ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​សីលាដាម៉ិច​ថា រំលោភ​យក​ដី​ស្រែ និង​ហាម​មិន​ឲ្យ​ប្រមូល​ផល​ស្រូវ

ដោយ ប្រាជ្ញ ចេវ
2024.10.29
ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​សីលាដាម៉ិច​ថា រំលោភ​យក​ដី​ស្រែ និង​ហាម​មិន​ឲ្យ​ប្រមូល​ផល​ស្រូវ (រូបថតរឯកសារ) ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី នៅ​ឃុំស្រយង់ ស្រុកគូលេន ខេត្ត​ព្រះ​វិហារ សម្ងំ​រស់នៅ​ក្នុង​ព្រៃ​ ដើម្បី​រត់​គេច​ពី​អាជ្ញាធរ​តាម​ចាប់​ខ្លួន ក្រោយ​ពេល​ចេញ​តវ៉ា នឹង​កងកម្លាំង​អាជ្ញាធរចម្រុះ ដែល​​ចុះ​រុះរើ និង​ដុត​ផ្ទះសម្បែង​របស់​ពួក​គាត់ រហូត​ដល់​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា និង​បាន​ចាប់​ឃុំខ្លួន​ពលរដ្ឋ​ចំនួន ២៥​នាក់ ​​កាល​ពី​ថ្ងៃ​ទី៦ ខែមីន ឆ្នាំ២០២៤។
រូប៖ KSILA

ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ស្រុក​គូលេន ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុន​សីលាដាម៉ិច ខូអិលធីឌី (Seladamex Co.,Ltd) ថា បាន​រំលោភ​យក​ដី​ស្រែ និង​ហាម​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រមូល​ផល​ស្រូវ​ថែម​ទៀត។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ។

តំណាង​សហគមន៍​នៅ​ភូមិ​ម្រេច លោកស្រី គិន ឡាប ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ថា ប្រជាពលរដ្ឋ​ជិត ១០០​គ្រួសារ ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន សីលាដាម៉ិច ហាម​ឃាត់​មិន​ឲ្យ​ប្រមូល​ផល​ស្រូវ និង​ដំឡូង របស់​ពួកគាត់ ដែល​មាន​ដី​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន និង​ជាប់​ព្រំ​ប្រទល់​ជាមួយ​ក្រុមហ៊ុន​នោះ​ទេ ដោយ​សន្តិសុខ​ទាំង​នោះ​សំអាង​ថា ដី​ស្រែចម្ការ​ទាំង​អស់​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន សិលាដាម៉ិច ខណៈ​ពលរដ្ឋ​រស់​នៅ​ភូមិ​ម្រេច​អាស្រ័យ​ផល​លើ​ដី​ទាំង​នោះ​តាំង​ពី​ដូនតា​មក។ លោក​ស្រី​បន្ថែម​ថា សហគមន៍​បាន​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ភូមិ​ឃុំ និង​អាជ្ញាធរ​ខេត្ត​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ជា​វិជ្ជមាន​នោះ​ទេ។ លោក​ស្រី​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​បាន​ប្រមូល​ផល​ស្រូវ និង​ដំឡូង​នោះ​ទេ ពួកគាត់​មិន​មាន​ស្រូវ​ទុក​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​មិន​មាន​ប្រាក់​សង​ធនាគារ​ឡើយ។

លោកស្រី គិន ឡាប៖ «សុំ​ឲ្យ​ជួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ម្រេច​នេះ​ឲ្យ​បាន​សម្រេច ប្រសិនបើ​សម្ដេច​មិន​ជួយ​ទេ ពួកគាត់​មិន​ដឹង​ទៅ​ណា​ទៅ​ណី​នោះ​ទេ ពួកគាត់​ក្រីក្រ​ណាស់ ឲ្យ​ពួក​គាត់​បាន​ច្រូត​ឲ្យ​បាន​ដី​វិញ​ទាំង​អស់ ដែល​កំពុង​រង​ទុក្ខវេទនា​នេះ​ឲ្យ​បាន​ដី​ទាំង​អស់​ខ្ញុំ​សំណូមពរ។ ក្នុង​ឆ្នាំ​២០២៤​នេះ​រង​ទុក្ខវេទនា​សម្បើម​ណាស់ ពួកគាត់​អត់​មាន​ដី​ស្រែ​ចម្ការ​ធ្វើ​ទេ ពីព្រោះ​ក្រុមហ៊ុន​វា​អត់​ឲ្យ​ចូល​តែ​ម្ដង»

អ្នកភូមិ​លើក​ឡើង​ទៀត​ថា កាល​ពី​ខែ​សីហា ក្រុមហ៊ុន សីលាដាម៉ិច បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​មាន​ដី​ស្រែ​ចម្ការ​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន ដែល​បាន​កាត់​ឆ្វៀល​ចេញ​ពី​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ មិន​ឲ្យ​ពលរដ្ឋ ចូល​ទៅ​អាស្រ័យ​ផល​បាន​ឡើយ បើ​ទោះ​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ខេត្ត និង​មាន​ប័ណ្ណ​កម្មសិទ្ធិ​ឬ​ប្លង់​រឹង​យ៉ាង​ណា​ក្ដី។

មេឃុំ​ស្រយង់ លោក ស្រី គឿម បាន​ចុច​បិទ​ទូរស័ព្ទ​នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី សួរ​សំណួរ​ពាក់ព័ន្ធ​បញ្ហា​នេះ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា។ ចំណែក​តំណាង​ក្រុមហ៊ុន សីលាដាម៉ិច ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

កាល​ពី​ខែ​មីនា អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​បណ្ដេញ​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ និង​រុះរើ​ដុត​ផ្ទះ​សម្បែង​ចោល ព្រម​ទាំង​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ និង​ចាប់​ពលរដ្ឋ​ជាង ២០​នាក់​ដាក់​ពន្ធនាគារ រួច​ដោះលែង​វិញ ដោយ​ចោទ​ប្រជាពលរដ្ឋ​ថា បាន​រំលោភ​យក​ដី​របស់​រដ្ឋ​ដែល​បាន​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​កំហុស​ ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​ដោះលែង។ បច្ចុប្បន្ន​ពលរដ្ឋ​ទាំង​នោះ​បាន​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ ដោយសារ​តែ​ពួកគាត់​មិន​មាន​ដី​ស្រែ​ចម្ការ​សម្រាប់​អាស្រ័យ​ផល និង​ផ្ទះ​សម្បែង​រស់នៅ​ទៀត​នោះ​ទេ។ លើស​ពី​នោះ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ កាល​ពី​ខែ​មេសា ​ក៏​បាន​ចាប់​ខ្លួន ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ដាក់​ពន្ធនាគារ​រហូត​ដល់​សព្វ​ថ្ងៃ ដោយ​ចោទ​ប្រកាន់ លោក កើត សារ៉ាយ ថា ជា​អ្នក​ញុះញង់​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ខឹង​សម្បារ​នឹង​អាជ្ញាធរ ក្រោយ​លោក​បាន​ចុះ​ជួប​សួរ​សុខ​ទុក និង​សម្ភាស​ប្រជាពលរដ្ឋ​រងគ្រោះ​ដី​ធ្លី​នៅ​ក្នុង​ព្រៃ និង​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ពី​ស្ថាន​ភាព​រស់នៅ​របស់​អ្នក​ភូមិ ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះវិហារ លោក ម៉ៃ វុទ្ធី ដែល​តាម​ដាន​ករណី​នេះ យល់​ឃើញ​ថា ការ​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ប្រមូល​ផល​លើ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់ គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​អាជ្ញាធរ​ខេត្ត​ត្រូវ​តែ​ចុះ​សិក្សា​ស្រាវជ្រាវ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ពីព្រោះ​លោក​ថា​ពលរដ្ឋ​ទាំង​នោះ​រស់រាន​មាន​ជីវិត គឺ​ពឹង​ផ្អែក​ទៅ​លើ​ការ​ប្រមូល​ទិន្នផល​ពី​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។

លោក ម៉ៃ វុទ្ធី៖ «អាជ្ញាធរ​ខេត្ត​ព្រះវិហារ​គួរ​តែ​មាន​វិធានការ​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​ដល់​ប្រជាពលរដ្ឋ ដែល​ពួកគាត់​បាន​ប្រើប្រាស់​អាស្រ័យផល​ពិតប្រាកដ​លើ​ដី​របស់​ពួកគាត់​ជាពិសេស​រដូវ​កាល​ច្រូត​កាត់​នេះ ពីព្រោះ​ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​នោះ​ទេ វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​សេដ្ឋកិច្ច​របស់​ពួកគាត់ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ឈាន​ទៅ​ដល់​ជំពាក់​បំណុល​ធនាគារ​កាន់​តែ​ធ្ងន់ធ្ងរ​ច្រើន​ឡើង​ថែម​ទៀត»

ក្រុមហ៊ុន សីលាដាម៉ិច ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល នៅ​ឆ្នាំ​២០០៩ លើ​ផ្ទៃ​ដី ៩​ពាន់​ហិកតារ ក្រោម​ហេតុ​ផល ធ្វើ​ការ​អភិវឌ្ឍ​ដាំ​ដំណាំ​កៅស៊ូ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្រយង់ និង ឃុំ​ត្បែងពីរ ស្រុក​គូលែន ខេត្ត​ព្រះវិហារ និង​បាន​បោះ​បង្គោល​នៅ​ឆ្នាំ​២០១១ ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ជិត ១​ពាន់​គ្រួសារ។ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​ផ្អាក​សកម្មភាព​មួយរយៈ រហូត​ដល់​ឆ្នាំ​២០២២ ទើប​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះវិហារ ចេញ​ប័ណ្ណ​កម្មសិទ្ធិ លើ​ផ្ទៃ​ដី​ជាង​៦​ពាន់ (.៣៧៨,៤៦) ហិកតារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ ហើយ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។