ ឆ្នាំ។ ប្រជាសហគមន៍ថាក្រុមហ៊ុននេះ បង្កប៉ះពាល់ជនជាតិដើមភាគតិចចំនួន ១២ភូមិ រស់នៅស្រុកអណ្តូងមាស និងស្រុកអូរជុំសរុបប្រមាណជាង ១ពាន់ ៣រយគ្រួសារ( ១៣៧០)។ អង្គការសមធម៌រកឃើញថា ប្រជាសហគមន៍ទាំងនោះ បានបាត់បង់ទីកន្លែងអាស្រ័យផល បែបប្រពៃណី ដោយសារព្រៃឈើត្រូវបានបំផ្លាញ ជំនួសមកវិញនៅដំណាំកៅស៊ូ និងតំបន់ដំណាំឧស្សាហកម្មផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។