អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រកាសថា សេចក្តីព្រាងច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍ អាចនឹងចេញនៅដំណាច់ឆ្នាំ២០១៦ ខាងមុខនេះ។ ការប្រកាសដូចនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំសេចក្តីព្រាងច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ដោយមានការចូលរួមពីបណ្ដាក្រុមអ្នកច្បាប់ អង្គការសង្គមស៊ីវិលនានា និងភាគីពាក់ព័ន្ធជាច្រើនទៀត ដូចជាមកពីស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាដើម។
សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូល ឬគំនិតយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់រៀបចំសេចក្តីព្រាងបឋមនៃច្បាប់ទាំងពីរនេះ ហើយផ្តល់នូវចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍ដល់អ្នកចូលរួមពីសំណាក់ក្រុមការងារ និងអ្នកជំនាញផងដែរ។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង លើកឡើងថា សិក្ខាសាលាពីរថ្ងៃនេះ គឺពិតជាប្រមូលបាននូវគំនិតយោបល់សំខាន់ៗជាច្រើន ដែល ACU នឹងយកទៅពិនិត្យពិចារណាយ៉ាងហ្មត់ចត់ ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍នេះ មានលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានការណ៍របស់កម្ពុជា។ លោកបន្ថែមថា ច្បាប់ទាំងពីរនេះ នឹងចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព យុត្តិធម៌ និងការបង្ក្រាបបទល្មើសតាមរយៈការបង្កើត និងពង្រឹងយន្តការធានា និងការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់សាក្សី និងបុគ្គលរាយការណ៍។
កាលពីថ្ងៃទី២៩ ខែមិថុនា នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ថ្លែងថា កន្លងមក សាក្សីមួយចំនួនហាក់មានការព្រួយបារម្ភនៅពេលរាយការណ៍អំពីបទល្មើស ប៉ុន្តែនៅពេលមានច្បាប់ការពារសាក្សីដូច្នេះ លោកសង្ឃឹមថា ពួកគាត់នឹងមានភាពកក់ក្តៅក្នុងការផ្តល់ព័ត៌មាន ដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយ និងប្រឆាំងបទល្មើសកាន់តែប្រសើរឡើងថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
