ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ​កោះកុង ខកចិត្ត​នឹង​អាជ្ញាធរ​មិន​ការពារ​ព្រៃកោងកាង​ជា​ប្រភព​ចំណូល​សហគមន៍

ដោយ ប្រាជ្ញ ចេវ
2024.11.29
ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ​កោះកុង ខកចិត្ត​នឹង​អាជ្ញាធរ​មិន​ការពារ​ព្រៃកោងកាង​ជា​ប្រភព​ចំណូល​សហគមន៍ ទិដ្ឋភាព​ព្រៃកោងកាង​ក្នុង​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើន​យ៉ាង​ដងពែង ក្នុងភូមិជ្រោយស្វាយខាងលិច ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​ពលរដ្ឋ​ប្តឹង​ឱ្យ​អាជ្ញាធរ និង​តុលាការ ចាត់​វិធានការ​លើ​ជនល្មើស​កាល​ខែ​មីនា ឆ្នាំ២០២៤។
រូប៖ ពលរដ្ឋ​ផ្តល់​ឱ្យ

ព្រៃ​កោងកាង​ទំហំ​ជាង ៦០​ហិកតារ​ ដែល​ជា​ប្រភព​ផ្តល់​ប្រាក់​ចំណូល​ដល់​ប្រជា​សហគមន៍​នេសាទ​សមុទ្រ​ជាង ២០០គ្រួសារ​ក្នុង​ខេត្ត​កោះកុង នៅ​តែ​ប្រឈម​ការ​បាត់បង់។

ពលរដ្ឋ​ខកចិត្ត​នឹង​អាជ្ញាធរ​ខេត្ត​នេះ​ថា មិន​ត្រឹមតែ​មិន​អើពើ​ការពារ​ធនធាន​ធម្មជាតិ​ទាំង​នេះ​ទេ​ តែ​បែរ​ជា​ចង់​បង្កើត​តំបន់​នោះ ធ្វើ​ជា​ទីលាន​ចាក់​សំរាម​ទៅ​វិញ។

ពលរដ្ឋ​ជាង ២០០ គ្រួសារ(២១៣) រស់​នៅ​ភូមិ​ជ្រោយស្វាយខាងលិច ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល កំពុង​បារម្ភ​បាត់បង់​ព្រៃ​កោងកាង ទំហំ ៦៣​ហិកតារ នៅ​កៀក​នឹង​ភូមិ​កំណើត​របស់​ពួកគាត់​ ស្របពេល​ដែល​អាជ្ញាធរ​ខេត្ត​នេះ និង​តុលាការ​នៅតែ​មិន​អើពើ​ដោះស្រាយ​ពាក្យ​បណ្តឹង​របស់​អ្នកភូមិ។

តំណាង​ពលរដ្ឋ លោកស្រី ហៀប ឪ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី ២៨ វិច្ឆិកា​ថា អ្នកភូមិ​ចង់​ឱ្យ​អាជ្ញាធរ និង​តុលាការ​ដក​ហូត​ដី​ព្រៃ​កោងកាង​ទំហំ​ជាង ១០​ហិកតារ​ ដែល​ក្រុម​ជនល្មើស​កាប់​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់ មក​ជា​សម្បត្តិ​រដ្ឋ ហើយ​ដាំ​ដើម​ឈើ​ស្តារ​ព្រៃ​ឡើង​វិញ។
លោកស្រី​ថា ព្រៃ​កោងកាង​គឺ​ជា​ឆ្នាំងបាយ​របស់​ពលរដ្ឋ ហើយ​ក៏​ជា​ជម្រក​សត្វ​ស្លាប​ទាក់ទាញ​អ្នក​ទេសចរ ប៉ុន្តែ​អាជ្ញាធរ​មិន​ត្រឹមតែ​មិន​អើពើ​ការពារ​នោះ​ទេ​ តែ​បែរ​ជា​ចង់​ឈូស​ឆាយ​ព្រៃ​មួយ​ផ្នែក​ធំ​ក្នុង​តំបន់​នោះ ដើម្បី​បង្កើត​ជា​ទី​លាន​ចាក់​សំរាម​ទៅ​វិញ។

លោកស្រី ហៀប ឪ៖ «គេ​យក​ទៅ​ថា​យក​ដី​នោះ​ទៅ​ចាក់​សំរាម​ ប៉ុន្តែ​ពលរដ្ឋ​ដី​នោះ​មិន​អាច​ចាក់​បាន​ទេ​ព្រោះ​ខូច​បរិស្ថាន​សម្បើម​ណាស់។ ព្រោះ​ព្រៃ​កោង​កាង​ធ្វើ​អ៊ីចឹង​ប៉ះពាល់​ខ្លាំង​ដល់​អ្នកភូមិ​ណាស់»

ស្ត្រី​ដដែល​បន្ថែម​ថា កន្លង​ទៅ​សាលា​ដំបូង​ខេត្ត​កោះកុង និង​សាលាឧទ្ធរណ៍​ព្រះសីហនុ​បាន​តម្កល់​ពាក្យ​បណ្តឹង​របស់​សហគមន៍​ ដែល​ប្តឹង​ឱ្យ​តុលាការ​ចាត់​វិធានការ​ច្បាប់​លើ​ជនល្មើស​កាប់​ព្រៃ​កោងកាង ប៉ុន្តែ​តុលាការ​មិន​ចាត់​ការ ហើយ​អ្នកភូមិ​ក៏​បាន​ប្តឹង​ទាស់​បន្ត​ទៅ​តុលាការ​កំពូល​ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ តុលាការ​កំពូល​មិន​ទាន់​មាន​ចំណាត់ការ​នៅ​ឡើយ​ទេ។

កាល​ពី​ឆ្នាំ២០២១ អ្នក​ភូមិ ៣នាក់ តំណាង​ឱ្យ​ពលរដ្ឋ ២១៣​គ្រួសារ រស់​នៅ​ភូមិ​ជ្រោយ​ស្វាយលិច​ ឃុំ​ជ្រោយ​ស្វាយ បាន​ប្តឹង​មនុស្ស ៥នាក់ ពី​បទ​លួច​កាប់​ទន្ទ្រាន​ដី​ព្រៃកោង​កាង​លិចទឹក​ ដើម្បី​យក​ធ្វើ​ជា​កម្ម​សិទ្ធិ ទំហំ ៦៣​ហិកតារ​ខុសច្បាប់។ ពួកគាត់​មាន​ឯកសារ និង​ភស្តុតាង​ច្បាស់​លាស់​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​នោះ បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​កោង​កាង​របស់​រដ្ឋ​ខុស​​ច្បាប់។

ពលរដ្ឋ​ម្នាក់​ទៀត លោក អ៊ុយ សារុន និយាយ​ថា​ ព្រៃ​កោងកាង​នៅ​តំបន់​នោះ​មាន​សក្ដានុពល​ធនធាន​ធម្មជាតិ​សម្បូរ​បែប ដែល​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ នេសាទ​ត្រី​ចិញ្ចឹមជីវិត​ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ប្រាក់​ចំណូល​បាន​ចាប់​ពី ៥ម៉ឺនរៀល ទៅ ជាង ១០​ម៉ឺនរៀល
លោក​ថា ក្រោយ​ពី​ព្រៃ​កោងកាង​តំបន់​នោះ រង​ការ​កាប់​ទន្ទ្រាន​ទ្រង់​ទ្រាយ​ធំ​មក​ អ្នកភូមិ​បាត់បង់​ទី​កន្លែង​នេសាទ​សមុទ្រ ធ្លាក់​ចុះ​ប្រាក់​ចំណូល។

លោក អ៊ុយ សារុន៖ «ប្រជា​ពលរដ្ឋ​រស់​នៅ​ដោយ​ពឹង​ពាក់​លើ​ធនធាន​ធម្មជាតិ​ កាល​ណា​តែ​បាត់បង់​ទៅ​ប្រជា​ពលរដ្ឋ​អាច​ចំណាក​ស្រុក​ទៅ​ធ្វើ​កម្មករ​ ព្រោះ​អី​ព្រៃ​ទាំង​អស់​នោះ​ប្រជា​ពលរដ្ឋ​គាត់​អាស្រ័យ​ផល​រាល់​ថ្ងៃ រក​ក្ដាម រក​ងាវ ឆ្លុះ​បង្គា​ពេល​ខ្លះ​ក្នុង​មួយ​ថ្ងៃ​ទោះ​បី​ឪពុក​ម្ដាយ​ឈឺ​ក៏​កូន​អាច​ទៅ​រក​បាន​ដែរ»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​កោះកុង​អ្នកស្រី មិថុនា ភូថង និង​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៨ វិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ក៏ប៉ុន្តែ​អ្នកភូមិ​ថា កន្លង​ទៅ​អភិបាល​ខេត្ត​រូប​នេះ ​បាន​ចុះ​ទៅ​តំបន់​នោះ​ដោយ​ថ្លែង​ប្រាប់​ប្រជា​ពលរដ្ឋ​នៅ​ចំពោះ​មុខ​ថា មន្ត្រី​ជំនាញ​កំពុង​សិក្សា​បង្កើត​ទីលាន​ចាក់​សំរាម ក្នុង​តំបន់​ព្រៃ​កោងកាង​ ក៏ប៉ុន្តែ​សហគមន៍​បាន​បដិសេធ​គម្រោង​នេះ។

ជុំវិញ​រឿង​នេះ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា អាជ្ញាធរ និង​តុលាការ ត្រូវ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​បណ្តឹង​របស់​ពលរដ្ឋ​ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​កន្លែង​នេសាទ​ត្រី​របស់​សហគមន៍​ មិន​គួរ​បណ្តែត​បណ្តោយ​ឱ្យ​ជនល្មើស​កាប់​បំផ្លាញ​ភោគ​ទ្រព្យ​ជាតិ​ខុសច្បាប់​នោះ​ទេ។

លោក ប៉ែន ប៊ុណ្ណារ៍៖ «ចំពោះ​រឿង​ហេតុការណ៍​កើត​ឡើង​នៅ​មូលដ្ឋាន​ប្រជា​ពលរដ្ឋ​គាត់​បាន​ទៅ​ប្រាប់ និង​ប្ដឹង​អំពី​ការ​បាត់បង់​ដី​ព្រៃ​កោងកាង​រួច​ហើយ តែ​លោក​នៅ​មិន​ចាត់​ការ។ ទើប​សហគមន៍​ប្ដឹង​អាជ្ញាធរ​ថ្នាក់​ភូមិ ថ្នាក់​ឃុំ ថ្នាក់​ស្រុក ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ដែន​ដី​អយ្យការ​ជាដើម»

ព្រៃ​កោង​កាង​ទំហំ ៦៣​ហិកតារ ដែល​ពលរដ្ឋ​កំពុង​ទាមទារ​ ឋិត​ក្នុង​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើន​យ៉ាង​ដងពែង គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។ អ្នកភូមិ​ថា ព្រៃ​នៅ​តំបន់​នោះ​ អាច​បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​រក​ប្រាក់​ចំណូល​ជូន​ពលរដ្ឋ​មូលដ្ឋាន​ និង​បង្កើត​ឱកាស​ការងារ​ដល់​សហគមន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។