ពលរដ្ឋ​ជាង​១០០​នាក់​នៅ​ខែត្រ​ក្រចេះ​តវ៉ា​រឿង​ក្រុមហ៊ុន​ដាក់​រនាំង​បិទ​ផ្លូវ

ដោយ ម៉ែន សុធីរ
2017-08-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​រស់នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​នៅ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ​មេមត់ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
ពលរដ្ឋ​រស់នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​នៅ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ​មេមត់ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ពលរដ្ឋ​ជាង ១០០​នាក់​រស់នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នួល ខែត្រ​ក្រចេះ បាន​លើក​គ្នា​តវ៉ា​បិទ​ផ្លូវ​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា នៅ​ចំណុច​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ដាក់​រនាំង​រាំង​ផ្លូវ​ពលរដ្ឋ។ ពួក​គាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដក​រនាំង​នោះ​ចេញ​ពី​ផ្លូវ បន្ទាប់​ពី​សន្តិសុខ​ក្រុមហ៊ុន​ដែល​ជា​មន្ត្រី​អាវុធហត្ថ​បាន​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ដឹក​ជញ្ជូន​កសិផល។

ពលរដ្ឋ​ទាំងនោះ​អំពាវនាវ​ឲ្យ​អភិបាល​ស្រុក​ស្នួល អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឲ្យ​ដក​រនាំង​ចេញ​ពី​ផ្លូវ​វិញ​នៅ​ថ្ងៃ​ទី​១៧ សីហា។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​បាន​បញ្ជូន​មន្ត្រី​អាវុធហត្ថ​មួយ​ក្រុម រារាំង​ការ​ដឹក​ជញ្ជូន​កសិផល​របស់​ពលរដ្ឋ​រយៈពេល​ជិត​មួយ​សប្តាហ៍​មក​ហើយ ថែម​ទាំង​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​អ្នក​ភូមិ។

ពលរដ្ឋ​ដែល​ចូលរួម​តវ៉ា លោក ម៉េត ធី ត្អូញ​ថា ពលរដ្ឋ​ជាង ៣០០​គ្រួសារ​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ក្រុមហ៊ុន កំពុង​ជួប​បញ្ហា​ផ្នែក​ជីវភាព បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដាក់​រនាំង​ដែល​បង្ខំ​ឲ្យ​អ្នក​ភូមិ​តវ៉ា។ លោក​ថា​អាជ្ញាធរ​ស្រុក​បាន​សន្យា​នៅ​ពេល​អ្នក​ភូមិ​តវ៉ា​នោះ​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ៖ «បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ចូល ជំពាក់​លុយ​អង្គការ​ផង អង្គការ​ទារ​គ្នា​បាន​អី? ខ្លះ​អង្គុយ​យំ ខ្លះ​អត់​បាយ។ អាជ្ញាធរ​ថា​ខ្ញុំ​មក​ដោះស្រាយ​ស្អែក ដល់​ពេល​ស្អែក​ចឹង​ទៀត។ ស្អែក​ខានស្អែក ស្រេច​តែ​គេ​ថា»

បុរស​ដដែល​បន្ត​ថា ពលរដ្ឋ​រស់នៅ​តំបន់​នោះ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ចំណាក​ស្រុក​មាន​ជីវភាព​ក្រីក្រ គ្មាន​ដីធ្លី បាន​សម្រេច​ចាប់​ដី​ក្នុង​បរិវេណ​ក្រុមហ៊ុន​រស់នៅ​តាំង​ពី​ឆ្នាំ​២០១៤។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ សីហា។

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ឈ្មោះ ចម្ការ​កៅស៊ូ​មេមត់ របស់​កូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​តាំង​ពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វៀតណាម កាល​ពី​ឆ្នាំ​២០១៥។

អភិបាល​រង​ស្រុក​ស្នួល លោក សាន់ ណាល់ បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​ការ​តវ៉ា​នេះ​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​ពលរដ្ឋ​ទាំងនោះ​បាន​មក​ទន្ទ្រាន​ដី​ក្នុង​បរិវេណ​ក្រុមហ៊ុន និង​គំរាម​កាប់​បំផ្លាញ​រនាំង​រាំង​ផ្លូវ​ក្រុមហ៊ុន​ផង។ លោក​បញ្ជាក់​ថា ផ្លូវ​ដែល​ក្រុមហ៊ុន​ដាក់​រនាំង​នោះ គឺ​ជា​ផ្លូវ​របស់​ក្រុមហ៊ុន​ស្ថាបនា៖ «ពី​មុន​មក​គាត់​យក​មួយ​ចំនួន ឥឡូវ​យើង​បោះ​អា​ព្រំ​ហ្នឹង កន្លែង​ណា​ដែល​ប៉ះពាល់។ គាត់​ទៅ​ដក​បង្គោល​បោះ​គេ នាំ​គ្នា​លក់​ស្រេច​តែ​ចិត្ត​របស់​គាត់​នៅ​ក្នុង​ហ្នឹង​ទៀត បើ​គាត់​គំរាម​រក​ដុត​កន្លែង​គេ ហើយ​គេ​មិន​ដាក់​កម្លាំង​ការពារ​ក្រុមហ៊ុន គេ​ធ្វើ​ម៉េច»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ចាត់​ទុក​ការ​ដាក់​រនាំង​មិន​ឲ្យ​ដឹក​ជញ្ជូន​កសិផល ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជា​បន្ទាន់។ លោក​ថា ការ​មក​តាំង​ទីលំនៅ​របស់​ពលរដ្ឋ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន គឺ​ជា​ករណី​ខុស​ច្បាប់ ក៏ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ណា​គ្មាន​ដី​ពិតប្រាកដ ប្រញាប់​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​សាមីជន​រស់នៅ ដើម្បី​អាជ្ញាធរ​ស្រុក ខែត្រ ពិនិត្យ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ៖ «ខ្ញុំ​គិត​ថា​ករណី​នេះ​អាជ្ញាធរ​បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ ហើយ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ទៀត​ផង»

ពលរដ្ឋ​ចំនួន​ជាង ៣០០​គ្រួសារ បាន​មក​ចាប់​ដី​ទំហំ​ចាប់​ពី​កន្លះ​ហិកតារ​ដល់ ៣​ហិកតារ ជា​ប្រភេទ​ដី​ធ្វើ​កសិកម្ម និង​លំនៅឋាន។ ពួក​គេ​ភាគច្រើន​មក​ពី​ខែត្រ​ត្បូងឃ្មុំ និង​ខែត្រ​កំពង់ចាម។

របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ស្នួល ខែត្រ​ក្រចេះ បង្ហាញ​ថា ក្រោយ​ពី​រាជ​រដ្ឋាភិបាល​ចេញ​បទបញ្ជា​០១ អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ទទួល​ពលរដ្ឋ​ចំណូល​ស្រុក​រាប់​ពាន់​គ្រួសារ​មក​រស់នៅ និង​បាន​កាត់​ឆ្វៀល​ដី​ជាង ៤​ម៉ឺន​ហិកតារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៩ ដើម្បី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ស្រប​ច្បាប់ ជូន​ពលរដ្ឋ​ក្រីក្រ​ចំណាក​ស្រុក​មក​រស់នៅ​ខែត្រ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល