តុលាការ​នឹង​សាកសួរ​មន្ត្រី​អាដហុក​៤​រូប​និង​មន្ត្រី​គ.ជ.ប​មួយ​រូប​នៅ​ថ្ងៃ​ទី​១ ឧសភា

ដោយ ប្រាជ្ញ ចេវ
2016-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា លើក​បង្ហាញ​ដៃ​ជាប់​ខ្នោះ ក្នុង​ពេល​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា លើក​បង្ហាញ​ដៃ​ជាប់​ខ្នោះ ក្នុង​ពេល​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦។
Photo provided

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ថា អយ្យការ​នឹង​សាកសួរ​មន្ត្រី​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប នៅ​ថ្ងៃ​ទី​១ ឧសភា ក្រោយ​ទទួល​សំណុំ​រឿង​ពី​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) នៅ​រសៀល​នេះ។

លោក លី សុផាណា បន្ត​ថា នេះ​ជា​ការ​​គោរព​តាម​នីតិវិធិ ហើយ​តំណាង​អយ្យការ​កំពុង​ពិនិត្យ​ឯកសារ​សំណុំ​រឿង​នេះ​យ៉ាង​ល្អិតល្អន់។

នៅ​ល្ងាច​ថ្ងៃ​ទី​៣០ មេសា តុលាការ​បញ្ជូន​​អ្នក​ទាំង ៥ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ វិញ​ភ្លាមៗ​ ក្រោយ​បញ្ជូន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ។

មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ការ​បញ្ជូន​ត្រឡប់​ទៅ ​ACU វិញ​​​នេះ គឺ​ជាការ​ផ្ញើ​​ និង​ឃុំ​ខ្លួន​បន្ត​មុន​នឹង​តុលាការ​បន្ត​នីតិវិធី​សាកសួរអ្នក​ទាំង ៥​។

អ្នក​ទាំង ៥ ដែល​រង​ការ​ចោទ​ប្រកាន់​រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ជា​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ប្រាជ្ញ ចេវ អំពី​ទិដ្ឋភាព​នៃ​ការ​បញ្ជូន​មន្ត្រី​ទាំង ៥​រូប មក​សាលាដំបូង​រាជធានី​ភ្នំពេញ ទិដ្ឋភាព​នៅ​ខាង​មុខ ACU និង​មតិ​ចូល​រួម​របស់​សាច់ញាតិ​​​៖

ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA
ពី​ឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ Photo: RFA

អ្នក​ទាំង ៥​​នេះ ត្រូវ​បាន ​ACU ឃាត់​ខ្លួន​ពី​ម៉ោង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា ពាក់ព័ន្ធ​នឹង​ពី​អំពើ​ពុករលួយ។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង មិន​បាន​បញ្ជាក់​អំពី​បទ​ចោទ​អ្វី​ជាក់លាក់​នោះ​ទេ តែ​លោក​អះអាង​ថា អ្នក​ទាំង​នោះ​មាន​ចំណុច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។

​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​អ្នក​ទាំង ៥​​នេះ មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ តាំង​ពី​ថ្ងៃ​ទី​២៧ និង​ទី​២៨ ខែ​មេសា  ហើយ​បាន​សាកសួរ​ទាំង​យប់​ថ្ងៃ និង​ឈាន​ដល់​​ការ​ឃាត់​ខ្លួន​ នៅម៉ោង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា​។

ក្នុង​ចំណោម​អ្នក​ដែល​ចូល​បំភ្លឺ​ទាក់ទិន​នឹង​លិខិត​ចំហ​របស់​​ស្រីមុំ ដែល​សរសេរ​ថា មន្ត្រី​សិទ្ធិមនុស្ស​បង្ខំ​ឲ្យ​ផ្ដល់​ចម្លើយ​ក្លែងក្លាយ​នោះ មាន​តែ​ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ និង​អ្នកស្រី​មេធាវី ទ្រី ឈូន ដែល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក ឱម យ៉ិនទៀង អះអាង​ថា អ្នក​ទាំង​ពីរ​ផ្ដល់​ចម្លើយ​ត្រឹមត្រូវ និង​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ច្បាប់​របស់​អង្គការ។

ចំណែក​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​ប្រចាំ​កម្ពុជា គឺ​លោក សឺន សាលី ដែល​​រង​ការ​​ចោទ​ប្រកាន់​ពី​ស្រីមុំ​ ដែរ​​នោះ ​មិនបាន​​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​លើក​ទី​១​នោះ ត្រូវ​បាន​លោក ឱម យ៉ិនទៀង ថា អង្គភាព​នឹង​ចេញ​លិខិត​នាំ​ខ្លួន​តែម្ដង តែ​មិន​បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
Share

អ្នក​អាន​អនាមិក

រឿងនេះ ត្រូវហៅ នាង ខុម ចាន់តារាទី មក ត ទល់គ្នា ទើបច្បាស់ ពិតប្រាកដ មិនចឹង លោក តុលាការ ?
( តាមមើល តុលាការ គាត់មិនហ៊ានទេ ពីព្រោះ តាចាស់ ហ៊ុន សែន សម្លក់ ដាក់ )

May 01, 2016 06:02 AM

អ្នក​អាន​អនាមិក

មេធាវីខាងសង្គមសីុវិលគួរតែស្នើសុំតុលាការសុំធ្វើការសាកសួរស្រីមុំម្នាក់នោះអំពីសំបុត្រនោះថាតើពិតជាសំបុត្រនាងមែន? នាងថារៀនបានយិចតួច តើនាងជាអ្នកសរសេរ? បើនាងជាអ្នកសរសេរ ឲ្យនាងបញ្ជាក់ពីអត្ថន័យខ្លះៗមើល៍? ព្រោះអាចជាអ្នកមានខចតនាអាក្រក់សេសេរឲ្យនាងបន្ថែមបន្ថយ ដោយសារហេតុអ្វីបានជានាងស្គាល់ឈ្មោះបុគ្គលិក Adhoc ច្បាស់ម្លេះ ហើយជាពិសេសស្គាល់ដល់លោកនី ចរិយានៅឯ គ.ជ.ប ទៀតផង? តើលោនី ចរិយាបានមកចូលរួមអ្វីដែរក្នុងរឿងនេះ? បើរកឃើញថាសំបុត្រនោះមិនមែននាងជាអ្នកសេសេរ ការចោទទាំងអស់គួរតែទំលាក់ចោល!

Apr 30, 2016 11:09 PM

អ្នក​អាន​អនាមិក

HUN FAMILY IS TRAITOR.

Apr 30, 2016 09:14 PM

អ្នក​អាន​អនាមិក

វាជារឿងធម្មតាទេនៅក្នុងប្រទេសមួយដែល
គ្រប់គ្រងដោយក្រុមចោរ, ចោររស់នៅដោយសេរី, ប៉ុន្តែមនុស្សល្អត្រូវចូលគុក។

It is normal in a country ruled by thieves, the thieves walk free, but the good people are in jail.

Apr 30, 2016 06:29 PM

អ្នក​អាន​អនាមិក

ពី CT. U.S.A.

នេះជាបំណុលបន្ថែម ដែលបក្សប្រជាជនកម្ពុជា(cpp) ជំពាក់លេីប្រជានុរាស្រ្ដខ្មែរ។ ពួកគេត្រូវសងថ្ងៃណាមួយមីនខាន។

Apr 30, 2016 05:58 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល