ពលរដ្ឋនៅភូមិអណ្ដូងតវ៉ាចំពោះការបង្ខំឲ្យទទួលយកផ្ទះដោយបង់លុយរំលោះ
2011.02.10
ប្រជាពលរដ្ឋបានតវ៉ាថា ពួកគេមិនមានជំនឿលើការសាងសង់ផ្ទះថ្មថ្មីនោះឡើយ ដោយខ្លាចរើចេញហើយមិនបានចូលមកនៅផ្ទះថ្មីនោះវិញបាន។ ប្រជាពលរដ្ឋសុខចិត្តរស់ក្នុងស្ថានភាពលំបាកបច្ចុប្បន្ន ជាជាងជំពាក់ប្រាក់គេ និងមិនមានការសន្យាច្បាស់លាស់។
ប្រជាពលរដ្ឋមួយរូបឈ្មោះ ពិសិដ្ឋ បានលើកឡើងថា ការបង្ខំឲ្យប្រជាពលរដ្ឋនៅភូមិអណ្ដូងនោះទទួលយកការសង់ផ្ទះថ្មដោយក្រុមហ៊ុន និងអាជ្ញាធរសង្កាត់គោករកានោះ ជាការបង្ខិតបង្ខំមួយ ហើយម្យ៉ាងទៀត ប្រជាពលរដ្ឋមិនមានប្រាក់បង់មុន និងត្រូវបង់ប្រចាំខែជិត ១០ម៉ឺនរៀល សម្រាប់រយៈពេល ៥ឆ្នាំដូចអាជ្ញាធរកំណត់នោះឡើយ។
លោកបន្តថា ៖ «គេអត់ព្រមទេបង! គេប្រុងរុះរបស់យើង ដើម្បីធ្វើផ្ទះថ្មនោះ ហើយយើងមិនដឹងរុះនោះបាន ឬមិនបានទេ។ គេអត់បានប្រាប់ថា បើបានឲ្យចូលហើយរុះ ហើយបញ្ជូនទៅនៅឯណាឯណីនោះ គេអត់ប្រាប់ផងហ្នឹង។ គេដឹងថា មករុះឲ្យយើង ហើយប្រជាពលរដ្ឋគេអត់ព្រម គេដឹងតែតវ៉ាទាំងអស់គ្នា»។
ប្រជាពលរដ្ឋមួយរូបទៀតសុំមិនចេញឈ្មោះ បាននិយាយរៀបរាប់ថា ការសាងសង់ផ្ទះនោះ អាជ្ញាធរ និងក្រុមហ៊ុនបានកំណត់ថា គេត្រូវការដីនោះសង់ផ្ទះថ្ម ដោយប្រជាពលរដ្ឋត្រូវបង់រំលោះក្នុងរយៈពេល ៥ឆ្នាំ។ ប្រជាពលរដ្ឋត្រូវបង់មុនចំនួន ៣០០ដុល្លារ និងត្រូវបង់រំលោះចំនួនជិត ១០ម៉ឺនក្នុងមួយខែ ហើយនោះជាការបង្ខិតបង្ខំមួយ ពីព្រោះអ្នកខ្លះមិនមានលុយធ្វើផ្ទះថ្មតាមការបញ្ជាឲ្យសាងសង់នោះឡើយ។ អាជ្ញាធរបានដាក់កំហិតថា ឲ្យចាកចេញពីដីនៅភូមិអណ្ដូងនោះ នៅក្នុងសប្ដាហ៍នេះ ដើម្បីគេយកដីសង់ផ្ទះថ្ម។
លោក សៀ ភិរម្យ បុគ្គលិកអង្គការសិទ្ធិលំនៅឋាន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅភូមិអណ្ដូងនោះ មានជីវភាពរស់នៅលំបាក មិនអាចមានលុយបង់ថ្លៃផ្ទះថ្មរំលោះដូចការកំណត់បានទេ ហើយម្យ៉ាងទៀត ការបង្ខំឲ្យរើចេញបែបនេះ ជាការមិនត្រឹមត្រូវទេ ៖ «ខ្ញុំយល់ថា ការអនុវត្ត ឬការដោះស្រាយរបស់សមត្ថកិច្ចសង្កាត់ ឬអាជ្ញាធរនេះវារំលោភទៅលើសិទ្ធិមនុស្សណា ជាពិសេសពួកគាត់ជាអ្នកបានជម្លៀសចេញពីសម្បុកចាបមក ទៅរស់នៅទីនោះអស់រយៈពេល ៥ឆ្នាំមកហើយ ហើយគាត់រងការរុះរើម្ដងទៀត អីចឹងវាធ្វើឲ្យបញ្ហាជីវភាពរបស់គាត់នេះកាន់តែធ្លាក់ចុះដុនដាបម្ដងទៀត»។
លោក យាន នូវ មន្ត្រីសាលាសង្កាត់គោករកា ដែលប្រជាពលរដ្ឋចោទថា ជាអ្នកបង្ខំឲ្យប្រជាពលរដ្ឋរុះរើនោះ បានមានប្រសាសន៍ថា ការរៀបចំសាងសង់ផ្ទះថ្មនោះ ជាគោលការណ៍សាលារាជធានីភ្នំពេញ ដើម្បីរៀបចំសង់លំនៅឋានឲ្យបានសមរម្យ ជាឥណទានរបស់សាលាក្រុង ហើយការសង់ផ្ទះថ្មដោយមានសំណងបង់រំលោះនោះ មានការសាកសួរដោយមានការស្ម័គ្រចិត្តផងដែរ។
លោកមានប្រសាសន៍ទៀតថា ៖ «យើងអត់មានការធានាអីទេ រាល់ដងយើងគ្រាន់តែកត់ឈ្មោះគាត់ ហើយថតរូបគាត់ទៅ អ្នកដែលនៅជាក់ស្ដែងហ្នឹងយើងឲ្យគាត់។ ចំពោះអ្នកអត់លទ្ធភាពធ្វើនេះ គាត់នៅខាងលិចយើងធ្វើអត់ទាន់ដល់ទេ ដែលអ្នកមកជួយស្រែកជួយអីនោះណា។ ធ្វើតែប្រមាណ ៣០ផ្ទះក្បែរទីស្នាក់ការយូ.ភី.ឌី.អេស. (UPDS) នោះទេ ហើយអ្នកអស់នោះ មុនធ្វើសុទ្ធតែខាងខ្ញុំ ខាងសហគមន៍សង្កាត់នោះ បានសួរនាំអស់ហើយ»។
លោក យាន នូវ បានអះអាងថា មកទល់ពេលនេះ ដោយមានការតវ៉ាពីប្រជាពលរដ្ឋមួយចំនួនដូច្នេះ ការសាងសង់នោះនៅតែបន្តធ្វើ ប៉ុន្តែផ្អែកលើការស្ម័គ្រចិត្តសាងសង់ និងបង់ប្រាក់រំលោះតែប៉ុណ្ណោះ។
សូមជម្រាបថា ប្រជាពលរដ្ឋដែលរស់នៅភូមិអណ្តូងនោះ ជាប្រជាពលរដ្ឋដែលជម្លៀសចេញពីភូមិសម្បុកចាប សង្កាត់ទន្លេបាសាក់ កណ្តាលរាជធានីភ្នំពេញ ឲ្យទៅរស់នៅទីនោះ៕