មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​២​រូប​គ្រោង​ប្ដឹង​ឧទ្ធរណ៍​ដើម្បី​ស្ដារ​កិត្តិយស​កូនក្ដី

ដោយ ហេង សកល
2018.02.15
ឌឹម គុណឌី ហ៊ុន វណ្ណៈ ៦២២ ពី​ឆ្វេង​ទៅ​ស្តាំ លោក​ ឌឹម គុណឌី និង​ម្ដាយ លោក​ ហ៊ុន វណ្ណៈ និង​ម្ដាយ ថត​រូប​នៅ​មុខ​ពន្ធនាគារ​ខេត្ត​កោះកុង ក្រោយ​​ពេល​ត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ នៅ​ព្រឹក​ថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
រូបថត​ដោយ​អ្នកនាង លឹម គីមស័រ

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គ្រោង​ប្ដឹង​ឧទ្ធរណ៍​ដើម្បី​ស្ដារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​កូន​ក្ដី​ទាំង​ពី​របស់​លោក​មក​វិញ។ លោក​ចាត់​ទុក​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង ផ្ដន្ទាទោស​កូនក្ដី​ទាំង​ពីរ​របស់​លោក ជា​សេចក្ដី​សម្រេច​មួយ​ដែល​អយុត្តិធម៌​បំផុត។

លោក សំ ចំរើន មេធាវី​ការពារ​ក្តី​ឱ្យ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី បាន​ឱ្យ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កុម្ភៈ ថា លោក​មិន​សប្បាយចិត្ត​ចំពោះ​ការ​ផ្ដន្ទាទោស​ចំពោះ​កូនក្ដី​លោក​ឡើយ បើ​ទោះ​បី​ជា​តុលាការ​បាន​ដោះលែង​កូនក្ដី​ទាំង​ពីរ​របស់​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ក៏ដោយ។

លោក​យល់​ថា កូនក្ដី​ទាំង​ពីរ​របស់​លោក​នៅ​តែ​មាន​ឈ្មោះ​ជា​អ្នកទោស​ដដែល។ លោក​ចាត់​ទុក​សេចក្ដី​សាលក្រម​នេះ​ថា​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ព្រោះ​កូនក្ដី​ទាំង​ពីរ​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ដែល​ផ្ទុយ​នឹង​ច្បាប់​ឡើយ៖ «ដូច​ខ្ញុំ​បញ្ជាក់​តាំង​ពី​ដើម​មក​ថា ​តាំង​ពី​ដំបូង​ការ​ឃាត់​ខ្លួន ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់ ការ​ផ្ដន្ទាទោស ខ្ញុំ​នៅ​តែ​យល់​ថា ធ្វើ​ឡើង​ដោយ​មាន​ការ​ភ័ន្តច្រឡំ​អង្គហេតុ និង​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​កូនក្ដី​ខ្ញុំ​សុចរិត​តាំង​ពី​ដំបូង»

​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ដោះលែង​ឱ្យ​មាន​សេរីភាព​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។ លោក​ទាំង​ពីរ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កោះកុង កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១​ឆ្នាំ តែ​អនុវត្ត​ទោស​តែ ៥​ខែ ដោយ​ទោស​នៅ​សល់ ៧​ខែ​ទៀត​ត្រូវ​ព្យួរ ព្រមទាំង​ពិន័យ​ជា​ប្រាក់​ម្នាក់ ១​លាន​រៀល ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល ក្រោយ​ពេល​ពួកគេ​បាន​ជិះ​ទូក​ថត​រូបភាព និង​ថត​វីដេអូ​ សកម្មភាព​កប៉ាល់​ពីរ​គ្រឿង​ដឹក​ខ្សាច់​ស៊ីលីកា (Silica) ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។ ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង (LYP)  របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​រក​ស៊ី​នាំ​ចេញ​ខ្សាច់​នៅ​ខេត្ត​កោះកុង អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​មេធាវី សំ ចំរើន លើក​ឡើង​ថា ដើម​បណ្ដឹង​នៅ​ក្នុង​សំណុំរឿង​ក្តី​នេះ មិន​មាន​លក្ខណៈ​សម្បត្តិ​ជាដើម​បណ្ដឹង​ឡើយ ហើយ​នៅ​ដំណាក់កាល​សួរ​ដេញដោល​ក៏​គ្មាន​វត្តមាន​ដើម​បណ្ដឹង​មក​ចូល​រួម​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ ខាង​តំណាង​អយ្យការ​ក៏​មិន​មាន​ភស្តុតាង​ណា​មួយ​ដើម្បី​ដាក់​បន្ទុក​មក​លើ​កូនក្ដី​ទាំង​ពីរ​ដែរ។ លោក​មេធាវី​បញ្ជាក់​ថា កូនក្ដី​របស់​លោក​នឹង​ទាមទារ​កាមេរ៉ា អង្គ​ចងចាំ (Memory) និង​សម្ភារៈ​មួយ​ចំនួន​ទៀត​យក​មក​វិញ ព្រោះ​លោក​យល់​ថា សម្ភារៈ​ទាំង​អស់​នោះ​មិន​ស្ថិត​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ត​ទៅ​ទៀត​ឡើយ។

លោក​មេធាវី​ពន្យល់​ថា ដើម្បី​ផ្ដន្ទាទោស​អ្នក​ណា​ម្នាក់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ លុះត្រាតែ​បុគ្គល​ជា​ជនសង្ស័យ​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់​ដោយ​ផ្ទាល់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម៖ «ឧទាហរណ៍​ដូច​គាត់​ផ្សព្វផ្សាយ​​ទៅ​មនុស្ស​ឆោឡោ វឹកវរ មនុស្ស​នៅ​អត់​សុខ... ដូច​ជា​មាន​ការ​បាតុកម្ម​ហិង្សា​ផ្សេងៗ អា​ហ្នឹង​បាន​ចូល​ក្នុង​បទល្មើស​ញុះញង់...»

លោក​មេធាវី​ក៏​បាន​ពន្យល់​បន្ត​ទៀត​ថា ដើម្បី​ចោទ​ប្រកាន់​អ្នក​ណា​ម្នាក់​ពី​បទ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល លុះ​ត្រា​បុគ្គល​ជា​ជនសង្ស័យ​បាន​លួច​ថតរូប​នៃ​បុគ្គល​នៅ​ក្នុង​ទីកន្លែង​ឯកជន៖ «អំពើ​ដែល​ចូល​ក្នុង​បទល្មើស​នេះ​បាន​លុះត្រាតែ​អំពើ​ថតរូប ហើយ​ថតរូប​ហ្នឹង​គឺ​ថតរូប​បុគ្គល មិន​មែន​ថត​រូបភាព ថត​ទេសភាព ថត​រូប​ទឹក​សមុទ្រ ហើយ​នៅ​ទីកន្លែង​ឯកជន បាន​ន័យ​ថា នៅ​ផ្ទះ​ឯកជន​របស់​គេ បរិវេណ​ផ្ទះ​របស់​គេ ហើយ​គ្មាន​ការ​អនុញ្ញាត​ពី​គេ ហ្នឹង​ហើយ​ចូល​ក្នុង​បទ​ប៉ះពាល់​ខាង​សិទ្ធិ​រូបភាព​នៃ​បុគ្គល។ ​តែ​សកម្មភាព​របស់​អ្នក​ទាំង​ពីរ​កន្លង​មក គឺ​ថត​រូបភាព​នៅ​ក្នុង​លំហ​សមុទ្រ ហើយ​ថត​រូបភាព​កប៉ាល់​ទៀត មិន​មែន​ថត​រូបភាព​មនុស្ស​ទេ អ៊ីចឹង​មិន​មាន​អង្គហេតុ​ណា​មួយ​ដែល​នាំ​ឱ្យ​ចូល​ដូច​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ះពាល់​ខាង​សិទ្ធិ​រូបភាព​នៃ​បុគ្គល​ហ្នឹង​ទេ»

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ​ខេត្ត​កោះកុង ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ។

ស្ថាបនិក​របស់​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិច (Alex) ​សាទរ​ចំពោះ​ការ​ដោះលែង​សកម្មជន​របស់​លោក​ទាំង​ពីរ​នាក់ គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ប៉ុន្តែ​លោក​ចាត់​ទុក​ការ​ឃុំឃាំង​សកម្មជន​ទាំង​ពីរ​រូប​រយៈពេល ៥​ខែ​កន្លង​មក​នេះ ថា​ជា​បទឧក្រិដ្ឋ​មួយ​ដែល​តុលាការ​ខែត្រ​កោះកុង បាន​ចាប់​ពួកគាត់​ទាំង​បំពាន​ច្បាប់ ហើយ​បញ្ហា​នេះ តុលាការ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ។ សកម្មជន​បរិស្ថាន លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី អះអាង​ថា ពួក​លោក​មិន​បាក់ស្បាត​ចំពោះ​ការងារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ឡើយ ពួក​លោក​នឹង​​ធ្វើ​ការ​នេះ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។