ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនទទូចពន្លឿនសំណងសមរម្យដល់ពួកគាត់
2024.09.07
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន ព្រួយបារម្ភអំពីការផ្ដល់សំណងមិនសមរម្យដល់ពួកគាត់ ខណៈពួកគាត់មិនទាន់ទទួលបានព័ត៌មាន ទាក់ទងនឹងដំណោះស្រាយពីរដ្ឋាភិបាលនៅឡើយ។ សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគិតគួរពន្លឿនដំណោះស្រាយឱ្យបានត្រឹមត្រូវ។
ទោះបីជារដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសសន្យា ដោះស្រាយសំណងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង ព្រែកជីកហ្វូណនក៏ដោយ ប៉ុន្តែអំឡុងរយៈពេល ១ខែមកនេះ ពលរដ្ឋថា មិនទាន់ បានទទួលដំណឹងអំពីការដោះស្រាយ និងទូទាត់សំណងនៅឡើយទេ។
ពលរដ្ឋរស់នៅភូមិជ័យឧត្ដម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល លោក ស្រី សូត្រ ម៉ាឡា ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រី និងពលរដ្ឋផ្សេងទៀតព្រួយ បារម្ភខ្លាំង ពីព្រោះតាំងពីថ្ងៃបើកសម្ពោធការដ្ឋានរហូតដល់ពេលនេះ រដ្ឋាភិបាល មិនទាន់ជូនដំណឹង អំពីការចុះដោះស្រាយសំណងនៅឡើយ ចំណែកឯអាជ្ញាធរមូលដ្ឋានឆ្លើយថា ក៏មិនដឹងរឿងនេះដែរ។
លោកស្រីថា បើគិតតាមទីផ្សារដីនៅក្បែរនោះ ក្នុងមួយម៉ែត្រការ៉េ ២០០ដុល្លារ ប៉ុន្តែពួកគាត់មិនដឹងថា រដ្ឋាភិបាលនឹងទូទាត់តាមតម្លៃទីផ្សារដី ឬក៏ផ្ដល់សំណង បែបណានោះទេ ដោយពួកគាត់បានត្រឹមតែទន្ទឹងរង់ចាំដំណោះស្រាយពីមួយថ្ងៃ ទៅមួយថ្ងៃទាំងភ័យព្រួយ។
លោកស្រីស្នើទៅរដ្ឋាភិបាលឱ្យពន្លឿនដំណោះស្រាយសំណងឱ្យបានសមរម្យ ដល់ពួកគាត់ ដើម្បីពួកគាត់មានលទ្ធភាព ទៅទិញដីនិងសង់ផ្ទះរស់នៅវិញ។
លោកស្រី សូត្រ ម៉ាឡា៖«ជាការ៉េក៏គិត បើគាត់ម៉ៅគាត់មកមើលតាមអ៊ីចឹងទៅ ឯកឧត្ដមមកមើលផ្ទាល់គាត់វាយតម្លៃអ៊ីចឹងទៅ ឱ្យសមរម្យទៅ កុំឱ្យគេថា កន្លែងអភិវឌ្ឍន៍កន្លែងទឹកភ្នែកអ៊ីចឹង កុំឱ្យប្រជាជនទឹកភ្នែកអ៊ីចឹងទៅ ខ្ញុំអរគុណច្រើនហើយ ដែលបានអភិវឌ្ឍន៍ហ្នឹង ខ្ញុំអត់មានទំនាស់អីទេ តែយើងធ្វើម៉េច ឱ្យអ្នកប៉ះពាល់ចេញទៅដោយញញឹម»។
រីឯពលរដ្ឋរស់នៅភូមិព្រែកតាកាវ លោកស្រី រី ស៊ីណាត រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា បើរដ្ឋាភិបាលផ្ដល់សំណងតិចតួច និងឱ្យតម្លៃដីទាបជាងទីផ្សារ នោះពួកគាត់ គ្មានប្រាក់សម្រាប់យកទៅទិញដីសង់លំនៅឋាននៅកន្លែងផ្សេងឡើយ។
លោកស្រី រី ស៊ីណាត៖ «ដីហ្នឹងគិតជាការ៉េឱ្យប្អូនទៅ ហើយផ្ទះសងប្អូនអីទៀតអ៊ីចឹង គ្រាន់តែបានលុយដីផ្ទះអីទៀតអ៊ីចឹងទៅ គ្រាន់បានចូលគ្នាសមរម្យ។ អ្នកនេះ គេនិយាយថា បានត្រឹម ១ ការ៉េ ២០០ ដុល្លារ អាចប្រហែលជាបានសមរម្យ អាចយកលុយទៅរកមើលទិញដីផ្សេងទៀត ព្រោះដីឥឡូវថ្លៃណាស់ បើឱ្យការ៉េថោកៗពេក ក៏អត់មានលុយទៅទៀតដែរ»។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀតលោក ម៉ែន មឿន លើកឡើងដែរថា ពួកគាត់ ចេះតែរង់ចាំមើលរដ្ឋាភិបាលចុះទៅដោះស្រាយ ចាប់តាំងពីមុនថ្ងៃបើកសម្ពោធដ្ឋាន ម៉្លេះ។ លោកថា កន្លងមកពលរដ្ឋធ្លាប់ទៅសួរអាជ្ញាធរឃុំ និងស្រុក ប៉ុន្តែបានតែការ ឆ្លើយតបមកវិញ ពីក្រុមមន្ត្រីមូលដ្ឋានទាំងនោះថា ពួកគាត់ក៏មិនដឹងរឿងនេះដែរ។
លោក ម៉ែន មឿន៖«រាជរដ្ឋាភិបាលមិនទាន់បានចុះមកដោះស្រាយនិយាយជាមួយប្រជាពលរដ្ឋទេនៅទេ ការដំណោះស្រាយដូចថា វាអត់ទាន់មាន មកជួយប្រជាពលរដ្ឋ និយាយដោះស្រាយអីគឺអត់ទាន់មាននៅ។ ប្រជាជនចេះតែរង់ចាំមើល រាជរដ្ឋាភិបាលចុះមកដោះស្រាយនៅ។អាហ្នឹង យើងចេះតែបារម្ភ យើងប្រជាពលរដ្ឋបើបានថា គេចូលមកបាននិយាយដោះស្រាយទៅ យើងមិនសូវគិតគួរទេ ប៉ុន្តែដល់ពេលអត់អ៊ីចឹង ឮចេះតែឮថាចេះតែថា អ៊ីចឹងយើងចេះតែគិតបារម្ភ»។
ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល កាលពីខែឧសភា បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណន តេជោ ប៉ះពាល់លំនៅឋានពលរដ្ឋជាង ១ពាន់៥រយខ្នង (១.៥៨៥ខ្នង) ស្ពានចំនួន៣ រោងចក្រ១ ផ្លូវជាតិចំនួន១៨ ដែលមានចម្ងាយប្រមាណ៤ គីឡូម៉ែត្រ ផ្លូវលំ ចំនួន៧០ ដែលមានចម្ងាយ៤៥,៥គីឡូម៉ែត្រ ទំនប់ទឹក ២ខ្សែប្រវែងជិត ៤រយម៉ែត្រ (៣៨៧) បឹងចំនួន១៥ ដែលមានទំហំ ១៣,៦ហិកតារ និងដីស្រែចម្ការ ២៩០០ ហិកតារ រួមទាំងដីលំនៅឋាន ជិត ១៥០ហិកតារ(១៤៩,៥)។
ចំពោះការទូទាត់សំណងផលប៉ះពាល់ពលរដ្ឋលោកស៊ុន ចាន់ថុល បញ្ជាក់ថា គឺជាតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានទេនៅថ្ងៃទី០៧ ខែកញ្ញា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី ធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្ស
អាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែកញ្ញា ថា ពលរដ្ឋបង្ហាញការព្រួយបារម្ភ ទាក់ទងនឹងការផ្ដល់សំណងមិនត្រឹមត្រូវនេះ ពីព្រោះកន្លងទៅ មានបទពិសោធន៍ជាច្រើនកន្លែងមកហើយ ដែលកើតមានបញ្ហាធ្វើឱ្យ ប្រជាពលរដ្ឋហូរទឹកភ្នែក។
លោក យិន ម៉េងលី៖ «រដ្ឋាភិបាលត្រូវតែប្រកាន់ខ្ជាប់ច្បាប់អស្សាមិករណ៍ ដើម្បីយកទៅធ្វើការដោះដូរដល់ប្រជាពលរដ្ឋ ហើយកុំឱ្យ ឥឡូវនេះ ខ្ញុំលឺសូរពាក្យខ្លះថា ឱ្យតែមានការអភិវឌ្ឍន៍ មានទឹកភ្នែក។ អ៊ីចឹងរដ្ឋាភិបាលត្រូវយ៉ាងម៉េច ដើម្បីលុបបំបាត់អសោថទាំងអស់នេះ ដើម្បីកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍សម្រាប់យើងទាំងអស់គ្នា»។
មាត្រា១ នៃច្បាប់អស្សាមិករណ៍ចែងថា ច្បាប់នេះ មានគោលដៅកំណត់ពីអស្សាមិករណ៍នៅក្នុងប្រទេស ដោយកំណត់ពីគោលការណ៍ យន្តការ នីតិវិធី នៃអស្សាមិករណ៍ និងសំណងឱ្យបានសមរម្យ និងយុត្តិធម៌ សម្រាប់គម្រោងស្ថាបនា ស្ដារ និងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ បម្រើឱ្យផលប្រយោជន៍ សាធារណៈ ផលប្រយោជន៍ជាតិ និងការអភិវឌ្ឍរបស់ប្រទេស។
ទោះបីជាកម្ពុជាមានច្បាប់ ធានាផ្តល់សំណងការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ របស់ពលរដ្ឋ ដោយសារការអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែគម្រោងអភិវឌ្ឍន៍មួយចំនួន របស់រដ្ឋាភិបាល ក្នុងពេលកន្លងទៅ និងខ្លះកំពុងអនុវត្តផង ដូចជាគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល ការជម្លៀសពលរដ្ឋពីតំបន់អង្គរ ទៅរុនតាឯកខេត្តសៀមរាប និងករណីតំបន់បឹងតាមោកភ្នំពេញជាដើម មិនត្រូវបានរដ្ឋាភិបាល ផ្តល់សំណងឱ្យបានត្រឹមត្រូវជាមុនដល់ប្រជាពលរដ្ឋដែលរងគ្រោះ នៅមុនអនុវត្តន៍គម្រោងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។