សង្ក្រាន្ត និង​ទំនាយ​ឆ្នាំ​ថ្មី​ឆ្នាំ​មមី

0:00 / 0:00

ឆ្នាំ​ថ្មី​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មេសា គ្រិស្ដសករាជ ២០១៤ វេលា​ម៉ោង ៨ និង ៧​នាទី​ព្រឹក។ ទេវតា​ឆ្នាំ​ថ្មី​នេះ មាន​ព្រះនាម​គោរគៈទេវី ជា​បុត្រី​ទី​២ នៃ​កបិល​មហា​ព្រហ្ម។ ទេព​ធីតា​គោរគៈទេវី ទ្រង់​សោយ​ប្រេង​ជា​អាហារ និង​ទ្រង់​អម្ពរ​ពណ៌​លឿង។

បុណ្យ​ចូល​ឆ្នាំ​ជា​ពិធី​បុណ្យ​សំខាន់​ចម្បង​មួយ​របស់​ប្រជាជាតិ​ខ្មែរ។ បុណ្យ​ចូល​ឆ្នាំ​នេះ ជា​ពិធី​បុណ្យ​សម្រាប់​ទទួល​ទេវតា​ថ្មី​ផង និង​សម្រាប់​រំឭក​គុណ​សាច់សាលោហិត​ដែល​នៅ​រស់​ផង ឯ​បុណ្យ​ធំ​មួយ​ទៀត គឺ​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ជា​ពិធី​បុណ្យ​សម្រាប់​ឧទ្ទិស​ដល់​ញាតិ​សន្តាន​ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ។

ចូល​ឆ្នាំ​ខ្មែរ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ធ្វើ​ឡើង​ជា​ទៀត​ទាត់​ជា​រៀង​រាល់​ឆ្នាំ។ ពិធី​បុណ្យ​ធំ​មួយ​ទៀត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែង​នាំ​គ្នា​ប្រារព្ធ​ធ្វើ​មិន​ដែល​ខក​ខាន​ជា​រៀង​រាល់​ឆ្នាំ​ដែរ​នោះ គឺ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ ក៏ប៉ុន្តែ ពិធី​បុណ្យ​ទាំង​ពីរ​នេះ មាន​គោល​បំណង និង​អត្ថន័យ​ផ្សេងៗ​ពី​គ្នា។

ជាទូទៅ បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​គេ​ប្រារព្ធ​ធ្វើ​នៅ​ខែ​ងងឹត គឺ​ពី​ថ្ងៃ​ទី​១ រោច ដល់​ថ្ងៃ​ទី​១៥ រោច ខែ​ភទ្របទ។ គេ​ធ្វើ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឧទ្ទិស​បញ្ជូន​មគ្គផល​កុសល​បុណ្យ​ដល់​ឪពុក​ម្ដាយ បង​ប្អូន​ញាតិ​មិត្ត ជីដូន​ជីតា បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ។ ឯ​បុណ្យ​ចូល​ឆ្នាំ​វិញ គេ​ប្រារព្ធ​ឡើង​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង និង​ដើម្បី​រំឭក​គុណ​ដល់​មាតា​បិតា​បង​ប្អូន​ញាតិ​មិត្ត ឬ​ជីដូន​ជីតា ដែល​កំពុង​រស់​នៅ​មាន​ជីវិត​ផង ជាពិសេស​នៅ​ថ្ងៃ​វ័នបត ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ឆ្នាំ​ថ្មី កូន​ចៅ​និយម​ជូន​សម្លៀកបំពាក់​ប្រាក់​កាស​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្ដាយ​ជីដូន​ជីតា ជាដើម។ ចំណែក​ថ្ងៃ​ទី​បី​ជា​ថ្ងៃ​ឡើង​ស័ក​វិញ អ្នក​ខ្លះ​និយម​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់​ព្រះពុទ្ធ​រូប គឺ​ជា​ការ​លាង​សម្អាត​ព្រះពុទ្ធ​រូប ក៏ប៉ុន្តែ​អ្នក​ខ្លះ គេ​ឆ្លៀត​យក​ឱកាស​នោះ ដើម្បី​ស្រង់​ទឹក​ជូន​ឪពុក​ម្តាយ ជីដូន​ជីតា ដើម្បី​បង្ហាញ​នូវ​កិច្ច​តប​ស្នង​សង​គុណ​របស់​គេ​ដល់​អ្នក​មាន​គុណ។

ម៉្យាង​ទៀត អ្នក​ខ្លះ​មាន​ជំនឿ​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​អោយ​គេ​ជម្រះ​អំពើ​សៅហ្មង​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​មួយ​ឆ្នាំ​ចាស់​កន្លង​ទៅ។ ដូច្នេះ​ហើយ បាន​ជា​គេ​នាំ​គ្នា​ធ្វើ​បុណ្យ គេ​ស្លៀក​ពាក់​ខោអាវ​ថ្មី គេ​ដើរ​លេង​អោយ​សប្បាយ​អស់​កង្វល់ រួច​ទើប​ចាប់​ផ្ដើម​កសាង​ជីវភាព​ថ្មី​ក្នុង​ឆ្នាំ​ថ្មី អោយ​បាន​ជួប​ប្រទះ​សុភមង្គល​គ្រប់​ប្រការ និង​អាយុ​យឺនយូរ​ត​ទៅ​មុខ​ទៀត។

រៀង​រាល់​ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា ដោយ​ផ្អែក​លើ​ក្បួន​ហោរាសាស្ត្រ​បុរាណ ក៏​បាន​ធ្វើ​ការ​ទស្សន៍ទាយ​ទំនាយ​ប្រចាំ​ឆ្នាំ​នីមួយៗ​ដែរ។

បើ​តាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​នេះ ឆ្នាំ​ថ្មី​ឆ្នាំ​មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ នេះ មាន​ទំនាយ​ប្រចាំ​ឆ្នាំ​ដូច​តទៅ៖

  • កេណ្ឌ​ព្រះ​ភិរុណ​សាស្ត្រ គឺ​ការ​ទាយ​ទុក​អំពី​កម្រិត​ទឹក​ភ្លៀង ថា​ឆ្នាំ​នេះ​ដើម​ឆ្នាំ​មាន​ភ្លៀង​ល្អ កណ្ដាល​ឆ្នាំ​ក៏​មាន​ភ្លៀង​ល្អ តែ​ចុង​ឆ្នាំ​មាន​ភ្លៀង​តិច។
  • កេណ្ឌ​ធារាទិគុណ គឺ​ការ​ទាយ​ទុក​ចំពោះ​អាកាសធាតុ ឆ្នាំ​នេះ​ទំនាយ​ថា មាន​ធាតុ​អាកាស​ត្រជាក់។ ទំនាយ​ទឹក​ទន្លេ ថា​ឆ្នាំ​នេះ​ទឹក​ធំ​ណាស់ ទឹក​ទន្លេ​មាន​ច្រើន​លើស​អស់​ឆ្នាំ​ទាំង​ពួង។
  • កេណ្ឌ​ធញ្ញាហារ គឺ​ការ​ទាយ​ទុក​ចំពោះ​ដំណាំ និង​ភោគផល ឆ្នាំ​នេះ​ទំនាយ​ថា មាន​កេណ្ឌ​ពីរ មាន​ឈ្មោះ​ថា​វិបត្ត ស្រូវ​សំណាប​ស្រែ​ចម្ការ និង​កើត​កិមិ​ជាតិ (ដង្កូវ ក្រា ដង្កូវ​នាង មេអំបៅ សត្វ​ល្អិត​បំផ្លាញ​ផលានុផល។ ផល​ដំណាំ​បាន​តែ​ពាក់​កណ្ដាល​ខូចខាត​អស់។ ស្រុក​ទេស​នឹង​កើត​កលិយុគ និរាស​ប្រាសចាក​ចោល​គ្នា​ច្រើន​លើក​ច្រើន​សា។
  • ទំនាយ​ការ​ធ្វើ​ស្រែ ទំនាយ​ថា​ស្រែ​ដី​ទំនាប​បាន​ផល​ល្អ ចំណែក​ស្រែ​ដី​ទួល​មាន​ផល​ល្មម​សម​គួរ។

រីឯ​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ​វិញ មាន​ដូច​ត​ទៅ៖

  • ថ្ងៃ​ចូល​ឆ្នាំ​ទី​មួយ ប៉ះ​ចំ​ថ្ងៃ​ច័ន្ទ ទំនាយ​ថា ជំទាវ​ខុនណាង នឹង​ចាញ់ មាន​ន័យ​ថា អន់​ខូច​បុណ្យស័ក្តិ​អន់​រាសី មន្ត្រី ជំទាវ ធ្វើ​អាក្រក់​ធ្វើ​បាប​គេ នឹង​មាន​ការ​តស៊ូ​រើបម្រះ។
  • ទំនាយ​ថ្ងៃ​វ័នបត គឺ​ថ្ងៃ​ទី​ពីរ​ដែល​ប៉ះ​ចំ​ថ្ងៃ​អង្គារ វិញ ថា​ឆ្នាំ​នេះ​ស្លា​ម្លូ ត្រី​សាច់​មាន​តម្លៃ​ខ្ពស់ អាមាត្យ​មន្ត្រី​នឹង​ខូច​ស័ក្ដិ ឬ​ត្រូវ​ក្តៅ​ក្រហាយ​ចិត្ត ជាច្រើន។
  • ទំនាយ​ថ្ងៃ​ឡើង​ស័ក គឺ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​នឹង​ថ្ងៃ​ពុធ ទំនាយ​ថា ឆ្នាំ​នេះ​រាជ​បណ្ឌិត​បុរោហិត អាចារ្យ នឹង​មាន​សេចក្តី​សុខ​សម្រាន្ត​ជា​អនេក ប៉ុន្តែ​នឹង​មាន​ដង្កូវ​ក្រា ស៊ី​ស្រូវ​បំផ្លាញ​ដំណាំ។

បាទ! នេះ គឺ​ជា​ទំនាយ​ប្រចាំ​ឆ្នាំ​នេះ​ដែល​គន់គូរ​ដោយ​ក្រុម​ប្រជុំ​ទំនៀមទម្លាប់​ខ្មែរ។ ទោះ​ជា​មាន​ការ​ទស្សន៍ទាយ​យ៉ាង​ណា​ក៏ដោយ​ចុះ ខ្ញុំ​បាទ​សូម​ប្រសិទ្ធ​ពរ​ជ័យ​ជូន​លោក​អ្នក​នាង​កញ្ញា​អ្នក​ស្តាប់​ទាំងអស់​នៅ​គ្រប់​ទិសទី ព្រម​ទាំង​ក្រុម​គ្រួសារ អោយ​ទទួល​បាន​នូវ​សុខភាព​ល្អ និង​សេចក្តី​សុខ​ក្សេមក្សាន្ត​ក្នុង​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​ខាង​មុខៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។