ពលរដ្ឋ​នៅ​​ស្រុក​​ស្អាង​ខេត្ត​កណ្ដាលចោទ​ក្រុមហ៊ុន​​ឯកជន​​មួយ​ថា ​ឈូស​ឆាយ​ដី​​សហគមន៍​​​និង​​ហាម​​ពួក​គាត់​​មិន​​ឲ្យ​​អាស្រ័យ​ផល

0:00 / 0:00

ពលរដ្ឋ​ ២០​គ្រួសាររស់​​នៅ​​ក្នុង​ឃុំ​ស្វាយ​ប្រទាល និង​​ឃុំ​ត្រើយ​ស្វា​ ក្នុង​​ខេត្ត​កណ្ដាលឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ឈៀង​ បាក់​សួរ បានយក​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​​ឈូស​បំផ្លាញ​ផល​ដំណាំ​របស់​ពួកគាត់​គ្មាន​សល់​ ដើម្បី​យក​ដី​​ និង​បឹង​សហគមន៍​​ទំហំ​ជិត​ ១០០​ហិកតារ​ ធ្វើ​ជា​​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

តំណាង​ប្រជាពលរដ្ឋលោក សៀម សាន ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​២០ ខែកក្កដាថា អ្នក​ភូមិ​នាំ​គ្នារាន​ដីព្រៃ​ ដើម្បី​ដាំ​បន្លែ​មាន​ ត្រឡាច ត្រសក់​ ល្ពៅ និង​ធ្វើ​ស្រែ​ប្រាំង​​នៅ​ទីតាំង​នោះ អស់​រយៈពេល​ជាង​ ៤​ឆ្នាំ ​មក​ហើយ ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ទីតាំង​នោះ ហើយ​ប្រាប់​ឲ្យ​ពលរដ្ឋ​បន្ត​ធ្វើ​ស្រែចម្ការ ដោយ​សន្យា​រក្សា​ទុក​បឹង​អាង​យុវជន ជូន​ពលរដ្ឋ​សម្រាប់​​អាស្រ័យ​ផល។ លោកបន្ត​ថា នៅ​ពេល​ពលរដ្ឋ​នាំ​គ្នាទៅ​ឃាត់​សកម្មភាព​ឈូស​ឆាយ​របស់​ក្រុមហ៊ុន បែរ​ជា​មេការ​ខាង​ក្រុមហ៊ុន អម​ដោយ​មេភូមិ និង​​សមត្ថកិច្ច​ប្រដាប់​ដោយ​កាំភ្លើង​ពី ៤​-៥នាក់ គំរាម​ពួកគាត់​មិន​ឲ្យ​ចូល​ ហើយ​បាន​រុះ​ខ្ទម​ចាំ​ចម្ការ និង​ដក​យក​តង់​ពី​ផ្ទាំង​ថែម​ទៀត។

លោកលើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​ដកយក​បឹង​និង​ដី​សហគមន៍​ប្រគល់ឲ្យ​ទៅ​ក្រុមហ៊ុន​កាន់​កាប់ នោះ​ជីវភាព​ពលរដ្ឋ​នឹង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង ក្នុង​កំឡុង​​ពេល​មាន​​ជំងឺ​កូវីដ​១៩ ដោយ​សារ​តែ​គ្មាន​ដី​បង្ក​បង្កើន​ផល​បាន​ត​ទៅ​ទៀត។ តំណាង​ពលរដ្ឋ​រូប​នេះ ​ស្នើ​សុំ​អាជ្ញាធរ​រក្សា​ទុក​ដី​និង​បឹង​សហគមន៍​ឲ្យ​ពួកគាត់​បាន​ចូល​អាស្រ័យ​ដូច​ដើម​វិញ៖ «ដី​នេះ​ប្រជាពលរដ្ឋ​ អត់​មាន​ចង់​បាន​សំណង​អ្វី​ទេ។ គ្នា​ប្រឹង​ជីក​គាស់​កាយ​ណាស់​ដែរ គ្នា​គ្រាន់​តែ​អាស្រ័យ​ផល​ម្នាក់​បន្តិច​ៗ​ចែក​គ្នា គ្រាន់​តែ​ហូប​មួយ​រដូវ​ៗ ហ្នឹង​ទេ។ គ្រាន់​តែ​ដោះស្រាយ​ឲ្យ​គ្នា​បាន​ប៉ុណ្ណឹង គ្នា​អរគុណ​ហើយ។ អត់​ចង់​បាន​សំណង​អ្វី​ទេ ហើយ​គ្នា​កំពុង​ខ្វះខាត​ប្រជាពលរដ្ឋ»

អាស៊ី​សេរី មិន​អាច​ទាក់​ទង​មេការ​ក្រុមហ៊ុន ឈៀង​បាក់​សួរ លោក លន់ ឡា ដើម្បី​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​បាន​នៅ​ឡើយ​ទេ។

ចំណែកមេឃុំ​ត្រើយស្លាលោក ប៉ាវ ប៉េង មាន​ប្រសាសន៍​ថា ខាង​សមត្ថកិច្ច​មិន​បាន​ប្រើ​ប្រាស់​អាវុធ​ទៅ​គំរាម​កំហែង​ពលរដ្ឋ​ដូច​ការ​អះអាង​របស់​តំណាង​ពលរដ្ឋ​នោះ​​ទេ។ លោក​បន្ត​ថា ចំពោះ​ការ​ឈូស​ឆាយ​ដី​រដ្ឋ ពី​សំណាក់​ក្រុមហ៊ុន​ ឈៀង​បាក់​សួរ គឺ​ធ្វើ​ទៅ​តាម​ការ​បង្គាប់​បញ្ជា​របស់​ក្រសួង​កសិកម្ម ដើម្បី​កាយ​យក​អាចម៍​ដី​ទៅ​​បិទ​ខ្ទប់​ទំនប់​អាង​យុវជន ​ដែល​បាន​បាក់​ធ្លាយ។ លោកអះអាង​ថា បឹង​ធម្មជាតិ​មួយ​នេះ គឺ​ជា​សម្បត្តិ​រដ្ឋ ហើយ​ក៏​គ្មាន​បុគ្គល​ណា​អាច​​រំលោភ​បំពាន​យក​បឹង​នេះ​ ទៅ​កាន់​កាប់​ជា​កម្មសិទ្ធិ​ឯកជន​បាន​ដែរ​៖ «គាត់​ទៅ​ទន្ទ្រាន​ព្រៃ​នៅ​ក្នុង​អាង​យុវជន​ ជា​ដី​របស់​រដ្ឋ​ អត់​ជា​ដី​របស់​បុគ្គល​ណាមួយ​ទេ។ ហើយ​ក្រុមហ៊ុន​គេ​ធ្វើ​នេះ គេ​ធ្វើ​ទៅ​តាម​បង្គាប់​របស់​ក្រសួង​កសិកម្ម ហើយ​ចំណែក​ប្រជាពលរដ្ឋ​ គាត់​អត់​មាន​សិទ្ធិ​ទៅ​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​នៅ​ក្នុង​អាង​យុវជន​ធ្វើ​ទៀត​ទេ»។

ទាក់​ទង​នឹង​រឿង​នេះ ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុកលោក នី សុខា មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​អនុគ្រោះ​ដល់​ពលរដ្ឋ​ ឲ្យ​ពួកគាត់​អាច​បន្ត​ធ្វើ​ស្រែ​ចម្ការ​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ក្នុង​ករណី​ដី​ទាំង​នោះនៅ​ទំនេរ​៖ «ប្រសិន​បើ​រដ្ឋ​ត្រូវ​ការ​ដី​ហ្នឹង គ្រាន់​តែ​បន្ត​គ្រប់គ្រង​ជា​សម្បត្តិ​សាធារណៈ​ជា​បន្ត​ទៅ​ទៀត យើង​គួរ​តែ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ ធ្វើការ​ដាំ​ដុះ ជា​លក្ខណៈ​ប្រពៃណី​ទៅ។ ថ្វីត្បិត​ថា យើង​មិន​អាច​កាត់​ជា​កម្មសិទ្ធិ​ឲ្យ​គាត់​បាន​ ប៉ុន្តែ​ការ​រស់​នៅ​ ជា​លក្ខណៈ​ប្រពៃណី​ ត្រូវ​តែ​ផ្ដល់​ជូន​គាត់​ធ្វើ​បន្ត​ទៀត​ទៅ។ ប៉ុន្តែ​បើ​សិន​ជា​រដ្ឋ​យក​ដី​ហ្នឹង​ ទៅ​សម្បទាន​ឲ្យ​ក្រុមហ៊ុន ហេតុ​អ្វី​រដ្ឋ​មិន​ផ្ដល់​ដី​ហ្នឹង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​កាន់​​កាប់​​ស្រាប់​ ចាំ​បាច់​យក​ទៅ​ជួល​ឲ្យ​ឯក​ជន​ធ្វើ​អ្វី»។

សង្គម​ស៊ីវិល អំពាវនាវ​ដល់​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ គួរ​ផ្ដល់​ដី​សាធារណៈ​របស់​រដ្ឋ ដែល​នៅ​ទំនេរទុក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ ទៅ​តាម​អ្វី​ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល​​កន្លង​​មក ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ​ស្រប​ទៅ​នឹង​គោលនយោបាយ​​រដ្ឋាភិបាល​ចង់​លុប​បំបាត់​ភាព​ក្រីក្រ​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា ហើយ​បញ្ហា​ដីធ្លី​ក៏​នឹង​មិន​សូវ​កើត​មាន​ច្រើន​ទៀត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។