តំណាង និងប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ជំទាវ ជា ខេង នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានអះអាងថា តំណាងរបស់ខ្លួនទាំងបីរូបដែលមានឈ្មោះ ញឹម ញឿន រាជ សីម៉ា និងឈ្មោះ ភុល សន គឺពុំបានប្រព្រឹត្តកំហុសដូចខ្លឹមសារនៃដីកាកោះរបស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង នោះឡើយ។
ប្រជាពលរដ្ឋម្នាក់មកពី ភូមិឡពាង អ្នកស្រី ឈិត ខន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ឲ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ថា ការសាកសួររបស់ព្រះរាជអាជ្ញាទៅលើតំណាងរបស់អ្នកភូមិឡពាង ទាំងបីនាក់ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ នេះ នឹងមានតំណាងប្រជាពលរដ្ឋមកពីភូមិឡពាង ភូមិបឹងកក់ និងប្រជាពលរដ្ឋមួយចំនួនទៀតមកពីខេត្តពោធិ៍សាត់ ដើម្បីគាំទ្រ និងចូលរួមស្ដាប់ដំណើរការនៃការសាកសួរនេះ៖ «តុលាការចោទគាត់ថា បំផ្លាញនូវទ្រព្យរបស់គេដោយចេតនា តើទ្រព្យអី? បើគាត់ទៅគាត់ឈូសផ្ទះខ្ញុំ អត់មានចេតនាទេចឹង? រួចប្រជាជនខ្ញុំបីនាក់ហ្នឹងអត់មានធ្វើអីផង តើគាត់ចោទធ្វើអី? អ៊ីចឹងហើយខ្ញុំសូមសម្ដេច ហ៊ុន សែន លោកជាស្ដេចគ្រប់គ្រងផែនដី សូមឲ្យលោកដាក់បញ្ជាតាមអ្នកមានអំណាចហ្នឹង ឲ្យឈប់ធ្វើបាបប្រជាជន ហើយឲ្យប្រគល់ដីមកវិញ»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតមកពី ស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកស្រី ឡូន ស៊ីវី បានឲ្យដឹងបន្ថែមថា អ្នកស្រីបានចំណាយប្រាក់ផ្ទាល់ខ្លួនក្នុងការធ្វើដំណើរ និងការហូបចុក ដើម្បីមកចូលរួម និងទាមទាររកយុត្តិធម៌ជូនអ្នករងគ្រោះដោយសារទំនាស់ដីធ្លី។ អ្នកស្រីបន្តថា តាមដំណើរដើមទងនៃរឿងរ៉ាវនេះ គឺកើតចេញពីវិវាទដីធ្លីរវាងប្រជាពលរដ្ឋភូមិឡពាង និងក្រុមហ៊ុន ខេ.ឌី.ស៊ី។
ក្រុមប្រជាពលរដ្ឋប្រដាប់ដោយឧបករណ៍បំពងសំឡេង និងបដាពាក្យស្លោកជាច្រើនផ្ទាំង បានធ្វើដំណើរតាមរទេះគោយន្ត ២គ្រឿង ពីភូមិឡពាង រហូតមកដល់មុខសាលាដំបូងខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណជា ១១កន្លះ។ ខ្លឹមសារសំខាន់ៗនៃបដាពាក្យស្លោកទាំងនោះ រួមមាន រាជ សីម៉ា ភុល សន និង ញឹម ញឿន មិនបានធ្វើដូចការចោទប្រកាន់របស់តុលាការនោះទេ។ នេះល្បិចកលរបស់ជំទាវ ជា ខេង ប្រពន្ធ លោក ស៊ុយ សែម និងលោក ថៃ ហ៊ី រៀបចំឡើងដើម្បីចាប់ខ្លួនអ្នកភូមិ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងជំទាវ ជា ខេង និងតំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដើម្បីសុំការបកស្រាយចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះបានទេ នៅថ្ងៃទី២៦ ខែធ្នូ។
ចំណែកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះដែរ។
ទោះ ជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ចគា មានប្រសាសន៍ថា លោកបានសង្កេតឃើញថា តុលាការហាក់មានភាពរើសអើង និងខ្វះចន្លោះច្រើនទាក់ទងទៅនឹងចំណាត់ការរឿងក្ដីរបស់អ្នកភូមិ ឡពាង។ យ៉ាងណា លោកសង្ឃឹមថា ក្រោយពីការសាកសួរជុំវិញករណីនេះនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ព្រះរាជអាជ្ញានឹងមានការបង្អង់សំណុំរឿងនេះ ដោយរង់ចាំដំណើរការសំណុំរឿងរដ្ឋប្បវេណីរបស់ពួកគាត់ជាមុនសិន៖ «និយាយ អំពីបណ្ដឹងដែលពាក់ព័ន្ធទៅនឹងអ្នកភូមិឡពាង តាមដឹងថាមានរឿងជាច្រើនប្រហែល ៥០ ទៅ ៦០បណ្ដឹង ឃើញថាបណ្ដឹងតិចតួចបំផុតដូចជាមានតែ ១ ឬ ២បណ្ដឹងតែប៉ុណ្ណឹងដែលខាងតុលាការបានចាត់ការ ក្រៅពីហ្នឹង គឺនៅតម្កល់ចោលនៅឡើយទាំងសាលាឧទ្ធរណ៍អីហ្នឹង អត់ទាន់ឃើញចាត់ការទេ»។
ទំនាស់ដីធ្លីរវាងអ្នកភូមិឡពាង និងក្រុមហ៊ុន ខេ.ឌី.ស៊ី បានកើតមានអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ នៅក្នុងរយៈពេលជាង ១០ឆ្នាំនេះ មានប្រជាពលរដ្ឋក្នុងភូមិជាច្រើននាក់ទទួលរងនូវការចោទប្រកាន់ពី បទព្រហ្មទណ្ឌ និងចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ទាក់ទងនឹងរឿងដីធ្លី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
