ពលរដ្ឋ​នៅ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុង​ខណ្ឌ​ទួល​គោក ស្វែង​រក​ដំណោះស្រាយ​ពី​សាលា​ក្រុង​ភ្នំពេញ

0:00 / 0:00

ប្រជា​ពលរដ្ឋ ៣០គ្រួសារ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ទឹក​ល្អក់ ១ និង​សង្កាត់​បឹង​កក ២ ស្វែង​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​សារ​តែ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​បេតុង​របស់​រដ្ឋ ​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​របស់​គាត់។ សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​លំនៅឋាន សង្ឃឹម​ថា អាជ្ញាធរ​រដ្ឋ នឹង​ដោះស្រាយ​ផល​ប៉ះពាល់​នានា​ជូន​ពលរដ្ឋ​ដោយ​សន្តិវិធី និង​អាច​ទទួល​យក​បាន ដូច​ការ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​នៅ​អគារ​ប៊ូលឌិញ​ដែរ។

ពលរដ្ឋ​ព្រួយ​បារម្ភ​បាត់បង់​ផ្ទះ​សម្បែង និង​មុខ​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​ ដោយ​សារ​សាលា​រាជធានី​ភ្នំពេញ ចង់​ដោះដូរ​ទីតាំង​ថ្មី​ឲ្យ​ពួកគាត់​រស់​នៅ តំបន់​ឆ្ងាយ​ពី​ទីក្រុង។

ទីតាំង​ថ្មី​​ជំនួស​ការ​បាត់​បង់​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​ទាំង ២កន្លែង​នោះ ១កន្លែង គឺ​នៅ​សង្កាត់​គោក​ខ្សាច់ ក្នុង​ខណ្ឌ​កំបូល និង​ទីតាំង ១កន្លែង​ទៀត​នៅ​តំបន់ សេវិន.អ៊ែន.ជី (7NG) ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ នាំ​គ្នា​ទៅ​រក​ដំណោះស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ ក្រោយ​ពី​អាជ្ញាធរ​ខណ្ឌ​ទួលគោក​ អះអាង​ថា មិន​មាន​ដី​នៅ​ទី​តាំង​ផ្សេង​ក្នុង​ទី​ក្រុង​ភ្នំពេញ ដោះដូរ​ឲ្យ​ពលរដ្ឋ​នោះ​ទេ។

តំណាង​ពលរដ្ឋ លោក នួ សារិន ដែល​រស់​នៅ​ទីតាំង​នេះ​ជាង ២០ឆ្នាំ​មក​ហើយ ឲ្យ​ដឹង​ថា ក្នុង​ពេល​ទៅ​សាលា​រាជធានី​ភ្នំពេញ មាន​មន្ត្រី​រដ្ឋបាល​២​នាក់​តំណាង​ឲ្យ​លោក ឃួង​ ស្រេង ប្រាប់​ពលរដ្ឋ​ទាំង ៣០គ្រួសារ ដែល​មាន​មនុស្ស​រស់​នៅ​ប្រមាណ ១រយ​នាក់ ឱ្យ​​ធ្វើ​លិខិត​ដាក់​ជូន​សាលាក្រុង​ស្នើ​សុំ​ទៅ​រស់​នៅ​ទី​តាំង​ថ្មី​នៅ​ម្ដុំ​ក្រោយ​វត្ត​ទួល​សន្តិ​វន្ត ហៅ​វត្ត​ទួល​អស់​លោក ក្នុង​ខណ្ឌ​ឫស្សីកែវ ករណី​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ ត្រូវ​បាត់​បង់​ទាំង​ស្រុង ​ឬ​សេស​សល់​តិច​តួច​ ពី​ការ​ធ្វើ​ផ្លូវ​បេតុង​ ១២​ម៉ែត្រ ​នៅ​ពេល​ខាង​មុខ។

លោក​បន្ត​ថា បើ​អាជ្ញាធរ​នៅ​តែ​ផ្ដល់​ជម្រើស​តែ​មួយ​ឲ្យ​ទៅ​រស់​នៅ​ទីតាំង​ថ្មី ឆ្ងាយ​ពី​ទីក្រុង ១០ ទៅ ២០គីឡូ​ម៉ែត្រ​ ហាក់​បី​ដូច​ជា​សម្លាប់​ពួកគាត់​ទាំង​រស់។ លោក បញ្ជាក់​ថា អ្នកភូមិ​រស់​នៅ​ម្ដុំ​ផ្លូវ​រថភ្លើង​ ភាគ​ច្រើន​ដើរ​រើស​អេតចាយ ខ្លះ​រុញ​រទេះ​លក់​លៀស​ហាល និង​ខ្លះ​ទៀត​ធ្វើ​សំណង់ រក​ចំណូល​មួយ​ថ្ងៃ​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​រស់នៅ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ។

តំណាង​ពលរដ្ឋ​វ័យ ៧០ឆ្នាំ​ប្លាយ​រូប​នេះ ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ​ផ្ដល់​ទីតាំង​ថ្មី​រស់​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ជំនួស​វិញ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ភាព​ងាយ​ប្រកប​របរ​រកស៊ី ហើយ​កូន​ចៅ​បាន​ចូល​សាលា​រៀន​ត្រឹមត្រូវ៖ «ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ​នេះ គឺ​ថា​នៅ​កន្លែង​វត្ត​ទួល​អស់​លោក ឮ​ថា​គេ​ចាក់​ដី​ច្រើន​ប្លង់​ណាស់ ដល់​ពេល​សួរ​ទៅ​គាត់​ថា​អត់​ទេ។ គឺ​សម្រាប់​ពួក​ខាង​សង្កាត់​ស្រះ​ចក​ និង​ខាង​ណាៗ ទៀត។ ចុះ​សង្កាត់​ស្រះ​ចក​ ក៏​ពលរដ្ឋ ខាង​ខ្ញុំ​ក៏​ជា​ប្រជាពលរដ្ឋ​។ អាសូរ​ថា​ពលរដ្ឋ​នៅ​តាម​ខេត្ត​មិន​ថា​ទេ ពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដូច​គ្នា​ គួរ​ណាស់​តែ​អនុគ្រោះ​ឲ្យ​ខាង​ខ្ញុំ​បាន​រស់​នៅ​ទី​នេះ ព្រោះ​វា​ជិត​ទី​ក្រុង​ វា​ងាយ​ស្រួល​មុខ​របរ​រក​ស៊ី ចិញ្ចឹម​កូន​ ចិញ្ចឹម​ជីវភាព​នៅ​ក្នុង​គ្រួសារ​។ សុំ​តែ​ស្នើ​ប៉ុណ្ណឹង​ទេ»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​សំណើ​នេះ ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​អភិបាល​ខណ្ឌ​ទួលគោក លោក ឯក ឃុនដឿន បាន​ទេ​នៅ​ថ្ងៃ​ទី៣ កុម្ភៈ ដោយ​សារ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាង​ណា លោក ឯក ឃុនដឿន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ដោះដូរ​ដី នៅ​កន្លែង​ផ្សេង​ក្នុង​ទី​ក្រុង​នេះ គឺ​មិន​អាច​ធ្វើ​បាន​ទេ ដោយ​សារ​តែ​ពុំ​មាន​ដី​ទំនេរ​ផ្ដល់​ឱ្យ​បាន។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត សង្កេត​ឃើញ​ថា អាជ្ញាធរ​​ហាក់​មិន​សូវ​យក​ចិត្ត​ទុកដាក់​អំពី​ផល​ប៉ះពាល់​ដល់​ផ្ទះ​សម្បែង​ និង​មុខ​របរ​ចិញ្ចឹម​គ្រួសារ​របស់​ពលរដ្ឋ​ ក្រៅ​ពី​ផ្ដល់​ជម្រើស​ឲ្យ​ទៅ​រស់​នៅ​ទីតាំង​ថ្មី ឬ​ផ្ដល់​ជា​សំណង​សាច់​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

លោក​បន្ត​ថា ការ​ផ្ដល់​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខណ្ឌ​ឲ្យ​ពលរដ្ឋ​នៅ​ម្ដុំ​ផ្លូវ​រថ​ភ្លើង ទៅ​រស់​នៅ​ទីតាំង​ថ្មី គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ពលរដ្ឋ​រស់នៅ​តំបន់​ដី​ក្រហម បុរី​កីឡា និង​បឹង​កក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ឲ្យ​ទៅ​នៅ​តំបន់​ជាយ​ក្រុង។

លោក​យល់​ថា អាជ្ញាធរ​រដ្ឋ​គួរ​ផ្ដល់​គោលនយោបាយ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​ល្អ​ប្រសើរ​ជាង​នេះ ដើម្បី​លើកកម្ពស់​ជីវភាព​ និង​សិទ្ធិ​រស់នៅ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរ​ជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស៖ «ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ ច្រើន​តែ​ធ្វើ​ឲ្យ​គាត់​ចេញ​ឲ្យ​ផុត​ទៅ មួយ​រួច​ខ្លួន​ទៅ វា​អត់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​សុខទុក្ខ​របស់​គាត់​ សិទ្ធិ​មនុស្ស​របស់​គាត់​ទៅ​តាម​អ្វី​ដែល​រដ្ឋាភិបាល​យើង​បាន​កតិកា​សញ្ញា​សិទ្ធ​ពលរដ្ឋ​នយោបាយ សិទ្ធ​សេដ្ឋកិច្ច​ ហើយ​នឹង​ផ្សេង​ៗ​ទៀត។ ឃើញ​តែ​រាល់​ដង​ហ្នឹង ឲ្យ​តែ​លើក​ឡើងៗ ពី​កាត់​បន្ថយ​ភាព​ក្រីក្រ​អ៊ីចឹង។ ដល់​ភាព​ជាក់​ស្ដែង​មិនសូវ​យក​ចិត្ត​ទុក​ដាក់​តាម​ការ​សន្យា​របស់​រដ្ឋាភិបាល​ទេ បាទ !»។

ក្រុម​ប្រជា​ពលរដ្ឋ​បញ្ជាក់​ថា ពួក​គាត់​នឹង​នាំ​គ្នា​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ទៀត ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​សមរម្យ​ និង​​អាច​ទទួល​យក​បាន​ណាមួយ​ពី​អាជ្ញាធរ៕

Railway_in_Tuol_Kork_Phnom_Penh_020421_1.jpg
ទិដ្ឋភាព​ផ្លូវ​រថភ្លើង​នៅ​ក្នុង​ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ថ្ងៃ​ទី៤ ខែកម្ភៈ ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។