មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ីស៊ីអេចអរ (CCHR) បង្ហាញថា ៣ឆ្នាំក្រោយបទប្រមាថអង្គព្រះមហាក្សត្រ ត្រូវបានគេធ្វើវិសោធនកម្មបញ្ចូលទៅក្នុងក្រមព្រហ្មទណ្ឌ មានបុគ្គល ៨រូប ត្រូវរងការចោទប្រកាន់តាមមាត្រា ៤៣៧ ហើយ៣នាក់ក្នុងចំណោមនោះ ត្រូវបានកាត់ទោស។ មន្ត្រីអង្គការនេះថា ការចោទប្រកាន់ និងដាក់ទោសទណ្ឌលើអ្នកទាំងនោះមានកម្រិតធ្ងន់ធ្ងរពេក។
មន្ត្រីសិទ្ធិមនុស្សថា វិសោធនកម្មក្រមព្រហ្មទណ្ឌពីបទប្រមាថអង្គព្រះមហាក្សត្រ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ និងរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។
អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន ស៊ាងហាក់ ថ្លែងនៅថ្ងៃទី២៦ កុម្ភៈថា ស្ថាប័នអនុវត្តច្បាប់បានប្រើប្រាស់បទប្រមាថអង្គព្រះមហាក្សត្រដែលបានធ្វើវិសោធនកម្មនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅលើបុគ្គលដែលរងការចោទប្រកាន់។ លោកថា បញ្ហានេះបានធ្វើឱ្យលំហសេរីភាពនៃការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ឱ្យរងការរឹតត្បិត ព្រោះតែការវិវឌ្ឍនៃវិសោធនកម្មមិនល្អមួយ៖ «យើងឃើញថា វិសោធនកម្មហ្នឹងគឺ ធ្វើទៅលើច្បាប់មែន ប៉ុន្តែច្បាប់ហ្នឹង ខ្លឹមសារនៃពាក្យថាប្រមាថអង្គព្រះមហាក្សត្រហ្នឹងគឺ មានខ្លឹមសារមិនច្បាស់លាស់ទូលំទូលាយ មិនស្របទៅតាមលក្ខខណ្ឌទី១ដែលធានាដោយច្បាប់ហើយលក្ខខណ្ឌមួយទៀតដែលយើងថាអាចមានការរឹតត្បិតបានទាល់តែមានការប៉ះពាល់ទៅដល់កិត្តិយសកិត្តិសព្ទរបស់អ្នកដទៃ ទំនៀមទម្លាប់ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិអី ហូរហែ និងសុខភាពសាធារណៈអីជាដើមអ៊ីចឹង។ ក្នុងលក្ខខណ្ឌទី២នេះ ការដែលប៉ះពាល់ដល់កិត្តិសព្ទកិត្តិយសអ្នកដទៃហ្នឹង ចំពោះឥស្សរជន ឬក៏មន្ត្រីសាធារណៈហ្នឹង មិនត្រូវបានដាក់បញ្ចូលក្នុងចំណុចនេះទេ មានន័យថា ឥស្សរជន ឬក៏មន្ត្រីរាជការអ្នកដឹកនាំប្រទេសណាមួយក៏ដោយក្នុងលំដាប់ហ្នឹង គឺជាកម្មវត្ថុនៃការដែលគេអាច រិះគន់បានមិនពេញចិត្តអីគេអាចសម្ដែងមតិបាន។ ប៉ុន្តែបើបុគ្គលធម្មតាគឺមិនអនុញ្ញាតឱ្យរិះគន់ទេ។ ក្រមនេះបែរជាមិនឱ្យរិះគន់ទៅអង្គព្រះមហាក្សត្រដែលវាមិនស្របទៅនឹងបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិទេ»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព បានទេនៅថ្ងៃទី២៦ កុម្ភៈ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ីស៊ីអេចអរ (CCHR) នៅថ្ងៃទី២៦ កុម្ភៈ បានចងក្រងខិត្តប័ណ្ណព័ត៌មាន រយៈពេល៣ឆ្នាំគឺឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រោយបទប្រមាថអង្គព្រះមហាក្សត្រ ត្រូវបានវិសោធនកម្មបញ្ចូលទៅក្នុងក្រមព្រហ្មទណ្ឌ។ ខិត្តប័ណ្ណព័ត៌មានបង្ហាញថា មានបុគ្គល ៨រូប ត្រូវបានចោទប្រកាន់តាមមាត្រា ៤៣៧ ហើយ ៣នាក់ក្នុងចំណោមនោះ ត្រូវបានកាត់ទោស។ អ្នកដែលរងការចោទប្រកាន់ទាំងនោះ រួមមាន ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រងការចោទប្រកាន់យ៉ាងតិច៣ករណីតែឯង។ លោក សម រង្ស៊ី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានតុលាការកោះហៅសាកសួរ ពាក់ព័ន្ធការបង្ហោះសារនៅលើបណ្ដាញសង្គមដែលថាបានរំលោភលើបទប្រមាថអង្គព្រះមហាក្សត្រ។ កាលពីខែឧសភា ឆ្នាំ២០១៩ លោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៨ឆ្នាំ ដោយសារលោកហៅព្រះមហាក្សត្រថា ជាចំណាប់ខ្មាំង និងអាយ៉ងរបស់លោក ហ៊ុន សែន។ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោករងការចោទប្រកាន់មួយទៀតពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ពាក់ពន្ធនឹងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី។ នៅចុងក្រោយគឺនៅថ្ងៃទី២០ ធ្នូ ឆ្នាំ២០២០ លោកក៏រងការចោទប្រកាន់ក្នុងបទចោទដដែល បន្ទាប់ពីលោករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃការរៃអង្គាសប្រាក់សម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅលើបណ្ដាញសង្គមហ្វ៊េសប៊ុក។ ក្រៅពីនេះក៏មានសកម្មជនបក្សប្រឆាំង និងប្រជាពលរដ្ឋចំនួនទៀតរងការចោទប្រកាន់ដូចគ្នានេះដែរ។ លោក អៀង ជលសា ត្រូវតុលាការកាត់ឱ្យជាប់ទោស៣ឆ្នាំ និងពិន័យលុយ៥លានរៀល ឬប្រមាណជាង ១ពាន់ ២រយដុល្លារ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ មាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ បទប្រមាថចំពោះព្រះមហាក្សត្រ ត្រូវបានធ្វើវិសោធនកម្ម។ ច្បាប់នេះហាមឃាត់បុគ្គលគ្រប់រូបក្នុងការបរិហារកេរ្តិ៍ ប្រមាថ ឬគំរាមកំហែង អង្គព្រះមហាក្សត្រតាមរយៈ វាចា កាយវិការ សំណេរ គំនូរ ឬវត្ថុផ្សេងៗ ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះមហាក្សត្រ។ បុគ្គលិកដែលបំពានមាត្រានេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៨ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០លានរៀល ឬ ២ពាន់ ៥រយដុល្លារ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានដកស្រង់ខ្លឹមសារនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលមិនរឹតត្បិតលើសេរីភាព ខាងការបញ្ចេញមតិ ដូចអ្វីដែលមានចែងក្នុងមាត្រា ៤៣៧ (ស្ទួន)នៃក្រមព្រហ្មទណ្ឌនេះទេ។ កម្ពុជាជាប់កាតព្វកិច្ច អនុវត្តតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិនេះ ដោយសារប្រទេសកម្ពុជា បានចុះហត្ថលេខា ព្រមអនុវត្តតាម។
សូម្បីតែរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤២ ក៏ចែងការពារសេរីភាពនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។